1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ២២
២២
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ៦ ចម្លាស់ បន្សំ និងប្រូបាប · មេរៀនទី ២២ · គណិតវិទ្យាថ្នាក់ទី ១១

បន្សំ

ថ្នាក់វិទ្យាសាស្ត្រទំព័រ ៩២–១០១▶ ស្លាយបង្រៀន
វត្ថុបំណង
  1. ញែកភាពខុសគ្នារវាងចម្លាស់ និងបន្សំ

  2. កំណត់ចំនួនបន្សំ និងចំនួនចម្លាស់អាចបែងចែកបាន

  3. ពន្លាតទ្វេធាដឺក្រេទី \(2, 3, 4\)

  4. រកមេគុណទ្វេធាតាមត្រីកោណប៉ាស្កាល់

  5. រកមេគុណទ្វេធាតាមរូបមន្តបន្សំ

  6. រកមេគុណតួមួយនៃផលបូកក្នុងការពន្លាតទ្វេធា ។

បន្សំ

បន្សំនៃ \(r\) ធាតុយកពី \(n\) ធាតុ

ឧទាហរណ៍

ក្នុងក្រុមមួយមានក្មេង \(4\) នាក់ឈ្មោះ \(A, B, C\) និង \(D\) ។ បើក្មេង \(2\) ចាប់ដៃសំដែងការគួរសមនឹងគ្នា តើការចាប់ដៃនេះមានប៉ុន្មានរបៀបខុសៗគ្នា?

  • បើគេឱ្យក្មេង \(2\) នាក់អង្គុយជិតគ្នាដើម្បីថតរូប គេឃើញថារបៀបនៃការអង្គុយនេះមាន \(2\) របៀបខុសគ្នា ព្រោះថាបើ \(A\) អង្គុយខាងឆ្វេងនៃ \(B\) ខុសពីរបៀបដែល \(B\) អង្គុយខាងឆ្វេងនៃ \(A\) ។ របៀបដែលឱ្យក្មេងម្ដង \(2\) នាក់ក្នុងចំណោមក្មេង \(4\) នាក់អង្គុយនេះជាចម្លាស់ \(2\) ធាតុយកពី \(4\) ធាតុ ហើយចំនួនចម្លាស់មាន \({}_4P_2 = \dfrac{4!}{(4 - 2)!} = \dfrac{4\times 3\times 2!}{2!} = 12\) របៀប ។

  • បើគេឱ្យក្មេង \(2\) នាក់ចាប់ដៃសំដែងការគួរសមនឹងគ្នា នោះគេឃើញរបៀបចាប់ដៃនេះមានតែមួយរបៀបព្រោះថា \(A\) ចាប់ដៃ \(B\) ក៏ដូចជា \(B\) ចាប់ដៃ \(A\) ដែរ មានន័យថាការចាប់ដៃនេះគ្មានលំដាប់មុនក្រោយ ឬឆ្វេងស្ដាំទេ ។

  • ការដែលក្មេងចាប់ដៃគ្នាម្ដង \(2\) នាក់ក្នុងចំណោម \(4\) នាក់ដោយមិនគិតលំដាប់មុនក្រោយ ឬឆ្វេងស្ដាំនេះហៅថា បន្សំនៃ \(2\) ធាតុយកពី \(4\) ធាតុ ។

  • គេឃើញថា ចំនួនរបៀបដែលក្មេងចាប់ដៃគ្នាម្ដង \(2\) នាក់ក្នុងចំណោម \(4\) នាក់មានតែ \(6\) របៀបគឺតិចជាងចំនួនចម្លាស់នៃ \(2\) ធាតុយកពី \(4\) ធាតុចំនួន \(2!\) ដង ព្រោះថាបន្សំមួយរបៀបគេអាចចម្លាស់បាន \(2!\) របៀប ។ ដូច្នេះ ចំនួនបន្សំ \(2\) ធាតុយកពី \(4\) ធាតុស្មើនឹង \(6\) ។ គេកំណត់សរសេរ \({}_4C_2 = 6\) ។

គេបាន \(\dfrac{{}_4P_2}{2!} = {}_4C_2\) ឬ \({}_4C_2 = \dfrac{{}_4P_2}{2!} = \dfrac{4!}{(4 - 2)!2!} = \dfrac{4\times 3\times 2!}{2!\times 2} = 6\) ។

\[\begin{array}{|cc|l|}\hline \text{ចម្លាស់} & \text{(គិតលំដាប់)} & \text{បន្សំ (មិនគិតលំដាប់)}\\ \hline AB & BA & AB \ (AB = BA)\\ AC & CA & AC\\ AD & DA & AD\\ BC & CB & BC\\ BD & DB & BD\\ CD & DC & CD\\ \hline \end{array}\]

ជាទូទៅ

បន្សំនៃ \(r\) ធាតុយកពី \(n\) ធាតុ គឺជាការយកព្រមគ្នាម្ដង \(r\) ធាតុចេញពី \(n\) ធាតុខុសៗគ្នាដោយមិនគិតពីលំដាប់នៃការយកចេញ ។ ចំពោះគ្រប់ \(r \in \mathbb{N}\), \(n \in \mathbb{N}\), \(r \le n\) ចំនួនបន្សំនៃ \(r\) ធាតុយកពី \(n\) ធាតុគឺ

\[{}_nC_r = \frac{{}_nP_r}{r!} = \frac{n!}{(n - r)!r!}\]
គេអាចសរសេរនិមិត្តសញ្ញាបន្សំដោយ \(C(n, r)\), \(C_n^r\) ឬ \(\dbinom{n}{r}\) ។

លំហាត់គំរូ ១

គេមាន \(5\) ចំណុចដែលគ្មានចំណុចបីណារត់ត្រង់គ្នាទេ ។ តើគេអាចសង់បានត្រីកោណចំនួនប៉ុន្មាន ដោយប្រើ \(5\) ចំណុចនេះជាកំពូល ។

ដំណោះស្រាយ

ដើម្បីសង់ត្រីកោណមួយ គេត្រូវប្រើបីចំណុចរត់មិនត្រង់គ្នា ដែលជាកំពូលត្រីកោណ ហើយលំដាប់នៃកំពូលមិនសំខាន់ទេ ។ ចំនួនត្រីកោណដែលសង់បាន ជាចំនួនបន្សំនៃ \(3\) ធាតុយកពី \(5\) ធាតុ ។ ចំនួនត្រីកោណទាំងអស់ស្មើនឹង \({}_5C_3 = \dfrac{5!}{(5 - 3)!3!} = \dfrac{5!}{2!3!} = 10\) ។

លំហាត់គំរូ ២

ក្នុងក្លិបមួយមានកីឡាករ \(10\) នាក់ ។ គេបង្កើតក្រុមដែលមានសមាជិក \(3\) នាក់ក្នុងចំណោមកីឡាករ \(10\) នាក់ធ្វើជាដៃគូហ្វឹកហាត់ ។ តើគេអាចរើសកីឡាករ \(3\) នាក់បានប៉ុន្មានក្រុម ក្នុងចំណោម \(10\) នាក់?

ដំណោះស្រាយ

ការរើសកីឡាករ \(3\) នាក់ដើម្បីបង្កើតក្រុមតូច គឺជាបន្សំនៃ \(3\) ធាតុយកពី \(10\) ធាតុ ព្រោះគេមិនបានចាត់ជាប្រធាន អនុប្រធាន និងសមាជិកទេ ។ ចំនួនក្រុមទាំងអស់គឺ \({}_{10}C_3 = \dfrac{10!}{(10 - 3)!3!} = \dfrac{10!}{7!3!} = 120\) ក្រុម ។

ប្រតិបត្តិ
  1. ក្នុងទូនៃបណ្ណាល័យមួយមានសៀវភៅគណិតវិទ្យា \(4\) ក្បាលខុសៗគ្នា និងរូបវិទ្យា \(2\) ក្បាលខុសៗគ្នាដែរ ។ សុកត្រូវការអានសៀវភៅទាំងអស់ ប៉ុន្តែអាចខ្ចីសៀវភៅម្ដងបានតែ \(3\) ក្បាលក្នុងចំណោមសៀវភៅនៅក្នុងទូនោះ ។ ក. តើសុកអាចរើសសៀវភៅ \(3\) ក្បាលសម្រាប់ខ្ចីបានប៉ុន្មានរបៀប? ខ. បើសុកចង់បានសៀវភៅគណិតវិទ្យា \(2\) ក្បាល និងរូបវិទ្យា \(1\) ក្បាល តើសុកអាចរើសបានសៀវភៅប៉ុន្មានរបៀប?

  2. ថ្នាក់រៀនមួយមានសិស្សប្រុស \(12\) នាក់ និងសិស្សស្រី \(8\) នាក់ ។ គ្រូចង់ដឹងសម្ថភាពសិស្ស \(3\) នាក់ ដោយឱ្យដោះស្រាយលំហាត់មួយនៅក្ដារខៀន ។ ក. តើគ្រូអាចហៅសិស្សម្ដង \(3\) នាក់មកក្ដារខៀនបានប៉ុន្មានរបៀប? ខ. តើក្រុមសិស្ស \(3\) នាក់មានប៉ុន្មានរបៀប បើគ្រូចង់ឱ្យក្រុមនេះមានសិស្សប្រុស \(2\) នាក់ និងសិស្សស្រីម្នាក់?

មើលចម្លើយ
  1. ក. \({}_6C_3 = 20\) ខ. \({}_4C_2\times{}_2C_1 = 12\)

  2. ក. \({}_{20}C_3 = 1140\) ខ. \({}_{12}C_2\times{}_8C_1 = 528\) ។

លក្ខណៈនៃបន្សំ

ឧទាហរណ៍

\({}_nC_{n-r} = {}_nC_r\) ព្រោះ \({}_nC_{n-r} = \dfrac{n!}{(n - n + r)!(n - r)!} = \dfrac{n!}{r!(n - r)!} = {}_nC_r\) ។ \({}_nC_n = \dfrac{n!}{(n - n)!n!} = \dfrac{1}{0!}\) ព្រោះ \(0! = 1\) នោះ \({}_nC_n\) ជាបន្សំនៃ \(n\) ធាតុយកពី \(n\) ធាតុនោះការធ្វើបន្សំនេះបាន \(1\) របៀប ។ ដូច្នេះ \({}_nC_n = 1\) ។

លំហាត់គំរូ
  1. គណនា \({}_5C_3\) និង \({}_5C_2\) រួចសន្និដ្ឋាន ។

  2. គណនា \({}_nC_0\), \({}_nC_1\) ។

ដំណោះស្រាយ
  1. \({}_5C_2 = \dfrac{5!}{(5 - 2)!2!} = \dfrac{5\times 4\times 3!}{3!2!} = 10\) ។ \({}_5C_3 = \dfrac{5!}{(5 - 3)!3!} = \dfrac{5\times 4\times 3!}{2!3!} = 10\) ។ ដូច្នេះ \({}_5C_3 = {}_5C_2\) ។

  2. \({}_nC_0 = \dfrac{n!}{(n - 0)!0!} = \dfrac{1}{0!} = 1\) ។ \({}_nC_1 = \dfrac{n!}{(n - 1)!1!} = \dfrac{n(n - 1)!}{(n - 1)!} = n\) ។

ប្រតិបត្តិ

បង្ហាញថា \({}_3C_0 + {}_3C_1 + {}_3C_2 + {}_3C_3 = 2^3\) ។

មើលចម្លើយ

\(1 + 3 + 3 + 1 = 8 = 2^3\) ។

ចម្លាស់បែងចែកបាន

ឧទាហរណ៍ ១

គេរៀបសៀវភៅ \(9\) ក្បាលដាក់ជាជួរក្នុង \(9\) កន្លែង ដែលសៀវភៅទាំង \(9\) ក្បាលនោះមានសៀវភៅគណិតវិទ្យា \(6\) ក្បាលដូចគ្នា និងរូបវិទ្យា \(3\) ក្បាលដូចគ្នា ។ តើគេអាចតម្រៀបសៀវភៅនេះបានប៉ុន្មានរបៀប?

  • ករណីសៀវភៅ \(9\) ក្បាលខុសៗគ្នា នោះគេអាចតម្រៀបសៀវភៅបានចំនួន \(9!\) របៀប ។

  • ប៉ុន្តែមានសៀវភៅគណិតវិទ្យា \(6\) ក្បាលដូចៗគ្នា នោះការរៀបសៀវភៅគណិតវិទ្យា \(6\) ក្បាលខុសៗគ្នាចំនួន \(6!\) របៀប ចាត់ទុកថាមានតែមួយករណីប៉ុណ្ណោះ ។

  • ដូចគ្នាដែរចំពោះការរៀបសៀវភៅរូបវិទ្យា \(3\) ក្បាលដូចគ្នា នោះចំនួនតម្រៀបសៀវភៅខុសៗគ្នា \(3\) ក្បាលមានចំនួន \(3!\) របៀប ចាត់ទុកថាមានតែ \(1\) របៀបតែប៉ុណ្ណោះ ។

ដូច្នេះ ការតម្រៀបសៀវភៅ \(9\) ក្បាលដែលមានសៀវភៅគណិតវិទ្យា \(6\) ក្បាលដូចៗគ្នា និងរូបវិទ្យា \(3\) ក្បាលដូចគ្នា កំណត់ដោយ \(\dfrac{9!}{6!3!} = \dfrac{9\cdot 8\cdot 7\cdot 6!}{6!\cdot 3\cdot 2\cdot 1} = 3\times 4\times 7 = 84\) របៀប ។

ឧទាហរណ៍ ២

រកចំនួនចម្លាស់តួអក្សរទាំងអស់របស់ពាក្យ \(BATTAMBANG\) ។

គេឃើញថា តួអក្សរទាំងអស់នៃពាក្យ \(BATTAMBANG\) មាន \(10\) តួ ដែលក្នុងនោះមានតួអក្សរ \(A\) ចំនួន \(3\) ដង អក្សរ \(T\) ចំនួន \(2\) ដង អក្សរ \(B\) ចំនួន \(2\) ដង និងអក្សរ \(3\) តួទៀតខុសៗគ្នា ។

  • ដំបូងគេគិតថា គេតម្រៀប \(A\) បីតួដូចគ្នាក្នុងចំណោម \(10\) កន្លែង ។ គេបានចំនួនរបៀបដែលរៀប \(A\) គឺ \({}_{10}C_3\) ព្រោះរើសយក \(3\) ទីតាំងក្នុងចំណោម \(10\) ទីតាំងដោយមិនគិតលំដាប់ ។

  • ក្រោយពីរៀប \(A\) រួចគេរៀប \(T\) ពីរតួដូចគ្នាទៅក្នុង \(7\) កន្លែងដែលនៅសល់ ។ គេបានចំនួនរបៀបដែលគេរៀប \(T\) គឺ \({}_7C_2\) ។

  • ក្រោយពីរៀប \(A\) និង \(T\) រួចហើយនៅសល់ \(5\) កន្លែងសម្រាប់រៀប \(B\) ពីរតួដូចគ្នា ។ គេបានចំនួនរបៀបដែលរៀប \(B\) គឺ \({}_5C_2\) ។

  • នៅសល់ \(3\) កន្លែង សម្រាប់អក្សរ \(M\) មួយ ៖ \({}_3C_1\) ។ នៅសល់ \(2\) កន្លែង សម្រាប់អក្សរ \(N\) មួយ ៖ \({}_2C_1\) ។ នៅសល់មួយកន្លែងសម្រាប់អក្សរ \(G\) គឺមាន \(1\) របៀប ។

ដូច្នេះ ចំនួនចម្លាស់តួអក្សរទាំង \(10\) របស់ពាក្យ \(BATTAMBANG\) គឺ

\[\begin{aligned} &{}_{10}C_3\times{}_7C_2\times{}_5C_2\times{}_3C_1\times{}_2C_1\times{}_1C_1\\ &= \frac{10!}{7!3!}\times\frac{7!}{5!2!}\times\frac{5!}{3!2!}\times\frac{3!}{2!1!}\times\frac{2!}{1!1!}\\ &= \frac{10!}{3!2!2!} = 151200 \end{aligned}\]

សម្គាល់
  • ការធ្វើចម្លាស់តួអក្សរទាំង \(10\) នៃពាក្យ \(BATTAMBANG\) នេះបើគេឧបមាថាអក្សរទាំង \(10\) តួនេះខុសៗគ្នា នោះចំនួនចម្លាស់មាន \(10!\) ។

  • បើ \(A\) មានបីតួខុសគ្នា ការតម្រៀប \(A\) មានចំនួន \(3!\) របៀប ។ តែដោយ \(A\) មាន \(3\) តួដូចគ្នា នោះចម្លាស់ \(10!\) នេះមាន \(3!\) ដងតិចជាង ។ ដូចគ្នានេះដែរចំពោះតួ \(T\) ពីរតួ និងតួ \(B\) ពីរតួ ។

ជាទូទៅ

ចម្លាស់ \(n\) វត្ថុដែលក្នុងនោះមានវត្ថុប្រភេទទី \(1\), ប្រភេទទី \(2\), \(\dots\), ប្រភេទទី \(k\) ហើយវត្ថុប្រភេទនីមួយៗមានចំនួន \(r_1, r_2, \dots, r_k\) រៀងគ្នា \((r_1 + r_2 + \dots + r_k = n)\) ហៅថា ចម្លាស់នៃវត្ថុដូចៗគ្នា ។ ចំនួនចម្លាស់នៃវត្ថុដូចៗគ្នា កំណត់ដោយ \(\dfrac{n!}{r_1!r_2!\dots r_k!}\) ។

លំហាត់គំរូ

តើគេអាចចម្លាស់តួអក្សរនៃពាក្យ \(MATHEMATIC\) បានប៉ុន្មានរបៀប?

ដំណោះស្រាយ

ពាក្យនេះមាន \(10\) តួ ដែល \(M\), \(A\), \(T\) មាន \(2\) តួម្នាក់ៗ ៖ \(\dfrac{10!}{2!2!2!1!1!1!1!} = 453600\) ។

ប្រតិបត្តិ

គេតម្រៀបទៀនពណ៌ក្រហម \(3\) ដើម ទៀនពណ៌ស \(2\) ដើម និងទៀនពណ៌លឿង \(2\) ដើម ។ តើគេអាចតម្រៀបទៀនទាំងនេះបានប៉ុន្មានរបៀប?

មើលចម្លើយ

\(\dfrac{7!}{3!2!2!} = 210\) ។

ទ្រឹស្ដីបទទ្វេធា

ការពន្លាតទ្វេធានៃ \((1 + a)^n\)

ឧទាហរណ៍

គេមានកន្សោម \((x + y)\), \((1 + y)\), \((1 - x)\), \((a + b)\), \((1 + a)\), \(\dots\) កន្សោមនីមួយៗ ហៅថា ទ្វេធា គឺជាផលបូក ឬផលដករវាង \(2\) តួ ។ គេសិក្សាលើការលើកជាស្វ័យគុណនៃទ្វេធា \((1 + a)\) ។ គេដឹងថា

\[(1 + a)^2 = (1 + a)(1 + a) = 1 + 2a + a^2\]
\[(1 + a)^3 = (1 + a)(1 + 2a + a^2) = 1 + 3a + 3a^2 + a^3\]
\[\begin{aligned} (1 + a)^4 &= (1 + a)(1 + 3a + 3a^2 + a^3)\\ &= 1 + 4a + 6a^2 + 4a^3 + a^4 \end{aligned}\]

ក្នុងការពន្លាតទ្វេធានៃ \((1 + a)^n\) គេទទួលបានលទ្ធផលដូចខាងក្រោម ៖

\[\begin{array}{|c|c|c|}\hline \text{និទស្សន្ត} & \text{ការពន្លាតទ្វេធានៃ } (1 + a)^n & \text{ចំនួនតួ}\\ \hline n = 0 & 1 & 1\\ n = 1 & 1 + a & 2\\ n = 2 & 1 + 2a + a^2 & 3\\ n = 3 & 1 + 3a + 3a^2 + a^3 & 4\\ n = 4 & 1 + 4a + 6a^2 + 4a^3 + a^4 & 5\\ n = 5 & 1 + 5a + 10a^2 + 10a^3 + 5a^4 + a^5 & 6\\ \hline \end{array}\]
តាមការពន្លាតនេះ គេសង្កេតឃើញថាលទ្ធផលនៃការពន្លាតទ្វេធានៃ \((1 + a)^n\) ជាផលបូកនៃ \((n + 1)\) ឯកធា អថេរ \(a\) ដែលនិទស្សន្តរបស់ \(a\) កើនតាមលំដាប់ពី \(0\) ដល់ \(n\) ហើយមេគុណរបស់ឯកធានីមួយៗហៅថា មេគុណទ្វេធា មានទំនាក់ទំនងគ្នាដូចខាងក្រោម ៖
\[\begin{array}{c|ccccccccccccc} n = 0 & &&&&&& 1 &&&&&&\\ n = 1 & &&&&& 1 && 1 &&&&&\\ n = 2 & &&&& 1 && 2 && 1 &&&&\\ n = 3 & &&& 1 && 3 && 3 && 1 &&&\\ n = 4 & && 1 && 4 && 6 && 4 && 1 &&\\ n = 5 & & 1 && 5 && 10 && 10 && 5 && 1 &\\ n = 6 & 1 && 6 && 15 && 20 && 15 && 6 && 1 \end{array}\]

  • ការសរសេរទំនាក់ទំនងមេគុណទ្វេធាបន្តបន្ទាប់គ្នាមានរាងជាត្រីកោណនេះហៅថា ត្រីកោណប៉ាស្កាល់ (Pascal’s Triangle) ។ ចំនួនដែលនៅខាងចុងជួរដេកនីមួយៗស្មើនឹង \(1\) ហើយចំនួននៅខាងក្នុងត្រីកោណតាមជួរដេកនីមួយៗ បានពីការបូក \(2\) ចំនួនជាប់គ្នារបស់ជួរដេកខាងលើ ។

  • គេសង្កេតឃើញថា ការគណនា \((1 + a)^n\) បានដោយគុណ \((1 + a)\) នឹងខ្លួនឯងចំនួន \(n\) កត្តា ។ ដូច្នេះ មេគុណទ្វេធា គឺជាការបន្សំ \(a\) ក្នុងកត្តាផលគុណ ។

បើ \(n = 4\) នោះការពន្លាតទ្វេធានៃ \((1 + a)^4\) គេបានមេគុណទ្វេធា \(1, 4, 6, 4, 1\) ដែល ៖ \(1\) ជាចំនួនបន្សំនៃ \(0\) ធាតុរបស់ \(a\) ក្នុង \(4\) កត្តា ៖ \({}_4C_0 = 1\); \(4\) ជាចំនួនបន្សំនៃ \(1\) ធាតុរបស់ \(a\) ក្នុង \(4\) កត្តា ៖ \({}_4C_1 = 4\); \(6\) ៖ \({}_4C_2 = 6\); \(4\) ៖ \({}_4C_3 = 4\); \(1\) ៖ \({}_4C_4 = 1\) ។ ដោយប្រើចំនួនបន្សំ \({}_nC_r\) គេបានត្រីកោណប៉ាស្កាល់

\[\begin{array}{c|ccccccccccc} n = 1 & &&&& {}_1C_0 && {}_1C_1 &&&&\\ n = 2 & &&& {}_2C_0 && {}_2C_1 && {}_2C_2 &&&\\ n = 3 & && {}_3C_0 && {}_3C_1 && {}_3C_2 && {}_3C_3 &&\\ n = 4 & & {}_4C_0 && {}_4C_1 && {}_4C_2 && {}_4C_3 && {}_4C_4 &\\ n = 5 & {}_5C_0 && {}_5C_1 && {}_5C_2 && {}_5C_3 && {}_5C_4 && {}_5C_5 \end{array}\]

ជាទូទៅ

ក្នុងការពន្លាតទ្វេធានៃ \((1 + a)^n\) ដែល \(n \in \mathbb{N}\) គេបាន

\[\begin{aligned} (1 + a)^n = {}&{}_nC_0 + {}_nC_1\times a + {}_nC_2\times a^2 + \dots\\ &+ {}_nC_r\times a^r + \dots + {}_nC_n\times a^n \end{aligned}\]

លំហាត់គំរូ ១

ដោយប្រើរូបមន្តពន្លាតនៃ \((1 + a)^n\) ចូរពន្លាតទ្វេធានៃ ៖ ក. \((1 + 2x)^5\) ខ. \((1 - b)^5\) ។

ដំណោះស្រាយ
  1. តាង \(a = 2x\) គេបាន

    \[\begin{aligned} (1 + 2x)^5 &= ({}_5C_0)(2x)^0\\ &\quad{} + ({}_5C_1)(2x)^1\\ &\quad{} + ({}_5C_2)(2x)^2\\ &\quad{} + ({}_5C_3)(2x)^3 + ({}_5C_4)(2x)^4 + ({}_5C_5)(2x)^5\\ &= 1 + 5(2x) + 10(2x)^2\\ &\quad{} + 10(2x)^3 + 5(2x)^4 + (2x)^5 \end{aligned}\]
    ដូច្នេះ \((1 + 2x)^5 = 1 + 10x + 40x^2 + 80x^3 + 80x^4 + 32x^5\) ។

  2. យក \(a = -b\) គេបាន \((1 - b)^5 = 1 + 5(-b) + 10(-b)^2 + 10(-b)^3 + 5(-b)^4 + (-b)^5\) ។ ដូច្នេះ \((1 - b)^5 = 1 - 5b + 10b^2 - 10b^3 + 5b^4 - b^5\) ។

លំហាត់គំរូ ២

សរសេរ \(4\) តួដំបូងនៃការពន្លាតទ្វេធានៃ ៖ ក. \((1 + 3x)^7\) ខ. \((1 - 4x)^8\) ។

ដំណោះស្រាយ
  1. \((1 + 3x)^7 = 1 + ({}_7C_1)(3x) + ({}_7C_2)(3x)^2 + ({}_7C_3)(3x)^3 + \dots = 1 + 7(3x) + 21(9x^2) + 35(27x^3) + \dots\) ។ ដូច្នេះ \((1 + 3x)^7 = 1 + 21x + 189x^2 + 945x^3 + \dots\) ។

  2. \((1 - 4x)^8 = [1 + (-4x)]^8 = 1 + ({}_8C_1)(-4x) + ({}_8C_2)(-4x)^2 + ({}_8C_3)(-4x)^3 + \dots = 1 + 8(-4x) + 28(16x^2) + 56(-64x^3) + \dots\) ។ ដូច្នេះ \((1 - 4x)^8 = 1 - 32x + 448x^2 - 3584x^3 + \dots\) ។

ជាទូទៅ

ក្នុងការពន្លាតទ្វេធានៃ \((1 + a)^n\) គេបានមេគុណនៃ \(a^k\) ស្មើនឹង \({}_nC_k\) ។

ប្រតិបត្តិ
  1. ពន្លាតទ្វេធានៃ \(\left(1 + \dfrac{2}{x}\right)^5\) ។

  2. ស្រាយបញ្ជាក់ថា \({}_nC_0 + {}_nC_1 + \dots + {}_nC_n = 2^n\) ។

មើលចម្លើយ
  1. \(1 + \dfrac{10}{x} + \dfrac{40}{x^2} + \dfrac{80}{x^3} + \dfrac{80}{x^4} + \dfrac{32}{x^5}\)

  2. យក \(a = 1\) ក្នុងរូបមន្ត \((1 + a)^n\) គេបាន \(2^n = {}_nC_0 + {}_nC_1 + \dots + {}_nC_n\) ។

ទ្រឹស្ដីបទទ្វេធា

ចំពោះទ្វេធានៃ \((a + b)^n\) គេអាចសរសេរ \((a + b)^n = \left[a\left(1 + \dfrac{b}{a}\right)\right]^n = a^n\left(1 + \dfrac{b}{a}\right)^n\) ។ តាមរូបមន្តពន្លាតនៃកន្សោម \((1 + a)^n\) គេបាន

\[\begin{aligned} a^n\left(1 + \frac{b}{a}\right)^n &\\ &= a^n\left[1 + {}_nC_1\left(\frac{b}{a}\right) + {}_nC_2\left(\frac{b}{a}\right)^2 + \dots + {}_nC_n\left(\frac{b}{a}\right)^n\right] \end{aligned}\]
\[(a + b)^n = a^n + {}_nC_1\, a^{n-1}b + {}_nC_2\, a^{n-2}b^2 + \dots + b^n\]

ទ្រឹស្ដីបទទ្វេធា

បើ \(n \in \mathbb{N}\) នោះ

\[\begin{aligned} (a + b)^n = {}&{}_nC_0\, a^n + {}_nC_1\, a^{n-1}b + {}_nC_2\, a^{n-2}b^2\\ &+ {}_nC_3\, a^{n-3}b^3 + \dots + {}_nC_n\, b^n \end{aligned}\]

សម្គាល់

ក្នុងការពន្លាតទ្វេធានៃ \((a + b)^n\) មេគុណនៃ \(a^{n-k}b^k\) គឺ \({}_nC_k\) ។

លំហាត់គំរូ ១

ពន្លាតកន្សោម ៖ ក. \((a + b)^3\) ខ. \((2 + 3x)^3\) ។

ដំណោះស្រាយ
  1. \((a + b)^3 = a^3 + {}_3C_1\times a^2b + {}_3C_2\times ab^2 + b^3 = a^3 + 3a^2b + 3ab^2 + b^3\) ។

  2. តាង \(a = 2\), \(b = 3x\) គេបាន \((2 + 3x)^3 = 2^3 + 3(2)^2(3x) + 3(2)(3x)^2 + (3x)^3 = 8 + 36x + 54x^2 + 27x^3\) ។

លំហាត់គំរូ ២

ពន្លាតទ្វេធានៃកន្សោមខាងក្រោមតាមស្វ័យគុណចុះនៃ \(x\) ៖ ក. \((2x - 3)^5\) ខ. \(\left(x + \dfrac{1}{x^2}\right)^6\) ។

ដំណោះស្រាយ
  1. \[\begin{aligned} (2x - 3)^5 &= [2x + (-3)]^5\\ &= (2x)^5 + ({}_5C_1)(2x)^4(-3)\\ &\quad{} + ({}_5C_2)(2x)^3(-3)^2\\ &\quad{} + ({}_5C_3)(2x)^2(-3)^3 + \dots\\ &= 32x^5 + 5(16x^4)(-3)\\ &\quad{} + 10(8x^3)(9)\\ &\quad{} + 10(4x^2)(-27) + \dots\\ &= 32x^5 - 240x^4 + 720x^3 - 1080x^2 + \dots \end{aligned}\]

  2. \[\begin{aligned} \left(x + \frac{1}{x^2}\right)^6 &= x^6 + {}_6C_1\, x^5\left(\frac{1}{x^2}\right) + {}_6C_2\, x^4\left(\frac{1}{x^2}\right)^2\\ &\quad{} + {}_6C_3\, x^3\left(\frac{1}{x^2}\right)^3 + \dots\\ &= x^6 + 6x^3 + 15 + \frac{20}{x^3} + \dots \end{aligned}\]

លំហាត់គំរូ ៣

រកតម្លៃ \(a, b, c\) បើគេដឹងថា \(\left(a - \dfrac{1}{2}x\right)^6 = b - 96x + cx^2 + \dots\) ។

ដំណោះស្រាយ

\[\begin{aligned} \left(a - \frac{1}{2}x\right)^6 &= \left[a + \left(-\frac{1}{2}x\right)\right]^6\\ &= a^6 + {}_6C_1\, a^5\left(-\frac{1}{2}x\right)\\ &\quad{} + {}_6C_2\, a^4\left(-\frac{1}{2}x\right)^2 + \dots\\ &= a^6 - 3a^5x + \frac{15}{4}a^4x^2 + \dots \end{aligned}\]
ដោយ \(\left(a - \dfrac{1}{2}x\right)^6 = b - 96x + cx^2 + \dots\) \(\Rightarrow b - 96x + cx^2 = a^6 - 3a^5x + \dfrac{15}{4}a^4x^2\) ។ គេបាន \(\begin{cases} b = a^6\\ 96 = 3a^5\\ c = \frac{15}{4}a^4 \end{cases}\) ។ \(3a^5 = 96 \Rightarrow a^5 = 32 \Rightarrow a = 2\), \(b = a^6 = 64\) និង \(c = \dfrac{15}{4}\times 2^4 = 60\) ។ ដូច្នេះ \(a = 2\), \(b = 64\), \(c = 60\) ។

ប្រតិបត្តិ

សរសេរ \(4\) តួដំបូងតាមស្វ័យគុណកើននៃ \(x\) ក្នុងការពន្លាតទ្វេធានៃកន្សោម ៖ ក. \((2 + 3x)^6\) ខ. \(\left(\dfrac{1}{2x} - 2x^2\right)^8\) ។

មើលចម្លើយ

ក. \(64 + 576x + 2160x^2 + 4320x^3 + \dots\) ខ. \(\dfrac{1}{256x^8} - \dfrac{1}{8x^5} + \dfrac{7}{4x^2} - 14x + \dots\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ៩២–១០១។
ទំព័រ ៩២
ទំព័រ ៩២
ទំព័រ ៩៣
ទំព័រ ៩៣
ទំព័រ ៩៤
ទំព័រ ៩៤
ទំព័រ ៩៥
ទំព័រ ៩៥
ទំព័រ ៩៦
ទំព័រ ៩៦
ទំព័រ ៩៧
ទំព័រ ៩៧
ទំព័រ ៩៨
ទំព័រ ៩៨
ទំព័រ ៩៩
ទំព័រ ៩៩
ទំព័រ ១០០
ទំព័រ ១០០
ទំព័រ ១០១
ទំព័រ ១០១

លំហាត់អនុវត្តន៍

១លំហាត់ទី ១

គណនា ៖ ក. \(\dfrac{{}_8C_5}{{}_8C_3}\) ខ. \(\dfrac{{}_{10}C_6}{{}_9C_5}\) គ. \(\dfrac{{}_{n+1}C_p}{{}_nC_p}\) ។

មើលដំណោះស្រាយ

ក. \(1\) ខ. \(\dfrac{210}{126} = \dfrac{5}{3}\) គ. \(\dfrac{n + 1}{n + 1 - p}\) ។

២លំហាត់ទី ២

ក្នុងក្រុមពិសេសមានសមាជិក \(14\) នាក់ ។ គេបង្កើតគណៈប្រតិភូមានសមាជិក \(5\) នាក់រើសចេញពីក្រុមពិសេសនេះ ។ តើគេអាចបង្កើតគណៈប្រតិភូបានប៉ុន្មានរបៀប?

មើលដំណោះស្រាយ

\({}_{14}C_5 = 2002\) ។

៣លំហាត់ទី ៣

គេរើសមនុស្សចាស់ \(4\) នាក់ និងក្មេង \(3\) នាក់ចេញពីក្រុមមួយដែលមានមនុស្សចាស់ \(8\) នាក់ និងក្មេង \(5\) នាក់ ។ តើគេអាចរើសបានប៉ុន្មានរបៀប?

មើលដំណោះស្រាយ

\({}_8C_4\times{}_5C_3 = 70\times 10 = 700\) ។

៤លំហាត់ទី ៤

គេរើសអក្សរ \(5\) តួចេញពីអក្សរ \(A, B, C, D, E, F, G, H, I\) និង \(J\) ។

  1. តើគេអាចរើសបានប៉ុន្មានរបៀប?

  2. តើគេអាចរើសបានប៉ុន្មានរបៀប បើក្នុងចំណោម \(5\) តួអក្សរនោះ ៖ មានព្យញ្ជនៈតែ \(3\) គត់  /  គ្មានស្រៈសោះ  /  និងយ៉ាងតិចមានស្រៈមួយ ។

មើលដំណោះស្រាយ

ក. \({}_{10}C_5 = 252\) ខ. (ស្រៈ \(A, E, I\) និងព្យញ្ជនៈ \(7\)) ព្យញ្ជនៈតែ \(3\) ៖ \({}_7C_3\times{}_3C_2 = 105\) ។ គ្មានស្រៈ ៖ \({}_7C_5 = 21\) ។ យ៉ាងតិចមានស្រៈមួយ ៖ \(252 - 21 = 231\) ។

៥លំហាត់ទី ៥

តើគេអាចចែកសិស្សបានប៉ុន្មានរបៀប បើដឹងថាមាន ៖

  1. សិស្ស \(5\) នាក់ត្រូវចែកជា \(2\) ក្រុមដែលក្រុមមួយមាន \(2\) នាក់ និងមួយទៀតមាន \(3\) នាក់ ។

  2. សិស្ស \(9\) នាក់ចែកជា \(2\) ក្រុម ដែលមួយក្រុមមានសិស្ស \(4\) នាក់ និង \(5\) នាក់ ។

  3. សិស្ស \(9\) នាក់ត្រូវចែកជា \(3\) ក្រុម ដែលមួយក្រុមមានសិស្ស \(2\) នាក់ \(3\) នាក់និង \(4\) នាក់ ។

មើលដំណោះស្រាយ

ក. \({}_5C_2 = 10\) ខ. \({}_9C_4 = 126\) គ. \(\dfrac{9!}{2!3!4!} = 1260\) ។

៦លំហាត់ទី ៦

សរសេរ \(3\) តួដំបូងតាមស្វ័យគុណកើននៃ \(x\) ក្នុងការពន្លាតទ្វេធានៃកន្សោមខាងក្រោម ៖ ក. \((2 - ax)^6\) ខ. \((3y + 2x)^5\) ។

មើលដំណោះស្រាយ

ក. \(64 - 192ax + 240a^2x^2 + \dots\) ខ. \(243y^5 + 810y^4x + 1080y^3x^2 + \dots\) ។

៧លំហាត់ទី ៧

បង្ហាញថា \((1 + \sqrt{x})^5 - (1 - \sqrt{x})^5 = 10\sqrt{x} + 20x\sqrt{x} + 2x^2\sqrt{x}\) ។ ទាញរកតម្លៃ \((1 + \sqrt{2})^5 - (1 - \sqrt{2})^5\) ។

មើលដំណោះស្រាយ

តួដែលមានស្វ័យគុណគូនៃ \(\sqrt{x}\) លុបគ្នា ៖ \(2\left[5\sqrt{x} + 10(\sqrt{x})^3 + (\sqrt{x})^5\right] = 10\sqrt{x} + 20x\sqrt{x} + 2x^2\sqrt{x}\) ។ យក \(x = 2\) ៖ \(10\sqrt{2} + 40\sqrt{2} + 8\sqrt{2} = 58\sqrt{2}\) ។

៨លំហាត់ទី ៨

សរសេរ \(4\) តួដំបូងតាមស្វ័យគុណកើននៃ \(y\) ក្នុងការពន្លាតទ្វេធានៃកន្សោម ៖

  1. \((1 + y)^{10}\)

  2. \((1 - y)^{12}\)

  3. \((1 + y^2)^9\)

  4. \((1 - 3y^2)^7\)

មើលដំណោះស្រាយ

ក. \(1 + 10y + 45y^2 + 120y^3\) ខ. \(1 - 12y + 66y^2 - 220y^3\) គ. \(1 + 9y^2 + 36y^4 + 84y^6\) ឃ. \(1 - 21y^2 + 189y^4 - 945y^6\) ។

៩លំហាត់ទី ៩

គេពន្លាតទ្វេធានៃកន្សោមនីមួយៗខាងក្រោម ៖ ក. ក្នុងលទ្ធផលពន្លាតកន្សោម \((1 - x^2)^{20}\) រកតួដែលមាន \(x^6\) ។ ខ. ក្នុងលទ្ធផលពន្លាតកន្សោម \((1 + 4x)^7\) រកតួដែលមាន \(x^2\) ។

មើលដំណោះស្រាយ

ក. \({}_{20}C_3(-x^2)^3 = -1140x^6\) ខ. \({}_7C_2(4x)^2 = 336x^2\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ២២ បន្សំ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត