1. ទំព័រដើម
  2. ថ្នាក់ទី ១០
  3. មេរៀនទី ៥
៥
ជំពូកទី ២ តក្កវិទ្យា សំណុំ និងចំនួន · មេរៀនទី ៥ · គណិតវិទ្យាថ្នាក់ទី ១០

ចំនួន

តក្កវិទ្យា សំណុំ និងចំនួន៤ ផ្នែកលំហាត់ ៥០សំណួរពហុជ្រើសរើស ៥០▶ ស្លាយបង្រៀន
ប្រវត្តិនៃប្រព័ន្ធចំនួន និងចំនួនកុំផ្លិច

ប្រព័ន្ធចំនួនបានវិវត្តជាបន្តបន្ទាប់ពីចំនួនគត់ធម្មជាតិ \(\mathbb{N}\) ចំនួនគត់រ៉ឺឡាទីប \(\mathbb{Z}\) ចំនួនសនិទាន \(\mathbb{Q}\) រហូតដល់ចំនួនពិត \(\mathbb{R}\)។ ប៉ុន្តែសមីការដឺក្រេទីពីរងាយៗដូចជា \(x^2 + 1 = 0\) គ្មានឫសក្នុង \(\mathbb{R}\) ឡើយ។

នៅសតវត្សទី១៦ គណិតវិទូអ៊ីតាលី Girolamo Cardano និង Rafael Bombelli បានបង្កើតគំនិតដំបូងអំពី «ចំនួននិម្មិត» ដើម្បីដោះស្រាយសមីការដឺក្រេទីបី។ លុះដល់សតវត្សទី១៨ គណិតវិទូស្វីស Leonhard Euler បានបង្កើតនិមិត្តសញ្ញា \(i\) សម្រាប់តំណាងឱ្យ \(\sqrt{-1}\) (\(i^2 = -1\)) ហើយ Carl Friedrich Gauss បានដាក់ឈ្មោះថា «ចំនួនកុំផ្លិច (Complex Numbers)» និងបានបង្ហាញប្លង់កុំផ្លិច (Argand-Gauss Plane)។

សព្វថ្ងៃ ចំនួនកុំផ្លិចមានសារៈសំខាន់បំផុតក្នុងរូបវិទ្យាទំនើប រលកអេឡិចត្រូម៉ាញ៉េទិច មេកានិចកង់ទិច និងវិស្វកម្មអគ្គិសនីចរន្តឆ្លាស់។

មុនចូលមេរៀននេះ ត្រូវចេះអ្វីខ្លះ?

រំលឹកចំណេះដឹងពីថ្នាក់ក្រោម៖
១. ប្រមាណវិធីបូក ដក គុណ ចែក ចំនួនទសភាគ និងប្រភាគ
២. ការគណនាស្វ័យគុណនិងឫសការ៉េ

ចំនួនពិត

បន្ទាត់ចំនួន

ឧទាហរណ៍

គេឱ្យចំណុច \(O\) និងចំណុច \(E\) មួយផ្សេងទៀតនៅលើបន្ទាត់ \(L\) ។ បើគេមិនរាប់បញ្ចូលចំណុច \(O\) ទេ នោះគេអាចចែកបន្ទាត់ \(L\) ជាពីរផ្នែកនៅសងខាងនៃចំណុច \(O\) ។ ផ្នែកដែលមានចំណុច \(E\) ហៅថា ផ្នែកវិជ្ជមាន និងផ្នែកដែលគ្មានចំណុច \(E\) ហៅថា ផ្នែកអវិជ្ជមាន ។

រូបភាពនេះកំពុងរៀបចំ

ចំពោះគ្រប់ចំណុចនៅលើបន្ទាត់ \(L\) ដែលមានអង្កត់ \(OE\) ជាឯកតាប្រវែង ត្រូវគ្នានឹងចំនួនតាមរបៀបដូចខាងក្រោម ៖

  • ចំណុច \(O\) ត្រូវនឹងចំនួន \(0\) ។

  • គ្រប់ចំណុចនៅផ្នែកវិជ្ជមាន ហើយមានចម្ងាយ \(s\) ពីចំណុច \(O\) ត្រូវគ្នានឹងចំនួនវិជ្ជមាន \(s\) ។

  • គ្រប់ចំណុចនៅផ្នែកអវិជ្ជមាន ហើយមានចម្ងាយ \(s\) ពីចំណុច \(O\) ត្រូវគ្នានឹងចំនួនអវិជ្ជមាន \((-s)\) ។

រូបភាពនេះកំពុងរៀបចំ

តាមរបៀបនេះ គ្រប់ចំណុច \(M\) នៅលើ \(L\) ត្រូវគ្នានឹងចំនួនតែមួយគត់ មានន័យថា ចំណុចផ្សេងគ្នាត្រូវគ្នានឹងចំនួនផ្សេងគ្នា ។ ចំនួន \(x\) ដែលត្រូវនឹងចំណុច \(M\) ហៅថាអាប់ស៊ីស នៃចំណុច \(M\) ។ គេកំណត់សរសេរ \(M(x)\) ។

ក្នុងករណីនេះបន្ទាត់ \(L\) ហៅថាបន្ទាត់ចំនួនដែលមានចំណុច \(O\) ជាគល់ និង \(E\) ជាចំណុចឯកតា ។ អាប់ស៊ីសនៃចំណុចគល់ស្មើនឹង \(0\) និងអាប់ស៊ីសនៃចំណុចឯកតាស្មើនឹង \(1\) ។

គ្រប់ចំនួនដែលត្រូវគ្នានឹងគ្រប់ចំណុចនៅលើបន្ទាត់ចំនួន ហៅថា ចំនួនពិត ។ បើគេគូសបន្ទាត់ចំនួនជាបន្ទាត់ដេក នោះផ្នែកវិជ្ជមានត្រូវនៅខាងស្តាំ និងផ្នែកអវិជ្ជមាននៅខាងឆ្វេង ។

ប្រតិបត្តិ

ដៅចំនួនដូចខាងក្រោមនៅលើបន្ទាត់ចំនួន
ក.  \(4\)
ខ.  \(-3\)
គ.  \(2.5\)
ឃ.  \(-1.5\)
ង.  \(-\frac{3}{4}\) ។

ការប្រៀបធៀបចំនួនពិត

ឧទាហរណ៍

គេដៅចំនួនវិជ្ជមាននៅលើបន្ទាត់ចំនួនដោយចំណុចជាច្រើននៅផ្នែកខាងស្តាំនៃគល់ និងដៅចំនួនអវិជ្ជមានដោយចំណុចជាច្រើននៅផ្នែកខាងឆ្វេងនៃគល់ ។ បើគេនិយាយថា ចំនួនពិត \(b\) ធំជាងចំនួនពិត \(a\) ឬ \(a\) តូចជាង \(b\) នោះគេថាចំណុច \(b\) នៅខាងស្តាំនៃចំណុច \(a\) ។

រូបភាពនេះកំពុងរៀបចំ

គេកំណត់សរសេរ \(a < b\) ឬ \(b < a\) ។

  • បើ \(a\) វិជ្ជមាន គេសរសេរ \(a > 0\) ។

  • បើ \(a\) អវិជ្ជមាន គេសរសេរ \(a < 0\) ។

គេអាចប្រៀបធៀបចំនួនពិតតាមលក្ខណៈខាងក្រោម ៖
ក.  ចំពោះគ្រប់ចំនួនពិត \(a\) និង \(b\) គេអាចបានទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនង

\[a < b , \quad{} a = b \quad{} \text{និង} \quad{} a > b \text{~។}\]
ខ. 
\[(a < b \quad{} \text{និង} \quad{} b < c) \Rightarrow a < c \text{~។}\]
គ. 
\[a > b \Leftrightarrow a - b > 0 \text{~។}\]

តម្លៃដាច់ខាតនៃចំនួនពិត

ចម្ងាយពីគល់ \(O\) ទៅចំណុច \(a\) នៅលើបន្ទាត់ចំនួនហៅថាតម្លៃដាច់ខាត នៃចំនួន \(a\) ។ តម្លៃដាច់ខាតនៃចំនួនពិត \(a\) កំណត់ដោយ \(|a|\) ។

ឧទាហរណ៍

\(|3| = 3 , \quad{} |-3| = 3 \quad{} \) និង \( \quad{} |0| = 0\) ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

១.  គណនាតម្លៃខាងក្រោម ៖
ក.  \(|8|\) ខ.  \(|-10|\) គ.  \(|2.5|\) ឃ.  \(\left|-\frac{1}{3}\right|\) ។
២.  កំណត់ចំនួនពិត \(x\) ដែលផ្ទៀងផ្ទាត់ \(|x| = 7\) ។

មើលចម្លើយ


១.  ក.  \(8\) ខ.  \(10\) គ.  \(2.5\) ឃ.  \(\frac{1}{3}\) ២.  \(x = \pm 7\) ។

តាមនិយមន័យនៃតម្លៃដាច់ខាត គេទាញបានលក្ខណៈខាងក្រោម ៖

  • \(|a| = a\) បើ \(a \geq 0\)

  • \(|a| = -a\) បើ \(a < 0\)

  • ចំពោះគ្រប់ចំនួនពិត \(a\) គេបាន \(|a| \geq 0\)

  • \(|a| = 0\) លុះត្រាតែ \(a = 0\) ។

១លំហាត់គំរូ ១

បង្ហាញថាសមភាព \(|-a| = |a|\) ពិត ចំពោះគ្រប់ចំនួនពិត \(a\) ។

ដំណោះស្រាយ


ពិនិត្យសមភាពនេះចំពោះ \(a \geq 0\) និង \(a < 0\) ។ \((i)\) ចំពោះ \(a \geq 0\) គេបាន \(|a| = a\) និង \(-a \leq 0\) នោះ \(|-a| = -(-a) = a = |a|\)

\((ii)\) ចំពោះ \(a < 0\) គេបាន \(|a| = -a\) និង \(-a > 0\) នោះ \(|-a| = -a = |a|\)

តាម \((i)\) និង \((ii)\) ចំពោះគ្រប់ចំនួនពិតនៃ \(a\) គេបាន \(|-a| = |a|\) ។

ប្រតិបត្តិ

បង្ហាញថា \(a^2 = |a|^2\) ពិត ចំពោះគ្រប់ចំនួនពិត \(a\) ។

ចំណែកថ្នាក់នៃចំនួនពិត

រូបភាពនេះកំពុងរៀបចំ

គេតាងសំណុំចំនួនគត់ធម្មជាតិ \(1, 2, 3, \dots\) ដោយ \(\mathbb{N}\) ។ គេបាន \(\mathbb{N} = \{1, 2, 3, \dots\}\) ។ ផលបូក និងផលគុណនៃចំនួនគត់ធម្មជាតិជាចំនួនគត់ធម្មជាតិ ។ គ្រប់ចំនួនគត់វិជ្ជមាន \(1, 2, 3, \dots\) គ្រប់ចំនួនគត់អវិជ្ជមាន \(-1, -2, -3, \dots\) និង \(0\) បង្កើតបានជាសំណុំនៃចំនួនគត់រ៉ឺឡាទីបដែលតាងដោយ \(\mathbb{Z}\) ។ ផលបូក ផលដក និងផលគុណនៃចំនួនគត់រ៉ឺឡាទីបជាចំនួនគត់រ៉ឺឡាទីប ។

គ្រប់ចំនួនដែលមានទម្រង់ \(\frac{m}{n}\) ដែល \(m\) និង \(n\) ជាចំនួនគត់រ៉ឺឡាទីប ហើយ \(n \neq 0\) ហៅថា ចំនួនសនិទាន ។ គេតាងសំណុំនៃចំនួនសនិទានដោយ \(\mathbb{Q}\) ។

គ្រប់ចំនួនគត់រ៉ឺឡាទីប \(m\) អាចសរសេរជារាងប្រភាគ \(\frac{m}{1}\) នោះវាក៏ជាចំនួនសនិទានដែរ ។ ផលបូក ផលដក ផលគុណ និងផលចែកចំនួនសនិទាន ក៏ជាចំនួនសនិទានផងដែរ ។

មានចំណុចជាច្រើននៅលើបន្ទាត់ចំនួន ដែលមិនមែនជាចំនួនសនិទាន ។

ឧទាហរណ៍

ការេដែលមានប្រវែងជ្រុងស្មើនឹង 1 មានប្រវែងអង្កត់ទ្រូងស្មើនឹង \(\sqrt{2}\) ។ គេអាចដៅចំនួន \(\sqrt{2}\) នៅលើបន្ទាត់ចំនួនបាន ។ ចំនួន \(\sqrt{2}\) មិនមែនជាចំនួនសនិទានទេ ។

រូបភាពនេះកំពុងរៀបចំ

ចំនួនពិតដែលមិនមែនជាចំនួនសនិទានហៅថា ចំនួនអសនិទាន ។ \(\sqrt{2}\) ជាចំនួនអសនិទាន និងចំនួនថេរ \(\pi\) ក៏ជាចំនួនអសនិទានដែរ ។

សម្គាល់ : គេអាចសរសេរចំនួនសនិទាន ដែលមិនមែនជាចំនួនគត់ឱ្យទៅចំនួនទសភាគ កំណត់ ឬចំនួនទសភាគខួប ។

ឧទាហរណ៍

\(\frac{1}{8} = 0.125\) ជាចំនួនទសភាគកំណត់ ។ \(\frac{4}{3} = 1.333\dots\) ជាចំនួនទសភាគខួប ដែលមាន \(3\) ជាខួប ។ \(\frac{9}{74} = 0.1216216216\dots\) ជាចំនួនទសភាគខួប ដែលមាន \(216\) ជាខួប ។

គេអាចសរសេរចំនួនអសនិទានឱ្យទៅជាចំនួនទសភាគអនន្តដែលគ្មានខួប ។

ឧទាហរណ៍

\(\sqrt{2} = 1.41421356237\dots\) ជាចំនួនទសភាគអនន្តដែលគ្មានខួប ។ \(\pi = 3.14159\dots\) ជាចំនួនទសភាគអនន្តដែលគ្មានខួប ។

ប្រតិបត្តិ

តើចំនួនណាខ្លះជាចំនួនសនិទាន ចំនួនអសនិទាន ក្នុងចំណោមចំនួនទាំងនេះ \(0, 3, \pi, -5, \frac{2}{7}, -\frac{9}{4}, \sqrt{8}, \sqrt{0.16}, \sqrt{3}+1\) ។

ការគណនាកន្សោមដែលមានរ៉ាឌីកាល់

ឫសការេនៃចំនួនពិតវិជ្ជមាន ឬសូន្យ

ឧទាហរណ៍

ឫសការេនៃ \(4\) គឺ \(\sqrt{4} = 2\) និង \(-\sqrt{4} = -2\) ។ ឫសការេនៃ \(0\) គឺ \(0\) ហើយកំណត់ដោយ \(\sqrt{0} = 0\) ។ ចំនួនអវិជ្ជមាន គ្មានឫសការេនៅក្នុងសំណុំចំនួនពិតទេ ។

គេថាចំនួនពិត \(x\) ជាឫសការេនៃចំនួនពិតវិជ្ជមាន ឬសូន្យ \(a\) កាលណា \(x^2 = a\) ។ ចំនួនវិជ្ជមាន \(a\) មានឫសការេពីរដែលជាចំនួនផ្ទុយគ្នា ។ គេតាងឫសការេវិជ្ជមាននៃ \(a\) ដោយ \(\sqrt{a}\) និងឫសការេអវិជ្ជមាននៃ \(a\) ដោយ \(-\sqrt{a}\) ។ ដូច្នេះ \((\sqrt{a})^2 = a , \quad{} (-\sqrt{a})^2 = a\) ។

ប្រតិបត្តិ

ចូរឱ្យឧទាហរណ៍នៃចំនួនពិត \(a\) មួយដែលមិនផ្ទៀងផ្ទាត់សមភាព \(\sqrt{a^2} = a\) រួចបង្ហាញថា \(\sqrt{a^2} = |a|\) ពិតចំពោះគ្រប់ចំនួនពិត \(a\) ។

ផលគុណនិងផលចែកនៃឫសការេ

ចំពោះ \(a > 0\) និង \(b > 0\) គេបាន

\[\sqrt{a} \times \sqrt{b} = \sqrt{ab} , \quad{} \frac{\sqrt{a}}{\sqrt{b}} = \sqrt{\frac{a}{b}} \quad{} \text{និង} \quad{} \sqrt{a^2b} = a\sqrt{b} \text{~។}\]

២លំហាត់គំរូ ២

គណនា \(\sqrt{20} , \quad{} \sqrt{10} \times \sqrt{45} , \quad{} \sqrt{0.03} , \quad{} \frac{\sqrt{27}}{\sqrt{3}}\) ។

ដំណោះស្រាយ


\(\sqrt{20} = \sqrt{2^2 \times 5} = 2\sqrt{5}\) \(\sqrt{10}\sqrt{45} = \sqrt{2 \times 5 \times 3^2 \times 5} = 15\sqrt{2}\)
\(\sqrt{0.03} = \sqrt{\dfrac{3}{100}} = \dfrac{\sqrt{3}}{10}\) \(\dfrac{\sqrt{27}}{\sqrt{3}} = \sqrt{\dfrac{27}{3}} = \sqrt{9} = 3\) ។
៣លំហាត់គំរូ ៣

គណនាកន្សោមខាងក្រោម ៖

ក.  \(\sqrt{12} - \sqrt{27} + \sqrt{\dfrac{3}{4}}\) ខ.  \((2\sqrt{2} + 5\sqrt{3})(3\sqrt{2} - \sqrt{3})\) ។
ដំណោះស្រាយ


ក.  \(\sqrt{12} - \sqrt{27} + \sqrt{\dfrac{3}{4}} = 2\sqrt{3} - 3\sqrt{3} + \dfrac{\sqrt{3}}{2} = -\dfrac{\sqrt{3}}{2}\) ។
ខ.  \((2\sqrt{2} + 5\sqrt{3})(3\sqrt{2} - \sqrt{3}) = 12 - 2\sqrt{6} + 15\sqrt{6} - 15 = -3 + 13\sqrt{6}\) ។

ប្រតិបត្តិ

គណនាកន្សោមខាងក្រោម ៖

ក.  \(\sqrt{8} - \sqrt{18} + \sqrt{72}\) ខ.  \(\sqrt{20} - 3\sqrt{2} - \sqrt{\dfrac{5}{9}} + \sqrt{50}\)
គ.  \((\sqrt{3} - \sqrt{2})^2\) ឃ.  \((3\sqrt{2} + \sqrt{3})(2\sqrt{3} - \sqrt{2})\) ។
មើលចម្លើយ


ក.  \(5\sqrt{2}\) ខ.  \(\dfrac{5}{3}\sqrt{5} + 2\sqrt{2}\)
គ.  \(5 - 2\sqrt{6}\) ឃ.  \(5\sqrt{6}\) ។

ការប្រៀបធៀបឫសការេនៃចំនួនវិជ្ជមានពីរ

ចំពោះចំនួនវិជ្ជមាន \(a\) និង \(b\) គេមាន \(a < b \Leftrightarrow a - b < 0 \quad{} (1)\)

តែ \(a - b = \sqrt{a^2} - \sqrt{b^2} = (\sqrt{a})^2 - (\sqrt{b})^2 = (\sqrt{a} + \sqrt{b})(\sqrt{a} - \sqrt{b})\)

តាម \((1)\) គេបាន

\[a < b \Leftrightarrow (\sqrt{a} + \sqrt{b})(\sqrt{a} - \sqrt{b}) < 0\]
\[a < b \Leftrightarrow (\sqrt{a} - \sqrt{b}) < 0 \quad{} \text{ព្រោះ } \sqrt{a} + \sqrt{b} > 0\]
\[a < b \Leftrightarrow \sqrt{a} < \sqrt{b}\]

៤លំហាត់គំរូ ៤

ប្រៀបធៀប \(1 + \sqrt{3}\) និង \(\sqrt{7}\) ។

ដំណោះស្រាយ


ដោយចំនួនទាំងពីរជាចំនួនវិជ្ជមាន នោះគេអាចប្រៀបធៀបតម្លៃរបស់វា ដោយលើកអង្គទាំងពីរជាការេ ហើយគេគណនាផលដក ៖

\((1 + \sqrt{3})^2 - (\sqrt{7})^2 = (4 + 2\sqrt{3}) - 7 = 2\sqrt{3} - 3 = \sqrt{12} - \sqrt{9} > 0\) ព្រោះ \(\sqrt{12} > \sqrt{9}\) គេបាន \((1 + \sqrt{3})^2 > (\sqrt{7})^2\) តាមលក្ខណៈ \(a > b \Leftrightarrow \sqrt{a} > \sqrt{b}\) ចំពោះករណី \(a > 0 , \quad{} b > 0\) ដូច្នេះ \(1 + \sqrt{3} > \sqrt{7}\) ។

ប្រតិបត្តិ

ប្រៀបធៀប ៖

ក.  \(2\sqrt{7}\) និង \(3\sqrt{3}\) ខ.  \(2 + \sqrt{6}\) និង \(2\sqrt{5}\) ។
មើលចម្លើយ


ក.  \(2\sqrt{7} > 3\sqrt{3}\) ខ.  \(2 + \sqrt{6} < 2\sqrt{5}\) ។

ការបំបាត់រ៉ាឌីកាល់ពីភាគបែង

គេអាចបំប្លែងប្រភាគដែលមានភាគបែងជារ៉ាឌីកាល់ ទៅជាប្រភាគដែលគ្មានរ៉ាឌីកាល់នៅភាគបែង ។

៥លំហាត់គំរូ ៥

ចូរបំបាត់រ៉ាឌីកាល់ពីភាគបែងនៃប្រភាគខាងក្រោម ៖

ក.  \(\dfrac{1}{\sqrt{12}}\) ខ.  \(\dfrac{\sqrt{5}}{\sqrt{5} - \sqrt{2}}\) ។
ដំណោះស្រាយ


ក.  \(\dfrac{1}{\sqrt{12}} = \dfrac{1}{2\sqrt{3}} = \dfrac{\sqrt{3}}{2(\sqrt{3})^2} = \dfrac{\sqrt{3}}{6}\) ។
ខ.  \(\dfrac{\sqrt{5}}{\sqrt{5} - \sqrt{2}} = \dfrac{\sqrt{5}(\sqrt{5} + \sqrt{2})}{(\sqrt{5} - \sqrt{2})(\sqrt{5} + \sqrt{2})} = \dfrac{5 + \sqrt{10}}{(\sqrt{5})^2 - (\sqrt{2})^2} = \dfrac{5 + \sqrt{10}}{3}\) ។

ប្រតិបត្តិ

១.  ចូរបំបាត់រ៉ាឌីកាល់ពីភាគបែងនៃប្រភាគខាងក្រោម ៖

ក.  \(\dfrac{1}{\sqrt{28}}\) ខ.  \(\dfrac{\sqrt{3}}{\sqrt{3} + \sqrt{2}}\) គ.  \(\dfrac{\sqrt{3} + \sqrt{5}}{\sqrt{3} - \sqrt{5}}\) ។

២.  រកតម្លៃប្រហែលនៃ \(\dfrac{3}{\sqrt{7} - 2}\) ដោយដឹងថា \(\sqrt{7} \approx 2.6458\) ។

មើលចម្លើយ


១.  ក.  \(\dfrac{\sqrt{7}}{14}\) ខ.  \(3 - \sqrt{6}\) គ.  \(-4 - \sqrt{15}\)
២.  \(\dfrac{3}{\sqrt{7} - 2} \approx 4.65\) ។

ការសម្រួលកន្សោមដែលមានរ៉ាឌីកាល់ពីរជាន់

\((\sqrt{3} + \sqrt{2})^2 = 3 + 2\sqrt{3 \times 2} + 2 = 5 + 2\sqrt{6}\)

\(\sqrt{5 + 2\sqrt{6}}\) អាចបំប្លែង \(\sqrt{5 + 2\sqrt{6}} = \sqrt{(\sqrt{3} + \sqrt{2})^2} = \sqrt{3} + \sqrt{2}\) ។

គេហៅការបំប្លែងបែបនេះហៅថា ការសម្រួលកន្សោមដែលមានរ៉ាឌីកាល់ពីរជាន់ ។

៦លំហាត់គំរូ ៦

កំណត់ចំនួនពិត \(a\) និង \(b\) ដែល \(a > b\) ដោយដឹងថា \(a + b = 7\) និង \(ab = 10\) ។ សម្រួលកន្សោម \(\sqrt{7 + 2\sqrt{10}}\) ។

ដំណោះស្រាយ


គេមាន \(\begin{cases} a + b = 7 = 5 + 2 \\ ab = 10 = 5 \times 2 \end{cases}\) នោះ \(a = 5 , b = 2\)

គេបាន \(\sqrt{7 + 2\sqrt{10}} = \sqrt{5 + 2 + 2\sqrt{5 \times 2}} = \sqrt{\sqrt{5}^2 + \sqrt{2}^2 + 2 \times \sqrt{5} \times \sqrt{2}}\)

\(= \sqrt{(\sqrt{5} + \sqrt{2})^2} = \sqrt{5} + \sqrt{2}\) ។

ដូច្នេះ \(\sqrt{7 + 2\sqrt{10}} = \sqrt{5} + \sqrt{2}\) ។

៧លំហាត់គំរូ ៧

សម្រួលកន្សោម \(\sqrt{8 - 2\sqrt{15}}\)

ដំណោះស្រាយ


យក \(\begin{cases} a + b = 8 = 5 + 3 \\ ab = 15 = 5 \times 3 \end{cases}\) នោះ \(a = 5 , b = 3\)

គេបាន \(\sqrt{8 - 2\sqrt{15}} = \sqrt{5 + 3 - 2\sqrt{5 \times 3}}\)

\(= \sqrt{\sqrt{5}^2 + \sqrt{3}^2 + (-2) \times \sqrt{5} \times \sqrt{3}}\)

\(= \sqrt{(\sqrt{5} - \sqrt{3})^2} = \sqrt{5} - \sqrt{3}\)

ដូច្នេះ \(\sqrt{8 - 2\sqrt{15}} = \sqrt{5} - \sqrt{3}\) ។

ជាទូទៅ

\(\sqrt{\sqrt{a}^2 \pm 2\sqrt{a}\sqrt{b} + \sqrt{b}^2} = \sqrt{(\sqrt{a} \pm \sqrt{b})^2} = |\sqrt{a} \pm \sqrt{b}|\) ចំពោះ \(a > 0 , \quad{} b > 0\) ។

ប្រតិបត្តិ

សម្រួលកន្សោមខាងក្រោម ៖

ក.  \(\sqrt{4 + 2\sqrt{3}}\) ខ.  \(\sqrt{6 - 2\sqrt{8}}\) គ.  \(\sqrt{7 + \sqrt{24}}\) ។
មើលចម្លើយ


ក.  \(1 + \sqrt{3}\) ខ.  \(2 - \sqrt{2}\) គ.  \(1 + \sqrt{6}\) ។

ប្រព័ន្ធរាប់

ប្រព័ន្ធរាប់គោល 10

ដើមឡើយគេប្រើម្រាមដៃនិងម្រាមជើងទាំងអស់ ដើម្បីរាប់ចំនួន ។ ពេលគេមិនអាចរាប់ចំនួនដែលធំជាងចំនួនម្រាមដៃនិងម្រាមជើង គេចាប់ផ្តើមយកដុំថ្ម ឬបំណែកឈើសម្រាប់រាប់ចំនួន ។

បន្ទាប់មកទើបគេបង្កើតលេខដែលមាននិមិត្តសញ្ញា \(0, 1, 2, 3, 4, 5, 6, 8\) និងលេខ \(9\) ។ សំណុំនៃលេខទាំងនេះគេហៅថា ប្រព័ន្ធរាប់គោល 10 រកឃើញដោយជនជាតិហិណ្ឌូ និងយកទៅប្រើប្រាស់នៅអឺរ៉ុបតាមរយៈជនជាតិអារ៉ាប់ ។

ឧទាហរណ៍

សុភីមានស្ករគ្រាប់ចំនួន \(n = 147\) គ្រាប់ ហើយនាងចង់ច្រកស្ករគ្រាប់ទាំងនោះចូលក្នុងថង់តាមជំហានដូចខាងក្រោម ៖

ជំហានទី 1 : នាងច្រកស្ករគ្រាប់ \(10\) គ្រាប់ចូលក្នុងថង់តូចៗបានចំនួន \(14\) ថង់ និងសល់ \(7\) គ្រាប់រាយ ។

ជំហានទី 2 : នាងច្រកថង់ស្ករគ្រាប់តូចៗចំនួន \(10\) ថង់ចូលក្នុងថង់ធំមួយ នាងបានថង់ធំ \(1\) ថង់តូច \(4\) និង \(7\) គ្រាប់រាយ ។ គេបាន

រូបភាពនេះកំពុងរៀបចំ

\[\begin{aligned} & \text{1 ថង់ធំ} \quad{} & + \quad{} & \text{4 ថង់តូច} \quad{} & + \quad{} & \text{7 គ្រាប់រាយ} \\ & 1 \times 10^2 \quad{} & + \quad{} & 4 \times 10 \quad{} & + \quad{} & 7 \\ n = 147 = \; & 1 \times 10^2 \quad{} & + \quad{} & 4 \times 10 \quad{} & + \quad{} & 7 \end{aligned}\]

សម្គាល់ : ក្នុងប្រព័ន្ធគោល \(10\) គេមិនចាំបាច់សរសេរសន្ទស្សន៍ \(10\) ទេ ។ គេអាចសរសេរ \(147_{10}\) ឬ \(147_{10}\) ដោយងាយថា \(147\) ។

កំណត់សរសេរ \(147 = 100 + 40 + 7\) ឬ \(147 = 1 \times 10^2 + 4 \times 10 + 7\) ហៅថាទម្រង់ពន្លាតនៃចំនួន \(147\) ក្នុងប្រព័ន្ធរាប់គោល \(10\) ។

ជាទូទៅ

បើ \(n\) ជាចំនួនគត់ដែលមាន \(4\) ខ្ទង់នោះ ទម្រង់ពន្លាតនៃ \(n\) កំណត់ដោយ

\[n = \overline{abcd}_{10} = a \times 10^3 + b \times 10^2 + c \times 10 + d \text{~។}\]

ឧទាហរណ៍

ក.  \(1234 = 1000 + 200 + 30 + 4\)
\(= 1 \times 10^3 + 2 \times 10^2 + 3 \times 10^1 + 4\) (ជាទម្រង់ពន្លាតនៃចំនួន \(1234\)) ។
ខ.  \(27003 = 20000 + 7000 + 3 = 2 \times 10^4 + 7 \times 10^3 + 3\) (ជាទម្រង់ពន្លាតនៃចំនួន \(27003\)) ។

របៀបហៅចំនួន : ឧបមាថាគេមានចំនួន \(341 \; 213 \; 679 \; 821\) នោះគេហៅថាឈ្មោះខ្ទង់នីមួយៗដូចខាងក្រោម ៖

ម៉ឺនកោដិ ពាន់កោដិ រយកោដិ ដប់កោដិ កោដិ លាន សែន ម៉ឺន ពាន់ រយ ដប់ រាយ
3 4 1 2 1 3 6 7 9 8 2 1

ដូច្នេះ គេហៅចំនួន \(341 \; 213 \; 679 \; 821\) ថាបីម៉ឺនបួនពាន់មួយរយម្ភៃមួយកោដិបីលានប្រាំមួយសែនប្រាំពីរម៉ឺនប្រាំបួនពាន់ប្រាំបីរយម្ភៃមួយ ។

ប្រតិបត្តិ

១.  សរសេរទម្រង់ពន្លាតខាងក្រោមនេះជាចំនួនក្នុងប្រព័ន្ធរាប់គោល \(10\) ៖

ក.  \(3 \times 10^6 + 5 \times 10^4 + 7 \times 10\) ខ.  \(9 \times 10^7 + 1 \times 10^6 + 7 \times 10^3 + 2\)
គ.  \(8 \times 10^8 + 1 \times 10^5 + 2 \times 10^2 + 1\) ឃ.  \(1 \times 10^9 + 2 \times 10^8 + 5 \times 10^5 + 9 \times 10\) ។

២.  ហៅឈ្មោះតាមឈ្មោះខ្ទង់ ហើយសរសេរជាទម្រង់ពន្លាតនៃចំនួនខាងក្រោម ៖

ក.  \(123 \; 345 \; 456\) ខ.  \(987 \; 098 \; 678 \; 002\)
គ.  \(987 \; 654 \; 321 \; 001\) ឃ.  \(100 \; 700 \; 800 \; 123\) ។
មើលចម្លើយ


១. 

[t]@X@X@ ក.  \(3 \; 050 \; 070\) & ខ.  \(91 \; 007 \; 002\)
គ.  \(800 \; 100 \; 201\) & ឃ.  \(200 \; 500 \; 090\) ។


២. 
ក.  \(123 \; 345 \; 456 = 1\times 10^8 + 2\times 10^7 + 3\times 10^6 + 3\times 10^5\)
\(+ 4\times 10^4 + 5\times 10^3 + 4\times 10^2 + 5\times 10 + 6\)
ខ.  \(987 \; 098 \; 678 \; 002 = 9\times 10^{11} + 8\times 10^{10} + 7\times 10^9 + 9\times 10^7 + 8\times 10^6\)
\(+ 6\times 10^5 + 7\times 10^4 + 8\times 10^3 + 2\)
គ.  \(987 \; 654 \; 321 \; 001 = 9\times 10^{11} + 8\times 10^{10} + 7\times 10^9 + 6\times 10^8 + 5\times 10^7\)
\(+ 4\times 10^6 + 3\times 10^5 + 2\times 10^4 + 1\times 10^3 + 1\)
ឃ.  \(100 \; 700 \; 800 \; 123 = 1\times 10^{11} + 7\times 10^8 + 8\times 10^5\)
\(+ 1\times 10^2 + 2\times 10 + 3\) ។

ប្រព័ន្ធរាប់គោល 2

ឧទាហរណ៍

សុភាពរាប់ប៊ិចចំនួន \(n = 13\) ដើម ។ នាងចង់រៀបប៊ិចដាក់ក្នុងប្រអប់តាមជំហាននីមួយៗដូចខាងក្រោម ៖

ជំហានទី 1 : នាងរៀបប៊ិចដាក់ក្នុងប្រអប់តូចៗដែលក្នុងប្រអប់នីមួយៗមានប៊ិច \(2\) ដើម ។ នាងបាន \(6\) ប្រអប់តូចនិងសល់ប៊ិចរាយ \(1\) (ដូចរូបខាងស្តាំ) ។

រូបភាពនេះកំពុងរៀបចំ

ជំហានទី 2 : នាងយកប្រអប់តូចៗ \(2\) ប្រអប់ដាក់ក្នុងប្រអប់មធ្យមនាងបាន \(3\) ប្រអប់មធ្យមនិងនៅសល់ប៊ិចរាយ \(1\) (ដូចរូបខាងស្តាំ) ។

រូបភាពនេះកំពុងរៀបចំ

ជំហានទី 3 : នាងយកប្រអប់មធ្យម \(2\) ប្រអប់ដាក់ក្នុងប្រអប់ធំ \(1\) ។ នាងបាន \(1\) ប្រអប់ធំ \(1\) ប្រអប់មធ្យម និងសល់ប៊ិចរាយ \(1\) (ដូចរូបខាងក្រោម) ។ គេបាន

រូបភាពនេះកំពុងរៀបចំ

\[\begin{aligned} & 1 \times 2^3 \quad{} & + \quad{} & 1 \times 2^2 \quad{} & + \quad{} & 0 \times 2^1 \quad{} & + \quad{} & 1 \\ \text{ហើយ} \quad{} n = \; & 1 \times 2^3 \quad{} & + \quad{} & 1 \times 2^2 \quad{} & + \quad{} & 0 \times 2 \quad{} & + \quad{} & 1 \quad{} \text{ជាទម្រង់ពន្លាតនៃ } n \text{ ក្នុងប្រព័ន្ធរាប់គោល 2} \end{aligned}\]

រូបភាពនេះកំពុងរៀបចំ

គេកំណត់សរសេរ \(n = 1101_2 \quad{} (\) អានថា : មួយ មួយ សូន្យ មួយ ក្នុងប្រព័ន្ធរាប់គោលពីរ \()\) ។ ‘

ការបំប្លែងពីប្រព័ន្ធរាប់គោល 10 ទៅជាប្រព័ន្ធរាប់គោល 2

ឧទាហរណ៍

សរសេរចំនួន \(n = 13_{10}\) ទៅជាប្រព័ន្ធរាប់គោល 2 ។

គេមាន \(n = 13\)

\[\begin{aligned} 13 & = 2 \times 6 + 1 \quad{} \text{សំណល់ } 1 \\ 6 & = 2 \times 3 + 0 \quad{} \text{សំណល់ } 0 \\ 3 & = 2 \times 1 + 1 \quad{} \text{សំណល់ } 1 \\ 1 & = 2 \times 0 + 1 \quad{} \text{សំណល់ } 1 \end{aligned}\]

រូបភាពនេះកំពុងរៀបចំ

គេបាន \(n = 13_{10} = 1101_2\) ។

ឧទាហរណ៍

សរសេរ \(25\) ក្នុងប្រព័ន្ធរាប់គោល \(2\)

  • ចែក \(25\) នឹង \(2\) គេបានផលចែក \(12\) សំណល់ \(1\)

  • ចែក \(12\) នឹង \(2\) គេបានផលចែក \(6\) សំណល់ \(0\)

  • ចែក \(6\) នឹង \(2\) គេបានផលចែក \(3\) សំណល់ \(0\)

  • ចែក \(3\) នឹង \(2\) គេបានផលចែក \(1\) សំណល់ \(1\)

  • ចែក \(1\) នឹង \(2\) គេបានផលចែក \(0\) សំណល់ \(1\)

គេបាន \(25_{10} = 11001_2\)

ជាទូទៅ

ដើម្បីបំប្លែងចំនួនមួយពីប្រព័ន្ធរាប់គោល \(10\) ទៅជាប្រព័ន្ធរាប់គោល \(2\) គេត្រូវ ៖

  • ចែកចំនួននោះនឹង \(2\) បន្តបន្ទាប់រហូតដល់ផលចែកស្មើនឹង \(0\)

  • សំណល់ទី 1 ជាខ្ទង់ទី 1 សំណល់ទី 2 ជាខ្ទង់ទី 2 សំណល់ទី 3 ជាខ្ទង់ទី 3 ... នៃចំនួនក្នុងប្រព័ន្ធរាប់គោល 2 រាប់ពីស្តាំទៅឆ្វេង ។

ប្រតិបត្តិ

បំប្លែងចំនួនខាងក្រោមទៅជាប្រព័ន្ធរាប់គោល \(2\) ៖

ក.  \(n = 14_{10}\) ខ.  \(n = 29_{10}\) គ.  \(n = 127_{10}\) ។
មើលចម្លើយ


ក.  \(n = 1110_2\) ខ.  \(n = 11101_2\) គ.  \(n = 1111111_2\) ។

ការបំប្លែងពីប្រព័ន្ធរាប់គោល 2 ទៅជាប្រព័ន្ធរាប់គោល 10

ឧទាហរណ៍

បំប្លែងចំនួន \(1011_2\) ទៅជាប្រព័ន្ធរាប់គោល \(10\)
គេមាន \(1011_2\) សរសេរជាទម្រង់ពន្លាត

\[\begin{aligned} 1011_2 & = 1 \times 2^3 + 0 \times 2^2 + 1 \times 2^1 + 1 \\ & = 8 + 0 + 2 + 1 = 11 \end{aligned}\]
ដូច្នេះ \(1011_2 = 11_{10}\) ។

ឧទាហរណ៍

សរសេរ \(110110_2\) ក្នុងប្រព័ន្ធរាប់គោល \(10\)
គេមាន

\[\begin{aligned} 110110_2 & = 1 \times 2^5 + 1 \times 2^4 + 0 \times 2^3 + 1 \times 2^2 + 1 \times 2^1 + 0 \\ & = 32 + 16 + 0 + 4 + 2 + 0 \\ & = 54 \end{aligned}\]
ដូច្នេះ \(110110_2 = 54_{10}\) ។

ប្រតិបត្តិ

បំប្លែងចំនួនខាងក្រោមទៅជាប្រព័ន្ធរាប់គោល \(10\) ៖

ក.  \(1111_2\) ខ.  \(101101_2\) គ.  \(1010111_2\) ។
មើលចម្លើយ


ក.  \(15\) ខ.  \(45\) គ.  \(87\) ។

ប្រមាណវិធីបូកនិងគុណក្នុងប្រព័ន្ធរាប់គោល 2

១. ប្រមាណវិធីបូក

វិធាន

វិធាន ៖ ការបូកចំនួនក្នុងប្រព័ន្ធរាប់គោល 2 គេត្រូវអនុវត្តតាមវិធានខាងក្រោម ៖

  • \(0_2 + 0_2 = 0_2\)

  • \(0_2 + 1_2 = 1_2\)

  • \(1_2 + 0_2 = 1_2\)

  • \(1_2 + 1_2 = 10_2\) (សរសេរលេខ \(0\) ត្រាទុក \(1\))

ឧទាហរណ៍

គណនាផលបូក ៖
ក.  \(101_2 + 11_2\) ខ.  \(1101_2 + 1011_2\) ។

ដំណោះស្រាយ


ក.  \(\begin{array}{r} 101_2 \\ + \quad{} 11_2 \\ \hline 1000_2 \end{array}\) ខ.  \(\begin{array}{r} 1101_2 \\ + \quad{} 1011_2 \\ \hline 11000_2 \end{array}\)

២. ប្រមាណវិធីគុណ

វិធាន

វិធាន ៖ ការគុណចំនួនក្នុងប្រព័ន្ធរាប់គោល 2 គេត្រូវអនុវត្តតាមវិធានខាងក្រោម ៖

  • \(0_2 \times 0_2 = 0_2\)

  • \(0_2 \times 1_2 = 0_2\)

  • \(1_2 \times 0_2 = 0_2\)

  • \(1_2 \times 1_2 = 1_2\)

ឧទាហរណ៍

គណនាផលគុណ ៖
ក.  \(101_2 \times 11_2\) ខ.  \(110_2 \times 101_2\) ។

ដំណោះស្រាយ


ក.  \(\begin{array}{r} 101_2 \\ \times \quad{} 11_2 \\ \hline 101 \\ 1010 \\ \hline 1111_2 \end{array}\) ខ.  \(\begin{array}{r} 110_2 \\ \times \quad{} 101_2 \\ \hline 110 \\ 0000 \\ 11000 \\ \hline 11110_2 \end{array}\)

លំហាត់អនុវត្តន៍

១លំហាត់ទី ១

ចាត់ថ្នាក់ចំនួនខាងក្រោមទៅតាមសំណុំ \(\mathbb{N}, \mathbb{Z}, \mathbb{Q}, \mathbb{R}\) ៖ \(-5 \;,\; \sqrt{7} \;,\; \frac{3}{4} \;,\; 0 \;,\; 12 \;,\; -\frac{16}{4} \;,\; 0.\overline{3} \;,\; \pi\)។

មើលដំណោះស្រាយ

ចាត់ថ្នាក់បណ្តាចំនួន ៖ \(-5, \sqrt{7}, \frac{3}{4}, 0, 12, -\frac{16}{4}, 0.\overline{3}, \pi\)។
សម្គាល់ ៖ \(-\frac{16}{4} = -4 \in \mathbb{Z}\) និង \(0.\overline{3} = \frac{1}{3} \in \mathbb{Q}\) ៖
- សំណុំចំនួនគត់ធម្មជាតិ \(\mathbb{N}\) ៖ \(\mathbf{0, 12}\)
- សំណុំចំនួនគត់រ៉ឺឡាទីប \(\mathbb{Z}\) ៖ \(\mathbf{-5, -\frac{16}{4}, 0, 12}\)
- សំណុំចំនួនសនិទាន \(\mathbb{Q}\) ៖ \(\mathbf{-5, -\frac{16}{4}, 0, \frac{3}{4}, 0.\overline{3}, 12}\)
- សំណុំចំនួនអសនិទាន (\(\mathbb{R} \setminus \mathbb{Q}\)) ៖ \(\mathbf{\sqrt{7}, \pi}\)
- គ្រប់ចំនួនខាងលើសុទ្ធតែជាចំនួនពិត \(\mathbb{R}\)។

២លំហាត់ទី ២

គណនាតម្លៃដាច់ខាតខាងក្រោម ៖

  1. \(|-7|\)

  2. \(|3.14 - \pi|\)

  3. \(|\sqrt{3} - 2|\)

  4. \(|5 - \sqrt{5}|\)

មើលដំណោះស្រាយ

គណនាតម្លៃដាច់ខាត (ចម្ងាយពីគល់ \(0\) មិនអវិជ្ជមាន) ៖
ក.  \(|-7| = \mathbf{7}\)។
ខ.  ដោយ \(\pi \approx 3.14159\dots > 3.14 \implies 3.14 - \pi < 0\) នាំឱ្យ ៖
\(|3.14 - \pi| = -(3.14 - \pi) = \mathbf{\pi - 3.14}\)។
គ.  ដោយ \(\sqrt{3} \approx 1.732 < 2 \implies \sqrt{3} - 2 < 0\) នាំឱ្យ ៖
\(|\sqrt{3} - 2| = -( \sqrt{3} - 2 ) = \mathbf{2 - \sqrt{3}}\)។
ឃ.  ដោយ \(5 = \sqrt{25} > \sqrt{5} \implies 5 - \sqrt{5} > 0\) នាំឱ្យ ៖
\(|5 - \sqrt{5}| = \mathbf{5 - \sqrt{5}}\)។

៣លំហាត់ទី ៣

សរសេរកន្សោមខាងក្រោមដោយគ្មានសញ្ញាតម្លៃដាច់ខាត ៖

  1. \(|x - 3|\) ចំពោះ \(x \geq 3\)

  2. \(|2x + 1|\) ចំពោះ \(x < -\frac{1}{2}\)

មើលដំណោះស្រាយ

សរសេរកន្សោមដោយគ្មានសញ្ញាតម្លៃដាច់ខាត ៖
ក.  ចំពោះ \(x \geq 3 \implies x - 3 \geq 0\) នាំឱ្យ ៖
\(|x - 3| = \mathbf{x - 3}\)។
ខ.  ចំពោះ \(x < -\frac{1}{2} \implies 2x < -1 \implies 2x + 1 < 0\) នាំឱ្យ ៖
\(|2x + 1| = -(2x + 1) = \mathbf{-2x - 1}\)។

៤លំហាត់ទី ៤

ដោះស្រាយសមីការតម្លៃដាច់ខាត ៖

  1. \(|x - 4| = 7\)

  2. \(|2x + 3| = 5\)

មើលដំណោះស្រាយ

ដោះស្រាយសមីការតម្លៃដាច់ខាត \(|A| = c\) (\(c \geq 0 \iff A = c \lor A = -c\)) ៖
ក.  \(|x - 4| = 7 \iff x - 4 = 7 \lor x - 4 = -7\)
\(\implies x = 11 \lor x = -3\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-3, 11\}}\)។
ខ.  \(|2x + 3| = 5 \iff 2x + 3 = 5 \lor 2x + 3 = -5\)
\(\implies 2x = 2 \lor 2x = -8 \implies x = 1 \lor x = -4\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-4, 1\}}\)។

៥លំហាត់ទី ៥

ដោះស្រាយវិសមីការតម្លៃដាច់ខាត ៖

  1. \(|x - 2| \leq 3\)

  2. \(|2x + 1| > 5\)

មើលដំណោះស្រាយ

ដោះស្រាយវិសមីការតម្លៃដាច់ខាត ៖
ក.  \(|x - 2| \leq 3 \iff -3 \leq x - 2 \leq 3\)
បូក \(2\) គ្រប់អង្គ ៖ \(-3 + 2 \leq x \leq 3 + 2 \iff -1 \leq x \leq 5\)។
សំណុំចម្លើយ ៖ \(\mathbf{x \in [-1, 5]}\)។
ខ.  \(|2x + 1| > 5 \iff 2x + 1 > 5 \lor 2x + 1 < -5\)
\(\implies 2x > 4 \lor 2x < -6 \implies x > 2 \lor x < -3\)។
សំណុំចម្លើយ ៖ \(\mathbf{x \in (-\infty, -3) \cup (2, +\infty)}\)។

៦លំហាត់ទី ៦

រកចម្ងាយរវាងចំណុចពីរ \(A(x_A)\) និង \(B(x_B)\) លើបន្ទាត់ចំនួន ៖

  1. \(x_A = -3\) និង \(x_B = 5\)

  2. \(x_A = 2.5\) និង \(x_B = -4.5\)

មើលដំណោះស្រាយ

រូបមន្តចម្ងាយរវាងចំណុចពីរលើបន្ទាត់ចំនួន ៖ \(d(A, B) = |x_B - x_A|\) ៖
ក.  \(x_A = -3, x_B = 5 \implies d(A, B) = |5 - (-3)| = |8| = \mathbf{8}\) ឯកតា។
ខ.  \(x_A = 2.5, x_B = -4.5 \implies d(A, B) = |-4.5 - 2.5| = |-7| = \mathbf{7}\) ឯកតា។

៧លំហាត់ទី ៧

សម្រួលកន្សោមរ៉ាឌីកាល់ ៖

  1. \(\sqrt{75}\)

  2. \(\sqrt{32} - \sqrt{18}\)

  3. \(2\sqrt{27} + 3\sqrt{12} - \sqrt{48}\)

មើលដំណោះស្រាយ

សម្រួលកន្សោមរ៉ាឌីកាល់ ៖
ក.  \(\sqrt{75} = \sqrt{25 \times 3} = \sqrt{5^2 \times 3} = \mathbf{5\sqrt{3}}\)។
ខ.  \(\sqrt{32} - \sqrt{18} = \sqrt{16 \times 2} - \sqrt{9 \times 2} = 4\sqrt{2} - 3\sqrt{2} = \mathbf{\sqrt{2}}\)។
គ.  \(2\sqrt{27} + 3\sqrt{12} - \sqrt{48} = 2(3\sqrt{3}) + 3(2\sqrt{3}) - 4\sqrt{3} = 6\sqrt{3} + 6\sqrt{3} - 4\sqrt{3} = \mathbf{8\sqrt{3}}\)។

៨លំហាត់ទី ៨

បំបាត់រ៉ាឌីកាល់ពីភាគបែង ៖

  1. \(\dfrac{6}{\sqrt{3}}\)

  2. \(\dfrac{2}{\sqrt{5} - 1}\)

  3. \(\dfrac{\sqrt{3} + 1}{\sqrt{3} - 1}\)

មើលដំណោះស្រាយ

បំបាត់រ៉ាឌីកាល់ពីភាគបែង ៖
ក.  \(\dfrac{6}{\sqrt{3}} = \dfrac{6\sqrt{3}}{(\sqrt{3})^2} = \dfrac{6\sqrt{3}}{3} = \mathbf{2\sqrt{3}}\)។
ខ.  គុណនឹងកន្សោមឆ្លាស់ \((\sqrt{5} + 1)\) ៖
\(\dfrac{2}{\sqrt{5} - 1} = \dfrac{2(\sqrt{5} + 1)}{(\sqrt{5}-1)(\sqrt{5}+1)} = \dfrac{2(\sqrt{5} + 1)}{5 - 1} = \dfrac{\mathbf{\sqrt{5} + 1}}{\mathbf{2}}\)។
គ.  \(\dfrac{\sqrt{3} + 1}{\sqrt{3} - 1} = \dfrac{(\sqrt{3} + 1)^2}{(\sqrt{3}-1)(\sqrt{3}+1)} = \dfrac{3 + 2\sqrt{3} + 1}{3 - 1} = \dfrac{4 + 2\sqrt{3}}{2} = \mathbf{2 + \sqrt{3}}\)។

៩លំហាត់ទី ៩

បង្ហាញថាកន្សោមខាងក្រោមជាចំនួនសនិទាន ៖ \(A = \dfrac{1}{2 + \sqrt{3}} + \dfrac{1}{2 - \sqrt{3}}\)។

មើលដំណោះស្រាយ

បង្ហាញថា \(A = \dfrac{1}{2 + \sqrt{3}} + \dfrac{1}{2 - \sqrt{3}}\) ជាចំនួនសនិទាន ៖
តម្រូវភាគបែងរួម \((2 + \sqrt{3})(2 - \sqrt{3}) = 2^2 - (\sqrt{3})^2 = 4 - 3 = 1\) ៖
\(A = \dfrac{(2 - \sqrt{3}) + (2 + \sqrt{3})}{(2 + \sqrt{3})(2 - \sqrt{3})} = \dfrac{4}{1} = \mathbf{4}\)។
ដោយ \(4 = \frac{4}{1} \in \mathbb{Q}\) នាំឱ្យ \(A\) ជាចំនួនសនិទាន។

១០លំហាត់ទី ១០

បង្ហាញសមភាព ៖ \(\sqrt{7 + 4\sqrt{3}} = 2 + \sqrt{3}\)។

មើលដំណោះស្រាយ

បង្ហាញសមភាព \(\sqrt{7 + 4\sqrt{3}} = 2 + \sqrt{3}\) ៖
គណនាការ៉េនៃកន្សោមខាងស្តាំ ៖
\((2 + \sqrt{3})^2 = 2^2 + 2(2)(\sqrt{3}) + (\sqrt{3})^2 = 4 + 4\sqrt{3} + 3 = 7 + 4\sqrt{3}\)។
ដោយសារ \(2 + \sqrt{3} > 0\) នាំឱ្យបំពាក់ឫសការ៉េ ៖
\(\sqrt{7 + 4\sqrt{3}} = \sqrt{(2 + \sqrt{3})^2} = \mathbf{2 + \sqrt{3}}\) ពិត។

១១លំហាត់ទី ១១

បំប្លែងចំនួនក្នុងប្រព័ន្ធគោលដប់ទៅជាប្រព័ន្ធគោលពីរ ៖

  1. \(13\)

  2. \(25\)

  3. \(42\)

មើលដំណោះស្រាយ

បំប្លែងពីគោលដប់ទៅជាគោលពីរ (វិធីចែកនឹង ២ បន្តបន្ទាប់) ៖
ក.  \(13\) ៖
\(13 = 2 \times 6 + 1\)
\(6 = 2 \times 3 + 0\)
\(3 = 2 \times 1 + 1\)
\(1 = 2 \times 0 + 1\)
យកសំណល់បញ្ច្រាសពីក្រោមឡើងលើ ៖ \(13 = \mathbf{1101_2}\)។
ខ.  \(25 = 16 + 8 + 1 = 1\cdot 2^4 + 1\cdot 2^3 + 0\cdot 2^2 + 0\cdot 2^1 + 1\cdot 2^0 = \mathbf{11001_2}\)។
គ.  \(42 = 32 + 8 + 2 = 1\cdot 2^5 + 0\cdot 2^4 + 1\cdot 2^3 + 0\cdot 2^2 + 1\cdot 2^1 + 0\cdot 2^0 = \mathbf{101010_2}\)។

១២លំហាត់ទី ១២

បំប្លែងចំនួនក្នុងប្រព័ន្ធគោលពីរទៅជាប្រព័ន្ធគោលដប់ ៖

  1. \(1011_2\)

  2. \(11010_2\)

  3. \(111111_2\)

មើលដំណោះស្រាយ

បំប្លែងពីគោលពីរទៅជាគោលដប់ ៖
ក.  \(1011_2 = 1\cdot 2^3 + 0\cdot 2^2 + 1\cdot 2^1 + 1\cdot 2^0 = 8 + 0 + 2 + 1 = \mathbf{11}\)។
ខ.  \(11010_2 = 1\cdot 2^4 + 1\cdot 2^3 + 0\cdot 2^2 + 1\cdot 2^1 + 0\cdot 2^0 = 16 + 8 + 0 + 2 + 0 = \mathbf{26}\)។
គ.  \(111111_2 = 2^5 + 2^4 + 2^3 + 2^2 + 2^1 + 2^0 = 32 + 16 + 8 + 4 + 2 + 1 = \mathbf{63}\) (ឬ \(2^6 - 1 = 63\))។

១៣លំហាត់ទី ១៣

គណនាផលបូកក្នុងប្រព័ន្ធគោលពីរ ៖ \(1011_2 + 110_2\)។

មើលដំណោះស្រាយ

គណនាផលបូកក្នុងប្រព័ន្ធគោលពីរ \(1011_2 + 110_2\) ៖
បូកតាមជួរឈរ (រាប់ទាំងត្រាទុក) ៖

\(\begin{array}{rl} & 1011_2 \quad{} (= 11) \\ + & 110_2 \quad{} (= 6) \\ \hline & \mathbf{10001_2} \quad{} (= 17) \end{array}\)

លទ្ធផលផលបូកគឺ \(\mathbf{10001_2}\)។

១៤លំហាត់ទី ១៤

គណនាស្វ័យគុណនៃឯកតានិម្មិត \(i\) ៖

  1. \(i^3\)

  2. \(i^4\)

  3. \(i^7\)

  4. \(i^{10}\)

មើលដំណោះស្រាយ

គណនាស្វ័យគុណនៃឯកតានិម្មិត \(i\) (ដែល \(i^2 = -1\)) ៖
ក.  \(i^3 = i^2 \cdot i = (-1)\cdot i = \mathbf{-i}\)។
ខ.  \(i^4 = (i^2)^2 = (-1)^2 = \mathbf{1}\)។
គ.  \(i^7 = i^4 \cdot i^3 = 1 \cdot (-i) = \mathbf{-i}\)។
ឃ.  \(i^{10} = (i^4)^2 \cdot i^2 = 1^2 \cdot (-1) = \mathbf{-1}\)។

១៥លំហាត់ទី ១៥

គណនាស្វ័យគុណនៃ \(i\) ៖

  1. \(i^{25}\)

  2. \(i^{48}\)

  3. \(i^{102}\)

  4. \(i^{2027}\)

មើលដំណោះស្រាយ

គណនាស្វ័យគុណនៃ \(i\) ដោយចែកស្វ័យគុណនឹង ៤ (\(i^{4k+r} = i^r\)) ៖
ក.  \(25 = 4 \times 6 + 1 \implies i^{25} = i^1 = \mathbf{i}\)។
ខ.  \(48 = 4 \times 12 \implies i^{48} = (i^4)^{12} = 1^{12} = \mathbf{1}\)។
គ.  \(102 = 4 \times 25 + 2 \implies i^{102} = i^2 = \mathbf{-1}\)។
ឃ.  \(2027 = 4 \times 506 + 3 \implies i^{2027} = i^3 = \mathbf{-i}\)។

១៦លំហាត់ទី ១៦

គណនាផលបូក ៖ \(S = 1 + i + i^2 + i^3 + i^4 + \dots + i^{100}\)។

មើលដំណោះស្រាយ

គណនាផលបូក \(S = 1 + i + i^2 + i^3 + \dots + i^{100}\) ៖
សម្គាល់ឃើញថាផលបូក ៤ តួជាប់គ្នាស្មើ \(0\) ជានិច្ច ៖
\(1 + i + i^2 + i^3 = 1 + i - 1 - i = 0\)។
ចំនួនតួសរុបមាន \(101\) តួ (ពីស្វ័យគុណ \(0\) ដល់ \(100\))។
ដោយ \(101 = 4 \times 25 + 1\) នាំឱ្យមាន ២៥ ក្រុមស្មើ ០ និងសល់ ១ តួចុងក្រោយ ៖
\(S = 25 \times 0 + i^{100} = (i^4)^{25} = 1^{25} = \mathbf{1}\)។
(ឬប្រើរូបមន្តផលបូកស្វ័យគុណធរណីមាត្រ ៖ \(S = \dfrac{1 - i^{101}}{1 - i} = \dfrac{1 - i}{1 - i} = 1\))។

១៧លំហាត់ទី ១៧

សរសេរកន្សោមរ៉ាឌីកាល់អវិជ្ជមានជាចំនួនកុំផ្លិច ៖

  1. \(\sqrt{-16}\)

  2. \(\sqrt{-25}\)

  3. \(\sqrt{-12}\)

  4. \(-\sqrt{-49}\)

មើលដំណោះស្រាយ

សរសេរកន្សោមរ៉ាឌីកាល់អវិជ្ជមានជាចំនួនកុំផ្លិច (\(\sqrt{-a} = i\sqrt{a}\) ចំពោះ \(a > 0\)) ៖
ក.  \(\sqrt{-16} = \sqrt{16} \cdot \sqrt{-1} = \mathbf{4i}\)។
ខ.  \(\sqrt{-25} = \sqrt{25} \cdot i = \mathbf{5i}\)។
គ.  \(\sqrt{-12} = \sqrt{4 \times 3} \cdot i = \mathbf{2i\sqrt{3}}\)។
ឃ.  \(-\sqrt{-49} = -(\sqrt{49}\cdot i) = \mathbf{-7i}\)។

១៨លំហាត់ទី ១៨

គណនា \(\sqrt{-4} \times \sqrt{-9}\) (ប្រយ័ត្នកុំច្រឡំវិធានរ៉ាឌីកាល់វិជ្ជមាន)។

មើលដំណោះស្រាយ

គណនា \(\sqrt{-4} \times \sqrt{-9}\) ៖
បំប្លែងទៅជាចំនួនកុំផ្លិចជាមុនសិន ៖
\(\sqrt{-4} = 2i\) និង \(\sqrt{-9} = 3i\)។
\(\implies \sqrt{-4} \times \sqrt{-9} = (2i) \times (3i) = 6i^2 = 6(-1) = \mathbf{-6}\)។
ការព្រមាន ៖ មិនអាចយក \(\sqrt{(-4)(-9)} = \sqrt{36} = 6\) បានឡើយ ពីព្រោះវិធាន \(\sqrt{a}\cdot\sqrt{b} = \sqrt{ab}\) ពិតតែចំពោះ \(a \geq 0\) ឬ \(b \geq 0\) ប៉ុណ្ណោះ។

១៩លំហាត់ទី ១៩

កំណត់ផ្នែកពិត \(\text{Re}(z)\) និងផ្នែកនិម្មិត \(\text{Im}(z)\) នៃចំនួនកុំផ្លិចខាងក្រោម ៖

  1. \(z = 3 + 4i\)

  2. \(z = -2 - 5i\)

  3. \(z = 7i\)

មើលដំណោះស្រាយ

កំណត់ផ្នែកពិត \(\text{Re}(z)\) និងផ្នែកនិម្មិត \(\text{Im}(z)\) ៖
ក.  \(z = 3 + 4i \implies \mathbf{\text{Re}(z) = 3,\; \text{Im}(z) = 4}\)។
ខ.  \(z = -2 - 5i \implies \mathbf{\text{Re}(z) = -2,\; \text{Im}(z) = -5}\)។
គ.  \(z = 7i = 0 + 7i \implies \mathbf{\text{Re}(z) = 0,\; \text{Im}(z) = 7}\) (ចំនួននិម្មិតសុទ្ធ)។

២០លំហាត់ទី ២០

រកតម្លៃនៃ \(x\) និង \(y\) បើដឹងថា \(2x + 3yi = 6 - 9i\) (\(x, y \in \mathbb{R}\))។

មើលដំណោះស្រាយ

សមភាពពីរចំនួនកុំផ្លិច \(2x + 3yi = 6 - 9i\) (\(x, y \in \mathbb{R}\)) ៖
ផ្ទឹមផ្នែកពិត និងផ្នែកនិម្មិត ៖
\(\begin{cases} 2x = 6 \\ 3y = -9 \end{cases} \implies \mathbf{x = 3,\; y = -3}\)។

២១លំហាត់ទី ២១

រកតម្លៃនៃ \(x\) និង \(y\) បើដឹងថា \((x + y) + (2x - y)i = 5 + 4i\)។

មើលដំណោះស្រាយ

សមភាព \((x + y) + (2x - y)i = 5 + 4i\) ៖
ផ្ទឹមផ្នែកពិត និងផ្នែកនិម្មិត ៖
\(\begin{cases} x + y = 5 \quad{} (1) \\ 2x - y = 4 \quad{} (2) \end{cases}\)
បូកសមីការ \((1)\) និង \((2)\) ៖ \(3x = 9 \implies x = 3\)។
ជំនួស \(x = 3\) ចូល \((1)\) ៖ \(3 + y = 5 \implies y = 2\)។
ដូចនេះ \(\mathbf{x = 3,\; y = 2}\)។

២២លំហាត់ទី ២២

សរសេរចំនួនកុំផ្លិចឆ្លាស់ \(\bar{z}\) នៃចំនួនកុំផ្លិចខាងក្រោម ៖

  1. \(z = 4 + 3i\)

  2. \(z = -2 - 7i\)

  3. \(z = 5i\)

មើលដំណោះស្រាយ

ចំនួនកុំផ្លិចឆ្លាស់ \(\bar{z}\) នៃ \(z = a + bi\) គឺ \(\bar{z} = a - bi\) ៖
ក.  \(z = 4 + 3i \implies \mathbf{\bar{z} = 4 - 3i}\)។
ខ.  \(z = -2 - 7i \implies \mathbf{\bar{z} = -2 + 7i}\)។
គ.  \(z = 5i = 0 + 5i \implies \mathbf{\bar{z} = -5i}\)។

២៣លំហាត់ទី ២៣

គណនាផលបូក និងផលដកចំនួនកុំផ្លិច ៖

  1. \((3 + 2i) + (4 - 5i)\)

  2. \((-2 + 7i) - (5 - 3i)\)

មើលដំណោះស្រាយ

ផលបូក និងផលដកចំនួនកុំផ្លិច ៖
ក.  \((3 + 2i) + (4 - 5i) = (3 + 4) + (2 - 5)i = \mathbf{7 - 3i}\)។
ខ.  \((-2 + 7i) - (5 - 3i) = (-2 - 5) + [7 - (-3)]i = \mathbf{-7 + 10i}\)។

២៤លំហាត់ទី ២៤

គណនាផលគុណចំនួនកុំផ្លិច ៖

  1. \((2 + 3i)(4 - i)\)

  2. \((3 - 2i)(3 + 2i)\)

មើលដំណោះស្រាយ

ផលគុណចំនួនកុំផ្លិច ៖
ក.  \((2 + 3i)(4 - i) = 8 - 2i + 12i - 3i^2 = 8 + 10i + 3 = \mathbf{11 + 10i}\)។
ខ.  \((3 - 2i)(3 + 2i) = 3^2 - (2i)^2 = 9 - 4i^2 = 9 + 4 = \mathbf{13}\)។

២៥លំហាត់ទី ២៥

គណនាផលគុណ \((1 + i)^2\) និង \((1 - i)^2\)។

មើលដំណោះស្រាយ

គណនាការ៉េទ្វេធា ៖
- \((1 + i)^2 = 1^2 + 2i + i^2 = 1 + 2i - 1 = \mathbf{2i}\)។
- \((1 - i)^2 = 1^2 - 2i + i^2 = 1 - 2i - 1 = \mathbf{-2i}\)។

២៦លំហាត់ទី ២៦

គណនាស្វ័យគុណ \((1 + i)^4\) និង \((1 + i)^8\)។

មើលដំណោះស្រាយ

គណនាស្វ័យគុណខ្ពស់នៃ \((1 + i)\) ៖
- \((1 + i)^4 = [(1 + i)^2]^2 = (2i)^2 = 4i^2 = \mathbf{-4}\)។
- \((1 + i)^8 = [(1 + i)^4]^2 = (-4)^2 = \mathbf{16}\)។

២៧លំហាត់ទី ២៧

ពន្លាតកន្សោម \((2 - 3i)^2\)។

មើលដំណោះស្រាយ

ពន្លាតកន្សោម \((2 - 3i)^2\) ៖
\((2 - 3i)^2 = 2^2 - 2(2)(3i) + (3i)^2\)
\(= 4 - 12i + 9i^2 = 4 - 12i - 9 = \mathbf{-5 - 12i}\)។

២៨លំហាត់ទី ២៨

គណនាផលចែកចំនួនកុំផ្លិច (គុណនឹងកុំផ្លិចឆ្លាស់នៃភាគបែង) ៖

  1. \(\dfrac{1}{i}\)

  2. \(\dfrac{3 + 2i}{i}\)

មើលដំណោះស្រាយ

ចែកនឹង \(i\) (គុណភាគយក និងភាគបែងនឹង \(-i\) ឬ \(i\)) ៖
ក.  \(\dfrac{1}{i} = \dfrac{i}{i^2} = \dfrac{i}{-1} = \mathbf{-i}\)។
ខ.  \(\dfrac{3 + 2i}{i} = \dfrac{(3 + 2i)(-i)}{-i^2} = \dfrac{-3i - 2i^2}{1} = \mathbf{2 - 3i}\)។

២៩លំហាត់ទី ២៩

គណនាផលចែកចំនួនកុំផ្លិច ៖ \(\dfrac{2 + 3i}{1 - 2i}\)។

មើលដំណោះស្រាយ

គណនាផលចែក \(\dfrac{2 + 3i}{1 - 2i}\) ៖
គុណភាគយក និងភាគបែងនឹងកុំផ្លិចឆ្លាស់នៃភាគបែង \((1 + 2i)\) ៖
\(\dfrac{2 + 3i}{1 - 2i} = \dfrac{(2 + 3i)(1 + 2i)}{(1 - 2i)(1 + 2i)} = \dfrac{2 + 4i + 3i + 6i^2}{1^2 - (2i)^2}\)
\(= \dfrac{2 + 7i - 6}{1 + 4} = \dfrac{-4 + 7i}{5} = \mathbf{-\dfrac{4}{5} + \dfrac{7}{5}i}\)។

៣០លំហាត់ទី ៣០

គណនាផលចែកចំនួនកុំផ្លិច ៖ \(\dfrac{4 - i}{2 + 3i}\)។

មើលដំណោះស្រាយ

គណនាផលចែក \(\dfrac{4 - i}{2 + 3i}\) ៖
គុណភាគយក និងភាគបែងនឹងកុំផ្លិចឆ្លាស់ \((2 - 3i)\) ៖
\(\dfrac{4 - i}{2 + 3i} = \dfrac{(4 - i)(2 - 3i)}{(2 + 3i)(2 - 3i)} = \dfrac{8 - 12i - 2i + 3i^2}{2^2 - (3i)^2}\)
\(= \dfrac{8 - 14i - 3}{4 + 9} = \dfrac{5 - 14i}{13} = \mathbf{\dfrac{5}{13} - \dfrac{14}{13}i}\)។

៣១លំហាត់ទី ៣១

សរសេរកន្សោម \(z = \dfrac{1 + 3i}{2 - i} + \dfrac{2 - i}{1 + i}\) ជាទម្រង់ពីជគណិត \(a + bi\)។

មើលដំណោះស្រាយ

សរសេរ \(z = \dfrac{1 + 3i}{2 - i} + \dfrac{2 - i}{1 + i}\) ជាទម្រង់ពីជគណិត \(a + bi\) ៖
- សម្រួលតួទីមួយ ៖
\(\dfrac{1 + 3i}{2 - i} = \dfrac{(1 + 3i)(2 + i)}{2^2 + (-1)^2} = \dfrac{2 + i + 6i - 3}{5} = \dfrac{-1 + 7i}{5}\)។
- សម្រួលតួទីពីរ ៖
\(\dfrac{2 - i}{1 + i} = \dfrac{(2 - i)(1 - i)}{1^2 + 1^2} = \dfrac{2 - 2i - i - 1}{2} = \dfrac{1 - 3i}{2}\)។
- បូកបញ្ចូលគ្នាដោយតម្រូវភាគបែងរួម \(10\) ៖
\(z = \dfrac{2(-1 + 7i) + 5(1 - 3i)}{10} = \dfrac{-2 + 14i + 5 - 15i}{10}\)
\(= \dfrac{3 - i}{10} = \mathbf{\dfrac{3}{10} - \dfrac{1}{10}i}\)។

៣២លំហាត់ទី ៣២

គណនាម៉ូឌុលនៃចំនួនកុំផ្លិចខាងក្រោម ៖

  1. \(|3 + 4i|\)

  2. \(|1 - i|\)

  3. \(|-5 + 12i|\)

មើលដំណោះស្រាយ

គណនាម៉ូឌុលនៃចំនួនកុំផ្លិច \(|z| = \sqrt{a^2 + b^2}\) ៖
ក.  \(|3 + 4i| = \sqrt{3^2 + 4^2} = \sqrt{9 + 16} = \sqrt{25} = \mathbf{5}\)។
ខ.  \(|1 - i| = \sqrt{1^2 + (-1)^2} = \sqrt{1 + 1} = \mathbf{\sqrt{2}}\)។
គ.  \(|-5 + 12i| = \sqrt{(-5)^2 + 12^2} = \sqrt{25 + 144} = \sqrt{169} = \mathbf{13}\)។

៣៣លំហាត់ទី ៣៣

គណនាម៉ូឌុលនៃ \(z = \dfrac{1 + i\sqrt{3}}{2}\)។

មើលដំណោះស្រាយ

គណនាម៉ូឌុលនៃ \(z = \dfrac{1 + i\sqrt{3}}{2} = \dfrac{1}{2} + \dfrac{\sqrt{3}}{2}i\) ៖
\(|z| = \sqrt{\left(\dfrac{1}{2}\right)^2 + \left(\dfrac{\sqrt{3}}{2}\right)^2} = \sqrt{\dfrac{1}{4} + \dfrac{3}{4}} = \sqrt{\dfrac{4}{4}} = \mathbf{1}\)។

៣៤លំហាត់ទី ៣៤

បង្ហាញថាចំពោះគ្រប់ចំនួនកុំផ្លិច \(z\), \(z \cdot \bar{z} = |z|^2\)។

មើលដំណោះស្រាយ

បង្ហាញថា \(z \cdot \bar{z} = |z|^2\) ចំពោះគ្រប់ចំនួនកុំផ្លិច \(z\) ៖
តាង \(z = a + bi\) (\(a, b \in \mathbb{R}\)) នាំឱ្យ \(\bar{z} = a - bi\)។
- គណនាអង្គខាងឆ្វេង ៖
\(z \cdot \bar{z} = (a + bi)(a - bi) = a^2 - (bi)^2 = a^2 - b^2 i^2 = a^2 + b^2\)។
- គណនាអង្គខាងស្តាំ ៖
តាមនិយមន័យម៉ូឌុល \(|z| = \sqrt{a^2 + b^2} \implies |z|^2 = a^2 + b^2\)។
ដូចនេះ \(z \cdot \bar{z} = |z|^2\) ពិត។

៣៥លំហាត់ទី ៣៥

បង្ហាញថាម៉ូឌុលនៃផលគុណស្មើផលគុណម៉ូឌុល ៖ \(|(3 + 4i)(1 - i)| = |3 + 4i| \cdot |1 - i|\)។

មើលដំណោះស្រាយ

បង្ហាញថាម៉ូឌុលនៃផលគុណស្មើផលគុណម៉ូឌុល ៖
\(|(3 + 4i)(1 - i)| = |3 + 4i| \cdot |1 - i|\) ៖
- អង្គខាងស្តាំ ៖
\(|3 + 4i| = \sqrt{3^2 + 4^2} = 5\) និង \(|1 - i| = \sqrt{1^2 + (-1)^2} = \sqrt{2}\)
\(\implies |3 + 4i| \cdot |1 - i| = 5\sqrt{2}\)។
- អង្គខាងឆ្វេង ៖
\((3 + 4i)(1 - i) = 3 - 3i + 4i - 4i^2 = 7 + i\)
\(\implies |7 + i| = \sqrt{7^2 + 1^2} = \sqrt{50} = 5\sqrt{2}\)។
អង្គទាំងពីរស្មើគ្នា ដូចនេះសមភាពពិត។

៣៦លំហាត់ទី ៣៦

បង្ហាញថាម៉ូឌុលនៃផលចែកស្មើផលចែកម៉ូឌុល ៖ \(\left|\dfrac{4 + 3i}{1 + i\sqrt{3}}\right| = \dfrac{|4 + 3i|}{|1 + i\sqrt{3}|}\)។

មើលដំណោះស្រាយ

បង្ហាញថាម៉ូឌុលនៃផលចែកស្មើផលចែកម៉ូឌុល ៖
\(\left|\dfrac{4 + 3i}{1 + i\sqrt{3}}\right| = \dfrac{|4 + 3i|}{|1 + i\sqrt{3}|}\) ៖
- អង្គខាងស្តាំ ៖
\(|4 + 3i| = \sqrt{16 + 9} = 5\) និង \(|1 + i\sqrt{3}| = \sqrt{1 + 3} = 2\)
\(\implies \dfrac{|4 + 3i|}{|1 + i\sqrt{3}|} = \dfrac{5}{2} = \mathbf{2.5}\)។
- អង្គខាងឆ្វេង ៖
\(\dfrac{4 + 3i}{1 + i\sqrt{3}} = \dfrac{(4 + 3i)(1 - i\sqrt{3})}{1 + 3} = \dfrac{(4 + 3\sqrt{3}) + (3 - 4\sqrt{3})i}{4}\)
ម៉ូឌុលការ៉េ ៖
\(|z|^2 = \dfrac{(4 + 3\sqrt{3})^2 + (3 - 4\sqrt{3})^2}{16}\)
\(= \dfrac{43 + 24\sqrt{3} + 57 - 24\sqrt{3}}{16} = \dfrac{100}{16} = \dfrac{25}{4}\)
\(\implies |z| = \sqrt{\dfrac{25}{4}} = \dfrac{5}{2}\)។
ដូចនេះ សមភាពពិត។

៣៧លំហាត់ទី ៣៧

តាងចំណុចរូបភាពនៃចំនួនកុំផ្លិចខាងក្រោមក្នុងប្លង់កុំផ្លិច ៖

  1. \(A(2 + 3i)\)

  2. \(B(-3 + 2i)\)

  3. \(C(-1 - 4i)\)

  4. \(D(4 - i)\)

មើលដំណោះស្រាយ

ចំណុចរូបភាពក្នុងប្លង់កុំផ្លិច (Argand-Gauss) ៖
ចំនួនកុំផ្លិច \(z = a + bi\) ត្រូវគ្នានឹងចំណុចកូអរដោនេ \((a, b)\) ៖
ក.  \(A(2 + 3i) \implies \mathbf{A(2, 3)}\)
ខ.  \(B(-3 + 2i) \implies \mathbf{B(-3, 2)}\)
គ.  \(C(-1 - 4i) \implies \mathbf{C(-1, -4)}\)
ឃ.  \(D(4 - i) \implies \mathbf{D(4, -1)}\)

៣៨លំហាត់ទី ៣៨

រកចម្ងាយរវាងចំណុចរូបភាពនៃចំនួនកុំផ្លិច \(z_1 = 1 + 2i\) និង \(z_2 = 4 + 6i\)។

មើលដំណោះស្រាយ

ចម្ងាយរវាងចំណុចរូបភាព \(z_1 = 1 + 2i\) និង \(z_2 = 4 + 6i\) ៖
\(d = |z_2 - z_1| = |(4 + 6i) - (1 + 2i)| = |3 + 4i|\)
\(= \sqrt{3^2 + 4^2} = \sqrt{9 + 16} = \sqrt{25} = \mathbf{5}\) ឯកតា។

៣៩លំហាត់ទី ៣៩

ដោះស្រាយសមីការដឺក្រេទី ២ ក្នុងសំណុំចំនួនកុំផ្លិច \(\mathbb{C}\) ៖ \(x^2 + 9 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយសមីការក្នុង \(\mathbb{C}\) ៖ \(x^2 + 9 = 0\) ៖
\(x^2 = -9 \iff x^2 = 9i^2 \implies x = \pm\sqrt{9i^2} = \pm 3i\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-3i, 3i\}}\)។

៤០លំហាត់ទី ៤០

ដោះស្រាយសមីការក្នុងសំណុំចំនួនកុំផ្លិច \(\mathbb{C}\) ៖ \(x^2 + 2x + 5 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយសមីការ \(x^2 + 2x + 5 = 0\) ក្នុង \(\mathbb{C}\) ៖
មេគុណ ៖ \(a = 1, b' = 1, c = 5\) ៖
\(\Delta' = b'^2 - ac = 1^2 - 1(5) = -4 = 4i^2 = (2i)^2\)។
ឫសនៃសមីការ ៖
\(x = \dfrac{-b' \pm \sqrt{\Delta'}}{a} = \dfrac{-1 \pm 2i}{1} = \mathbf{-1 \pm 2i}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-1 - 2i, -1 + 2i\}}\)។

៤១លំហាត់ទី ៤១

ដោះស្រាយសមីការក្នុងសំណុំចំនួនកុំផ្លិច \(\mathbb{C}\) ៖ \(x^2 - 4x + 13 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយសមីការ \(x^2 - 4x + 13 = 0\) ក្នុង \(\mathbb{C}\) ៖
មេគុណ ៖ \(a = 1, b' = -2, c = 13\) ៖
\(\Delta' = (-2)^2 - 1(13) = 4 - 13 = -9 = (3i)^2\)។
ឫសនៃសមីការ ៖
\(x = \dfrac{2 \pm 3i}{1} = \mathbf{2 \pm 3i}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{2 - 3i, 2 + 3i\}}\)។

៤២លំហាត់ទី ៤២

ដោះស្រាយសមីការក្នុងសំណុំចំនួនកុំផ្លិច \(\mathbb{C}\) ៖ \(2x^2 - 3x + 4 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយសមីការ \(2x^2 - 3x + 4 = 0\) ក្នុង \(\mathbb{C}\) ៖
មេគុណ ៖ \(a = 2, b = -3, c = 4\) ៖
\(\Delta = b^2 - 4ac = (-3)^2 - 4(2)(4) = 9 - 32 = -23 = 23i^2\)។
ឫសនៃសមីការ ៖
\(x = \dfrac{-b \pm \sqrt{\Delta}}{2a} = \mathbf{\dfrac{3 \pm i\sqrt{23}}{4}}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \left\{\dfrac{3 - i\sqrt{23}}{4}, \dfrac{3 + i\sqrt{23}}{4}\right\}}\)។

៤៣លំហាត់ទី ៤៣

រកសមីការដឺក្រេទី ២ ដែលមានឫសជា \(z_1 = 2 + 3i\) និង \(z_2 = 2 - 3i\)។

មើលដំណោះស្រាយ

រកសមីការដឺក្រេទី ២ ដែលមានឫស \(z_1 = 2 + 3i\) និង \(z_2 = 2 - 3i\) ៖
- ផលបូកឫស ៖ \(S = z_1 + z_2 = (2 + 3i) + (2 - 3i) = 4\)
- ផលគុណឫស ៖ \(P = z_1 z_2 = (2 + 3i)(2 - 3i) = 2^2 + 3^2 = 13\)
សមីការដឺក្រេទីពីរមានទម្រង់ \(x^2 - Sx + P = 0\) ៖
\(\mathbf{x^2 - 4x + 13 = 0}\)។

៤៤លំហាត់ទី ៤៤

គេឱ្យចំនួនកុំផ្លិច \(z = x + yi\) (\(x, y \in \mathbb{R}\))។ រកសំណុំចំណុច \(M(x,y)\) ក្នុងប្លង់កុំផ្លិចដែលផ្ទៀងផ្ទាត់ \(|z| = 3\)។

មើលដំណោះស្រាយ

រកសំណុំចំណុច \(M(x, y)\) ដែល \(|z| = 3\) ៖
តាង \(z = x + yi\) (\(x, y \in \mathbb{R}\)) ៖
\(|z| = 3 \iff \sqrt{x^2 + y^2} = 3 \iff \mathbf{x^2 + y^2 = 9}\)។
សេចក្តីសន្និដ្ឋាន ៖ សំណុំចំណុច \(M(x, y)\) គឺជារង្វង់ដែលមានផ្ចិតត្រង់គល់កូអរដោនេ \(O(0, 0)\) និងកាំ \(R = 3\)។

៤៥លំហាត់ទី ៤៥

រកសំណុំចំណុច \(M(x,y)\) ក្នុងប្លង់កុំផ្លិចដែលផ្ទៀងផ្ទាត់ \(|z - 2 + i| = 4\)។

មើលដំណោះស្រាយ

រកសំណុំចំណុច \(M(x, y)\) ដែល \(|z - 2 + i| = 4\) ៖
សរសេរជាទម្រង់ \(|z - z_0| = R\) ៖
\(|z - (2 - i)| = 4\)។
ជំនួស \(z = x + yi\) ៖
\(|(x - 2) + (y + 1)i| = 4 \iff \mathbf{(x - 2)^2 + (y + 1)^2 = 16}\)។
សេចក្តីសន្និដ្ឋាន ៖ សំណុំចំណុច \(M(x, y)\) គឺជារង្វង់ដែលមានផ្ចិតត្រង់ចំណុច \(I(2, -1)\) និងកាំ \(R = 4\)។

៤៦លំហាត់ទី ៤៦

រកសំណុំចំណុច \(M(x,y)\) ដែលផ្ទៀងផ្ទាត់ \(|z - 1| = |z - i|\)។

មើលដំណោះស្រាយ

រកសំណុំចំណុច \(M(x, y)\) ដែលផ្ទៀងផ្ទាត់ \(|z - 1| = |z - i|\) ៖
ជំនួស \(z = x + yi\) ៖
\(|(x - 1) + yi| = |x + (y - 1)i|\)
\(\iff (x - 1)^2 + y^2 = x^2 + (y - 1)^2\)
\(\iff x^2 - 2x + 1 + y^2 = x^2 + y^2 - 2y + 1\)
\(\iff -2x = -2y \iff \mathbf{y = x}\)។
សេចក្តីសន្និដ្ឋាន ៖ សំណុំចំណុច \(M\) គឺជាបន្ទាត់ពុះមុំទីមួយ \(y = x\) (មេដ្យាទ័រនៃអង្កត់ភ្ជាប់រូបភាព \(A(1, 0)\) និង \(B(0, 1)\))។

៤៧លំហាត់ទី ៤៧

លំហាត់ PISA - សៀគ្វីអគ្គិសនីចរន្តឆ្លាស់ ៖ ក្នុងវិស្វកម្មអគ្គិសនី អ៊ីំពែដង់សរុប (Impedance) នៃសៀគ្វីមួយត្រូវបានតាងដោយចំនួនកុំផ្លិច \(Z = R + X i\) ដែល \(R\) ជារេស៊ីស្តង់ និង \(X\) ជារីអាក់តង់។

  1. ប្រសិនបើសៀគ្វីទីមួយមាន \(Z_1 = 4 + 3i\ \Omega\) និងសៀគ្វីទីពីរមាន \(Z_2 = 2 - 5i\ \Omega\) តជាស៊េរី ចូរគណនា \(Z = Z_1 + Z_2\)។

  2. គណនាម៉ូឌុលនៃអ៊ីំពែដង់សរុប \(|Z|\) នោះ។

មើលដំណោះស្រាយ

លំហាត់ PISA - សៀគ្វីអគ្គិសនីចរន្តឆ្លាស់ ៖
គេមាន \(Z_1 = 4 + 3i\ \Omega\) និង \(Z_2 = 2 - 5i\ \Omega\) តជាស៊េរី ៖
ក.  អ៊ីំពែដង់សរុបនៃសៀគ្វី ៖
\(Z = Z_1 + Z_2 = (4 + 3i) + (2 - 5i) = (4 + 2) + (3 - 5)i\)
\(\implies \mathbf{Z = 6 - 2i\ \Omega}\)។
ខ.  ម៉ូឌុលអ៊ីំពែដង់សរុប ៖
\(|Z| = \sqrt{6^2 + (-2)^2} = \sqrt{36 + 4} = \sqrt{40} = \mathbf{2\sqrt{10} \approx 6.32\ \Omega}\)។

៤៨លំហាត់ទី ៤៨

លំហាត់ PISA - កម្លាំង និងវ៉ិចទ័រក្នុងប្លង់កុំផ្លិច ៖ កម្លាំងពីរត្រូវបានតំណាងដោយចំនួនកុំផ្លិច \(F_1 = 10 + 5i\) (N) និង \(F_2 = -4 + 3i\) (N)។

  1. គណនាកម្លាំងផ្គួប \(F = F_1 + F_2\)។

  2. គណនាទំហំនៃកម្លាំងផ្គួប \(|F|\)។

មើលដំណោះស្រាយ

លំហាត់ PISA - កម្លាំង និងវ៉ិចទ័រក្នុងប្លង់កុំផ្លិច ៖
គេមាន \(F_1 = 10 + 5i\) (N) និង \(F_2 = -4 + 3i\) (N) ៖
ក.  កម្លាំងផ្គួប ៖
\(F = F_1 + F_2 = (10 - 4) + (5 + 3)i = \mathbf{6 + 8i\text{ N}}\)។
ខ.  ទំហំនៃកម្លាំងផ្គួប (ម៉ូឌុល) ៖
\(|F| = \sqrt{6^2 + 8^2} = \sqrt{36 + 64} = \sqrt{100} = \mathbf{10\text{ N}}\)។

៤៩លំហាត់ទី ៤៩

លំហាត់ PISA - ការគណនាកូដគោលពីរក្នុងកុំព្យូទ័រ ៖ កាតមេម៉ូរីកុំព្យូទ័រមួយកត់ត្រាអាសយដ្ឋានអង្គចងចាំជាលេខគោលពីរ \(A = 110110_2\) និង \(B = 10101_2\)។

  1. បំប្លែង \(A, B\) ជាចំនួនទសភាគ។

  2. គណនាផលបូក \(A + B\) ជាលេខគោលពីរ។

មើលដំណោះស្រាយ

លំហាត់ PISA - ការគណនាកូដគោលពីរក្នុងកុំព្យូទ័រ ៖
ក.  បំប្លែង \(A, B\) ជាចំនួនទសភាគ (គោលដប់) ៖
- \(A = 110110_2 = 1\cdot 2^5 + 1\cdot 2^4 + 0\cdot 2^3 + 1\cdot 2^2 + 1\cdot 2^1 + 0\cdot 2^0\)
\(= 32 + 16 + 0 + 4 + 2 + 0 = \mathbf{54}\)។
- \(B = 10101_2 = 1\cdot 2^4 + 0\cdot 2^3 + 1\cdot 2^2 + 0\cdot 2^1 + 1\cdot 2^0\)
\(= 16 + 0 + 4 + 0 + 1 = \mathbf{21}\)។
ខ.  ផលបូក \(A + B\) ជាលេខគោលពីរ ៖
\(A + B = 110110_2 + 10101_2 = \mathbf{1001011_2}\)។
(ផ្ទៀងផ្ទាត់ ៖ \(54 + 21 = 75 = 64 + 8 + 2 + 1 = 1001011_2\) ពិត)។

៥០លំហាត់ទី ៥០

លំហាត់ PISA - គំរូសេដ្ឋកិច្ច និងប្រាក់ចំណេញកើន ៖ ក្រុមហ៊ុនមួយមានប្រាក់ចំណេញសុទ្ធក្នុងរយៈពេល ៤ ត្រីមាស (គិតជាពាន់ដុល្លារ) ៖ \(Q_1 = -12\), \(Q_2 = 25\), \(Q_3 = -8\), \(Q_4 = 45\)។

  1. គណនាប្រាក់ចំណេញសរុបប្រចាំឆ្នាំ។

  2. គណនាផលបូក \(|Q_1| + |Q_2| + |Q_3| + |Q_4|\)។

មើលដំណោះស្រាយ

លំហាត់ PISA - គំរូសេដ្ឋកិច្ច និងប្រាក់ចំណេញកើន ៖
ទិន្នន័យ ៤ ត្រីមាស ៖ \(Q_1 = -12, Q_2 = 25, Q_3 = -8, Q_4 = 45\) (ពាន់ដុល្លារ) ៖
ក.  ប្រាក់ចំណេញសរុបប្រចាំឆ្នាំ ៖
\(Q = Q_1 + Q_2 + Q_3 + Q_4 = -12 + 25 - 8 + 45 = \mathbf{50}\) (ពាន់ដុល្លារ)
ពោលគឺក្រុមហ៊ុនទទួលបានប្រាក់ចំណេញសុទ្ធចំនួន \(50\,000\$\) ក្នុងមួយឆ្នាំ។
ខ.  ផលបូកតម្លៃដាច់ខាត (ទំហំប្រែប្រួលសរុប) ៖
\(|-12| + |25| + |-8| + |45| = 12 + 25 + 8 + 45 = \mathbf{90}\) (ពាន់ដុល្លារ)
ពោលគឺទំហំប្រែប្រួលលំហូរសរុបស្មើនឹង \(90\,000\$\)។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

✎ សំណួរទី ២១–៣០

✎ សំណួរទី ៣១–៤០

✎ សំណួរទី ៤១–៥០

តេស្តសមត្ថភាព ៖ ជំពូកទី ២ តក្កវិទ្យា សំណុំ និងចំនួន — ៥០ សំណួរ · ៩០ នាទី

ចាប់ផ្ដើមតេស្ត