1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៤៩
៤៩
ថ្នាក់វិទ្យាសាស្ត្រសង្គម · ជំពូកទី ៨ ធរណីមាត្រក្នុងលំហ · មេរៀនទី ៤៩ · គណិតវិទ្យាថ្នាក់ទី ១១

បន្ទាត់និងប្លង់ស្របក្នុងលំហ

ថ្នាក់វិទ្យាសាស្ត្រសង្គមទំព័រ ៣០០–៣០៧
វត្ថុបំណង
  1. កំណត់និងប្រើប្រាស់លក្ខណៈបន្ទាត់ស្របក្នុងការដោះស្រាយលំហាត់ ។

  2. កំណត់និងប្រើប្រាស់លក្ខណៈបន្ទាត់ស្របនឹងប្លង់ ក្នុងការដោះស្រាយលំហាត់ ។

បន្ទាត់ស្របគ្នា

នៅក្នុងមេរៀនទីតាំងនៃបន្ទាត់ និងប្លង់គេបានឃើញហើយអំពីបន្ទាត់ពីរ ស្របគ្នាក្នុងប្លង់តែមួយ ។ ឧទាហរណ៍ ៖ ផ្លូវសួនច្បារចិញ្ចើមសងខាងនៃផ្លូវត្រង់មួយ \(\dots\) ជារូបភាពបន្ទាត់ពីរស្របគ្នា ។

និយមន័យ

បន្ទាត់ពីរស្របគ្នា គឺជាបន្ទាត់ពីរដែលនៅក្នុងប្លង់តែមួយ ហើយវាគ្មានចំណុចរួម ។

\[d_1 \parallel d_2 \quad{} \text{កាលណា} \quad{} \begin{cases} d_1 \subset P,\ d_2 \subset P\\ d_1 \cap d_2 = \varnothing \end{cases}\]

លក្ខណៈទី ១

តាមចំណុចមួយស្ថិតនៅក្រៅបន្ទាត់មួយ គេអាចគូសបន្ទាត់បានតែមួយគត់ កាត់តាមចំណុចនេះ ហើយស្របទៅនឹងបន្ទាត់នោះ ។

លក្ខណៈទី ២

បើបន្ទាត់ពីរស្របគ្នា ហើយបន្ទាត់ទី \(2\) ស្របទៅនឹងបន្ទាត់ទី \(3\) នោះបន្ទាត់ទី \(1\) និងទី \(3\) ស្របគ្នា ៖

\[\left.\begin{aligned} d_1 &\parallel d_2\\ d_2 &\parallel d_3 \end{aligned}\right\} \Rightarrow d_1 \parallel d_3\]

ឧទាហរណ៍ ១

ដំបូលផ្ទះមួយ ៖ គេសង្កេតឃើញថា \(d_1 \parallel d_2\) និង \(d_2 \parallel d_3\) នោះ \(d_1 \parallel d_3\) ។

ឧទាហរណ៍ ២

គេមានតុមួយ ៖ គេបាន \(L_1 \parallel L_2\) និង \(L_2 \parallel L_3\) នោះ \(L_1 \parallel L_3\) ។

ប្រតិបត្តិ

គេឱ្យបន្ទាត់ \(a \parallel b\) ដែល \(a \subset P\) និង \(b \subset Q\) ហើយ \(P \cap Q = l\) ។ បង្ហាញ \(l \parallel a\), \(l \parallel b\) ។

មើលចម្លើយ

បើ \(a\) ស្ថិតក្នុង \(Q\) ផង នោះ \(a = l\) ។ ករណីផ្សេង ៖ \(a \parallel b\) និង \(b \subset Q\) នោះ \(a \parallel Q\) ។ ដោយ \(a \subset P\) និង \(P \cap Q = l\) នោះ \(l \parallel a\) (លក្ខណៈទី ២ នៃបន្ទាត់ស្របនឹងប្លង់) ។ តាមលក្ខណៈទី ២ ខាងលើ \(l \parallel a\) និង \(a \parallel b\) នាំឱ្យ \(l \parallel b\) ។

លក្ខណៈទី ៣

បើបន្ទាត់ពីរស្របគ្នា គ្រប់ប្លង់ដែលកាត់បន្ទាត់ទី \(1\) ត្រូវកាត់បន្ទាត់ទី \(2\) ៖

\[\left.\begin{aligned} d &\parallel d'\\ P \cap d &= \{A\} \end{aligned}\right\} \Rightarrow \text{មានចំណុច } A' \text{ ដែល } P \cap d' = \{A'\}\]

បន្ទាត់ស្របនឹងប្លង់

បន្ទាត់ \(d\) ស្របនឹងប្លង់ \(P\) នោះ គេកំណត់សរសេរ \(d \parallel P\) ។ ដូច្នេះ \(d \parallel P \Leftrightarrow d \cap P = \varnothing\) ។

និយមន័យ

បន្ទាត់មួយស្របនឹងប្លង់មួយ កាលណាវាគ្មានចំណុចរួម ។

លក្ខណៈទី ១

គ្រប់បន្ទាត់ដែលនៅក្រៅប្លង់មួយ ហើយស្របនឹងបន្ទាត់មួយនៃប្លង់ជាបន្ទាត់ស្របនឹងប្លង់នោះ ៖

\[\left.\begin{aligned} d &\not\subset P\\ d &\parallel d'\\ d' &\subset P \end{aligned}\right\} \Rightarrow d \parallel P\]

សម្រាយបញ្ជាក់ ៖ បន្ទាត់ស្រប \(d\) និង \(d'\) កំណត់បានប្លង់ \(Q\) មួយដែល \(P \cap Q = d'\) ។ ឧបមាថា \(d \cap P = \{A\}\) មានន័យថា \(A \in P\), \(A \in Q\) នោះគេបាន \(A \in d'\) (ព្រោះ \(P \cap Q = d'\)) ។ គេបាន \(d \cap d' = \{A\}\) ករណីនេះ ផ្ទុយសម្មតិកម្មដែលថា \(d \parallel d'\) ។ ដូច្នេះ \(d\) មិនអាចកាត់ប្លង់ \(P\) បានទេ ពោលគឺ \(d\) ស្របនឹងប្លង់ \(P\) ។

លក្ខណៈទី ២

បើបន្ទាត់មួយស្របនឹងប្លង់មួយ នោះគ្រប់ប្លង់ដែលកាត់តាមបន្ទាត់នេះប្រសព្វប្លង់ទី \(1\) ហើយស្របនឹងបន្ទាត់នោះ ៖

\[\left.\begin{aligned} d &\parallel P\\ d &\subset Q\\ P \cap Q &= d' \end{aligned}\right\} \Rightarrow d \parallel d'\]

សម្រាយបញ្ជាក់ ៖ ឧបមាថា \(d \cap d' = \{A\}\) គេបាន \(A \in d'\) ហើយ \(A \in P\) ។ ដោយ \(A \in P\) និង \(A \in d\) នោះគេបាន \(d\) ជួប \(P\) ។ ករណីនេះផ្ទុយពីសម្មតិកម្មដែលថា \(d \parallel P\) ។ ដូច្នេះ \(d \parallel d'\) (\(d\) និង \(d'\) ស្ថិតក្នុងប្លង់ \(Q\) តែមួយ) ។

លំហាត់គំរូ

គេឱ្យពីរ៉ាមីត \(SABCD\) ដែលមានបាត \(ABCD\) ជាការេ ។ ប្លង់មួយកាត់តាមបន្ទាត់ \(BC\) ហើយប្រសព្វប្លង់ \(SAD\) តាម \(IJ\) ។ កំណត់ប្រភេទចតុកោណ \(BCJI\) ។

ដំណោះស្រាយ

គេមាន

\[\left.\begin{aligned} BC &\parallel AD\\ AD &\subset SAD\\ BC &\not\subset SAD \end{aligned}\right\} \Rightarrow BC \parallel SAD\]
\[\left.\begin{aligned} BC &\parallel SAD\\ SAD \cap IBCJ &= IJ \end{aligned}\right\} \Rightarrow BC \parallel IJ\]
ដូច្នេះ \(BCJI\) ជាចតុកោណព្នាយ ។

លក្ខណៈទី ៣

បើបន្ទាត់មួយស្របនឹងប្លង់ពីរប្រសព្វគ្នា នោះវាស្របទៅនឹងបន្ទាត់ប្រសព្វរវាងប្លង់ទាំងពីរនោះ ៖

\[\left.\begin{aligned} d &\parallel P\\ d &\parallel Q\\ P \cap Q &= d' \end{aligned}\right\} \Rightarrow d \parallel d'\]

សម្រាយបញ្ជាក់ ៖ យក \(O \in d'\) ។ តាម \(O\) គូសបន្ទាត់ \(d'' \parallel d\) ។ គេបាន \(O \in P\) នាំឱ្យ \(d'' \subset P\) និង \(O \in Q\) នាំឱ្យ \(d'' \subset Q\) ។ នាំឱ្យ \(P \cap Q = d''\) នាំឱ្យ \(d''\) ត្រួត \(d'\) ។ ដូច្នេះ \(d \parallel d'\) ។

ប្លង់ស្របគ្នា

នៅសងខាងផ្លូវត្រង់មួយមានរបង យើងឃើញថារបងទាំងពីរនេះមិនជួបគ្នាទេ បើសិនជានៅតែមានផ្លូវបន្តទៀត ។ ដូច្នេះគេនិយាយថា ប្លង់របងទាំងពីរជាប្លង់ស្របគ្នា ។

និយមន័យ

ប្លង់ពីរស្របគ្នា កាលណាវាគ្មានចំណុចរួម ។

បើប្លង់ \(P\) ស្របនឹងប្លង់ \(Q\) នោះគេកំណត់សរសេរ \(P \parallel Q\) ។ ដូច្នេះ \(P \parallel Q \Leftrightarrow P \cap Q = \varnothing\) ។ (ប្លង់ឈរស្របគ្នា ប្លង់ដេកស្របគ្នា និងប្លង់ទ្រេតស្របគ្នា)

លក្ខណៈទី ១

តាមចំណុចមួយនៅក្រៅប្លង់ \(P\) មួយ គេអាចគូសបានប្លង់ \(Q\) តែមួយគត់ដែលស្របទៅនឹងប្លង់នោះ ។

លក្ខណៈទី ២

បើប្លង់ពីរស្របគ្នា នោះគ្រប់ប្លង់ដែលស្របនឹងប្លង់មួយ ត្រូវស្របនឹងប្លង់មួយទៀត ៖

\[\left.\begin{aligned} P &\parallel Q\\ S &\parallel Q \end{aligned}\right\} \Rightarrow P \parallel S\]

លំហាត់គំរូ ១

គេឱ្យចតុមុខ \(ABCD\) ។ \(I, J, K\) និង \(L\) ជាចំណុចកណ្ដាលរៀងគ្នានៃទ្រនុង \(AB\), \(BC\), \(CD\) និង \(DA\) ។ ស្រាយបញ្ជាក់ថា \(IJKL\) ជាប្រលេឡូក្រាម ។

ដំណោះស្រាយ

ក្នុងត្រីកោណ \(ABC\) មាន \(IJ\) ជាបាតមធ្យម គេបាន \(IJ \parallel AC\) ។ ក្នុងត្រីកោណ \(ACD\) មាន \(KL\) ជាបាតមធ្យម គេបាន \(KL \parallel AC\) ។ តាមលក្ខណៈទី \(2\) នៃបន្ទាត់ស្របគ្នា គេបាន ៖

\[\left.\begin{aligned} IJ &\parallel AC\\ KL &\parallel AC \end{aligned}\right\} \Rightarrow IJ \parallel KL\]
ដូចគ្នាដែរចំពោះត្រីកោណ \(ABD\) និង \(BCD\) គេបាន \(IL \parallel JK\) ។ ដូច្នេះ ចតុកោណ \(IJKL\) មានជ្រុងពីរស្របរៀងគ្នាជាប្រលេឡូក្រាម ។

លក្ខណៈទី ៣

ប្លង់ពីរស្របគ្នា ហើយកាត់ដោយប្លង់ទី \(3\) នោះបន្ទាត់ប្រសព្វជាបន្ទាត់ស្របគ្នា ។ គេបាន

\[\left.\begin{aligned} P &\parallel Q\\ R \cap P &= d_1\\ R \cap Q &= d_2 \end{aligned}\right\} \Rightarrow d_1 \parallel d_2\]

សម្រាយបញ្ជាក់ ៖ ឧបមាថា \(d_1\) ជួប \(d_2\) ត្រង់ \(A\) ។ គេបាន \(A \in d_1 \subset P\) នោះ \(A \in P\) ។ ម្យ៉ាងទៀត \(A \in d_2 \subset Q\) នោះ \(A \in Q\) ។ ដូច្នេះ គេបាន \(A\) ជាចំណុចរួមនៃ \(P\) និង \(Q\) ពោលគឺផ្ទុយពីសម្មតិកម្មដែលថា \(P \parallel Q\) ។ ដូច្នេះ គេបាន \(d_1 \parallel d_2\) (ព្រោះ \(d_1, d_2\) នៅក្នុងប្លង់ \(R\) តែមួយ) ។

លំហាត់គំរូ ២

ប្លង់ \(P\) និង \(Q\) ជាប្លង់ស្របគ្នា ហើយ \(d_1\) និង \(d_2\) ជាបន្ទាត់ស្របគ្នា ។ ប្លង់ \(P\) កាត់ \(d_1\) និង \(d_2\) រៀងគ្នាតាម \(A\) និង \(B\) ។ ប្លង់ \(Q\) កាត់ \(d_1\) និង \(d_2\) រៀងគ្នាតាម \(C\) និង \(D\) ។ ស្រាយបញ្ជាក់ថាចតុកោណ \(ABDC\) ជាប្រលេឡូក្រាម ។

ដំណោះស្រាយ

ដោយបន្ទាត់ \(d_1\) និង \(d_2\) កំណត់ដោយប្លង់មួយដែលតាងដោយ \(R\) ។ គេបានប្លង់ \(R \cap P = AB\) និង \(R \cap Q = CD\) ។ តាមលក្ខណៈទី \(3\) គេបាន \(AB \parallel CD\) ។ ម្យ៉ាងទៀត \(AC \parallel BD\) (ស្ថិតលើ \(d_1 \parallel d_2\)) ។ ដូច្នេះ ចតុកោណ \(ABDC\) ជាប្រលេឡូក្រាម ។

ប្រតិបត្តិ

គេឱ្យប្លង់ពីរស្របគ្នា និងបន្ទាត់ពីរស្របគ្នា ដែលកាត់តាមប្លង់ពីរនោះ ។ បង្ហាញថាអង្កត់ពីរនៅចន្លោះប្លង់ពីរនោះជាអង្កត់ប៉ុនគ្នា ។

មើលចម្លើយ

តាមលំហាត់គំរូ ២ ចតុកោណ \(ABDC\) ជាប្រលេឡូក្រាម ដូច្នេះជ្រុងឈមប៉ុនគ្នា ៖ \(AC = BD\) ។

លក្ខណៈទី ៤

បើប្លង់ពីរស្របគ្នា នោះគ្រប់បន្ទាត់កាត់ប្លង់ទី \(1\) ត្រូវកាត់ប្លង់ទី \(2\) ៖

\[\left.\begin{aligned} P &\parallel Q\\ d \cap P &= \{A\} \end{aligned}\right\} \Rightarrow d \cap Q = \{B\}\]

លក្ខណៈទី ៥

ប្លង់ច្រើនស្របគ្នា កំណត់នៅលើខ្នាត់ពីរបានអង្កត់ត្រូវគ្នាសមាមាត្រគ្នា ។

សម្រាយបញ្ជាក់ ៖ គេពិនិត្យប្លង់បីស្របគ្នា \(P\), \(Q\) និង \(R\) ហើយកាត់ដោយខ្នាត់ពីរ \(\Delta\) និង \(\Delta'\) បានចំណុច \(A, B, C\) និង \(A', B', C'\) រៀងគ្នា ។ ឧបមាថាបន្ទាត់ \(\Delta_1\) ស្របទៅនឹង \(\Delta\) កាត់ប្លង់ \(P\) ត្រង់ \(A'\) ប្លង់ \(Q\) ត្រង់ \(B_1\) និងប្លង់ \(R\) ត្រង់ \(C_1\) ។ គេបាន \(AB = A'B_1\), \(BC = B_1C_1\) និង \(AC = A'C_1\) ។ បន្ទាត់ \(\Delta_1\) កាត់ \(\Delta'\) ត្រង់ចំណុច \(A'\) ហើយកំណត់បានប្លង់មួយ ប្លង់នេះកាត់ប្លង់ \(Q\) និង \(R\) តាមបន្ទាត់ \(B_1B'\) និង \(C_1C'\) រៀងគ្នា ដែល \(B_1B' \parallel C_1C'\) ។ តាមទ្រឹស្ដីបទតាលែសគេបាន \(\dfrac{A'B'}{A'B_1} = \dfrac{B'C'}{B_1C_1} = \dfrac{A'C'}{A'C_1}\) ។ ដូច្នេះគេបាន

\[\frac{A'B'}{AB} = \frac{B'C'}{BC} = \frac{A'C'}{AC}\]

ប្រតិបត្តិ

\(I, J, K\) ជាចំណុចកណ្ដាលរៀងនៃ \(AE\), \(BC\), \(GH\) នៃគូប \(ABCDEFGH\) (\(ABCD\) ជាបាត ហើយ \(E, F, G, H\) នៅពីលើ \(A, B, C, D\) រៀងគ្នា) ។

  1. បង្ហាញថាប្លង់ \(BEG \parallel\) ប្លង់ \(ACH\)

  2. បង្ហាញថាប្លង់ \(ICH \parallel\) ប្លង់ \(KBE\)

  3. បង្ហាញថាប្លង់ \(IJK \parallel\) ប្លង់ \(BEG\) ។

មើលចម្លើយ

ក. \(BCHE\) និង \(ABGH\) ជាចតុកោណកែង ដូច្នេះ \(BE \parallel CH\) និង \(BG \parallel AH\) ។ ប្លង់ \(BEG\) មានបន្ទាត់ប្រសព្វពីរស្របនឹងប្លង់ \(ACH\) ដូច្នេះ \(BEG \parallel ACH\) ។ ខ. \(BE \parallel CH\) ។ តាង \(M\) ជាកណ្ដាល \(BE\) ៖ \(IM\) និង \(HK\) ស្របនិងស្មើនឹង \(\tfrac{1}{2}AB\) ដូច្នេះ \(HIMK\) ជាប្រលេឡូក្រាម នាំឱ្យ \(HI \parallel KM\) ។ ប្លង់ \(ICH\) មានបន្ទាត់ប្រសព្វ \(CH\) និង \(HI\) ស្របនឹងប្លង់ \(KBE\) ដូច្នេះ \(ICH \parallel KBE\) ។ គ. តាង \(N\) ជាកណ្ដាល \(BG\) ៖ \(\overrightarrow{IJ} = \overrightarrow{EN}\) និង \(\overrightarrow{IK} = \overrightarrow{MG}\) ដូច្នេះ \(IJ \parallel EN\) និង \(IK \parallel MG\) ដែល \(EN, MG \subset BEG\) ។ ហេតុនេះ \(IJK \parallel BEG\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រសង្គម) ទំព័រ ៣០០–៣០៧។
ទំព័រ ៣០០
ទំព័រ ៣០០
ទំព័រ ៣០១
ទំព័រ ៣០១
ទំព័រ ៣០២
ទំព័រ ៣០២
ទំព័រ ៣០៣
ទំព័រ ៣០៣
ទំព័រ ៣០៤
ទំព័រ ៣០៤
ទំព័រ ៣០៥
ទំព័រ ៣០៥
ទំព័រ ៣០៦
ទំព័រ ៣០៦
ទំព័រ ៣០៧
ទំព័រ ៣០៧

លំហាត់អនុវត្តន៍

១លំហាត់ទី ១

លំហាត់ ក. ដល់ ង. នៃគូប \(ABCDEFGH\) (\(ABCD\) ជាបាត, \(E, F, G, H\) នៅពីលើ \(A, B, C, D\) រៀងគ្នា) ចូរបញ្ជាក់ពាក្យខុសឬត្រូវ ៖ ក. បន្ទាត់ \(AG\) និង \(DF\) ស្របគ្នា ខ. បន្ទាត់ \(BF\) និង \(HD\) ស្របគ្នា គ. ត្រីកោណ \(\triangle AFH\) ជាត្រីកោណកែង ឃ. បន្ទាត់ \(AG\) ស្របនឹងប្លង់ \(CDF\) ង. ប្លង់ \(ACF\) ស្របនឹងប្លង់ \(EFH\) ។

មើលដំណោះស្រាយ

ក. ខុស (\(AG\) និង \(DF\) ជាអង្កត់ទ្រូងគូប ប្រសព្វគ្នាត្រង់ផ្ចិតគូប) ខ. ត្រូវ គ. ខុស (\(AF = FH = HA\) ជាអង្កត់ទ្រូងមុខ ៖ ត្រីកោណសមង្ស) ឃ. ខុស (\(AG\) កាត់ប្លង់ \(CDEF\) ត្រង់ផ្ចិតគូប) ង. ខុស (ប្លង់ \(ACF\) កាត់ប្លង់ \(EFH\) ត្រង់ \(F\)) ។

២លំហាត់ទី ២

គេឱ្យតេត្រាអែត \(ABCD\) មួយ ។ បន្ទាត់ \(d\) មួយកាត់តាម \(A\) ស្របទៅនឹង \(BC\) និង \(d'\) ជាបន្ទាត់កាត់តាម \(D\) ស្របទៅនឹង \(AB\) ។ បង្ហាញថា \(d\) និង \(d'\) មិនស្ថិតក្នុងប្លង់តែមួយ ។

មើលដំណោះស្រាយ

ឧបមាថា \(d\) និង \(d'\) ស្ថិតក្នុងប្លង់ \(R\) តែមួយ ។ បើ \(d \parallel d'\) នោះ \(BC \parallel AB\) មិនពិត ។ ដូច្នេះ \(d\) និង \(d'\) ប្រសព្វគ្នា ហើយប្លង់ \(R\) ស្របនឹង \(BC\) និង \(AB\) គឺ \(R \parallel ABC\) ។ ប៉ុន្តែ \(A \in R\) និង \(A \in ABC\) នាំឱ្យ \(R = ABC\) ដូច្នេះ \(D \in ABC\) ផ្ទុយនឹង \(ABCD\) ជាតេត្រាអែត ។

៣លំហាត់ទី ៣

គេមានបន្ទាត់ពីរ \(a\) និង \(a'\) មិនស្ថិតក្នុងប្លង់តែមួយ ។ បង្ហាញថាគ្មានបន្ទាត់ស្របគ្នាដែលកាត់តាម \(a\) និង \(a'\) ។

មើលដំណោះស្រាយ

បើមានបន្ទាត់ \(b \parallel b'\) ដែល \(b\) កាត់ \(a\) និង \(a'\) ត្រង់ \(A_1, A'_1\) ហើយ \(b'\) កាត់ \(a\) និង \(a'\) ត្រង់ \(A_2, A'_2\) នោះ \(b\) និង \(b'\) កំណត់ប្លង់មួយដែលមាន \(A_1, A_2 \in a\) និង \(A'_1, A'_2 \in a'\) ។ ដូច្នេះ \(a\) និង \(a'\) ស្ថិតក្នុងប្លង់នោះ ផ្ទុយនឹងសម្មតិកម្ម ។

៤លំហាត់ទី ៤

គេមានបន្ទាត់ \(d\) និង \(d'\) ស្របគ្នានៅក្នុងប្លង់ \(P\) និង \(P'\) រៀងគ្នា ។ បន្ទាត់ \(a\) ជាប្រសព្វរវាងប្លង់ \(P\) និង \(P'\) ។ បង្ហាញថា \(a \parallel d\) និង \(a \parallel d'\) ។

មើលដំណោះស្រាយ

\(d \parallel d'\) និង \(d' \subset P'\) នោះ \(d \parallel P'\) (បើ \(d \not\subset P'\)) ។ ដោយ \(d \subset P\) និង \(P \cap P' = a\) តាមលក្ខណៈទី ២ នៃបន្ទាត់ស្របនឹងប្លង់ គេបាន \(a \parallel d\) ។ ហើយ \(a \parallel d\), \(d \parallel d'\) នាំឱ្យ \(a \parallel d'\) ។

៥លំហាត់ទី ៥

គេឱ្យបន្ទាត់ \(a\) និង \(a'\) ស្របគ្នា នៅក្នុងប្លង់ \(P\) មួយ ។ ប្លង់ \(Q\) និង \(Q'\) កើតឡើងដោយបន្ទាត់ \(a\) និង \(a'\) ជាមួយនឹងបន្ទាត់ \(b\) រៀងគ្នា ។ បង្ហាញថា \(b\) ស្របនឹងប្លង់ \(P\) ។

មើលដំណោះស្រាយ

\(Q \cap Q' = b\) ។ \(a \parallel a' \subset Q'\) នាំឱ្យ \(a \parallel Q'\) ហើយ \(a \subset Q\) ដូច្នេះ \(b \parallel a\) ។ ដោយ \(b \parallel a \subset P\) និង \(b \not\subset P\) នោះ \(b \parallel P\) ។

៦លំហាត់ទី ៦

គេមានតេត្រាអែត \(OABC\) មួយដែលចំណុច \(M, N, P\) ជាចំណុចកណ្ដាលរៀងគ្នានៃជ្រុង \(OA\), \(OB\), \(OC\) ។ បង្ហាញថាប្លង់ \(ABC\) ស្របនឹងប្លង់ \(MNP\) ។

មើលដំណោះស្រាយ

\(MN\) ជាបាតមធ្យមនៃ \(\triangle OAB\) ៖ \(MN \parallel AB\) ។ \(NP\) ជាបាតមធ្យមនៃ \(\triangle OBC\) ៖ \(NP \parallel BC\) ។ ប្លង់ \(MNP\) មានបន្ទាត់ប្រសព្វពីរ \(MN\) និង \(NP\) ស្របនឹងប្លង់ \(ABC\) ដូច្នេះ \(MNP \parallel ABC\) ។

៧លំហាត់ទី ៧

គេមានតេត្រាអែត \(ABCD\) មួយដែលចំណុច \(M\) ស្ថិតនៅលើជ្រុង \(AB\) ខុសពី \(A\) និង \(B\) ។ បន្ទាត់កាត់តាមចំណុច \(M\) មួយស្របទៅនឹង \(AC\) រួចកាត់ \(BC\) ត្រង់ \(N\) ។ បន្ទាត់កាត់តាមចំណុច \(N\) ស្របទៅនឹង \(BD\) រួចកាត់ \(CD\) ត្រង់ \(P\) និងបន្ទាត់កាត់តាមចំណុច \(P\) ស្របទៅនឹងបន្ទាត់ \(AC\) រួចកាត់ \(AD\) ត្រង់ \(Q\) ។ ក. បង្ហាញថា \(MNPQ\) ជាប្រលេឡូក្រាម ខ. បង្ហាញថា \(AC\) ស្របនឹងប្លង់ \(MNPQ\) ។

មើលដំណោះស្រាយ

ក. \(MN \parallel AC \parallel PQ\) ។ តាមទ្រឹស្ដីបទតាលែស ៖ \(\dfrac{BN}{BC} = \dfrac{BM}{BA}\), \(\dfrac{CP}{CD} = \dfrac{CN}{CB} = \dfrac{AM}{AB}\), \(\dfrac{DQ}{DA} = \dfrac{DP}{DC} = \dfrac{BM}{AB}\) ។ ដូច្នេះ \(MN = AC\cdot\dfrac{BM}{AB} = PQ\) ។ ចតុកោណ \(MNPQ\) មានជ្រុងឈម \(MN\) និង \(PQ\) ស្របនិងប៉ុនគ្នា ជាប្រលេឡូក្រាម ។ ខ. \(AC \parallel MN\) និង \(MN \subset MNPQ\) ហើយ \(AC \not\subset MNPQ\) ដូច្នេះ \(AC \parallel MNPQ\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៤៩ បន្ទាត់និងប្លង់ស្របក្នុងលំហ (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត