1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៣៨
៣៨
ថ្នាក់វិទ្យាសាស្ត្រសង្គម · ជំពូកទី ៤ ម៉ាទ្រីសនិងដេទែរមីណង់ · មេរៀនទី ៣៨ · គណិតវិទ្យាថ្នាក់ទី ១១

ម៉ាទ្រីស

ថ្នាក់វិទ្យាសាស្ត្រសង្គមទំព័រ ១២៥–១៤៣

អ្នកដែលនាំឱ្យមានបញ្ញត្តិម៉ាទ្រីសមុនគេ គឺ Arthur Cayley ។ តាមពិតរបស់ដេទែរមីណង់បានកើតឡើងមុនម៉ាទ្រីស ហើយមានប្រភពនៅក្នុងចម្លើយទូទៅនៃប្រព័ន្ធសមីការលីនេអ៊ែរ ។ ដើមកំណើតនៃដេទែរមីណង់ត្រូវបានសរសេរដោយ Leibniz នៅឆ្នាំ \(1678\) ស្របពេលដែលនៅក្នុងប្រទេសជប៉ុន Takakazu Seki បានសម្រេចស្នាដៃដ៏ធំធេងលើនេះក្នុងឆ្នាំ \(1680\) ។ នៅក្នុងសតវត្សទី \(19\) Cayley, James Sylvester and Ferdinand Frobenius បានសិក្សាទ្រឹស្តីម៉ាទ្រីស និងដេទែរមីណង់យ៉ាងស៊ីជម្រៅ ។ ដោយមានការរីកចម្រើនក្នុងពីជគណិតលីនេអ៊ែរ ម៉ាទ្រីសត្រូវបានគេយកទៅដោះស្រាយក្នុងការបំប្លែងលីនេអ៊ែរ ឬអនុគមន៍លីនេអ៊ែរ ហើយក៏ក្លាយជាបញ្ញត្តិសំខាន់ក្នុងទ្រឹស្តីពីជគណិតលីនេអ៊ែរ ។

ជំពូកទី ៤ ៖ ម៉ាទ្រីសនិងដេទែរមីណង់

ជំពូកនេះមានមេរៀន ៖ ១. ម៉ាទ្រីស ២. ដេទែរមីណង់ ។

វត្ថុបំណង
  1. កំណត់ម៉ាទ្រីស

  2. ធ្វើប្រមាណវិធីលើម៉ាទ្រីស

  3. គណនាម៉ាទ្រីសច្រាសលំដាប់ \(2\) ។

សញ្ញាណនៃម៉ាទ្រីស

និយមន័យ

ឧទាហរណ៍

ទូតាំងសៀវភៅមួយមានពីរថ្នាក់ដែលថ្នាក់លើ \(1\) គេតម្រៀបសៀវភៅបីប្រភេទគឺសៀវភៅគណិតវិទ្យា \(13\) ក្បាល រូបវិទ្យា \(5\) ក្បាលនិងគីមីវិទ្យា \(7\) ក្បាល ។ នៅថ្នាក់ក្រោម \(2\) មានសៀវភៅគណិតវិទ្យា \(8\) ក្បាល រូបវិទ្យា \(10\) ក្បាល និងគីមីវិទ្យា \(4\) ក្បាល ។

\[\begin{array}{|l|c|c|c|}\hline & \text{គណិតវិទ្យា} & \text{រូបវិទ្យា} & \text{គីមីវិទ្យា}\\ \hline \text{ថ្នាក់លើ} & 13 & 5 & 7\\ \hline \text{ថ្នាក់ក្រោម} & 8 & 10 & 4\\ \hline \end{array}\]
គេអាចបង្ហាញព័ត៌មាននេះដោយសរសេរចំនួននីមួយៗតាមលំដាប់លំដោយដាក់ក្នុងតង្កៀបជារាងចតុកោណកែង \(\begin{bmatrix} 13 & 5 & 7\\ 8 & 10 & 4 \end{bmatrix}\) ។

ការតាងចំនួនដើម្បីបង្ហាញទិន្នន័យបែបនេះហៅថា ម៉ាទ្រីស ។ ចំនួននីមួយៗដែលសរសេរនៅក្នុងតង្កៀបហៅថា ធាតុនៃម៉ាទ្រីស ។ បើម៉ាទ្រីសមានជួរដេកពីរនិងជួរឈរបី នោះគេថាម៉ាទ្រីសមានលំដាប់ \(2 \times 3\) ឬមានវិមាត្រ \(2 \times 3\) ដែល \(2\) ជាចំនួនជួរដេកត្រូវសរសេរមុននិង \(3\) ជាចំនួនជួរឈរត្រូវសរសេរក្រោយ ។ គេនិយាយថាម៉ាទ្រីសលំដាប់ \(2 \times 3\) (អានថា \(2\) ខ្វែង \(3\)) ។

ជាទូទៅ

ម៉ាទ្រីសគឺជាការរៀបចំនួនជារាងចតុកោណកែងដាក់ក្នុងតង្កៀប ។ គេកំណត់តាងម៉ាទ្រីសដោយអក្សរធំ ដូចជា \(A, B, C, \ldots\) និងធាតុនៃម៉ាទ្រីសតាងដោយអក្សរតូច ។ ម៉ាទ្រីស \(A\) មានលំដាប់ \(m \times n\) កំណត់សរសេរដូចខាងក្រោម ៖

\[A_{m \times n} = \begin{bmatrix} a_{11} & a_{12} & a_{13} & \cdots & a_{1n}\\ a_{21} & a_{22} & a_{23} & \cdots & a_{2n}\\ a_{31} & a_{32} & a_{33} & \cdots & a_{3n}\\ \vdots & \vdots & \vdots & & \vdots\\ a_{m1} & a_{m2} & a_{m3} & \cdots & a_{mn} \end{bmatrix}\]

មានន័យថា ម៉ាទ្រីស \(A\) មាន \(m\) ជួរដេកនិងមាន \(n\) ជួរឈរ ។ \(a_{11}\) សម្គាល់ធាតុនៃម៉ាទ្រីស \(A\) ស្ថិតនៅជួរដេកទី \(1\) និងជួរឈរទី \(1\) ។ \(a_{12}\) សម្គាល់ធាតុនៃម៉ាទ្រីស \(A\) ស្ថិតនៅជួរដេកទី \(1\) និងជួរឈរទី \(2\) ។ \(a_{13}\) សម្គាល់ធាតុនៃម៉ាទ្រីស \(A\) ស្ថិតនៅជួរដេកទី \(1\) និងជួរឈរទី \(3\) …។

ឧទាហរណ៍

គេមានម៉ាទ្រីស \(A = \begin{bmatrix} 3 & -1 & 2 & 4\\ 1 & 0 & 5 & -6\\ -1 & 2 & -3 & 7 \end{bmatrix}\) មាន \(3\) ជួរដេក និង \(4\) ជួរឈរ គេថាម៉ាទ្រីស \(A\) មានលំដាប់ \(3 \times 4\) ។

\(B = \begin{bmatrix} -4 & 5 & 1 & -2 & 5 \end{bmatrix}\) មាន \(1\) ជួរដេក និង \(5\) ជួរឈរ គេថាម៉ាទ្រីស \(B\) មានលំដាប់ \(1 \times 5\) ហៅថា ម៉ាទ្រីសជួរដេក ។

\(C = \begin{bmatrix} 2\\ 3\\ -8 \end{bmatrix}\) មាន \(3\) ជួរដេកនិង \(1\) ជួរឈរ គេថាម៉ាទ្រីស \(C\) មានលំដាប់ \(3 \times 1\) ហៅថាម៉ាទ្រីសជួរឈរ ។

លំហាត់គំរូ ១

អ្នកគ្រប់គ្រងសាលារៀនបានកត់ត្រាចំនួនសិស្សប្រុសនិងសិស្សស្រីដែលបានរៀនភាសាអង់គ្លេសតាម \(4\) កម្រិតផ្សេងគ្នា ។ កម្រិត \(1\) មានសិស្សប្រុស \(105\) នាក់ ស្រី \(63\) នាក់ កម្រិត \(2\) មានប្រុស \(132\) នាក់ ស្រី \(89\) នាក់ កម្រិត \(3\) មានប្រុស \(98\) នាក់ ស្រី \(102\) នាក់ កម្រិត \(4\) មានប្រុស \(92\) នាក់ ស្រី \(90\) នាក់ ។ បង្ហាញព័ត៌មាននេះជាម៉ាទ្រីសនិងប្រាប់លំដាប់ម៉ាទ្រីស ។

ដំណោះស្រាយ

គេអាចបង្ហាញព័ត៌មាននេះជាម៉ាទ្រីសបាន \(2\) របៀបគឺ (ជួរដេក ៖ សិស្សប្រុស សិស្សស្រី ; ជួរឈរ ៖ កម្រិត \(1\)–\(4\))

\[\begin{gathered} \begin{bmatrix} 105 & 132 & 98 & 92\\ 63 & 89 & 102 & 90 \end{bmatrix} \ \text{មានលំដាប់ } 2 \times 4\\ \begin{bmatrix} 105 & 63\\ 132 & 89\\ 98 & 102\\ 92 & 90 \end{bmatrix} \ \text{មានលំដាប់ } 4 \times 2 \end{gathered}\]

ប្រតិបត្តិ

ក្នុងការធ្វើតេស្តគណិតវិទ្យាមានសិស្ស \(10\) នាក់បានពិន្ទុល្អ \(20\) នាក់បានពិន្ទុមធ្យម និង \(12\) បានពិន្ទុខ្សោយ ។ បង្ហាញព័ត៌មាននេះជាម៉ាទ្រីសនិងប្រាប់លំដាប់នៃម៉ាទ្រីសនេះ ។

មើលចម្លើយ

\(\begin{bmatrix} 10 & 20 & 12 \end{bmatrix}\) លំដាប់ \(1 \times 3\),  \(\begin{bmatrix} 10\\ 20\\ 12 \end{bmatrix}\) លំដាប់ \(3 \times 1\) ។

ប្រភេទនៃម៉ាទ្រីស

ម៉ាទ្រីសសូន្យ ៖ ម៉ាទ្រីសដែលមានធាតុទាំងអស់ស្មើនឹងសូន្យ នោះហៅថា ម៉ាទ្រីសសូន្យតាងដោយ \(O\) ។

\[\begin{gathered} O = \begin{bmatrix} 0 & 0\\ 0 & 0 \end{bmatrix} \ (2 \times 2),\\ O = \begin{bmatrix} 0 & 0 \end{bmatrix} \ (1 \times 2),\\ O = \begin{bmatrix} 0\\ 0\\ 0 \end{bmatrix} \ (3 \times 1),\\ O = \begin{bmatrix} 0 & 0 & 0 & 0 & 0\\ 0 & 0 & 0 & 0 & 0\\ 0 & 0 & 0 & 0 & 0 \end{bmatrix} \ (3 \times 5) \end{gathered}\]

ម៉ាទ្រីសការេ ៖

ឧទាហរណ៍

គេមានម៉ាទ្រីស \(A = \begin{bmatrix} 1 & -3\\ 5 & 7 \end{bmatrix}\) មាន \(2\) ជួរដេក និង \(2\) ជួរឈរ គេថាម៉ាទ្រីស \(A\) ជាម៉ាទ្រីសការេលំដាប់ \(2\) ។ \(B = \begin{bmatrix} 5 & 10 & -9\\ -7 & 0 & 2\\ 3 & -8 & 13 \end{bmatrix}\) មាន \(3\) ជួរដេកនិង \(3\) ជួរឈរ គេថាម៉ាទ្រីស \(B\) ជាម៉ាទ្រីសការេលំដាប់ \(3\) ។

ជាទូទៅ

ម៉ាទ្រីសការេ ជាម៉ាទ្រីសមានចំនួនជួរដេកស្មើនឹងចំនួនជួរឈរ ដោយ

\[A_{n \times n} = \begin{bmatrix} a_{11} & a_{12} & \cdots & a_{1n}\\ a_{21} & a_{22} & \cdots & a_{2n}\\ \vdots & \vdots & \ddots & \vdots\\ a_{n1} & a_{n2} & \cdots & a_{nn} \end{bmatrix}\]
ហៅថាម៉ាទ្រីសការេលំដាប់ \(n\) ដែល \(a_{11}, a_{22}, a_{33}, \ldots, a_{nn}\) ជាធាតុនៅលើអង្កត់ទ្រូងពិសេស ។

ម៉ាទ្រីសឯកតា ៖ ម៉ាទ្រីសការេដែលធាតុនៅលើអង្កត់ទ្រូងពិសេស \(a_{11} = a_{22} = a_{33} = \ldots = a_{nn} = 1\) ហើយធាតុផ្សេងទៀតស្មើនឹងសូន្យ ហៅថាម៉ាទ្រីសឯកតាតាងដោយ \(I\) ដែល

\[I = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix}, \quad{} I = \begin{bmatrix} 1 & 0 & 0\\ 0 & 1 & 0\\ 0 & 0 & 1 \end{bmatrix}, \quad{} I = \begin{bmatrix} 1 & 0 & 0 & 0\\ 0 & 1 & 0 & 0\\ 0 & 0 & 1 & 0\\ 0 & 0 & 0 & 1 \end{bmatrix} \text{ ។}\]

ប្រតិបត្តិ
  1. សរសេរម៉ាទ្រីសការេ \(4 \times 4\) ។

  2. ម៉ាទ្រីសសូន្យ \(2 \times 3\) និងម៉ាទ្រីសសូន្យ \(1 \times 2\) ។

មើលចម្លើយ
  1. ឧទាហរណ៍ \(\begin{bmatrix} 1 & 5 & 3 & 4\\ 2 & 3 & 7 & 3\\ 5 & 6 & 8 & 2\\ 3 & 4 & 2 & 1 \end{bmatrix}\)

  2. \(\begin{bmatrix} 0 & 0 & 0\\ 0 & 0 & 0 \end{bmatrix}\),  \(\begin{bmatrix} 0 & 0 \end{bmatrix}\) ។

ប្រមាណវិធីលើម៉ាទ្រីស

ម៉ាទ្រីសស្មើគ្នា

ឧទាហរណ៍

គេមានម៉ាទ្រីស \(A = \begin{bmatrix} 3 & 23 & 0\\ 12 & -5 & 6 \end{bmatrix}\), \(B = \begin{bmatrix} b_{11} & b_{12} & b_{13}\\ b_{21} & b_{22} & b_{23} \end{bmatrix}\) មានលំដាប់ \(2 \times 3\) ដូចគ្នា ។ បើ \(b_{11} = 3\), \(b_{12} = 23\), \(b_{13} = 0\), \(b_{21} = 12\), \(b_{22} = -5\), \(b_{23} = 6\) នោះគេថាម៉ាទ្រីស \(A\) ស្មើនឹង \(B\) ។ គេសរសេរ \(A = B\) ។

ជាទូទៅ

ម៉ាទ្រីសពីរស្មើគ្នា កាលណាម៉ាទ្រីសទាំងពីរមានលំដាប់ដូចគ្នានិងមានធាតុត្រូវគ្នាស្មើរៀងគ្នា ។

លំហាត់គំរូ ២

រកតម្លៃ \(a, b, c, n\) និង \(m\) ដើម្បីឱ្យម៉ាទ្រីស \(M = N\)

\[M = \begin{bmatrix} c & 23 & 0 & 9\\ 12 & -5 & n & 4\\ a & 18 & 2 & 32 \end{bmatrix}, \qquad{} N = \begin{bmatrix} 2 & 23 & m & 9\\ 12 & b & 6 & 4\\ 15 & 18 & 2 & 32 \end{bmatrix} \text{ ។}\]

ដំណោះស្រាយ

ម៉ាទ្រីស \(M = N\) កាលណា \(c = 2\), \(m = 0\), \(b = -5\), \(n = 6\) និង \(a = 15\) ។

លំហាត់គំរូ ៣

តើគូនីមួយៗនៃម៉ាទ្រីសខាងក្រោមនេះអាចស្មើគ្នាឬទេ? បើស្មើគ្នាតើស្មើក្នុងករណីណា? ហើយបើមិនស្មើគ្នាព្រោះអ្វី?

  1. \(\begin{bmatrix} a & 0\\ 12 & d \end{bmatrix}\) និង \(\begin{bmatrix} 5 & b\\ 12 & -3 \end{bmatrix}\)

  2. \(\begin{bmatrix} 3 & -5 & 6\\ 14 & 8 & -2 \end{bmatrix}\) និង \(\begin{bmatrix} 3 & -5 & 6\\ 41 & 8 & -2 \end{bmatrix}\)

  3. \(\begin{bmatrix} 2 & -1 & 4 \end{bmatrix}\) និង \(\begin{bmatrix} 2\\ -1\\ 4 \end{bmatrix}\) ។

ដំណោះស្រាយ
  1. \(\begin{bmatrix} a & 0\\ 12 & d \end{bmatrix} = \begin{bmatrix} 5 & b\\ 12 & -3 \end{bmatrix}\) បើ \(a = 5\), \(b = 0\), \(d = -3\) ។

  2. \(\begin{bmatrix} 3 & -5 & 6\\ 14 & 8 & -2 \end{bmatrix} \ne \begin{bmatrix} 3 & -5 & 6\\ 41 & 8 & -2 \end{bmatrix}\) ព្រោះធាតុនៅជួរដេកទី \(2\) និងជួរឈរទី \(1\) នៃម៉ាទ្រីសទាំងពីរខុសគ្នា ។

  3. \(\begin{bmatrix} 2 & -1 & 4 \end{bmatrix} \ne \begin{bmatrix} 2\\ -1\\ 4 \end{bmatrix}\) ព្រោះមានលំដាប់ខុសគ្នា ។

ប្រតិបត្តិ
  1. រកតម្លៃ \(a, b, c\) និង \(d\) បើ \(\begin{bmatrix} a & 2b\\ c & 6 \end{bmatrix} = \begin{bmatrix} -2d & d\\ 4 & 3a \end{bmatrix}\) ។

  2. រកតម្លៃអថេរចំពោះសមភាពនីមួយៗខាងក្រោម ៖

    1. \(\begin{bmatrix} -2 & 3\\ a & 4 \end{bmatrix} = \begin{bmatrix} b & 3\\ 5 & c \end{bmatrix}\)

    2. \(\begin{bmatrix} a & 5 & 2\\ 3 & 9 & 2 \end{bmatrix} = \begin{bmatrix} 0 & c & -1\\ d & 9 & 2 \end{bmatrix}\)

    3. \(\begin{bmatrix} a\\ c\\ b \end{bmatrix} = \begin{bmatrix} 30\\ 60\\ 50 \end{bmatrix}\)

    4. \(\begin{bmatrix} x & y\\ 9 & -2\\ 3 & 4 \end{bmatrix} = \begin{bmatrix} 5 & -8\\ c & -2\\ 3 & d \end{bmatrix}\) ។

មើលចម្លើយ
  1. \(a = 2\), \(b = -\dfrac{1}{2}\), \(c = 4\), \(d = -1\) ។

  2. ក. \(a = 5\), \(b = -2\), \(c = 4\) ខ. គ្មានចម្លើយ (ព្រោះ \(2 \ne -1\)) ; បើមិនគិតធាតុនោះ \(a = 0\), \(c = 5\), \(d = 3\) គ. \(a = 30\), \(b = 50\), \(c = 60\) ឃ. \(x = 5\), \(y = -8\), \(c = 9\), \(d = 4\) ។

វិធីបូកនិងវិធីដកនៃម៉ាទ្រីស

វិធីបូកនៃម៉ាទ្រីស

ឧទាហរណ៍ ១

តារាងនីមួយៗបង្ហាញពីចំនួនផលិតផល \(3\) ប្រភេទ \(M, N\) និង \(S\) ដែលផលិតដោយម៉ាស៊ីនពីរនៅខែកុម្ភៈនិងខែមីនា ។

\[\begin{array}{|l|c|c|c|}\hline \text{ខែកុម្ភៈ} & M & N & S\\ \hline \text{ម៉ាស៊ីនទី } 1 & 30 & 20 & 25\\ \hline \text{ម៉ាស៊ីនទី } 2 & 35 & 25 & 23\\ \hline \end{array} \qquad{} \begin{array}{|l|c|c|c|}\hline \text{ខែមីនា} & M & N & S\\ \hline \text{ម៉ាស៊ីនទី } 1 & 35 & 28 & 20\\ \hline \text{ម៉ាស៊ីនទី } 2 & 40 & 21 & 30\\ \hline \end{array}\]
គេបានម៉ាទ្រីសតំណាងផលិតផលនៅខែកុម្ភៈនិងខែមីនា \(A = \begin{bmatrix} 30 & 20 & 25\\ 35 & 25 & 23 \end{bmatrix}\), \(B = \begin{bmatrix} 35 & 28 & 20\\ 40 & 21 & 30 \end{bmatrix}\) ។

ចំនួនផលិតផលសរុបទាំងពីរខែចំពោះ ម៉ាស៊ីនទី \(1\) ៖ \(M = 30 + 35 = 65\), \(N = 20 + 28 = 48\), \(S = 25 + 20 = 45\) ; ម៉ាស៊ីនទី \(2\) ៖ \(M = 35 + 40 = 75\), \(N = 25 + 21 = 46\), \(S = 23 + 30 = 53\) ។

ម៉ាទ្រីសតំណាងផលិតផលសរុបទាំងពីរខែគឺ

\[C = \begin{bmatrix} 30 + 35 & 20 + 28 & 25 + 20\\ 35 + 40 & 25 + 21 & 23 + 30 \end{bmatrix} = \begin{bmatrix} 65 & 48 & 45\\ 75 & 46 & 53 \end{bmatrix} \text{ ។}\]
គេឃើញថាម៉ាទ្រីស \(C\) ជាផលបូកនៃម៉ាទ្រីស \(A\) និង \(B\) ។ គេសរសេរ \(A + B = C\) ហើយម៉ាទ្រីស \(A, B\) និង \(C\) មានលំដាប់ដូចគ្នា ។

ជាទូទៅ

ម៉ាទ្រីសពីរអាចបូកគ្នាបានលុះត្រាតែម៉ាទ្រីសទាំងពីរនោះមានលំដាប់ដូចគ្នា ហើយគេបូកធាតុត្រូវគ្នារៀងគ្នា ។

លក្ខណៈនៃវិធីបូកម៉ាទ្រីស

ឧទាហរណ៍ ២

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 2 & -3 & 4\\ 1 & 0 & -1 \end{bmatrix}\), \(B = \begin{bmatrix} 3 & 9 & 0\\ 4 & -1 & 8 \end{bmatrix}\), \(C = \begin{bmatrix} 4 & 2\\ 1 & 3 \end{bmatrix}\), \(D = \begin{bmatrix} 1 & 6\\ 7 & 12 \end{bmatrix}\) និង \(E = \begin{bmatrix} 1 & -2\\ -2 & 3 \end{bmatrix}\) ។ គេបាន

\[A + B = \begin{bmatrix} 5 & 6 & 4\\ 5 & -1 & 7 \end{bmatrix} = B + A\]
ដូច្នេះ \(A + B = B + A\) (វិធីបូកម៉ាទ្រីសមានលក្ខណៈត្រឡប់) ។
\[\begin{gathered} (C + D) + E = \begin{bmatrix} 5 & 8\\ 8 & 15 \end{bmatrix} + \begin{bmatrix} 1 & -2\\ -2 & 3 \end{bmatrix} = \begin{bmatrix} 6 & 6\\ 6 & 18 \end{bmatrix},\\ C + (D + E) = \begin{bmatrix} 4 & 2\\ 1 & 3 \end{bmatrix} + \begin{bmatrix} 2 & 4\\ 5 & 15 \end{bmatrix} = \begin{bmatrix} 6 & 6\\ 6 & 18 \end{bmatrix} \end{gathered}\]
ដូច្នេះ \((C + D) + E = C + (D + E)\) (វិធីបូកម៉ាទ្រីសមានលក្ខណៈផ្តុំ) ។
\[A + O = \begin{bmatrix} 2 & -3 & 4\\ 1 & 0 & -1 \end{bmatrix} + \begin{bmatrix} 0 & 0 & 0\\ 0 & 0 & 0 \end{bmatrix} = \begin{bmatrix} 2 & -3 & 4\\ 1 & 0 & -1 \end{bmatrix} = O + A\]
ដូច្នេះ \(A + O = O + A = A\) (ម៉ាទ្រីសសូន្យជាម៉ាទ្រីសណឺតចំពោះវិធីបូក) ។

លក្ខណៈ
  1. \(A + B = B + A\) (លក្ខណៈត្រលប់)

  2. \((C + D) + E = C + (D + E)\) (លក្ខណៈផ្តុំ)

  3. \(A + O = O + A = A\) (លក្ខណៈណឺត) ។

វិធីដកនៃម៉ាទ្រីស

ឧទាហរណ៍ ៣

តារាងនេះបង្ហាញពីផលិតផល \(3\) ប្រភេទដែលត្រូវនាំចូលនិងលក់ចេញរបស់សាខា \(2\) ក្នុងក្រុមហ៊ុនមួយ ។

\[\begin{array}{|l|c|c|c|}\hline \text{នាំចូល} & \text{ម៉ាញ៉េ} & \text{ទូរទស្សន៍} & \text{ទូរទឹកកក}\\ \hline \text{សាខាទី } 1 & 1000 & 500 & 100\\ \hline \text{សាខាទី } 2 & 600 & 300 & 200\\ \hline \end{array}\]
\[\begin{array}{|l|c|c|c|}\hline \text{លក់ចេញ} & \text{ម៉ាញ៉េ} & \text{ទូរទស្សន៍} & \text{ទូរទឹកកក}\\ \hline \text{សាខាទី } 1 & 850 & 450 & 80\\ \hline \text{សាខាទី } 2 & 480 & 280 & 150\\ \hline \end{array}\]
ម៉ាទ្រីសតំណាងផលិតផលនាំចូលគឺ \(A = \begin{bmatrix} 1000 & 500 & 100\\ 600 & 300 & 200 \end{bmatrix}\) ។ ម៉ាទ្រីសតំណាងផលិតផលលក់ចេញគឺ \(B = \begin{bmatrix} 850 & 450 & 80\\ 480 & 280 & 150 \end{bmatrix}\) ។

ផលិតផលដែលនៅសល់ក្រោយពីបានលក់ចេញគឺ ៖ សាខាទី \(1\) ៖ ម៉ាញ៉េ \(1000 - 850 = 150\), ទូរទស្សន៍ \(500 - 450 = 50\), ទូរទឹកកក \(100 - 80 = 20\) ; សាខាទី \(2\) ៖ ម៉ាញ៉េ \(600 - 480 = 120\), ទូរទស្សន៍ \(300 - 280 = 20\), ទូរទឹកកក \(200 - 150 = 50\) ។

ម៉ាទ្រីសតំណាងផលិតផលដែលនៅសល់ក្នុងសាខាទាំងពីរគឺ

\[\begin{aligned} C &= \begin{bmatrix} 1000 - 850 & 500 - 450 & 100 - 80\\ 600 - 480 & 300 - 280 & 200 - 150 \end{bmatrix}\\ &= \begin{bmatrix} 150 & 50 & 20\\ 120 & 20 & 50 \end{bmatrix} \end{aligned}\]
គេសរសេរ \(A - B = C\) ដែលម៉ាទ្រីស \(A\), \(B\) និង \(C\) មានលំដាប់ដូចគ្នា ។

ជាទូទៅ

ម៉ាទ្រីសពីរដកគ្នាបាន លុះត្រាតែម៉ាទ្រីសទាំងពីរមានលំដាប់ដូចគ្នា ហើយគេដកធាតុត្រូវគ្នារៀងគ្នា ។

លំហាត់គំរូ ៤

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 4 & 2 & 6\\ 1 & 3 & 7 \end{bmatrix}\), \(B = \begin{bmatrix} 3 & 9 & 0\\ 4 & -1 & -8 \end{bmatrix}\) និង \(C = \begin{bmatrix} -1 & 0\\ 5 & 2 \end{bmatrix}\) ។ គណនាប្រមាណវិធីលើម៉ាទ្រីសខាងក្រោមបើអាច ក. \(A - B\) ខ. \(B - C\) គ. គណនាម៉ាទ្រីស \(X\) បើ \(A + X = B\) ។

ដំណោះស្រាយ
  1. \(A - B = \begin{bmatrix} 4 & 2 & 6\\ 1 & 3 & 7 \end{bmatrix} - \begin{bmatrix} 3 & 9 & 0\\ 4 & -1 & -8 \end{bmatrix} = \begin{bmatrix} 1 & -7 & 6\\ -3 & 4 & 15 \end{bmatrix}\)

  2. \(B - C\) មិនអាចធ្វើបាន ព្រោះ \(B\) និង \(C\) មានលំដាប់ខុសគ្នា

  3. \(A + X = B\), \(A + X - A = B - A\) ឬ \(X + O = B - A\) ។ គេបាន \(X = B - A = \begin{bmatrix} -1 & 7 & -6\\ 3 & -4 & -15 \end{bmatrix}\) ។

ប្រតិបត្តិ

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} -1 & 4\\ 2 & 3\\ 9 & 5 \end{bmatrix}\), \(B = \begin{bmatrix} 2 & 1\\ -3 & 7\\ 10 & 6 \end{bmatrix}\), \(C = \begin{bmatrix} 3 & -2\\ 7 & -4 \end{bmatrix}\), \(D = \begin{bmatrix} 1 & 5\\ -13 & 4 \end{bmatrix}\) ។ គណនា ក. \(A + B\)  ខ. \(B - A\)  គ. \(B + D\)  ឃ. \(C + D\)  ង. \(A - B\) ។

មើលចម្លើយ

ក. \(\begin{bmatrix} 1 & 5\\ -1 & 10\\ 19 & 11 \end{bmatrix}\) ខ. \(\begin{bmatrix} 3 & -3\\ -5 & 4\\ 1 & 1 \end{bmatrix}\) គ. មិនអាចគណនាបាន ឃ. \(\begin{bmatrix} 4 & 3\\ -6 & 0 \end{bmatrix}\) ង. \(\begin{bmatrix} -3 & 3\\ 5 & -4\\ -1 & -1 \end{bmatrix}\) ។

ផលគុណមួយចំនួនពិតនឹងម៉ាទ្រីស

ឧទាហរណ៍ ១

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 2 & 3\\ 1 & -5 \end{bmatrix}\) ។ គេបាន

\[\begin{aligned} A + A &= 2A = \begin{bmatrix} 2 & 3\\ 1 & -5 \end{bmatrix} + \begin{bmatrix} 2 & 3\\ 1 & -5 \end{bmatrix} = \begin{bmatrix} 4 & 6\\ 2 & -10 \end{bmatrix}\\ &= \begin{bmatrix} 2 \times 2 & 2 \times 3\\ 2 \times 1 & 2(-5) \end{bmatrix} \text{ ។} \end{aligned}\]
ដូចគ្នាដែលគេបាន \(3A = A + A + A = \begin{bmatrix} 6 & 9\\ 3 & -15 \end{bmatrix} = \begin{bmatrix} 3 \times 2 & 3 \times 3\\ 3 \times 1 & 3(-5) \end{bmatrix}\) ។

បើ \(k\) ជាចំនួនពិតនោះ \(kA = k\begin{bmatrix} 2 & 3\\ 1 & -5 \end{bmatrix} = \begin{bmatrix} 2k & 3k\\ k & -5k \end{bmatrix}\) ។

ជាទូទៅ

បើគេមានចំនួនពិត \(k\) និងម៉ាទ្រីស \(A\) នោះម៉ាទ្រីស \(Ak\) បានដោយគុណធាតុនីមួយៗនៃម៉ាទ្រីស \(A\) នឹងចំនួនពិត \(k\) ។ បើ \(A = \begin{bmatrix} a & b\\ c & d \end{bmatrix}\) នោះ

\[kA = Ak = k\begin{bmatrix} a & b\\ c & d \end{bmatrix} = \begin{bmatrix} a & b\\ c & d \end{bmatrix}k = \begin{bmatrix} ka & kb\\ kc & kd \end{bmatrix} \text{ ។}\]

ឧទាហរណ៍ ២

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 4 & 1\\ 2 & -3 \end{bmatrix}\) និង \(B = \begin{bmatrix} 2 & -1\\ 1 & 4 \end{bmatrix}\), \(k\) និង \(h\) ជាចំនួនពិត ។ គេបាន

  1. \(k(A + B) = k\left\{\begin{bmatrix} 4 & 1\\ 2 & -3 \end{bmatrix} + \begin{bmatrix} 2 & -1\\ 1 & 4 \end{bmatrix}\right\} = k\begin{bmatrix} 6 & 0\\ 3 & 1 \end{bmatrix} = \begin{bmatrix} 6k & 0\\ 3k & k \end{bmatrix}\)

  2. \(kA + kB = \begin{bmatrix} 4k & k\\ 2k & -3k \end{bmatrix} + \begin{bmatrix} 2k & -k\\ k & 4k \end{bmatrix} = \begin{bmatrix} 6k & 0\\ 3k & k \end{bmatrix}\)

  3. \((kh)A = kh\begin{bmatrix} 4 & 1\\ 2 & -3 \end{bmatrix} = \begin{bmatrix} 4kh & kh\\ 2kh & -3kh \end{bmatrix}\)

  4. \(k(hA) = k\begin{bmatrix} 4h & h\\ 2h & -3h \end{bmatrix} = \begin{bmatrix} 4kh & kh\\ 2kh & -3kh \end{bmatrix}\) ។

ជាទូទៅ

គេបាន 1. \(k(A + B) = kA + kB\) 2. \((kh)A = k(hA)\) ។

លំហាត់គំរូ ៥

ម៉ាទ្រីស \(A\) បង្ហាញពីប្រាក់កម្រៃប្រចាំថ្ងៃរបស់កម្មករនិងកម្មករជំនាញធ្វើការនៅការដ្ឋានទី \(1\) និងការដ្ឋានទី \(2\) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ។ ម៉ាទ្រីស \(B\) ជាប្រាក់កម្រៃប្រចាំថ្ងៃរបស់ពួកគេសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ (គិតជារៀល) ។ (ជួរឈរ ៖ កម្មករ, កម្មករជំនាញ ; ជួរដេក ៖ ការដ្ឋានទី \(1\), ទី \(2\))

\[A = \begin{bmatrix} 7000 & 13000\\ 8000 & 14000 \end{bmatrix}, \qquad{} B = \begin{bmatrix} 8000 & 14000\\ 9000 & 15500 \end{bmatrix}\]
គណនាម៉ាទ្រីស \(5A + 2B\) ។ តើម៉ាទ្រីស \(5A + 2B\) បង្ហាញពីព័ត៌មានអ្វី?

ដំណោះស្រាយ

\[\begin{aligned} 5A + 2B &= \begin{bmatrix} 35000 & 65000\\ 40000 & 70000 \end{bmatrix} + \begin{bmatrix} 16000 & 28000\\ 18000 & 31000 \end{bmatrix}\\ &= \begin{bmatrix} 51000 & 93000\\ 58000 & 101000 \end{bmatrix} \text{ ។} \end{aligned}\]
ម៉ាទ្រីសនេះបង្ហាញពីប្រាក់កម្រៃក្នុង \(1\) អាទិត្យរបស់កម្មករ និងកម្មករជំនាញធ្វើការនៅការដ្ឋានទី \(1\) និងការដ្ឋានទី \(2\) ។

ប្រតិបត្តិ

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 3 & 21\\ 16 & -4\\ 3 & 8 \end{bmatrix}\), \(B = \begin{bmatrix} 9 & -24\\ -9 & 14\\ -7 & 9 \end{bmatrix}\), \(C = \begin{bmatrix} 4 & 9\\ 3 & 10 \end{bmatrix}\) និង \(D = \begin{bmatrix} 5 & 5\\ -13 & 5 \end{bmatrix}\) ។ រកម៉ាទ្រីសខាងក្រោម ៖

  1. \(3A + B\)

  2. \(B - A + C\)

  3. \(2C + 5C - 4D\)

  4. \(-A + 3(B - A)\)

  5. \(2(3C) - 7D\)

  6. \(-A + 2(D + C)\) ។

មើលចម្លើយ

ក. \(\begin{bmatrix} 18 & 39\\ 39 & 2\\ 2 & 33 \end{bmatrix}\) ខ. មិនអាចគណនាបាន ព្រោះមានលំដាប់ខុសគ្នា គ. \(\begin{bmatrix} 8 & 43\\ 73 & 50 \end{bmatrix}\) ឃ. \(\begin{bmatrix} 15 & -156\\ -91 & 58\\ -33 & -5 \end{bmatrix}\) ង. \(\begin{bmatrix} -11 & 19\\ 109 & 25 \end{bmatrix}\) ច. មិនអាចគណនាបាន ។

វិធីគុណនៃពីរម៉ាទ្រីស

ឧទាហរណ៍ ១

សុខត្រូវការទិញសៀវភៅ \(18\) ក្បាល ប៊ិក \(12\) ដើម និងខ្មៅដៃ \(11\) ដើម ។ សៅត្រូវការទិញសៀវភៅ \(16\) ក្បាល ប៊ិក \(20\) ដើម និងខ្មៅដៃ \(10\) ដើម ។ គេដឹងថាតូបទី \(1\) លក់សៀវភៅមួយក្បាលថ្លៃ \(7\) រយរៀល ប៊ិកមួយដើមថ្លៃ \(4\) រយរៀល និងខ្មៅដៃមួយដើមថ្លៃ \(2\) រយរៀល រីឯតូបទី \(2\) លក់សៀវភៅមួយថ្លៃ \(6\) រយរៀល ប៊ិកមួយដើមថ្លៃ \(5\) រយរៀលនិងខ្មៅដៃមួយដើមថ្លៃ \(2\) រយរៀល ។ គេចង់ដឹងថ្លៃទិញរបស់ម្នាក់ៗក្នុងករណីដែលគេទិញនៅតូបទី \(1\) ឬនៅតូបទី \(2\) ។

ថ្លៃទិញរបស់សុខ ៖ នៅតូបទី \(1 = 18(7) + 12(4) + 11(2) = 196\),  នៅតូបទី \(2 = 18(6) + 12(5) + 11(2) = 190\) ។

ថ្លៃទិញរបស់សៅ ៖ នៅតូបទី \(1 = 16(7) + 20(4) + 10(2) = 212\),  នៅតូបទី \(2 = 16(6) + 20(5) + 10(2) = 216\) ។

ដើម្បីងាយសិក្សា គេអាចបកស្រាយទិន្នន័យនេះជាម៉ាទ្រីស ៖ ម៉ាទ្រីសទំនិញ (ជួរដេក ៖ សុខ, សៅ ; ជួរឈរ ៖ សៀវភៅ ប៊ិក ខ្មៅដៃ) និងម៉ាទ្រីសតម្លៃឯកតា (ជួរដេក ៖ ស ប ខ ; ជួរឈរ ៖ តូបទី \(1\), តូបទី \(2\)) ។ ដោយថ្លៃទិញជាផលគុណនៃបរិមាណទំនិញ និងតម្លៃទំនិញក្នុង \(1\) ឯកតា នោះម៉ាទ្រីសថ្លៃទិញជាផលគុណនៃម៉ាទ្រីសទំនិញនិងម៉ាទ្រីសតម្លៃក្នុង \(1\) ឯកតា ។ គេសរសេរ ៖

\[\begin{aligned} &\begin{bmatrix} 18 & 12 & 11\\ 16 & 20 & 10 \end{bmatrix} \times \begin{bmatrix} 7 & 6\\ 4 & 5\\ 2 & 2 \end{bmatrix}\\ &= \begin{bmatrix} 18(7) + 12(4) + 11(2) & 18(6) + 12(5) + 11(2)\\ 16(7) + 20(4) + 10(2) & 16(6) + 20(5) + 10(2) \end{bmatrix} \end{aligned}\]
បើគេតាង \(A\) ជាម៉ាទ្រីសទំនិញ \(B\) ជាម៉ាទ្រីសតម្លៃក្នុង \(1\) ឯកតា និង \(P\) ជាម៉ាទ្រីសថ្លៃទំនិញនោះគេបាន \(A \times B = P\) ។

សង្កេត

\(18(7) + 12(4) + 11(2)\) ជាធាតុទី \(1\) នៃម៉ាទ្រីសផលគុណ ទីតាំងឋិតនៅត្រង់ជួរដេកទី \(1\) និងជួរឈរទី \(1\) ។ ធាតុនេះជាផលបូករបស់ផលគុណតួនៃជួរដេកទី \(1\) (នៃម៉ាទ្រីសទី \(1\)) និងជួរឈរទី \(1\) (នៃម៉ាទ្រីសទី \(2\)) ។ តាមលំនាំនេះ គេមានវិធានក្នុងការគណនាផលគុណនៃពីរម៉ាទ្រីស ៖ ធាតុនៅជួរដេកទី \(i\) និងជួរឈរទី \(j\) នៃផលគុណ គឺជាផលបូកនៃផលគុណធាតុនៃជួរដេកទី \(i\) នៃម៉ាទ្រីសទី \(1\) និងធាតុនៃជួរឈរទី \(j\) នៃម៉ាទ្រីសទី \(2\) ។

ដូច្នេះ បើម៉ាទ្រីស \(A\) មានលំដាប់ \(2 \times 3\), \(B\) មានលំដាប់ \(3 \times 2\) នោះលំដាប់នៃផលគុណម៉ាទ្រីសគឺ \(2 \times 2\) ៖

\[\begin{gathered} \underset{2 \times 3}{A} \times \underset{3 \times 2}{B} = \underset{2 \times 2}{P}\\ (\text{ចំនួនជួរឈររបស់ } A = \text{ចំនួនជួរដេករបស់ } B) \end{gathered}\]

ជាទូទៅ

គេអាចគុណម៉ាទ្រីសនឹងម៉ាទ្រីសបាន កាលណាចំនួនជួរឈរនៃម៉ាទ្រីសទី \(1\) ស្មើនឹងចំនួនជួរដេកនៃម៉ាទ្រីសទី \(2\) ៖ \(\underset{m \times n}{A} \times \underset{n \times c}{B} = \underset{m \times c}{P}\) ។

លំហាត់គំរូ ៦

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} -1 & 2\\ 3 & -6 \end{bmatrix}\), \(B = \begin{bmatrix} 2 & 1\\ -3 & 7 \end{bmatrix}\), \(C = \begin{bmatrix} 3 & -2 & 1\\ 2 & 4 & -6 \end{bmatrix}\), \(D = \begin{bmatrix} 4 & 2\\ 2 & 1 \end{bmatrix}\) និងម៉ាទ្រីស \(I = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix}\) ។ គណនាម៉ាទ្រីស ក. \(AB\), \(BA\)  ខ. \((AB)C\), \(A(BC)\)  គ. \((A + B)C\), \(AC + BC\)  ឃ. \(AI\), \(IA\) រួចប្រៀបធៀបគូនីមួយៗ ។

ដំណោះស្រាយ
  1. \(AB = \begin{bmatrix} -1 & 2\\ 3 & -6 \end{bmatrix}\begin{bmatrix} 2 & 1\\ -3 & 7 \end{bmatrix} = \begin{bmatrix} -8 & 13\\ 24 & -39 \end{bmatrix}\),  \(BA = \begin{bmatrix} 2 & 1\\ -3 & 7 \end{bmatrix}\begin{bmatrix} -1 & 2\\ 3 & -6 \end{bmatrix} = \begin{bmatrix} 1 & -2\\ 24 & -48 \end{bmatrix}\) ។

    ដូច្នេះ \(AB \ne BA\) (វិធីគុណម៉ាទ្រីសគ្មានលក្ខណៈត្រឡប់ទេ) ។

  2. \((AB)C = \begin{bmatrix} -8 & 13\\ 24 & -39 \end{bmatrix}\begin{bmatrix} 3 & -2 & 1\\ 2 & 4 & -6 \end{bmatrix} = \begin{bmatrix} 2 & 68 & -86\\ -6 & -204 & 258 \end{bmatrix}\)

    \(A(BC) = \begin{bmatrix} -1 & 2\\ 3 & -6 \end{bmatrix}\begin{bmatrix} 8 & 0 & -4\\ 5 & 34 & -45 \end{bmatrix} = \begin{bmatrix} 2 & 68 & -86\\ -6 & -204 & 258 \end{bmatrix}\) ។

    ដូច្នេះ \((AB)C = A(BC)\) (វិធីគុណម៉ាទ្រីសមានលក្ខណៈផ្តុំ) ។

  3. \((A + B)C = \begin{bmatrix} 1 & 3\\ 0 & 1 \end{bmatrix}\begin{bmatrix} 3 & -2 & 1\\ 2 & 4 & -6 \end{bmatrix} = \begin{bmatrix} 9 & 10 & -17\\ 2 & 4 & -6 \end{bmatrix}\)

    \(AC + BC = \begin{bmatrix} 1 & 10 & -13\\ -3 & -30 & 39 \end{bmatrix} + \begin{bmatrix} 8 & 0 & -4\\ 5 & 34 & -45 \end{bmatrix} = \begin{bmatrix} 9 & 10 & -17\\ 2 & 4 & -6 \end{bmatrix}\) ។

    ដូច្នេះ \((A + B)C = AC + BC\) (វិធីគុណម៉ាទ្រីសមានលក្ខណៈបំបែកចំពោះវិធីបូក) ។

  4. \(AI = \begin{bmatrix} -1 & 2\\ 3 & -6 \end{bmatrix}\begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix} = \begin{bmatrix} -1 & 2\\ 3 & -6 \end{bmatrix} = A\),  \(IA = A\) ។

    ដូច្នេះ \(AI = IA = A\) (ម៉ាទ្រីសឯកតាជាម៉ាទ្រីសណឺតចំពោះវិធីគុណម៉ាទ្រីស) ។

លំហាត់គំរូ ៧

សុខមានរថយន្តធំ \(7\) មធ្យម \(2\) និងតូច \(4\) សៅមានរថយន្តធំ \(5\) មធ្យម \(6\) និងតូច \(3\) ។ រថយន្តរបស់អ្នកទាំងពីរបម្រើសេវាដឹកនាំភ្ញៀវទេសចរ ម្តងទៅប្រទេសថៃនិងម្តងទៀតទៅប្រទេសវៀតណាម ។ គេកំណត់តម្លៃដឹកទៅប្រទេសថៃ គឺក្នុងមួយលើក រថយន្តធំ \(900\$\) មធ្យម \(700\$\) និងតូច \(500\$\) រីឯប្រទេសវៀតណាម រថយន្តធំ \(600\$\) មធ្យម \(500\$\) និងតូច \(400\$\) ។ រកម៉ាទ្រីសដែលទាក់ទងទៅនឹងថ្លៃដឹកភ្ញៀវក្នុងមួយលើកសម្រាប់ប្រទេសនីមួយៗរបស់សុខនិងសៅ ។

ដំណោះស្រាយ

ម៉ាទ្រីសដែលទាក់ទងទៅនឹងចំនួនរថយន្តតាមប្រភេទរថយន្ត និងម្ចាស់រថយន្ត (ជួរដេក ៖ សុខ, សៅ ; ជួរឈរ ៖ ធំ មធ្យម តូច) គឺ \(\begin{bmatrix} 7 & 2 & 4\\ 5 & 6 & 3 \end{bmatrix}\) ។

គេបាន ម៉ាទ្រីសចំនួនរថយន្តតាមប្រភេទ \(\times\) ម៉ាទ្រីសតម្លៃដឹកតាមប្រភេទ \(=\) ម៉ាទ្រីសថ្លៃដឹក ៖

\[\begin{aligned} \begin{bmatrix} 7 & 2 & 4\\ 5 & 6 & 3 \end{bmatrix} \times \begin{bmatrix} 900 & 600\\ 700 & 500\\ 500 & 400 \end{bmatrix} &\\ &= \begin{bmatrix} 9700 & 6800\\ 10200 & 7200 \end{bmatrix} \ (\text{ជួរឈរ ៖ ថៃ, វៀតណាម}) \end{aligned}\]
គេអាចគណនាបានមួយបែបទៀត \(\begin{bmatrix} 900 & 700 & 500\\ 600 & 500 & 400 \end{bmatrix} \times \begin{bmatrix} 7 & 5\\ 2 & 6\\ 4 & 3 \end{bmatrix} = \begin{bmatrix} 9700 & 10200\\ 6800 & 7200 \end{bmatrix}\) ។

ម៉ាទ្រីសដែលបានគណនាទាំងពីរបែបនេះអាចឱ្យដឹងថា ថ្លៃដឹករបស់សុខសម្រាប់ប្រទេសថៃ \(9700\$\) និងប្រទេសវៀតណាម \(6800\$\) ចំណែកឯថ្លៃដឹករបស់សៅប្រទេសថៃ \(10200\$\) និងប្រទេសវៀតណាម \(7200\$\) ។

ប្រតិបត្តិ
  1. សិស្សបីនាក់មានឈ្មោះ \(A, B\) និង \(C\) ដោះស្រាយលំហាត់ \(8\) ។ សិស្ស \(A\) ឆ្លើយត្រឹមត្រូវល្អបាន \(4\) សំណួរ ត្រូវខ្លះបាន \(1\) សំណួរ និងខុស \(3\) សំណួរ \(B\) សិស្សឆ្លើយត្រឹមត្រូវល្អបាន \(5\) សំណួរ ត្រូវខ្លះបាន \(2\) សំណួរ និងខុស \(1\) សំណួរ រីឯសិស្ស \(C\) ឆ្លើយត្រឹមត្រូវល្អបាន \(2\) សំណួរ ត្រូវខ្លះបាន \(4\) សំណួរ និងខុស \(2\) សំណួរ ។ គេសន្មតថា ចម្លើយត្រឹមត្រូវបានពិន្ទុ \(3\) ត្រូវខ្លះបានពិន្ទុ \(1\) និងខុសបានពិន្ទុ \(0\) ។

    1. បង្ហាញចំនួនចម្លើយរបស់សិស្សម្នាក់ៗ ជាម៉ាទ្រីសនិងពិន្ទុរបស់ចម្លើយជាម៉ាទ្រីស ។

    2. រកម៉ាទ្រីសពិន្ទុសរុបរបស់សិស្សម្នាក់ៗ ។

  2. គេឱ្យម៉ាទ្រីស \(C = \begin{bmatrix} 1 & a\\ b & 6 \end{bmatrix}\) និង \(D = \begin{bmatrix} 2 & -3\\ 0 & 8 \end{bmatrix}\) ។ ក. គណនា \(4C - 3D\) ខ. រកតម្លៃ \(a\) និង \(b\) បើ \(DC = 8C\) ។

មើលចម្លើយ
  1. ក. \(\begin{bmatrix} 4 & 1 & 3\\ 5 & 2 & 1\\ 2 & 4 & 2 \end{bmatrix}\) (ជួរដេក \(A, B, C\)), ពិន្ទុ \(\begin{bmatrix} 3\\ 1\\ 0 \end{bmatrix}\) ខ. \(\begin{bmatrix} 4 & 1 & 3\\ 5 & 2 & 1\\ 2 & 4 & 2 \end{bmatrix}\begin{bmatrix} 3\\ 1\\ 0 \end{bmatrix} = \begin{bmatrix} 13\\ 17\\ 10 \end{bmatrix}\) ។

  2. ក. \(4C - 3D = \begin{bmatrix} -2 & 4a + 9\\ 4b & 0 \end{bmatrix}\) ខ. \(a = -3\), \(b = -2\) ។

ម៉ាទ្រីសច្រាស

ឧទាហរណ៍ ១

គេមានម៉ាទ្រីស \(A = \begin{bmatrix} 3 & 4\\ 1 & 2 \end{bmatrix}\) និង \(B = \begin{bmatrix} 1 & -2\\ -\frac{1}{2} & \frac{3}{2} \end{bmatrix}\) ជាម៉ាទ្រីសការេលំដាប់ \(2\) ។ គណនា \(AB\) និង \(BA\) ។

\[\begin{gathered} AB = \begin{bmatrix} 3 & 4\\ 1 & 2 \end{bmatrix}\begin{bmatrix} 1 & -2\\ -\frac{1}{2} & \frac{3}{2} \end{bmatrix} = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix} = I\\ \text{និង}\\ BA = \begin{bmatrix} 1 & -2\\ -\frac{1}{2} & \frac{3}{2} \end{bmatrix}\begin{bmatrix} 3 & 4\\ 1 & 2 \end{bmatrix} = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix} = I \text{ ។} \end{gathered}\]
គេសង្កេតឃើញថា \(AB = BA = I\) ។ \(B\) ហៅថាម៉ាទ្រីសច្រាសនៃម៉ាទ្រីស \(A\) ។ គេកំណត់សរសេរ ៖ \(A^{-1}\) ជាម៉ាទ្រីសច្រាសនៃម៉ាទ្រីស \(A\) ។ ដូច្នេះ \(A^{-1} = \begin{bmatrix} 1 & -2\\ -\frac{1}{2} & \frac{3}{2} \end{bmatrix} = \dfrac{1}{2}\begin{bmatrix} 2 & -4\\ -1 & 3 \end{bmatrix}\) ។

ឧទាហរណ៍ ២

គេមានម៉ាទ្រីស \(A = \begin{bmatrix} a & b\\ c & d \end{bmatrix}\) និង \(M = \begin{bmatrix} d & -b\\ -c & a \end{bmatrix}\) ដែល \(ad - bc \ne 0\) ។ ក. គណនា \(AM\) និង \(MA\) ។ ខ. រកម៉ាទ្រីស \(B\) បើ \(AB = BA = I\) ដែល \(I\) ជាម៉ាទ្រីសឯកតាលំដាប់ \(2\) ។

ដំណោះស្រាយ

  1. \(AM = \begin{bmatrix} a & b\\ c & d \end{bmatrix}\begin{bmatrix} d & -b\\ -c & a \end{bmatrix} = \begin{bmatrix} ad - bc & 0\\ 0 & ad - bc \end{bmatrix} = (ad - bc)\begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix} = (ad - bc)I\)

    \(MA = \begin{bmatrix} d & -b\\ -c & a \end{bmatrix}\begin{bmatrix} a & b\\ c & d \end{bmatrix} = \begin{bmatrix} ad - bc & 0\\ 0 & ad - bc \end{bmatrix} = (ad - bc)I\)

  2. បើ \(AM = (ad - bc)I\) នោះ \(I = \dfrac{1}{ad - bc}AM\)  \((ad - bc \ne 0)\) ។ ដោយ \(AB = I\), \(AB = \dfrac{1}{ad - bc}AM\) ៖ \(B = \dfrac{1}{ad - bc}M = \dfrac{1}{ad - bc}\begin{bmatrix} d & -b\\ -c & a \end{bmatrix}\) ។

    បើ \(MA = (ad - bc)I\), \(I = \dfrac{1}{ad - bc}MA\) ។ ដោយ \(BA = I\), \(BA = \dfrac{1}{ad - bc}MA\) ៖ \(B = \dfrac{1}{ad - bc}M\) ។

    ដូច្នេះ បើ \(AB = BA = I\) នោះ \(B = \dfrac{1}{ad - bc}\begin{bmatrix} d & -b\\ -c & a \end{bmatrix}\) ។ គេថា \(\dfrac{1}{ad - bc}\begin{bmatrix} d & -b\\ -c & a \end{bmatrix}\) ជាម៉ាទ្រីសច្រាសនៃម៉ាទ្រីស \(A = \begin{bmatrix} a & b\\ c & d \end{bmatrix}\) ។

ជាទូទៅ
  • បើម៉ាទ្រីស \(A = \begin{bmatrix} a & b\\ c & d \end{bmatrix}\) ដែល \(ad - bc \ne 0\) នោះម៉ាទ្រីសច្រាសនៃ \(A\) គឺ \(A^{-1} = \dfrac{1}{ad - bc}\begin{bmatrix} d & -b\\ -c & a \end{bmatrix}\) ។

  • បើ \(ad - bc = 0\) នោះ \(A\) គ្មានម៉ាទ្រីសច្រាសទេ ។

  • បើ \(A^{-1}\) ជាម៉ាទ្រីសច្រាសនៃម៉ាទ្រីស \(A\) នោះគេបាន \(AA^{-1} = A^{-1}A = I\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រសង្គម) ទំព័រ ១២៥–១៤៣។
ទំព័រ ១២៥
ទំព័រ ១២៥
ទំព័រ ១២៦
ទំព័រ ១២៦
ទំព័រ ១២៧
ទំព័រ ១២៧
ទំព័រ ១២៨
ទំព័រ ១២៨
ទំព័រ ១២៩
ទំព័រ ១២៩
ទំព័រ ១៣០
ទំព័រ ១៣០
ទំព័រ ១៣១
ទំព័រ ១៣១
ទំព័រ ១៣២
ទំព័រ ១៣២
ទំព័រ ១៣៣
ទំព័រ ១៣៣
ទំព័រ ១៣៤
ទំព័រ ១៣៤
ទំព័រ ១៣៥
ទំព័រ ១៣៥
ទំព័រ ១៣៦
ទំព័រ ១៣៦
ទំព័រ ១៣៧
ទំព័រ ១៣៧
ទំព័រ ១៣៨
ទំព័រ ១៣៨
ទំព័រ ១៣៩
ទំព័រ ១៣៩
ទំព័រ ១៤០
ទំព័រ ១៤០
ទំព័រ ១៤១
ទំព័រ ១៤១
ទំព័រ ១៤២
ទំព័រ ១៤២
ទំព័រ ១៤៣
ទំព័រ ១៤៣

លំហាត់អនុវត្តន៍

១លំហាត់ទី ១

ទិន្នន័យក្នុងហាងលក់ភេសជ្ជៈមួយបង្ហាញថា នៅថ្ងៃសុក្រគេលក់កាហ្វេបាន \(160\) កែវ តែក្រូចឆ្មារ \(125\) កែវ និងតែបៃតង \(210\) កែវ ។ នៅថ្ងៃសៅរ៍ គេលក់កាហ្វេបាន \(145\) កែវ តែក្រូចឆ្មារ \(130\) កែវ និងតែបៃតង \(275\) កែវ និងថ្ងៃអាទិត្យលក់កាហ្វេបាន \(120\) កែវ តែក្រូចឆ្មារ \(155\) កែវ និងតែបៃតង \(325\) កែវ ។ ចូរបង្ហាញព័ត៌មាននេះជាម៉ាទ្រីសនិងប្រាប់លំដាប់នៃម៉ាទ្រីសនេះ ។

២លំហាត់ទី ២

គណនាម៉ាទ្រីសខាងក្រោម ៖

  1. \(\begin{bmatrix} 6 & -2\\ 5 & -1\\ 4 & 6 \end{bmatrix} + \begin{bmatrix} 1 & 0\\ -3 & 7\\ 2 & -5 \end{bmatrix}\)

  2. \(\begin{bmatrix} 1 & 8 & 9\\ 13 & 21 & 4 \end{bmatrix} + \begin{bmatrix} 3 & 0\\ -8 & 9\\ 5 & 10 \end{bmatrix}\)

  3. \(\begin{bmatrix} 3 & 2\\ 4 & 1 \end{bmatrix} + \begin{bmatrix} 1 & -3\\ 7 & 5 \end{bmatrix} - \begin{bmatrix} 2 & -4\\ 8 & 2 \end{bmatrix}\)

  4. \(\begin{bmatrix} -2 & 3 & 1\\ 3 & 2 & 5 \end{bmatrix} - 3\begin{bmatrix} 1 & 6 & -3\\ 5 & 2 & 1 \end{bmatrix}\) ។

៣លំហាត់ទី ៣

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 3 & 21\\ 16 & -4\\ 3 & 8 \end{bmatrix}\), \(B = \begin{bmatrix} 9 & 12\\ -9 & 14\\ -7 & 9 \end{bmatrix}\), \(C = \begin{bmatrix} 4 & -9\\ 3 & 10 \end{bmatrix}\) និង \(D = \begin{bmatrix} 5 & 1\\ -13 & 5 \end{bmatrix}\) ។ គណនា ៖

  1. \(3A + B\)

  2. \(B - A + C\)

  3. \(2C + 5C - 4D\)

  4. \(-A + 3(B - A)\)

  5. \(2(3C) - 7D\)

  6. \(-A + 2(D + C)\) ។

៤លំហាត់ទី ៤

គណនា ក. \(\begin{bmatrix} 12 & 4 & -2\\ 2 & -3 & 1 \end{bmatrix}\begin{bmatrix} 2 & -1\\ 7 & 4\\ 6 & 5 \end{bmatrix}\) ខ. \(\begin{bmatrix} 3 & -2 & 4 \end{bmatrix}\begin{bmatrix} 29\\ 5\\ 6 \end{bmatrix} + \begin{bmatrix} 15 \end{bmatrix}\) ។

៥លំហាត់ទី ៥

គេឱ្យ \(\begin{bmatrix} 0 & 1\\ -2 & 0 \end{bmatrix}\begin{bmatrix} b & -7\\ a & 0 \end{bmatrix} = \begin{bmatrix} 1 & 2\\ 0 & -1 \end{bmatrix} + \begin{bmatrix} 0 & -2\\ 6 & 3c \end{bmatrix}\) ។ រកតម្លៃ \(a, b\) និង \(c\) ។

៦លំហាត់ទី ៦

គេដឹងថាតម្លៃសំបុត្រចូលទស្សនាពិព័រណ៍មួយសន្លឹកសម្រាប់កូនក្មេង \(2000\) ៛ មនុស្សចាស់ \(5000\) ៛ និងជនបរទេស \(10000\) ៛ ។ ចំនួនសំបុត្រដែលបានលក់នៅចុងសប្តាហ៍កន្លងទៅនេះមានសង្ខេបក្នុងតារាងខាងក្រោម ៖

\[\begin{array}{|l|c|c|c|}\hline & \text{កូនក្មេង} & \text{មនុស្សចាស់} & \text{ជនបរទេស}\\ \hline \text{ថ្ងៃសៅរ៍} & 205 & 160 & 70\\ \hline \text{ថ្ងៃអាទិត្យ} & 310 & 200 & 65\\ \hline \end{array}\]

  1. តាងតម្លៃសំបុត្រជាម៉ាទ្រីសជួរឈរ \(C\) ។

  2. តាងព័ត៌មានក្នុងតារាងខាងលើជាម៉ាទ្រីស \(N\) ។

  3. គណនាផលគុណ \(NC\) ។ តើធាតុរបស់ម៉ាទ្រីស \(NC\) តាងឱ្យអ្វី?

៧លំហាត់ទី ៧

គេមានម៉ាទ្រីស \(A = \begin{bmatrix} 4 & 2\\ 0 & 3 \end{bmatrix}\), \(B = \begin{bmatrix} \frac{1}{4} & k\\ 0 & \frac{1}{3} \end{bmatrix}\), \(C = \begin{bmatrix} 12 & 4\\ -9 & m \end{bmatrix}\) ។

  1. គណនា \(A^2\) និង \(A^{-1}\) ដែលជាម៉ាទ្រីសច្រាសនៃ \(A\)

  2. រកតម្លៃ \(k\) ដើម្បីឱ្យ \(AB\) ជាម៉ាទ្រីសឯកតា

  3. រកតម្លៃ \(m\) ដើម្បីឱ្យដេទែរមីណង់ \(A\) ស្មើនឹងដេទែរមីណង់ \(C\) ។

៨លំហាត់ទី ៨

គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 2 & 1\\ -5 & -4 \end{bmatrix}\), \(B = \begin{bmatrix} 3 & -1\\ -1 & 1 \end{bmatrix}\) ។ គណនា

  1. \(AB\) និង \((AB)^{-1}\)

  2. \(A^{-1}\), \(B^{-1}\), \(B^{-1}A^{-1}\)

  3. តើអ្នកសង្កេតឃើញយ៉ាងណាចំពោះ \((AB)^{-1}\) និង \(B^{-1}A^{-1}\) ។

៩លំហាត់ទី ៩

រកម៉ាទ្រីស \(X\) ដែល ក. \(\begin{bmatrix} 5 & -2\\ -3 & 2 \end{bmatrix}X = \begin{bmatrix} -11\\ 9 \end{bmatrix}\) ខ. \(\begin{bmatrix} 1 & 1\\ 1 & 1 \end{bmatrix}X = 2\begin{bmatrix} 3 & 1\\ -1 & -1 \end{bmatrix}\) ។

១០លំហាត់ទី ១០

រកតម្លៃ \(p\), \(q\), \(a\) និង \(b\) ដែលផ្ទៀងផ្ទាត់

  1. \(\begin{bmatrix} 10 & 3\\ -3 & -1 \end{bmatrix}\begin{bmatrix} p\\ q \end{bmatrix} = \begin{bmatrix} 4\\ -1 \end{bmatrix}\)

  2. \(\begin{bmatrix} 4 & -3\\ 2 & -1 \end{bmatrix}\begin{bmatrix} a\\ -1 \end{bmatrix} = \begin{bmatrix} 15\\ b \end{bmatrix}\)

  3. \(\begin{bmatrix} -1 & a\\ b & 1 \end{bmatrix}\begin{bmatrix} 2 & -1\\ -1 & 2 \end{bmatrix} = \begin{bmatrix} 1 & 5\\ 3 & 0 \end{bmatrix}\) ។

១១លំហាត់ទី ១១

ក្នុងសមីការ \(M\begin{bmatrix} 1 & 0\\ 2 & 3 \end{bmatrix} = \begin{bmatrix} -1 & -2\\ 0 & -1\\ 2 & 3 \end{bmatrix}\) ចូរប្រាប់លំដាប់នៃម៉ាទ្រីស \(M\) និងរកម៉ាទ្រីស \(M\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៣៨ ម៉ាទ្រីស (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត