1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៣៣
៣៣
ថ្នាក់វិទ្យាសាស្ត្រសង្គម · ជំពូកទី ២ អនុគមន៍អិចស្ប៉ូណង់ស្យែលនិងអនុគមន៍លោការីត · មេរៀនទី ៣៣ · គណិតវិទ្យាថ្នាក់ទី ១១

អនុគមន៍លោការីត

ថ្នាក់វិទ្យាសាស្ត្រសង្គមទំព័រ ៤៨–៦៨
វត្ថុបំណង
  1. កំណត់អនុគមន៍ច្រាស

  2. សង់ក្រាបនៃអនុគមន៍លោការីត

  3. ដោះស្រាយសមីការនិងវិសមីការលោការីត

  4. អនុវត្តលើអនុគមន៍លោការីត ។

អនុគមន៍ច្រាស

និយមន័យអនុគមន៍ច្រាស

ឧទាហរណ៍ ១

គេមានអនុគមន៍ \(f\) និងអនុគមន៍ច្រាសកំណត់ដោយ \(f^{-1}\) ។

ឧទាហរណ៍ ២

គេមានអនុគមន៍ \(f(x) = 2x + 5\) ។ គេបាន

\[y = 2x + 5 \;\Rightarrow\; 2x = y - 5 \;\Rightarrow\; x = \frac{1}{2}y - \frac{5}{2} ។\]
គេថាអនុគមន៍ \(y = \dfrac{1}{2}x - \dfrac{5}{2}\) ហៅថាអនុគមន៍ច្រាសនៃ \(f(x) = 2x + 5\) ដែលកំណត់សរសេរដោយ \(f^{-1}(x) = \dfrac{1}{2}x - \dfrac{5}{2}\) ។

និយមន័យ

អនុគមន៍ច្រាសនៃអនុគមន៍មួយ ជាអនុគមន៍ដែលបានមកពីការប្ដូរអថេរឯករាជ្យ \(x\) ទៅជា \(y\) ។

សង្កេត ៖ គេមានអនុគមន៍ពីរ \(f(x) = 2x + 2\) និង \(g(x) = \dfrac{x}{2} - 1\) ។

  • បើ \(x = 1\) នោះ \(f(1) = 4\) គេបានគូមានលំដាប់ \((1, 4)\) ហើយ \(g(4) = 1\) ។

  • បើ \(x = 2\) នោះ \(f(2) = 6\) គេបានគូមានលំដាប់ \((2, 6)\) ហើយ \(g(6) = 2\) ។

  • បើ \(x = 3\) នោះ \(f(3) = 8\) គេបានគូមានលំដាប់ \((3, 8)\) ហើយ \(g(8) = 3\) ។

គូមានលំដាប់នៃអនុគមន៍ \(f\) ច្រាសគ្នាទៅនឹងគូមានលំដាប់នៃអនុគមន៍ \(g\) មានន័យថា ធាតុដើមតាម \(f\) ប្រែក្លាយជារូបភាពតាម \(g\) វិញ ហើយធាតុដើមតាម \(g\) ប្រែក្លាយជារូបភាពតាម \(f\) ។ ក្នុងករណីនេះ គេថា \(g\) ជាអនុគមន៍ច្រាសនៃ \(f\) ហើយ \(f\) ក៏ជាអនុគមន៍ច្រាសនៃ \(g\) ដែរ ។

ជាទូទៅ

បើ \((a, b)\) ផ្ទៀងផ្ទាត់ \(y = f(x)\) ហើយ \((b, a)\) ផ្ទៀងផ្ទាត់ \(y = f^{-1}(x)\) នោះ \(f^{-1}\) ជាអនុគមន៍ច្រាសនៃអនុគមន៍ \(f\) ។

លំហាត់គំរូ

កំណត់អនុគមន៍ច្រាសនៃ \(f(x) = \dfrac{1}{x + 2}\) និង \(g(x) = x^2\) ដែល \(x \ge 0\) ។

ដំណោះស្រាយ
  • \(y = \dfrac{1}{x + 2}\) ឬ \(y(x + 2) = 1\) គេបាន \(x = \dfrac{1 - 2y}{y}\) ។ ដូច្នេះ \(f^{-1}(x) = \dfrac{1 - 2x}{x}\) ។

  • \(y = x^2\) គេទាញបាន \(x = \pm\sqrt{y}\) ដោយ \(x \ge 0\) នោះ \(x = \sqrt{y}\) ។ ដូច្នេះ \(g^{-1}(x) = \sqrt{x}\) ។

ប្រតិបត្តិ

កំណត់អនុគមន៍ច្រាសនៃ \(f(x) = \dfrac{x - 1}{x}\) និង \(g(x) = \sqrt{x} - 3\) ។

មើលចម្លើយ

\(f^{-1}(x) = \dfrac{1}{1 - x}\), \(g^{-1}(x) = (x + 3)^2\) (\(x \ge -3\)) ។

ក្រាបនៃអនុគមន៍ច្រាស

ឧទាហរណ៍ ៖ \(f\) និង \(f^{-1}\) ជាអនុគមន៍ច្រាសគ្នា ។ បើ \(M(a, b) \in f\) នោះ \(M'(b, a) \in f^{-1}\) ។ ដៅចំណុច \(A(a, a)\) និង \(B(b, b)\) គេបានការេ \(AMBM'\) ។

\(AB\) ជាបន្ទាត់មានសមីការ \(y = x\) ព្រោះវាកាត់តាមចំណុចដែលមានអាប់ស៊ីសស្មើនឹងអរដោនេ ។ \(M(a, b)\) និង \(M'(b, a)\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(AB\) ។

ដូច្នេះក្រាបនៃ \(f^{-1}\) ឆ្លុះនឹងក្រាបនៃ \(f\) ធៀបនឹងបន្ទាត់ \(y = x\) ។

ជាទូទៅ

បើអនុគមន៍ពីរ \(f(x)\) និង \(g(x)\) ច្រាសគ្នា នោះក្រាបនៃអនុគមន៍ទាំងពីរឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

លំហាត់គំរូ ១

គេឱ្យអនុគមន៍ \(f(x) = \sqrt{x}\) ដែល \(x \ge 0\) ។ ចូរកំណត់អនុគមន៍ច្រាសនៃ \(f\) រួចសង់ក្រាបរបស់វា ។

ដំណោះស្រាយ

\(y = \sqrt{x}\) គេបាន \(x = y^2\) ។ ដូច្នេះ \(f^{-1}(x) = x^2\) (\(x \ge 0\)) ជាអនុគមន៍ច្រាសនៃ \(f(x) = \sqrt{x}\) ។

\[\begin{array}{|c|c||c|c|}\hline x & f(x) = \sqrt{x} & x & f^{-1}(x) = x^2\\ \hline 0 & 0 & 0 & 0\\ 1 & 1 & 1 & 1\\ 4 & 2 & 2 & 4\\ \hline \end{array}\]

ក្រាបនៃអនុគមន៍ \(f\) ឆ្លុះគ្នានឹង \(f^{-1}\) ធៀបនឹងបន្ទាត់ \(y = x\) ។

លំហាត់គំរូ ២

គេឱ្យអនុគមន៍ \(g(x) = 2x - 1\) ។ ចូរកំណត់អនុគមន៍ច្រាស \(g^{-1}\) រួចសង់ក្រាបរបស់វា ។

ដំណោះស្រាយ

\(y = 2x - 1\) គេបាន \(x = \dfrac{1 + y}{2} = \dfrac{y}{2} + \dfrac{1}{2}\) ។ ដូច្នេះ \(g^{-1}(x) = \dfrac{x}{2} + \dfrac{1}{2}\) ។

\[\begin{array}{|c|c||c|c|}\hline x & g(x) = 2x - 1 & x & g^{-1}(x) = \frac{x}{2} + \frac{1}{2}\\ \hline 0 & -1 & -1 & 0\\[2pt] \frac{1}{2} & 0 & 0 & \frac{1}{2}\\[2pt] \hline \end{array}\]

ក្រាបនៃ \(g\) និង \(g^{-1}\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ហើយកាត់គ្នាត្រង់ \((1, 1)\) ។

ប្រតិបត្តិ

គេឱ្យអនុគមន៍ \(f(x) = -\dfrac{x}{2} + 1\) ។ កំណត់អនុគមន៍ច្រាស \(f^{-1}(x)\) រួចសង់ក្រាបរបស់វា ។

មើលចម្លើយ

\(f^{-1}(x) = 2 - 2x\) ។ ក្រាបទាំងពីរជាបន្ទាត់ឆ្លុះគ្នាធៀបនឹង \(y = x\) ហើយកាត់គ្នាត្រង់ \(\left(\frac{2}{3}, \frac{2}{3}\right)\) ។

អនុគមន៍លោការីត

សញ្ញាណលោការីត

ឧទាហរណ៍

ក. \((-2)^3 = -8\) ខ. \(1^3 = 1\) គ. \(0^3 = 0\)

  • \(2^3 = 8\) ៖ \(3\) ហៅថាលោការីតគោល \(2\) នៃ \(8\) ដែលកំណត់សរសេរ \(3 = \log_2 8\) ។

  • \(2^{-3} = \dfrac{1}{8}\) ៖ \(-3\) ហៅថាលោការីតគោល \(2\) នៃ \(\dfrac{1}{8}\) ដែលកំណត់សរសេរ \(-3 = \log_2\dfrac{1}{8}\) ។

និយមន័យ

លោការីត គឺជាតម្លៃនិទស្សន្តនៃស្វ័យគុណ ដែលមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។

\[a^x = y \iff \log_a y = x, \qquad{} a > 0,\ a \ne 1,\ y > 0 ។\]

អនុគមន៍លោការីត

ឧទាហរណ៍ ៖ គេមានអនុគមន៍អិចស្ប៉ូណង់ស្យែល \(y = a^x\) នោះ \(x = \log_a y\) ។ គេទាញបានអនុគមន៍ \(y = \log_a x\) ជាអនុគមន៍ច្រាសនៃអនុគមន៍អិចស្ប៉ូណង់ស្យែល \(y = a^x\) ។

និយមន័យ

អនុគមន៍លោការីត គឺជាអនុគមន៍ច្រាសនៃអនុគមន៍អិចស្ប៉ូណង់ស្យែល ។ បើគេមាន \(a^x = y\) នោះ \(x = \log_a y\) (\(y > 0\), \(a > 0\), \(a \ne 1\)) ហើយ \(f(x) = a^x\) មានអនុគមន៍ច្រាស \(f^{-1}(x) = \log_a x\) ជាអនុគមន៍លោការីតគោល \(a\) នៃ \(x\) ។

ករណី \(a = 10\), \(\log_{10} x\) ហៅថា លោការីតទសភាគ គេអាចសរសេរដោយងាយ \(\log x\) ។

លំហាត់គំរូ

គណនា \(\log_2 64\), \(\log_3 243\), \(\log_2\dfrac{1}{16}\), \(\log_2 1\) ។

ដំណោះស្រាយ

គេប្រើ \(a^x = y \iff x = \log_a y\) ។

  • តាង \(\log_2 64 = x\) សមមូល \(2^x = 64 = 2^6\) គេបាន \(x = 6\) ។ ដូច្នេះ \(\log_2 64 = 6\) ។

  • តាង \(\log_3 243 = x\) សមមូល \(3^x = 243 = 3^5\) គេបាន \(x = 5\) ។ ដូច្នេះ \(\log_3 243 = 5\) ។

  • តាង \(\log_2\frac{1}{16} = x\) សមមូល \(2^x = \frac{1}{16} = 2^{-4}\) គេបាន \(x = -4\) ។ ដូច្នេះ \(\log_2\frac{1}{16} = -4\) ។

  • តាង \(\log_2 1 = x\) សមមូល \(2^x = 1 = 2^0\) គេបាន \(x = 0\) ។ ដូច្នេះ \(\log_2 1 = 0\) ។

ប្រតិបត្តិ

គណនា ៖ ក. \(\log_5 125\) ខ. \(\log_4\dfrac{1}{4}\) គ. \(\log_{\frac{1}{2}} 25\) ឃ. \(\log_2 2\) ។

មើលចម្លើយ

ក. \(3\) ខ. \(-1\) គ. \(\log_{\frac{1}{2}} 25 = -\log_2 25 = -2\log_2 5 \approx -4.64\) ឃ. \(1\) ។

លក្ខណៈនៃលោការីត

ដោយ \(a^1 = a\) នោះ \(\log_a a = 1\) ហើយ \(a^0 = 1\) នោះ \(\log_a 1 = 0\) ។

លក្ខណៈលោការីត

ចំពោះគ្រប់ចំនួនវិជ្ជមាន \(x\), \(y\) និង \(a\) ដែល \(a \ne 1\) គេបាន ៖

  1. \(\log_a(xy) = \log_a x + \log_a y\)

  2. \(\log_a x^n = n\log_a x\)

  3. \(\log_a a = 1\)

  4. \(\log_a a^x = x\)

  5. \(\log_a\left(\dfrac{x}{y}\right) = \log_a x - \log_a y\)

  6. \(\log_a x = \dfrac{1}{\log_x a}\) (\(x \ne 1\))

  7. \(\log_a 1 = 0\)

  8. \(a^{\log_a x} = x\) ។

សម្រាយបញ្ជាក់ ៖ តាង \(m = \log_a x\) នោះ \(a^m = x\) និង \(n = \log_a y\) នោះ \(a^n = y\) ។

  1. \(x\times y = a^m\times a^n = a^{m+n}\) នោះ \(\log_a(xy) = m + n\) ។ ដូច្នេះ \(\log_a(xy) = \log_a x + \log_a y\) ។

  2. \(\dfrac{x}{y} = \dfrac{a^m}{a^n} = a^{m-n}\) នោះ \(m - n = \log_a\dfrac{x}{y}\) ។ ដូច្នេះ \(\log_a\dfrac{x}{y} = \log_a x - \log_a y\) ។

  3. តាមលក្ខណៈវិធីគុណ ៖

    \[\begin{aligned} \log_a x^n &= \log_a\underbrace{(x\times x\times\cdots\times x)}_{n \text{ កត្តា}}\\ &= \underbrace{\log_a x + \log_a x + \cdots + \log_a x}_{n \text{ តួ}} = n\log_a x ។ \end{aligned}\]

  4. តាង \(m = \log_a x\) នោះ \(x = a^m\) ហើយ \(n = \log_x a\) នោះ \(a = x^n\) ។ គេបាន \(x = a^m = (x^n)^m = x^{mn}\) នាំឱ្យ \(mn = 1\) ។ ដូច្នេះ \((\log_a x)(\log_x a) = 1\) ឬ \(\log_a x = \dfrac{1}{\log_x a}\) ។

លំហាត់គំរូ ១

គណនា ៖ ក. \(\log_2(4\times 16)\) ខ. \(\log_2 45 + \log_2 2\) គ. \(3\log_7 4 - 2\log_7 8\) ឃ. \(\log_2 4 + \log_4 2\) ។

ដំណោះស្រាយ

ក. \(\log_2(4\times 16) = \log_2 4 + \log_2 16 = \log_2 2^2 + \log_2 2^4 = 2 + 4 = 6\) ។
ខ. \(\log_2 45 + \log_2 2 = \log_2(45\times 2) = \log_2 90\) ។
គ. \(3\log_7 4 - 2\log_7 8 = \log_7 4^3 - \log_7 8^2 = \log_7\dfrac{64}{64} = \log_7 1 = 0\) ។
ឃ. \(\log_2 4 + \log_4 2 = \log_2 4 + \dfrac{1}{\log_2 4} = 2 + \dfrac{1}{2} = \dfrac{5}{2}\) ។

រូបមន្តប្ដូរគោល

បើ \(a \ne 1\), \(a > 0\), \(b > 0\), \(b \ne 1\) និង \(x\) ជាចំនួនវិជ្ជមាន នោះ

\[\log_a x = \frac{\log_b x}{\log_b a} ។\]

សម្រាយបញ្ជាក់ ៖ តាង \(y = \log_a x\) នោះ \(a^y = x\) ។ គេបាន \(\log_b a^y = \log_b x\) ឬ \(y\log_b a = \log_b x\) ។ ដូច្នេះ \(\log_a x = \dfrac{\log_b x}{\log_b a}\) ។

លំហាត់គំរូ ២

គណនា \(\log_5 89\) និង \(\log_{\sqrt{2}}\sqrt{5}\) ។

ដំណោះស្រាយ

\[\log_5 89 = \frac{\log 89}{\log 5} \approx \frac{1.94939}{0.69897} \approx 2.7889\]
\[\log_{\sqrt{2}}\sqrt{5} = \frac{\log\sqrt{5}}{\log\sqrt{2}} = \frac{\frac{1}{2}\log 5}{\frac{1}{2}\log 2} \approx \frac{0.69897}{0.30103} \approx 2.3219 ។\]

ប្រតិបត្តិ

(ប្រតិបត្តិ ១) ពន្លាតជាផលបូកឬផលគុណនៃលោការីត ៖

  1. \(\log_a MN\)

  2. \(\log_3(8\times 3)\)

  3. \(\log_2(16\times 3)\)

  4. \(\log_a(xyz)\)

  5. \(\log_4 5^7\)

  6. \(\log_a\sqrt[3]{5}\)

  7. \(\log_2\sqrt[4]{3}\)

  8. \(\log_2\sqrt[3]{a}\)

មើលចម្លើយ

ក. \(\log_a M + \log_a N\) ខ. \(3\log_3 2 + 1\) គ. \(4 + \log_2 3\) ឃ. \(\log_a x + \log_a y + \log_a z\) ង. \(7\log_4 5\) ច. \(\frac{1}{3}\log_a 5\) ឆ. \(\frac{1}{4}\log_2 3\) ជ. \(\frac{1}{3}\log_2 a\) ។

ប្រតិបត្តិ

(ប្រតិបត្តិ ២) គណនា ៖

  1. \(\log_{0.5}\sqrt[3]{4}\)

  2. \(\log_{0.2} 25^{\frac{2}{3}}\)

  3. \(\log_{\sqrt{5}}(0.5)^{\frac{4}{3}}\)

  4. \(\log_{\sqrt[3]{7}}\log_2 2^{\sqrt{3}}\)

  5. \(\log_a x + \log_a y - \log_a z\)

  6. \(\log_a\sqrt{x} - \frac{1}{2}\log_a y\)

មើលចម្លើយ

ក. \(-\dfrac{2}{3}\) ខ. \(-\dfrac{4}{3}\) គ. \(-\dfrac{8}{3}\log_5 2 \approx -1.15\) ឃ. \(\log_{\sqrt[3]{7}}\sqrt{3} = \dfrac{3}{2}\log_7 3 \approx 0.85\) ង. \(\log_a\dfrac{xy}{z}\) ច. \(\log_a\sqrt{\dfrac{x}{y}}\) ។

ក្រាបនៃអនុគមន៍លោការីត

ឧទាហរណ៍ ១

គណនាតម្លៃលេខនិងសង់ក្រាបនៃអនុគមន៍ \(y = \log_2 x\) ។

ដំណោះស្រាយ

\[\begin{array}{|c|ccccc|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 2^x & 0.25 & 0.5 & 1 & 2 & 4\\ \hline\hline x & 0.25 & 0.5 & 1 & 2 & 4\\ \hline y = \log_2 x & -2 & -1 & 0 & 1 & 2\\ \hline \end{array}\]

តម្លៃ \(x\) កើន គេបានតម្លៃត្រូវគ្នានៃ \(y = \log_2 x\) កើន ហើយក្រាបនៃ \(y = \log_2 x\) កាត់អ័ក្ស \((Ox)\) ត្រង់ចំណុច \((1, 0)\) ។ អនុគមន៍ \(y = \log_2 x\) និង \(y = 2^x\) ជាអនុគមន៍ច្រាសគ្នា ដូច្នេះក្រាបរបស់វាឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

ឧទាហរណ៍ ២

គណនាតម្លៃលេខនិងសង់ក្រាបនៃអនុគមន៍ \(y = \log_{\frac{1}{2}} x\) ។

ដំណោះស្រាយ

\[\begin{array}{|c|ccccc|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = \left(\frac{1}{2}\right)^x & 4 & 2 & 1 & 0.5 & 0.25\\ \hline\hline x & 0.25 & 0.5 & 1 & 2 & 4\\ \hline y = \log_{\frac{1}{2}} x & 2 & 1 & 0 & -1 & -2\\ \hline \end{array}\]

តម្លៃ \(x\) កើន គេបានតម្លៃត្រូវគ្នានៃ \(y = \log_{\frac{1}{2}} x\) ចុះ ហើយក្រាបកាត់អ័ក្ស \((Ox)\) ត្រង់ចំណុច \((1, 0)\) ។ ក្រាបនៃ \(y = \log_{\frac{1}{2}} x\) និង \(y = \left(\frac{1}{2}\right)^x\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

ជាទូទៅ

អនុគមន៍ \(y = a^x\) និង \(y = \log_a x\) ដែល \(a > 0\), \(a \ne 1\) មានក្រាបឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ៖

(ខ្សែពណ៌ខៀវ ៖ \(y = a^x\), ខ្សែពណ៌ក្រហម ៖ \(y = \log_a x\))

យើងសង្កេតឃើញថា អនុគមន៍ \(y = \log_a x\) មានក្រាប ៖

  • បើ \(a > 1\) ក្រាបកើនពីឆ្វេងទៅស្ដាំ គេថា \(y = \log_a x\) ជាអនុគមន៍កើន ៖ ករណី \(0 < x < 1\) តម្លៃ \(\log_a x < 0\) ហើយករណី \(x > 1\) តម្លៃ \(\log_a x > 0\) ។

  • បើ \(0 < a < 1\) ក្រាបចុះពីឆ្វេងទៅស្ដាំ គេថា \(y = \log_a x\) ជាអនុគមន៍ចុះ ៖ ករណី \(0 < x < 1\) តម្លៃ \(\log_a x > 0\) ហើយករណី \(x > 1\) តម្លៃ \(\log_a x < 0\) ។

  • អនុគមន៍ \(y = \log_a x\) មានក្រាបកាត់តាមចំណុច \((1, 0)\) ជានិច្ច ។

  • អនុគមន៍ \(y = \log_a x\) មានន័យចំពោះ \(x > 0\) ជានិច្ច ។

  • អនុគមន៍ \(y = \log_a x\) និង \(y = a^x\) មានក្រាបឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

លំហាត់គំរូ

សង់ក្រាបនៃអនុគមន៍ ៖ ក. \(y = \log_3 x\) ខ. \(y = \log_{\frac{1}{3}} x\) ។

ដំណោះស្រាយ

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\) ៖

\[\begin{array}{|c|ccccc|}\hline x & \frac{1}{9} & \frac{1}{3} & 1 & 3 & 9\\[2pt] \hline y = \log_3 x & -2 & -1 & 0 & 1 & 2\\ \hline y = \log_{\frac{1}{3}} x & 2 & 1 & 0 & -1 & -2\\ \hline \end{array}\]

ក្រាបនៃ \(y = \log_3 x\) ជាអនុគមន៍កើន ព្រោះគោលធំជាង \(1\) ហើយក្រាបនៃ \(y = \log_{\frac{1}{3}} x\) ជាអនុគមន៍ចុះ ព្រោះ \(0 < \frac{1}{3} < 1\) ។

ប្រតិបត្តិ

សង់ក្រាបនៃអនុគមន៍ ៖ ក. \(y = \log_7 x\) ខ. \(y = \log_{\frac{1}{7}} x\) ។

មើលចម្លើយ

ក. ក្រាបកើន កាត់តាម \(\left(\frac{1}{7}, -1\right)\), \((1, 0)\), \((7, 1)\) ខ. ក្រាបចុះ កាត់តាម \(\left(\frac{1}{7}, 1\right)\), \((1, 0)\), \((7, -1)\) ។ ក្រាបទាំងពីរឆ្លុះគ្នាធៀបនឹងអ័ក្ស \((Ox)\) ។

សមីការនិងវិសមីការលោការីត

សមីការលោការីត

បើ \(a > 0\), \(a \ne 1\) នោះសមីការ \(\log_a x = \log_a y\) គេបាន \(x = y\) ។

ឧទាហរណ៍ ១

ដោះស្រាយសមីការ \(\log_3(5x + 7) = 2\) ។

ដំណោះស្រាយ

សមីការមានន័យកាលណា \(5x + 7 > 0\) ឬ \(x > -\dfrac{7}{5}\) ។

\[\log_3(5x + 7) = 2 \iff 5x + 7 = 3^2 \quad{} (\text{តាមនិយមន័យលោការីត})\]
\(5x + 7 = 9\) នាំឱ្យ \(x = \dfrac{2}{5}\) ។ ដូច្នេះសមីការមានឫស \(x = \dfrac{2}{5}\) ។

ឧទាហរណ៍ ២

ដោះស្រាយសមីការ \(\log x + \log(x + 3) = 1\) និងផ្ទៀងផ្ទាត់ ។

ដំណោះស្រាយ

សមីការមានន័យលុះត្រាតែ \(x > 0\) និង \(x + 3 > 0\) នាំឱ្យ \(x > 0\) ។

\[\begin{aligned} \log[x(x + 3)] &= 1 && \text{តាមលក្ខណៈលោការីតនៃផលគុណ}\\ x(x + 3) &= 10^1 && \text{សរសេរជារាងអិចស្ប៉ូណង់ស្យែល}\\ x^2 + 3x - 10 &= 0\\ (x + 5)(x - 2) &= 0 && \Rightarrow x = -5,\ x = 2 \end{aligned}\]
ផ្ទៀងផ្ទាត់ ៖ \(x = -5\) មិនយក ព្រោះមិនផ្ទៀងផ្ទាត់លក្ខខណ្ឌ \(x \in (0, +\infty)\) ។ \(x = 2\) ផ្ទៀងផ្ទាត់លក្ខខណ្ឌ ។ ដូច្នេះ សមីការមានឫស \(x = 2\) ។

លំហាត់គំរូ

ដោះស្រាយសមីការ ៖ ក. \(\log_6 x + \log_6(x - 5) = 2\) ខ. \(3\log_5 x - \log_5 4 = \log_5 16\) គ. \(\log_4 x + \log_4(x - 6) = 2\) ។

ដំណោះស្រាយ

ក. សមីការមានន័យកាលណា \(x > 0\) និង \(x - 5 > 0\) ឬ \(x > 5\) ។

\[\begin{gathered} \log_6 x(x - 5) = 2 = \log_6 6^2 \;\Rightarrow\; x^2 - 5x = 36\\ x^2 - 5x - 36 = 0 \;\Rightarrow\; (x + 4)(x - 9) = 0 \;\Rightarrow\; x = -4,\ x = 9 \end{gathered}\]
\(x = -4\) មិនយក ព្រោះមិនផ្ទៀងផ្ទាត់លក្ខខណ្ឌ ។ ដូច្នេះ សមីការមានឫស \(x = 9\) ។

ខ. សមីការមានន័យកាលណា \(x > 0\) ។ ដោយ \(3\log_5 x = \log_5 x^3\) ៖

\[\log_5\frac{x^3}{4} = \log_5 16 \;\Rightarrow\; x^3 = 64 \;\Rightarrow\; x = 4 ។\]
ដូច្នេះ សមីការមានឫស \(x = 4\) ។

គ. សមីការមានន័យកាលណា \(x > 6\) ។

\[\begin{gathered} \log_4 x(x - 6) = 2 \;\Rightarrow\; x^2 - 6x = 4^2\\ x^2 - 6x - 16 = 0 \;\Rightarrow\; (x - 8)(x + 2) = 0 \;\Rightarrow\; x = 8,\ x = -2 \end{gathered}\]
ដោយ \(x = -2\) មិនបំពេញលក្ខខណ្ឌសមីការ ។ ដូច្នេះសមីការមានឫស \(x = 8\) ។

ប្រតិបត្តិ

ដោះស្រាយនិងផ្ទៀងផ្ទាត់សមីការខាងក្រោម ៖

  1. \(\log_6\dfrac{1}{36} = -2x\)

  2. \(\log_x 9 = 2\)

  3. \(\log_3 5 + \log_3 x = \log_3 10\)

  4. \(\log_8(x^2 + x) = \log_8 12\)

មើលចម្លើយ

ក. \(x = 1\) ខ. \(x = 3\) គ. \(x = 2\) ឃ. \(x = 3\) ឬ \(x = -4\) ។

វិសមីការលោការីត

តាមក្រាបនៃអនុគមន៍លោការីត \(y = \log_a x\) គេសង្កេតឃើញថា ៖

  • បើ \(a > 1\) នោះក្រាបនៃ \(y = \log_a x\) កើនពីឆ្វេងទៅស្ដាំ មានន័យថា កាលណាតម្លៃ \(x\) កើន តម្លៃនៃអនុគមន៍កើន ។ ដូច្នេះ បើ \(\log_a x_1 < \log_a x_2\) គេបាន \(x_1 < x_2\) ហើយបើ \(\log_a x_1 > \log_a x_2\) គេបាន \(x_1 > x_2\) ។

  • បើ \(0 < a < 1\) នោះក្រាបនៃ \(y = \log_a x\) ចុះពីឆ្វេងទៅស្ដាំ មានន័យថា កាលណាតម្លៃ \(x\) កើន តម្លៃនៃអនុគមន៍ចុះ ។ ដូច្នេះ បើ \(\log_a x_1 < \log_a x_2\) គេបាន \(x_1 > x_2\) ហើយបើ \(\log_a x_1 > \log_a x_2\) គេបាន \(x_1 < x_2\) ។

ជាទូទៅ
  • បើ \(a > 1\) វិសមីការ \(\log_a f(x) < \log_a g(x)\) សមមូល \(\begin{cases} f(x) > 0\\ g(x) > 0\\ f(x) < g(x)\end{cases}\)

  • បើ \(0 < a < 1\) វិសមីការ \(\log_a f(x) < \log_a g(x)\) សមមូល \(\begin{cases} f(x) > 0\\ g(x) > 0\\ f(x) > g(x)\end{cases}\)

លំហាត់គំរូ

ដោះស្រាយវិសមីការ ៖ ក. \(\log_9 x > \dfrac{3}{2}\) ខ. \(\log_8(3x - 1) < \log_8(x + 5)\) គ. \(\log_{\frac{1}{2}} 12 < \log_{\frac{1}{2}}(5x - 3)\) ។

ដំណោះស្រាយ

ក. វិសមីការមានន័យកាលណា \(x > 0\) ។ \(\log_9 x > \dfrac{3}{2}\) សមមូល \(x > 9^{\frac{3}{2}} = (3^2)^{\frac{3}{2}} = 3^3 = 27\) ។ ដូច្នេះ \(x \in (27, +\infty)\) ។

ខ. វិសមីការមានន័យកាលណា \(3x - 1 > 0\) និង \(x + 5 > 0\) ឬ \(x > \dfrac{1}{3}\) ។ ដោយគោល \(8 > 1\) ៖ \(3x - 1 < x + 5\) នាំឱ្យ \(2x < 6\) ឬ \(x < 3\) ។

ដូច្នេះ វិសមីការមានចម្លើយ \(x \in \left(\dfrac{1}{3}, 3\right)\) ។

គ. វិសមីការមានន័យកាលណា \(5x - 3 > 0\) ឬ \(x > \dfrac{3}{5}\) ។ ដោយគោល \(\frac{1}{2} < 1\) (ប្ដូរទិសដៅវិសមីការ) ៖ \(12 > 5x - 3\) នាំឱ្យ \(5x < 15\) ឬ \(x < 3\) ។

ដូច្នេះ វិសមីការមានចម្លើយ \(x \in \left(\dfrac{3}{5}, 3\right)\) ។

ប្រតិបត្តិ

ដោះស្រាយវិសមីការខាងក្រោម ៖

  1. \(\log_2 n > 8\)

  2. \(\log_{\frac{1}{3}} a < 0\)

  3. \(\log_8 x \le -2\)

  4. \(\log(x^2 - 6) > \log x\)

មើលចម្លើយ

ក. \(n > 256\) ខ. \(a > 1\) គ. \(0 < x \le \dfrac{1}{64}\) ឃ. \(x > 3\) ។

លោការីតគោល 10 និងលោការីតនេពែ

លោការីតគោល 10

ឧទាហរណ៍ ៖ គេឱ្យអនុគមន៍ \(y = 10^x\) គេបាន \(x = \log_{10} y\) ។ កន្សោម \(\log_{10} y\) ហៅថា “លោការីតគោល \(10\)” ។

សង្កេត ៖ គេមាន \(50 = 10^x\) ។ គេទាញបាន

\[x = \log_{10} 50 \approx 1.699\]
ឬ \(50 \approx 10^{1.699}\) ។

និយមន័យ

លោការីតគោល \(10\) នៃអថេរមួយ ជាកន្សោមនៃនិទស្សន្តស្វ័យគុណដែលតម្លៃរបស់វាបានមកដោយយក \(10\) ជាគោល ហើយត្រូវបានកំណត់សរសេរដោយ \(\log_{10} x\) ឬ \(\log x\) ។

លំហាត់គំរូ

គេឱ្យសមីការ ក. \(10^{2x - 3} = 7\) ខ. \(6^{x + 2} = 21\) ។ ចូររកតម្លៃ \(x\) ជាអនុគមន៍នៃលោការីតគោល \(10\) ។

ដំណោះស្រាយ

ក. \(10^{2x - 3} = 7\) គេបាន \(2x - 3 = \log 7\) នាំឱ្យ \(2x = \log 7 + 3\) ។ ដូច្នេះ \(x = \dfrac{\log 7 + 3}{2}\) ។
ខ. \(6^{x + 2} = 21\) គេបាន \(x + 2 = \log_6 21\) នាំឱ្យ \(x = \log_6 21 - 2\) ។ ដូច្នេះ \(x = \dfrac{\log 21}{\log 6} - 2\) ។

ប្រតិបត្តិ

ដោះស្រាយសមីការ ៖ ក. \(\log(40 + y^2) = 2.5\) ខ. \(\log(y + 18) + \log 5 - \log(2y - 3) = 2\) ។

មើលចម្លើយ

ក. \(y^2 = 10^{2.5} - 40 \approx 276.23\) ដូច្នេះ \(y \approx \pm 16.6\) ខ. \(5(y + 18) = 100(2y - 3)\) ដូច្នេះ \(y = 2\) ។

លោការីតនេពែ

ឧទាហរណ៍ ៖ គេឱ្យអនុគមន៍ \(y = e^x\) ដែល \(e\) ជាចំនួនអសនិទាន \(e \approx 2.718281828459045\ldots\) នោះគេបាន \(x = \log_e y\) ។ កន្សោម \(\log_e y\) ហៅថា “លោការីតនេពែ” ។

និយមន័យ

លោការីតនេពែ នៃអថេរមួយ ជាកន្សោមនៃនិទស្សន្តស្វ័យគុណដែលតម្លៃរបស់វាបានមកដោយយក \(e\) ជាគោល ហើយត្រូវបានកំណត់សរសេរដោយ \(\log_e x\) ឬ \(\ln x\) ។

លំហាត់គំរូ

គេឱ្យសមីការ ក. \(e^{x - 2} = 12\) ខ. \(4e^{2x} + 2 = 18\) ។ ចូររកតម្លៃ \(x\) ជាអនុគមន៍នៃលោការីតនេពែ ។

ដំណោះស្រាយ

ក. \(e^{x - 2} = 12\) គេបាន \(x - 2 = \ln 12\) ។ ដូច្នេះ \(x = \ln 12 + 2\) ។
ខ. \(4e^{2x} + 2 = 18\) គេបាន \(4e^{2x} = 16\), \(e^{2x} = 4\) នាំឱ្យ \(2x = \ln 4\) ។ ដូច្នេះ \(x = \dfrac{\ln 4}{2} = \ln 2\) ។

ប្រតិបត្តិ

ដោះស្រាយសមីការ ៖ ក. \(e^{5x + 2} = 23\) ខ. \(e^x(2e^x - 1) = 10\) ។

មើលចម្លើយ

ក. \(x = \dfrac{\ln 23 - 2}{5} \approx 0.227\) ខ. តាង \(t = e^x > 0\) ៖ \(2t^2 - t - 10 = 0\) នាំឱ្យ \(t = \dfrac{5}{2}\) ដូច្នេះ \(x = \ln 2.5 \approx 0.916\) ។

ក្រាបនៃអនុគមន៍លោការីតគោល 10 និងលោការីតនេពែ

\[\begin{gathered} y = \log_{10} x \iff 10^y = x \quad{} (\log_{10} x = \log x)\\ y = \log_e x \iff e^y = x \quad{} (\log_e x = \ln x) \end{gathered}\]

ជាទូទៅ

តាមក្រាប អនុគមន៍លោការីតដែលមានគោលកាន់តែធំ (ចំពោះគោល \(a > 1\)) នោះអនុគមន៍មានកំណើនកាន់តែយឺត ។

ការអនុវត្តលើអនុគមន៍លោការីត

តម្លៃកើនតាមឆ្នាំ

ឧទាហរណ៍

មនុស្សម្នាក់បានយកប្រាក់ចំនួន \(2\,925\,000\) រៀល ទៅផ្ញើនៅធនាគារដោយទទួលបានអត្រាការប្រាក់ \(10\%\) ក្នុងមួយឆ្នាំ ។ ធនាគារទូទាត់ការប្រាក់មួយឆមាសម្ដង ។ តើរយៈពេលប៉ុន្មានឆ្នាំ ទើបធ្វើឱ្យប្រាក់របស់គាត់កើនដល់ \(3\,705\,000\) រៀល?

ដំណោះស្រាយ

តាមរូបមន្ត \(A = P\left(1 + \dfrac{r}{n}\right)^{nt}\) ដែល \(P = 2\,925\,000\), \(r = 0.10\), \(n = 2\), \(A = 3\,705\,000\) ។ គេបាន

\[\begin{gathered} 3\,705\,000 = 2\,925\,000\left(1 + \frac{0.10}{2}\right)^{2t} \;\Rightarrow\; \frac{3\,705\,000}{2\,925\,000} = 1.05^{2t}\\ 1.2667 = 1.05^{2t} \;\Rightarrow\; \log 1.2667 = 2t\log 1.05\\ t = \frac{\log 1.2667}{2\log 1.05} \approx 2.42 \end{gathered}\]
ដូច្នេះ ដើម្បីឱ្យប្រាក់របស់គាត់កើនដល់ \(3\,705\,000\) រៀល គាត់ត្រូវប្រើពេលអស់ប្រហែល \(2.42\) ឆ្នាំ ។

តម្លៃថយតាមឆ្នាំ

ឧទាហរណ៍ ៖ បើយើងសង្កេតលើរបស់មួយចំនួនដែលយើងជួបប្រទះរាល់ថ្ងៃ យើងឃើញថាមានរបស់ខ្លះឡើងថ្លៃជារៀងរាល់ថ្ងៃ ដូចជា ដី ផ្ទះ ជាដើម ។ ទន្ទឹមនឹងរបស់ដែលកើនតម្លៃរហូត ក៏មានរបស់ខ្លះចុះថ្លៃរហូតដែរ ដូចជារថយន្ត ម៉ូតូ ជាដើម ។ ឧទាហរណ៍ បើយើងទិញរថយន្តថ្មីមួយគ្រឿងតម្លៃ \(20\,000\) ដុល្លារ ហើយតម្លៃរថយន្តនេះនឹងចុះថ្លៃ \(15\%\) ជារៀងរាល់ឆ្នាំ នោះតារាងតម្លៃរថយន្តចំនួន \(4\) ឆ្នាំក្រោយ បង្ហាញដូចតារាងខាងក្រោម ៖

\[\begin{array}{|c|c|}\hline \text{ចំនួនឆ្នាំទិញរថយន្ត} & \text{តម្លៃរថយន្តជាដុល្លារ}\\ \hline 0 & 20\,000\\ 1 & 17\,000\\ 2 & 14\,450\\ 3 & 12\,282.5\\ 4 & 10\,440.13\\ \hline \end{array}\]
យើងសង្កេតឃើញថា តម្លៃរថយន្តមានការថយចុះជារៀងរាល់ឆ្នាំ ទៅតាមអត្រាភាគរយកំណត់របស់វា ។

លំហាត់គំរូ

មនុស្សម្នាក់បានផឹកតែទឹកកកក្រូចឆ្មារមួយកែវ ដែលមានសារជាតិស្ករចំណុះ \(130\) មីលីក្រាម ។ បើស្កររលាយចូលក្នុងសរពាង្គកាយក្នុងអត្រា \(11\%\) ក្នុងមួយម៉ោង ។ តើរយៈពេលប៉ុន្មានម៉ោង ទើបសារជាតិស្កររលាយចូលក្នុងរាងកាយអស់ពាក់កណ្ដាលនៃបរិមាណស្ករដែលមាន?

ដំណោះស្រាយ

ប្រើរូបមន្ត \(y = a(1 - r)^t\) ដោយ \(y = \dfrac{130}{2} = 65\), \(r = 0.11\), \(a = 130\) ។ គេបាន

\[\begin{gathered} 65 = 130(1 - 0.11)^t \;\Rightarrow\; 0.89^t = 0.5\\ t\log 0.89 = \log 0.5 \;\Rightarrow\; t = \frac{\log 0.5}{\log 0.89} \approx 5.9480 \end{gathered}\]
ដូច្នេះ ដើម្បីឱ្យស្ករជ្រាបចូលក្នុងរាងកាយអស់ពាក់កណ្ដាល គេត្រូវប្រើពេលប្រហែល \(6\) ម៉ោង ។

ប្រតិបត្តិ
  1. ពូសៅបានយកប្រាក់ចំនួន \(2\,000\,000\) រៀល ទៅផ្ញើនៅធនាគារដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ តើរយៈពេលប៉ុន្មានឆ្នាំ ទើបប្រាក់របស់គាត់កើនឡើងពីរដង?

  2. គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយបានទិញកុំព្យូទ័រមួយគ្រឿងថ្លៃ \(3\,000\) ដុល្លារ ។ បើគេគិតប្រាក់រំលស់ \(20\%\) ជារៀងរាល់ឆ្នាំ ចូររកតម្លៃកុំព្យូទ័រក្នុងរយៈពេល \(3\) ឆ្នាំក្រោយ ។

  3. តាមការស្រង់ស្ថិតិឆ្នាំ \(2000\) ប្រទេសចិនមានប្រជាជន \(1.26\) ពាន់លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក ។ ប្រទេសដែលមានចំនួនប្រជាជនច្រើនបន្ទាប់ពីប្រទេសចិន គឺប្រទេសឥណ្ឌា ដែលមានចំនួន \(1.01\) ពាន់លាននាក់ ។ ចំនួនប្រជាជននៃប្រទេសឥណ្ឌានិងប្រទេសចិន អាចគណនាតាមសមីការ \(I(t) = 1.01e^{0.015t}\) និង \(C(t) = 1.26e^{0.009t}\) (គេកំណត់ \(e \approx 2.7183\)) ។ តាមសមីការគំរូទាំងពីរ តើនៅឆ្នាំណាដែលប្រទេសឥណ្ឌាកើនចំនួនប្រជាជនច្រើនជាងប្រទេសចិន?

មើលចម្លើយ

ក. \(1.06^t = 2\) នាំឱ្យ \(t = \dfrac{\log 2}{\log 1.06} \approx 11.9\) ឆ្នាំ (ប្រហែល \(12\) ឆ្នាំ) ។
ខ. \(3\,000(1 - 0.2)^3 = \$1\,536\) ។
គ. \(1.01e^{0.015t} > 1.26e^{0.009t}\) នាំឱ្យ \(e^{0.006t} > \dfrac{1.26}{1.01}\) ឬ \(t > \dfrac{1}{0.006}\ln\dfrac{1.26}{1.01} \approx 36.9\) ។ ដូច្នេះ នៅឆ្នាំ \(2037\) ។

មេរៀនសង្ខេប ជំពូកទី ២

មេរៀនសង្ខេប

១. អនុគមន៍អិចស្ប៉ូណង់ស្យែល

  • ស្វ័យគុណ ៖ \(\underbrace{a\cdot a\cdots a}_{n \text{ កត្តា}} = a^n\) ដែល \(n \in \mathbb{N}\) ។ បើ \(a\), \(b\) ជាចំនួនពិត ហើយ \(m\), \(n\) ជាចំនួនគត់វិជ្ជមាន គេបាន ៖

    \[\begin{gathered} a^m\times a^n = a^{m+n},\quad{} (a^m)^n = a^{mn}\\ (ab)^n = a^nb^n,\quad{} \left(\frac{a}{b}\right)^n = \frac{a^n}{b^n}\ (b \ne 0)\\ \frac{a^m}{a^n} = a^{m-n},\quad{} a^0 = 1,\quad{} \frac{1}{a^n} = a^{-n}\ (a \ne 0) \end{gathered}\]

  • ឫសទី \(n\) ៖ បើ \(a\) ជាចំនួនពិត \(\sqrt[n]{a^n} = |a|\) បើ \(n\) ជាចំនួនគត់គូ និង \(\sqrt[n]{a^n} = a\) បើ \(n\) ជាចំនួនគត់សេស ។

    \[\begin{gathered} \sqrt[n]{a}\cdot\sqrt[n]{b} = \sqrt[n]{ab},\quad{} \sqrt[n]{\frac{a}{b}} = \frac{\sqrt[n]{a}}{\sqrt[n]{b}}\ (b \ne 0),\quad{} \sqrt[n]{a^m} = a^{\frac{m}{n}}\\ \sqrt[n]{\sqrt[k]{a}} = \sqrt[nk]{a},\quad{} \sqrt[nk]{a^{mk}} = \sqrt[n]{a^m} \end{gathered}\]

  • បើ \(a > 0\), \(a \ne 1\) នោះ \(a^x = a^y\) សមមូល \(x = y\) ។

  • អនុគមន៍អិចស្ប៉ូណង់ស្យែលកំណត់ដោយ \(f(x) = a^x\), \(x \in \mathbb{R}\), \(a > 0\) និង \(a \ne 1\) ។

  • បើ \(P\) ប្រាក់ដើម \(i\) អត្រាការប្រាក់ប្រចាំឆ្នាំ \(n\) ជាចំនួនឆ្នាំ ប្រាក់សរុបគឺ \(A = P(1 + i)^n\) ។

២. អនុគមន៍លោការីត

  • បើ \((a, b)\) ផ្ទៀងផ្ទាត់ \(f(x)\) ហើយ \((b, a)\) ផ្ទៀងផ្ទាត់ \(f^{-1}(x)\) នោះ \(f^{-1}(x)\) ជាអនុគមន៍ច្រាសនៃអនុគមន៍ \(f(x)\) ។

  • បើអនុគមន៍ពីរច្រាសគ្នា នោះក្រាបនៃអនុគមន៍ទាំងពីរឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

  • បើ \(a^x = y\) នោះ \(x = \log_a y\), \(y > 0\), \(a > 0\), \(a \ne 1\) ហើយ \(f(x) = a^x\) មានអនុគមន៍ច្រាស \(f^{-1}(x) = \log_a x\) ។

  • លក្ខណៈលោការីត ៖ ចំពោះគ្រប់ \(x > 0\), \(y > 0\), \(a > 0\), \(a \ne 1\) និង \(b > 0\), \(b \ne 1\) ៖

    \[\begin{gathered} \log_a(xy) = \log_a x + \log_a y,\quad{} \log_a x^n = n\log_a x\\ \log_a\left(\frac{x}{y}\right) = \log_a x - \log_a y\\ \log_a b = \frac{1}{\log_b a},\quad{} \log_a x = \frac{\log_b x}{\log_b a}\\ \log_a a = 1,\quad{} \log_a 1 = 0\\ \log_a a^x = x,\quad{} a^{\log_a x} = x \end{gathered}\]

លំហាត់ជំពូកទី ២

  1. ដោះស្រាយសមីការអិចស្ប៉ូណង់ស្យែល ៖

    1. \(3^{x^2} = 81^{x - 1}\)

    2. \(9^{(2x - 1)^2} = 3^{x + 3}\)

    3. \(2(3)^{2x + 3} = 3 - 7(3^x)\)

    4. \(2^{2x + 3} - 2^x = 1 - 2^{x + 3}\)

  2. បើ \(a^x = b^y = (ab)^z\) ។ បង្ហាញថា \(xy = z(x + y)\) ។

  3. បើ \(2^x = 3^y = 12^z\) ។ បង្ហាញថា \(xy = z(x + 2y)\) ។

  4. បើ \(a = \sqrt{3} + \sqrt{2}\) និង \(b = \sqrt{3} - \sqrt{2}\) ។ បង្ហាញថា \(\dfrac{1}{1 + a} + \dfrac{1}{1 + b} = 1\) ។

  5. បើ \(a^2 + b^2 = 11ab\) ។ បង្ហាញថា \(\log a + \log b = 2\log\left(\dfrac{a - b}{3}\right)\) ។

  6. បើ \(\log_x M = a\) និង \(\log_y M = b\) ។ បង្ហាញថា \(\log_{xy} M = \dfrac{ab}{a + b}\) ។

  7. ដោះស្រាយសមីការលោការីត ៖

    1. \(2 + \log_{10}(2x - 3) = \log_{10} x^2 + \log_{10} 25\)

    2. \(6(\log_x 8 + \log_8 x) = 13\)

    3. \(\log_x 9 + \log_9 x = \dfrac{5}{2}\)

    4. \(\log_9 x + \log_{x^2} 9 = 1\)

  8. ដោះស្រាយវិសមីការអិចស្ប៉ូណង់ស្យែល ៖

    1. \(25^x \ge 125^{3x - 2}\)

    2. \(3^x > 27\)

    3. \(4^x - 6(2^x) + 8 > 0\)

    4. \(15^x \ge \dfrac{1}{\sqrt[4]{15^3}}\)

    5. \(\left(\dfrac{1}{5}\right)^x < \sqrt[3]{0.04}\)

    6. \((0.3)^x \le \dfrac{100}{9}\)

  9. ដោះស្រាយវិសមីការលោការីត ៖

    1. \(\log_{3x - 2} x \le 1\)

    2. \(\log_2^2 x - \log_2 x - 15 < 0\)

    3. \(\log_4(3^x - 1)\cdot\log_{\frac{1}{4}}\dfrac{3^x - 1}{16} = \dfrac{3}{4}\)

    4. \(x\cdot\log_{0.1}(x^2 + x + 1) \ge 0\)

    5. \(\log_{\frac{x}{5}}(x^2 - 8x + 16) \le 0\)

    6. \(\log_{x - \frac{9}{2}}\dfrac{x + 4}{2x - 6} \le \log_{x - \frac{9}{2}}(x - 5)\)

  10. មនុស្សម្នាក់បានយកប្រាក់ទៅផ្ញើនៅធនាគារអេស៊ីលីដាចំនួន \(1\,000\$\) ដោយទទួលបានអត្រាការប្រាក់ \(4\%\) ក្នុងមួយឆ្នាំ ។ បើគាត់វិនិយោគប្រាក់នេះតាំងពីឆ្នាំ \(1996\) មក តើបច្ចុប្បន្ននេះឆ្នាំ \(2007\) គាត់មានប្រាក់សរុបទាំងអស់ប៉ុន្មាននៅធនាគារ?

  11. គេឱ្យអនុគមន៍ \(f(x) = a^x\) និងអនុគមន៍ច្រាស \(f^{-1}(x) = \log_a x\) ដែល \(a\) ជាចំនួនពិតវិជ្ជមាននិង \(a \ne 1\) ។

    1. រកតម្លៃ \(a\) ដើម្បីឱ្យក្រាបនៃអនុគមន៍ \(f(x)\) និង \(f^{-1}(x)\) កាត់គ្នា ។

    2. រកគ្រប់ចំណុចដែលក្រាបនៃអនុគមន៍ទាំងពីរកាត់គ្នា (ក្នុងសំណួរ ក) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រសង្គម) ទំព័រ ៤៨–៦៨។
ទំព័រ ៤៨
ទំព័រ ៤៨
ទំព័រ ៤៩
ទំព័រ ៤៩
ទំព័រ ៥០
ទំព័រ ៥០
ទំព័រ ៥១
ទំព័រ ៥១
ទំព័រ ៥២
ទំព័រ ៥២
ទំព័រ ៥៣
ទំព័រ ៥៣
ទំព័រ ៥៤
ទំព័រ ៥៤
ទំព័រ ៥៥
ទំព័រ ៥៥
ទំព័រ ៥៦
ទំព័រ ៥៦
ទំព័រ ៥៧
ទំព័រ ៥៧
ទំព័រ ៥៨
ទំព័រ ៥៨
ទំព័រ ៥៩
ទំព័រ ៥៩
ទំព័រ ៦០
ទំព័រ ៦០
ទំព័រ ៦១
ទំព័រ ៦១
ទំព័រ ៦២
ទំព័រ ៦២
ទំព័រ ៦៣
ទំព័រ ៦៣
ទំព័រ ៦៤
ទំព័រ ៦៤
ទំព័រ ៦៥
ទំព័រ ៦៥
ទំព័រ ៦៦
ទំព័រ ៦៦
ទំព័រ ៦៧
ទំព័រ ៦៧
ទំព័រ ៦៨
ទំព័រ ៦៨

លំហាត់អនុវត្តន៍

១លំហាត់ទី ១

រកសមីការនៃអនុគមន៍ច្រាសរបស់អនុគមន៍ខាងក្រោម ៖

  1. \(y = 4x - 3\)

  2. \(y = 3x^2 + 1\)

  3. \(x^2 - 3y^2 = 3\)

  4. \(xy = -6\)

  5. \(xy^2 = 1\)

  6. \(\dfrac{x^2}{9} + \dfrac{y^2}{4} = 1\)

  7. \(y = \dfrac{5}{x}\)

  8. \(y = \sqrt{x - 2}\)

មើលដំណោះស្រាយ

ក. \(y = \dfrac{x + 3}{4}\) ខ. \(y = \pm\sqrt{\dfrac{x - 1}{3}}\) (\(x \ge 1\)) គ. \(y^2 - 3x^2 = 3\) ឬ \(y = \pm\sqrt{3x^2 + 3}\) ឃ. \(y = -\dfrac{6}{x}\) ង. \(x^2y = 1\) ឬ \(y = \dfrac{1}{x^2}\) ច. \(\dfrac{x^2}{4} + \dfrac{y^2}{9} = 1\) ឆ. \(y = \dfrac{5}{x}\) ជ. \(y = x^2 + 2\) (\(x \ge 0\)) ។

២លំហាត់ទី ២

គេឱ្យអនុគមន៍ \(f(x) = x - 2\) ។ ចូរកំណត់អនុគមន៍ច្រាស \(f^{-1}(x)\) រួចសង់ក្រាបរបស់វា ។

មើលដំណោះស្រាយ

\(f^{-1}(x) = x + 2\) ។ ក្រាបទាំងពីរជាបន្ទាត់ស្របគ្នា ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

៣លំហាត់ទី ៣

សង់ក្រាបនៃអនុគមន៍ខាងក្រោម ៖

  1. \(y = \log_5 x\)

  2. \(y = \log_7 x\)

  3. \(y = \log_{10} x\)

  4. \(y = \log_{1.5} x\)

  5. \(y = \log_{0.5} x\)

  6. \(y = \log_{0.3} x\)

មើលដំណោះស្រាយ

ក្រាបទាំងអស់កាត់តាម \((1, 0)\) និង \((a, 1)\) ។ ក, ខ, គ, ឃ ជាអនុគមន៍កើន (គោល \(a > 1\)) ហើយ ង, ច ជាអនុគមន៍ចុះ (គោល \(0 < a < 1\)) ។

៤លំហាត់ទី ៤

បំប្លែងជាទម្រង់លោការីត ៖

  1. \(10^4 = 10000\)

  2. \(8^{\frac{1}{3}} = 2\)

  3. \(16^{\frac{1}{4}} = 2\)

  4. \(5^{-2} = \frac{1}{25}\)

  5. \(4^{-3} = \frac{1}{64}\)

  6. \(10^{0.3010} = 2\)

  7. \(x^{-a} = y\)

  8. \(A = k^c\)

មើលដំណោះស្រាយ

ក. \(\log 10000 = 4\) ខ. \(\log_8 2 = \frac{1}{3}\) គ. \(\log_{16} 2 = \frac{1}{4}\) ឃ. \(\log_5\frac{1}{25} = -2\) ង. \(\log_4\frac{1}{64} = -3\) ច. \(\log 2 = 0.3010\) ឆ. \(\log_x y = -a\) ជ. \(\log_k A = c\) ។

៥លំហាត់ទី ៥

សម្រួល ៖

  1. \(3^{\log_3 2}\)

  2. \(5^{\log_5 10}\)

  3. \(\log_a a^{10}\)

  4. \(\log_q q^a\)

  5. \(\log_4 64\)

  6. \(\log_{10} 0.1\)

  7. \(\log_{\sqrt{2}} 16\)

  8. \(\log_{10} 1\)

មើលដំណោះស្រាយ

ក. \(2\) ខ. \(10\) គ. \(10\) ឃ. \(a\) ង. \(3\) ច. \(-1\) ឆ. \(8\) ជ. \(0\) ។

៦លំហាត់ទី ៦

ដោះស្រាយសមីការលោការីត ៖

  1. \(\log_3 x = 3\)

  2. \(\log_x 16 = 2\)

  3. \(\log x + \log(x + 9) = 1\)

  4. \(\log_2 x = -1\)

  5. \(\log_9 x = \frac{1}{2}\)

  6. \(\log_8 x = \frac{1}{3}\)

  7. \(\log\sqrt[3]{x} = \sqrt{\log x}\)

  8. \(\log_5\sqrt{x^2 + 1} = \sqrt{1}\)

  9. \(\log_4(x + 3) + \log_4(x - 3) = 2\)

  10. \(\log\sqrt[3]{x^2} + \log\sqrt[3]{x^4} = \log 2^{-3}\)

មើលដំណោះស្រាយ

ក. \(x = 27\) ខ. \(x = 4\) គ. \(x(x + 9) = 10\) ដូច្នេះ \(x = 1\) ឃ. \(x = \frac{1}{2}\) ង. \(x = 3\) ច. \(x = 2\) ឆ. តាង \(t = \log x \ge 0\) ៖ \(\frac{t}{3} = \sqrt{t}\) នាំឱ្យ \(t = 0\) ឬ \(t = 9\) ដូច្នេះ \(x = 1\) ឬ \(x = 10^9\) ជ. \(\sqrt{x^2 + 1} = 5\) ដូច្នេះ \(x = \pm 2\sqrt{6}\) ឈ. \(x^2 - 9 = 16\) ដូច្នេះ \(x = 5\) ញ. \(2\log|x| = -3\log 2\) ដូច្នេះ \(x = \pm\dfrac{\sqrt{2}}{4}\) ។

៧លំហាត់ទី ៧

ដោះស្រាយវិសមីការលោការីត ៖

  1. \(\log_2 2x \le \log_4(x + 3)\)

  2. \(\log_3(3x - 5) \ge \log_3(x + 7)\)

  3. \(\log\dfrac{x^2 - x}{x^2 - 1} < 0\)

  4. \(\log_{0.5} x^2 < \log_{0.5} 3x\)

  5. \(\log_5 12 < \log_5(5x - 3)\)

  6. \(\log(x^2 - 2x + 3) \ge 0\)

  7. \(\log_8(3x - 1) < \log_8(x + 5)\)

មើលដំណោះស្រាយ

ក. \(\log_4 4x^2 \le \log_4(x + 3)\) នាំឱ្យ \(4x^2 - x - 3 \le 0\) ដូច្នេះ \(0 < x \le 1\) ខ. \(x \ge 6\) គ. \(0 < \dfrac{x}{x + 1} < 1\) (\(x \ne 1\)) ដូច្នេះ \(x \in (0, 1) \cup (1, +\infty)\) ឃ. \(x^2 > 3x\), \(x > 0\) ដូច្នេះ \(x > 3\) ង. \(x > 3\) ច. \((x - 1)^2 + 2 \ge 1\) ពិតជានិច្ច ដូច្នេះ \(x \in \mathbb{R}\) ឆ. \(x \in \left(\dfrac{1}{3}, 3\right)\) ។

៨លំហាត់ទី ៨

ពូសេងយកប្រាក់ \(4\,000\,000\) រៀល ទៅធ្វើវិនិយោគទុន ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ តើប៉ុន្មានឆ្នាំក្រោយ ទើបប្រាក់របស់គាត់កើនឡើងពីរដង?

មើលដំណោះស្រាយ

\(1.06^t = 2\) នាំឱ្យ \(t = \dfrac{\log 2}{\log 1.06} \approx 11.9\) ឆ្នាំ (ប្រហែល \(12\) ឆ្នាំ) ។

៩លំហាត់ទី ៩

មីងសុខាបានទិញរថយន្តថ្មីមួយគ្រឿងថ្លៃ \(38\,500\) ដុល្លារ ។ បើរថយន្តចុះថ្លៃក្នុងអត្រា \(15\%\) ក្នុងមួយឆ្នាំ ។ តើរយៈពេល \(7\) ឆ្នាំក្រោយ រថយន្តគាត់នៅសល់ថ្លៃប៉ុន្មាន?

មើលដំណោះស្រាយ

\(38\,500(0.85)^7 \approx \$12\,342.22\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៣៣ អនុគមន៍លោការីត (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត