1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៣១
៣១
ថ្នាក់វិទ្យាសាស្ត្រសង្គម · ជំពូកទី ១ ស៊ីត · មេរៀនទី ៣១ · គណិតវិទ្យាថ្នាក់ទី ១១

ស៊ីតធរណីមាត្រ

ថ្នាក់វិទ្យាសាស្ត្រសង្គមទំព័រ ១៤–២៦
វត្ថុបំណង
  1. កំណត់និយមន័យនិងផលធៀបរួមនៃស៊ីតធរណីមាត្រ

  2. កំណត់តួទី \(n\) នៃស៊ីតធរណីមាត្រ

  3. បង្ហាញផលគុណតួស្មើចម្ងាយពីតួចុង

  4. គណនាផលបូកតួនៃស៊ីតធរណីមាត្រ

  5. គណនាផលបូកតួនៃស៊ីតធរណីមាត្រអនន្តតួ ។

និយមន័យស៊ីតធរណីមាត្រ

ឧទាហរណ៍

គេមានស៊ីត \(2, 6, 18, 54, 162, \ldots\) ។ គេបាន

\[\begin{aligned} a_1 &= 2\\ a_2 &= 6 = 2 \times 3 = a_1 \times 3\\ a_3 &= 18 = 6 \times 3 = a_2 \times 3\\ a_4 &= 54 = 18 \times 3 = a_3 \times 3\\ a_5 &= 162 = 54 \times 3 = a_4 \times 3 \text{ ។} \end{aligned}\]
គេសង្កេតឃើញថា តួនីមួយៗនៃស៊ីត (ក្រៅពីតួទី \(1\)) ស្មើនឹងតួមុនបន្ទាប់គុណនឹងចំនួនថេរមួយ (ស្មើនឹង \(3\)) ។ ដូច្នេះ ស៊ីត \(2, 6, 18, 54, 162, \ldots\) ហៅថា ស៊ីតធរណីមាត្រ ។ ចំនួនថេរ \(3\) ហៅថា ផលធៀបរួមនៃស៊ីតធរណីមាត្រ ។

និយមន័យ

ស៊ីតធរណីមាត្រ គឺជាស៊ីតនៃចំនួនពិតដែលតួនីមួយៗ (ក្រៅពីតួទី \(1\)) ស្មើនឹងតួមុនបន្ទាប់គុណនឹងចំនួនថេរ \(q\) ដែល \(q \ne 0\) ។ ចំនួនថេរ \(q\) នេះ ហៅថាផលធៀបរួមនៃស៊ីតធរណីមាត្រ ។

ជាទូទៅ

ផលធៀបរួមនៃស៊ីតធរណីមាត្រ តាងដោយ \(q\) ដែល \(q \ne 0\) ។

\[q = \frac{a_2}{a_1} = \frac{a_3}{a_2} = \frac{a_4}{a_3} = \ldots = \frac{a_{n+1}}{a_n} \text{ ។}\]

តួទី \(n\) នៃស៊ីតធរណីមាត្រ

ឧទាហរណ៍

គេមានស៊ីតធរណីមាត្រ \(2, 6, 18, 54, 162, \ldots\) ។ គេបាន

\[\begin{aligned} a_1 &= 2\\ a_2 &= 2 \times 3 = a_1 \times 3\\ a_3 &= 18 = 6 \times 3 = 2 \times 3 \times 3 = 2 \times 3^2 = 2 \times 3^{3-1}\\ a_4 &= 54 = 18 \times 3 = 2 \times 3 \times 3 \times 3 = 2 \times 3^3 = 2 \times 3^{4-1}\\ a_5 &= 162 = 54 \times 3 = 2 \times 3 \times 3 \times 3 \times 3 = 2 \times 3^4 = 2 \times 3^{5-1}\\ &\ \,\vdots\\ a_n &= 2 \times \underbrace{3 \times 3 \times \ldots \times 3}_{(n-1) \text{ តួ}} = 2 \times 3^{n-1} \text{ ។} \end{aligned}\]

ជាទូទៅ

តួទី \(n\) នៃស៊ីតធរណីមាត្រកំណត់ដោយ ៖ \(a_n = a_1 \times q^{n-1}\) ។

លំហាត់គំរូ ១

គេមានស៊ីតធរណីមាត្រ \(6, 12, 24, 48, \ldots\) ។

  1. គណនាតួទី \(14\)

  2. តើចំនួន \(384\) ជាតួទីប៉ុន្មាននៃស៊ីត?

ដំណោះស្រាយ

តាងតួទីមួយ \(a_1 = 6\) តួទីពីរ \(a_2 = 12\) គេបានផលធៀបរួម \(q = \dfrac{a_2}{a_1} = \dfrac{12}{6} = 2\) ។

  1. តួទី \(14\) នៃស៊ីតត្រូវនឹង \(a_{14}\) ។ តាមរូបមន្ត គេបាន \(a_n = 6 \times 2^{n-1}\) នោះ \(a_{14} = 6 \times 2^{13} = 6 \times 8192 = 49152\) ។ ដូច្នេះតួទី \(14\) គឺ \(a_{14} = 49152\) ។

  2. តាមរូបមន្ត \(a_n = a_1 \times q^{n-1}\) ដោយ \(a_n = 384\) គេបាន

    \[\begin{gathered} 384 = 6 \times 2^{n-1} \iff 64 = 2^{n-1}\\ \iff 2^6 = 2^{n-1} \iff 6 = n - 1 \Rightarrow n = 7 \end{gathered}\]
    ដូច្នេះចំនួន \(384\) ជាតួទី \(7\) នៃស៊ីត ។

លំហាត់គំរូ ២

ប្រជាជននៅទីក្រុងមួយមានចំនួន \(2\) លាននាក់ក្នុងឆ្នាំ \(2000\) ហើយមានកំណើន \(4\%\) ក្នុងមួយឆ្នាំ ។ បង្ហាញថាចំនួនប្រជាជនប្រចាំឆ្នាំបង្កើតបានជាស៊ីតធរណីមាត្រ និងព្យាករទុកនូវចំនួនប្រជាជនក្នុងឆ្នាំ \(2009\) ។

ដំណោះស្រាយ

តាងចំនួនប្រជាជនក្នុងឆ្នាំ \(2000\) ដោយ \(a_1 = 2\) លាននាក់ នោះចំនួនប្រជាជនក្នុងឆ្នាំ \(2001\) នឹងមាន \(2 + 2(0.04) = 2(1.04)\) លាននាក់ ។

ចំនួនប្រជាជនក្នុងឆ្នាំ \(2002\) នឹងមាន \(a_3 = 2(1.04)^2\) លាននាក់ ។

ចំនួនប្រជាជនក្នុងឆ្នាំ \(2003\) នឹងមាន \(a_4 = 2 \times (1.04)^3\) លាននាក់ ។

ចំនួនប្រជាជនប្រចាំឆ្នាំបង្កើតបានជាស៊ីតធរណីមាត្រ ។ ដូច្នេះ ចំនួនប្រជាជនក្នុងឆ្នាំ \(2009\) នឹងមាន \(a_{10} = 2 \times (1.04)^9 = 2\,846\,624\) នាក់ ។

ប្រតិបត្តិ
  1. គេមានស៊ីតធរណីមាត្រ \(3, 12, 48, 192, \ldots\) ។

    1. គណនាតួទី \(9\) ។

    2. តើចំនួន \(12288\) ជាតួទីប៉ុន្មាននៃស៊ីត?

  2. គ្រួសារមួយសម្រេចចិត្តបើកគណនីសន្សំប្រាក់ជាមុនសម្រាប់ការសិក្សារបស់កូនគាត់ ។ នៅពេលថ្ងៃចាប់កំណើតកូនរបស់គាត់ គាត់បានយកប្រាក់ចំនួន \(100\,000\) រៀលទៅផ្ញើនៅធនាគារដោយបានទទួលអត្រាការប្រាក់សមាស \(6\%\) ក្នុងមួយឆ្នាំ ។ ធនាគារទូទាត់អត្រាការប្រាក់មួយឆ្នាំម្តង ។

    1. កំណត់ចំនួនប្រាក់សរុបនៅរាល់ចុងឆ្នាំនីមួយៗនៃបួនឆ្នាំដំបូង និងកំណត់ចំនួនប្រាក់សរុបនៅចុងឆ្នាំទី \(n\) ។

    2. កំណត់ចំនួនប្រាក់សរុបនៅចុងឆ្នាំទី \(21\) ។

មើលចម្លើយ
  1. ក. \(a_9 = 196608\) ខ. \(a_7 = 12288\) ។

  2. ក. \(a_1 = 106000\), \(a_2 = 112360\), \(a_3 = 119101.6\), \(a_4 = 126247.696\), \(a_n = 100000\left(1 + \dfrac{6}{100}\right)^n\)
    ខ. \(a_{21} = 339956.36\) ។

ផលគុណតួស្មើចម្ងាយពីតួចុង

ឧទាហរណ៍

គេមានស៊ីតធរណីមាត្រ \(a_1, a_2, a_3, a_4, a_5, a_6\) ។ \(a_1\) និង \(a_6\) ហៅថាតួចុង \(a_2\) និង \(a_5\) ហើយ \(a_3\) និង \(a_4\) ហៅថាតួនៅស្មើចម្ងាយពីតួចុង ។

បង្ហាញថា \(a_1 \times a_6 = a_2 \times a_5 = a_3 \times a_4\) ។

តាមរូបមន្តតួទី \(n\) នៃស៊ីតធរណីមាត្រ \(a_n = a_1 \times q^{n-1}\) គេបាន

\[\begin{aligned} a_1 \times a_6 &= a_1 \times a_1 \times q^{6-1} = a_1^2 \times q^5 &\quad{} (1)\\ a_2 \times a_5 &= a_1 \times q \times a_1 \times q^{5-1} = a_1^2 \times q^5 &\quad{} (2)\\ a_3 \times a_4 &= a_1 \times q^{3-1} \times a_1 \times q^{4-1} = a_1^2 \times q^5 &\quad{} (3) \end{aligned}\]
តាម \((1)\), \((2)\) និង \((3)\) គេបាន \(a_1 \times a_6 = a_2 \times a_5 = a_3 \times a_4\) ។

បើ \(a_1, a_2, a_3, \ldots, a_p, \ldots, a_{n-p+1}, \ldots, a_{n-2}, a_{n-1}, a_n\) ជាស៊ីតធរណីមាត្រ ។ តួ \(a_1\) និង \(a_n\) ជាតួចុង ហើយ \(a_2\) និង \(a_{n-1}\), \(a_3\) និង \(a_{n-2}\), \(\ldots\), \(a_p\) និង \(a_{n-p+1}\) ជាតួស្មើចម្ងាយពីតួចុង នោះ

\[a_1 \times a_n = a_2 \times a_{n-1} = a_3 \times a_{n-2} = \ldots = a_p \times a_{n-p+1} \text{ ។}\]

ជាទូទៅ

ផលគុណតួស្មើចម្ងាយពីតួចុងស្មើនឹងផលគុណតួចុងទាំងពីរ ។ គេកំណត់សរសេរ \(a_p \times a_{n-p+1} = a_1 \times a_n\) ។

ករណីពិសេស ៖ បីចំនួនតគ្នា \(a, b\) និង \(c\) ជាស៊ីតធរណីមាត្រសមមូល \(\dfrac{b}{a} = \dfrac{c}{b} = q\) ឬ \(a \times c = b^2\) ឬ (\(b = \sqrt{a \times c}\) ហៅថា មធ្យមធរណីមាត្រ \(a\) និង \(c\)) ។

លំហាត់គំរូ

គេឱ្យបីចំនួនតគ្នា \(a, b\) និង \(c\) ជាស៊ីតធរណីមាត្រ ។ បង្ហាញថាបីចំនួនតគ្នា \(a^2, b^2\) និង \(c^2\) ក៏ជាស៊ីតធរណីមាត្រដែរ ។

ដំណោះស្រាយ

បីចំនួនតគ្នា \(a, b\) និង \(c\) ជាស៊ីតធរណីមាត្រនោះ \(b^2 = a \times c\) ។ លើកអង្គទាំងពីរជាការេ គេបាន \((b^2)^2 = (a \times c)^2 = a^2 \times c^2\) ។

ដូច្នេះ បីចំនួនតគ្នា \(a^2, b^2\) និង \(c^2\) ជាស៊ីតធរណីមាត្រ ។

ប្រតិបត្តិ
  1. តើគេត្រូវបន្ថែមចំនួនប៉ុន្មានទៅលើចំនួន \(3, 24, 94\) ដើម្បីឱ្យបីចំនួនតគ្នាជាស៊ីតធរណីមាត្រ?

  2. រកមធ្យមធរណីមាត្រនៃពីរចំនួន \(4\) និង \(9\) ។

  3. គេឱ្យស៊ីតធរណីមាត្រមួយដែល \(a_3 = 4\) និង \(a_5 = 36\) ។ គណនា \(a_1\) និងផលធៀបរួម \(q\) ។

មើលចម្លើយ
  1. ចំនួនត្រូវថែម \(x = 6\)

  2. \(\sqrt{4 \times 9} = 6\)

  3. \(q = -3\), \(a_1 = \frac{4}{9}\) និង \(q = 3\), \(a_1 = \frac{4}{9}\) ។

ផលបូក \(n\) តួដំបូងនៃស៊ីតធរណីមាត្រ

ឧទាហរណ៍

គណនាផលបូក \(7\) តួដំបូងនៃស៊ីតធរណីមាត្រ \(1, 2, 4, 8, 16, 32, 64\) ។

តាង \(S\) ជាផលបូកស៊ីតធរណីមាត្រដែលមានផលធៀបរួមស្មើនឹង \(2\) ។ គេបាន

\[S = 1 + 2 + 4 + 8 + 16 + 32 + 64 \quad{} (1)\]
គុណអង្គទាំងពីរនៃ \((1)\) នឹងផលធៀបរួមស្មើ \(2\) គេបាន
\[2S = 2 + 4 + 8 + 16 + 32 + 64 + 128 \quad{} (2)\]
យក \((2) - (1)\) គេបាន
\[\begin{aligned} 2S - S = {}&(2 + 4 + 8 + 16 + 32 + 64 + 128)\\ &- (1 + 2 + 4 + 8 + 16 + 32 + 64) \end{aligned}\]
\[S = 128 - 1 = 127 \text{ ។}\]

គេអាចយកឧទាហរណ៍ខាងលើ ដើម្បីកំណត់រូបមន្តផលបូក \(n\) តួដំបូងនៃស៊ីតធរណីមាត្រ ។ បើគេយក \(S_n\) ជាផលបូក \(n\) តួដំបូងនៃស៊ីតធរណីមាត្រដែលមានតួទីមួយ \(a_1\) និងផលធៀបរួម \(q\) នោះ គេបាន

\[\begin{aligned} S_n &= a_1 + a_2 + a_3 + \ldots + a_n\\ S_n &= a_1 + a_1 q + a_1 q^2 + \ldots + a_1 q^{n-1} \quad{} (1) \end{aligned}\]
គុណអង្គទាំងពីរនៃ \((1)\) នឹងផលធៀបរួម \(q\) គេបាន
\[qS_n = a_1 q + a_1 q^2 + a_1 q^3 + \ldots + a_1 q^n \quad{} (2)\]
យក \((2) - (1)\) គេបាន
\[\begin{aligned} qS_n - S_n &= (a_1 q + a_1 q^2 + a_1 q^3 + \ldots + a_1 q^n)\\ &\quad{} - (a_1 + a_1 q + a_1 q^2 + \ldots + a_1 q^{n-1})\\ \iff (q - 1)S_n &= a_1 q^n - a_1 \Rightarrow (q - 1)S_n = a_1(q^n - 1) \end{aligned}\]
បើ \(q \ne 1\) គេបាន \(S_n = \dfrac{a_1(q^n - 1)}{q - 1}\) ។

ជាទូទៅ

ផលបូក \(n\) តួដំបូងនៃស៊ីតធរណីមាត្រដែលមានតួទីមួយ \(a_1\) និងផលធៀបរួម \(q\) ដែល \(q \ne 1\) ស្មើនឹង

\[S_n = \frac{a_1(q^n - 1)}{q - 1} \text{ ។}\]

លំហាត់គំរូ ១
  1. គណនាផលបូក \(7\) តួដំបូងនៃស៊ីតធរណីមាត្រ \(5 + 10 + 20 + 40 + \ldots\) ។

  2. គណនាផលបូកតួនៃស៊ីតធរណីមាត្រ \(2 + 6 + 18 + \ldots + 1458\) ។

ដំណោះស្រាយ
  1. តាង \(S = 5 + 10 + 20 + 40 + \ldots\) ជាផលបូកតួនៃស៊ីតធរណីមាត្រដែលមានតួទី \(1\) គឺ \(a_1 = 5\) ផលធៀបរួម \(q = 2\) ។ តាមរូបមន្ត \(S_n = \dfrac{a_1(q^n - 1)}{q - 1}\) ។ បើ \(n = 7\) គេបាន

    \[S_7 = \frac{5(2^7 - 1)}{2 - 1} = 5(128 - 1) = 635\]
    ដូច្នេះ ផលបូក \(7\) តួដំបូងនៃស៊ីតធរណីមាត្រគឺ \(635\) ។

  2. តាង \(S = 2 + 6 + 18 + \ldots + 1458\) ដែល \(a_1 = 2\), \(a_n = 1458\) និងផលធៀបរួម \(q = 3\) ។ តាមរូបមន្តតួទី \(n\) គេបាន

    \[\begin{gathered} a_n = a_1 q^{n-1},\ 1458 = 2 \times 3^{n-1},\ 729 = 3^{n-1},\\ 3^6 = 3^{n-1},\ 6 = n - 1 \Rightarrow 7 = n \end{gathered}\]
    នោះ \(S\) ជាផលបូក \(7\) តួដំបូងនៃស៊ីតធរណីមាត្រ ។ តាមរូបមន្ត \(S_n = \dfrac{a_1(q^n - 1)}{q - 1}\) គេបាន
    \[S_7 = \frac{2(3^7 - 1)}{3 - 1} = \frac{2(2187 - 1)}{2} = 2186\]
    ដូច្នេះ \(2 + 6 + 18 + \ldots + 1458 = 2186\) ។

លំហាត់គំរូ ២

ស្តេចឥណ្ឌាឈ្មោះស៊ីរ៉ាម បានបញ្ជាឱ្យជាងម្នាក់ធ្វើក្តារចត្រង្គ ហើយសន្យាថានឹងជូនរង្វាន់តាមតម្រូវការនៃជាងនោះចង់បាន ។ ពេលធ្វើរួច ជាងនោះស្នើសុំគ្រាប់ស្រូវទាំងអស់ដែលដាក់ក្នុងក្រឡាចត្រង្គទាំង ហើយរបៀបដាក់មានដូចតទៅ ៖ មួយគ្រាប់ក្នុងក្រឡាទី \(1\) ពីរគ្រាប់ក្នុងក្រឡាទី \(2\) បួនគ្រាប់ក្នុងក្រឡាទី \(3\) ប្រាំបីគ្រាប់ក្នុងក្រឡាទី \(4\), \(\ldots\), ចំនួនគ្រាប់ស្រូវក្នុងក្រឡាបន្ទាប់មកស្មើនឹងចំនួនគ្រាប់ស្រូវក្រឡាមុនគុណនឹង \(2\) ។ គណនាផលបូកនៃគ្រាប់ស្រូវទាំងអស់ដែលត្រូវដាក់លើក្រឡាចត្រង្គទាំង \(64\) ក្រឡា ។

ដំណោះស្រាយ

តាមបម្រាប់ចំនួនគ្រាប់ស្រូវដែលដាក់លើក្រឡាចត្រង្គទាំង \(64\) ក្រឡាបង្កើតបានជាស៊ីតធរណីមាត្រ \(1, 2, 4, 8, \ldots\) ឬ \(2^0, 2^1, 2^2, 2^3, \ldots\) ដែលមាន \(a_1 = 1\) និងផលធៀបរួម \(q = 2\) ។

តាមរូបមន្ត \(S_n = \dfrac{a_1(q^n - 1)}{q - 1}\) គេបាន

\[S_{64} = \frac{1(2^{64} - 1)}{2 - 1} = 2^{64} - 1 = 18\,446\,744\,073\,709\,551\,615 \text{ ។}\]
ដូច្នេះចំនួនគ្រាប់ស្រូវដែលដាក់លើក្រឡាចត្រង្គទាំង \(64\) ក្រឡាគឺ \(18\,446\,744\,073\,709\,551\,615\) គ្រាប់ ។

គ្រាប់ស្រូវចំនួន \(37000\) គ្រាប់ប្រហែល \(1\text{ kg}\) នោះស្រូវទម្ងន់ \(1\text{ t} \approx 37000000\) គ្រាប់ ។ ដូច្នេះស្រូវដែលដាក់លើក្រឡាចត្រង្គទាំង \(64\) ក្រឡាប្រហែល \(4986 \times 10^8\text{ t}\) ។ គេដឹងថាទិន្នផលស្រូវប្រចាំឆ្នាំបច្ចុប្បន្នរបស់កម្ពុជាប្រហែល \(5 \times 10^6\text{ t}\) ។

ប្រតិបត្តិ
  1. គេមានស៊ីតធរណីមាត្រ \(6\,;\ 3\,;\ 1.5\,;\ 0.75\,;\ldots\) ។ គណនា

    1. តួទី \(7\)

    2. ផលបូក \(7\) តួដំបូងនៃស៊ីតធរណីមាត្រ ។

  2. គណនា \(S_n = 7 + 77 + 777 + 7777 + \ldots + \underbrace{77\ldots7}_{n \text{ ដងលេខ } 7}\) ។

  3. លោក \(B\) បានដាក់ប្រាក់ \(100\$\) ទៅផ្ញើក្នុងគណនីសន្សំនៃធនាគារមួយដោយទទួលបានអត្រាការប្រាក់សមាស \(10\$\) ក្នុងមួយឆ្នាំ ។ ធនាគារទូទាត់អត្រាការប្រាក់មួយខែម្តង ។ ប្រាក់សរុបដែលលោក \(B\) ទទួលបាននៅចុងឆ្នាំទី \(5\) គឺ

    \[\begin{aligned} A = {}&100 \times \left(1 + \frac{0.10}{12}\right) + 100 \times \left(1 + \frac{0.10}{12}\right)^2\\ &+ 100\left(1 + \frac{0.10}{12}\right)^3 + \ldots + 100\left(1 + \frac{0.10}{12}\right)^{60} \end{aligned}\]
    ។ គណនា \(A\) ។

  4. ប៉ោលមួយយោលដំបូងបានប្រវែងធ្នូ \(18\text{ cm}\) និងយោលជាបន្តបន្ទាប់មកទៀត ដោយម្តងៗសល់ប្រវែងធ្នូ \(95\%\) នៃប្រវែងធ្នូមុន ។

    1. កំណត់ប្រវែងធ្នូបន្ទាប់ពីយោលលើកទី \(10\) ។

    2. ក្រោយពីយោលបាន \(15\) ដង ។ កំណត់ប្រវែងធ្នូសរុបនៃការយោលនោះ ។

មើលចម្លើយ
  1. ក. \(a_7 = \dfrac{3}{32}\) ខ. \(S_7 = \dfrac{381}{32}\) ។

  2. \(S_n = \dfrac{7}{81}(10^{n+1} - 9n - 10)\) ។

  3. \(A = 7808.23\) ។

  4. ក. \(a_{10} = 11.34\) ខ. \(S_{15} = 193.21\) ។

ស៊ីតធរណីមាត្រអនន្តតួ

ឧទាហរណ៍

ពិនិត្យស៊ីតធរណីមាត្រអនន្តតួ \(18 + 1.8 + 0.18 + 0.018 + 0.0018 + \ldots\) ដែលមានតួទីមួយ \(a_1 = 18\) និងផលធៀបរួម \(q = \dfrac{1}{10}\) ។ គេបាន

\[\begin{gathered} S_2 = 19.8,\quad{} S_3 = 19.98,\quad{} S_4 = 19.998,\quad{} S_5 = 19.9998,\\ S_6 = 19.99998,\ \ldots,\ S_n = 19.999\ldots998 \end{gathered}\]
ដូច្នេះ \(S_n\) ខិតជិត \(20\) កាលណា \(n\) ខិតជិតអនន្ត ។

ពិនិត្យផលបូកស៊ីតធរណីមាត្រអនន្តតួ \(a_1 + a_1 q + a_1 q^2 + \ldots + a_1 q^{n-1} + \ldots\) ដែលមានតួទីមួយ \(a_1\) និងផលធៀបរួម \(q\) ។ គេបាន

\[\begin{aligned} S_1 &= a_1\\ S_2 &= a_1 + a_1 q\\ S_3 &= a_1 + a_1 q + a_1 q^2\\ S_4 &= a_1 + a_1 q + a_1 q^2 + a_1 q^3\\ S_5 &= a_1 + a_1 q + a_1 q^2 + a_1 q^3 + a_1 q^4\\ &\ \,\vdots\\ S_n &= a_1 + a_1 q + a_1 q^2 + a_1 q^3 + \ldots + a_1 q^{n-1} \end{aligned}\]
តាមរូបមន្តគេបាន \(S_n = \dfrac{a_1(q^n - 1)}{q - 1} = \dfrac{a_1 q^n}{q - 1} - \dfrac{a_1}{q - 1}\), \((q \ne 1)\) ។

បើ \(|q| < 1\) នោះ \(q^n\) កាន់តែតូចទៅៗ កាលណាចំនួនតួ \(n\) កាន់តែធំទៅៗមានន័យថា \(q^n \to 0\) ពេល \(n \to +\infty\) គេបាន \(S_n = 0 - \dfrac{a_1}{q - 1} = \dfrac{a_1}{1 - q}\) ពេល \(n \to +\infty\) ។ ដូច្នេះ \(S_\infty = \dfrac{a_1}{1 - q}\) ។

ជាទូទៅ

ផលបូកតួនៃស៊ីតធរណីមាត្រអនន្តតួ \(a_1 + a_1 q + a_1 q^2 + \ldots + a_1 q^{n-1} + \ldots\) ដែល \(|q| < 1\) កំណត់ដោយ \(S_\infty = \dfrac{a_1}{1 - q}\) ។

សម្គាល់

បើ \(|q| \ge 1\) នោះ \(S_\infty\) មិនអាចកំណត់បាន ។

លំហាត់គំរូ ១

គណនាផលបូកតួនៃស៊ីតធរណីមាត្រអនន្តតួ \(6 + 2 + \dfrac{2}{3} + \dfrac{2}{9} + \ldots\) ។

ដំណោះស្រាយ

\(6 + 2 + \frac{2}{3} + \frac{2}{9} + \ldots\) ជាផលបូកតួនៃស៊ីតធរណីមាត្រអនន្តតួដែលមាន \(a_1 = 6\), \(q = \frac{1}{3}\) ។ តាមរូបមន្ត \(S_\infty = \dfrac{a_1}{1 - q}\) គេបាន \(S_\infty = \dfrac{6}{1 - \frac{1}{3}} = 9\) ។

លំហាត់គំរូ ២

សរសេរចំនួនទសភាគខួប \(4.\overline{57}\) ជាចំនួនសនិទានដែលមានទម្រង់ \(\dfrac{a}{b}\) ។

ដំណោះស្រាយ

\(4.\overline{57} = 4 + 0.57 + 0.0057 + 0.000057 + \ldots\) ចាប់ពីតួទី \(2\) ទៅជាផលបូកនៃស៊ីតធរណីមាត្រអនន្តតួដែលមាន \(a_1 = 0.57\), \(q = \dfrac{1}{100} = 0.01\) ។ តាមរូបមន្ត \(S_\infty = \dfrac{a_1}{1 - q}\) គេបាន

\[4.\overline{57} = 4 + \frac{0.57}{1 - 0.01} = 4 + \frac{0.57}{0.99} = 4 + \frac{57}{99} = \frac{453}{99}\]
ដូច្នេះ \(4.\overline{57} = \dfrac{453}{99}\) ។

លំហាត់គំរូ ៣

គេយោលប៉ោលមួយ (ដូចរូបខាងស្តាំ) ។ លើកដំបូងបានធ្នូមួយប្រវែង \(24\text{ dm}\) បន្ទាប់មកប្រវែងធ្នូថយចុះ \(20\%\) ជាបន្តបន្ទាប់ ។ កំណត់ប្រវែងគន្លងសរុបនៃលំយោលប៉ោលចាប់ពីពេលដំបូងដល់ពេលវាឈប់ ។

ដំណោះស្រាយ

គេត្រូវកំណត់ផលបូកតួនៃស៊ីតធរណីមាត្រអនន្តតួដែលមានតួទី \(1\) គឺ \(a_1 = 24\) ហើយផលធៀបរួម \(q = 80\%\), \(|q| < 1\) ។ តាមរូបមន្តស៊ីតអនន្តតួ \(S_\infty = \dfrac{a_1}{1 - q}\) ឬ \(S_\infty = \dfrac{24}{1 - 0.8} = 120\) ។

ដូច្នេះប្រវែងគន្លងសរុបនៃលំយោលប៉ោល ពីពេលយោលដំបូងដល់ពេលវាឈប់ស្មើនឹង \(120\text{ dm}\) ។

ប្រតិបត្តិ
  1. គណនាផលបូកស៊ីតធរណីមាត្រអនន្តតួ \(16 + 12 + 9 + \ldots\) ។

  2. សរសេរចំនួនទសភាគខួប \(0.\overline{235}\) ជាចំនួនសនិទានដែលមានទម្រង់ \(\frac{a}{b}\) ។

មើលចម្លើយ
  1. \(S_\infty = 64\)

  2. \(0.\overline{235} = \dfrac{235}{999}\) ។

មេរៀនសង្ខេប ជំពូកទី ១

មេរៀនសង្ខេប
  1. ស៊ីតនៃចំនួនពិត ជាអនុគមន៍លេខដែលកំណត់ពី \(\mathbb{N}\) ទៅ \(\mathbb{R}\) ។

  2. ស៊ីតនព្វន្ត ជាស៊ីតនៃចំនួនពិតដែលមានតួនីមួយៗ (ក្រៅពីតួទី \(1\)) ស្មើនឹងតួមុនបន្ទាប់បូកចំនួនថេរ \(d\) មួយ (ហៅថាផលសងរួម \(d = a_{n+1} - a_n\)) ។

  3. រូបមន្តតួទូទៅនៃស៊ីតនព្វន្ត \(a_n = a_1 + (n - 1)\times d\) ។

  4. ផលបូក \(n\) តួនៃស៊ីតនព្វន្ត \(S_n = \dfrac{(a_1 + a_n)\times n}{2}\) ។

  5. ស៊ីតធរណីមាត្រជាស៊ីតចំនួនពិតដែលតួនីមួយ (ក្រៅពីតួទី \(1\)) ស្មើនឹងតួមុនបន្ទាប់គុណនឹងចំនួនថេរ \(q\) ដែល \(q \ne 0\) ។ ចំនួនថេរ \(q\) នេះហៅថាផលធៀបរួមស៊ីតធរណីមាត្រ ។

  6. រូបមន្តតួទូទៅនៃស៊ីតធរណីមាត្រ \(a_{n+1} = a_n\times q\), \(a_n = a_1\times q^{n-1}\) ។

  7. ផលបូក \(n\) តួដំបូងនៃស៊ីតធរណីមាត្រ \(S_n = \dfrac{a_1(q^n - 1)}{q - 1}\), \((q \ne 1)\) ។

  8. ផលបូកស៊ីតធរណីមាត្រអនន្តតួ \(S_\infty = \dfrac{a_1}{1 - q}\), \((|q| < 1)\) ។

លំហាត់ជំពូកទី ១

  1. តួទី \(5\) នៃស៊ីតនព្វន្តស្មើ \(14\) និងតួទី \(12\) ស្មើ \(35\) ។ គណនាផលសងរួម តួទី \(1\) និងតួទី \(n\) ។

  2. ផលបូកនៃ \(n\) តួដំបូងនៃស៊ីតមួយកំណត់ដោយ \(S_n = n^2 + n\) ។ គណនាតួទី \(5\) នៃស៊ីត និងបង្ហាញថាតួនៃស៊ីតនេះជាស៊ីតនព្វន្ត ។

  3. តួទី \(3\) នៃស៊ីតធរណីមាត្រស្មើ \(3\) និងតួទី \(6\) ស្មើនឹង \(\dfrac{3}{8}\) ។ គណនាផលធៀបរួមតួទី \(1\) និងផលបូក \(8\) តួដំបូង ។

  4. គណនា \(a\) ដើម្បីឱ្យបីចំនួន \((a - 3)\), \((a + 1)\) និង \((4a - 2)\) ជាបីតួតគ្នានៃស៊ីតធរណីមាត្រ ។

  5. គេឱ្យបួនចំនួនជាស៊ីតធរណីមាត្រ ។ គណនាតួទី \(2\) និងទី \(3\) នៃស៊ីត បើគេដឹងថាតួទី \(1\) ស្មើនឹង \(6\) ហើយតួទី \(4\) ស្មើនឹង \(162\) ។

  6. គេទិញផ្ទះមួយតម្លៃ \(30000\) ដុល្លារ ។ អ្នកទិញត្រូវបង់ប្រាក់ជា \(6\) ដំណាក់កាលដែលបង្កើតបានជាស៊ីតធរណីមាត្រមានផលធៀបរួម \(\dfrac{9}{10}\) ។ កំណត់ប្រាក់ដែលត្រូវបង់តាមដំណាក់កាលនីមួយៗ ។

  7. គេមានស៊ីតនព្វន្ត \((U_n)\) និង \((V_n)\) កំណត់ដោយ \(U_1 = 3\) និងផលសងរួមស្មើ \(3\) និង \(V_1 = 4\) និងផលសងរួមស្មើ \(2\) ។

    1. កំណត់ \(U_n\) និង \(V_n\) ជាអនុគមន៍នៃ \(n\) ។

    2. គេមានស៊ីត \((W_n)\) កំណត់ដោយ \(W_n = \dfrac{U_n}{V_n}\) ។ បង្ហាញថាស៊ីត \((W_n)\) ជាស៊ីតកើន និងកំណត់ \(n\) ដើម្បីឱ្យ \(W_n - W_{n-1} = \dfrac{1}{28}\) ។

  8. កំណត់ផលសងរួមនិងតួទីមួយ \(U_1\) នៃស៊ីតនព្វន្ត \((U_n)_{n \in \mathbb{N}}\) កើននិងដឹងថា \(\begin{cases} U_1^2 + U_2^2 + U_3^2 = 98\\ U_1 - U_2 + U_3 = 4 \end{cases}\) ។ គណនា \(U_{10}\) និងផលបូក \(10\) តួដំបូងនៃស៊ីត ។

  9. តួដំបូងនៃស៊ីតធរណីមាត្រស្មើ \(3\) ហើយមានផលធៀបរួម \(r\) ដែលតម្លៃដាច់ខាតនៃ \(r\) តូចជាង \(1\) ។ ផលបូក \(3\) តួដំបូងស្មើ \(\dfrac{8}{9}\) នៃផលបូក \(6\) តួដំបូង ។ គណនាផលបូកស៊ីតធរណីមាត្រអនន្តតួ ។

    1. ដោះស្រាយក្នុង \(\mathbb{R}\) សមីការ \(3x^2 - 8x + 4 = 0\) \((E)\) ។

    2. គេមាន \((U_n)_{n \in \mathbb{N}}\) ជាស៊ីតធរណីមាត្រកើនដែលមាន \(U_3\) និង \(U_4\) នៃស៊ីតនេះ ជាចម្លើយនៃសមីការ \((E)\) ។ ក. ទាញរកផលធៀបរួមនៃស៊ីតនេះ ។ ខ. គណនាតួទីមួយ \(U_1\) នៃស៊ីត ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រសង្គម) ទំព័រ ១៤–២៦។
ទំព័រ ១៤
ទំព័រ ១៤
ទំព័រ ១៥
ទំព័រ ១៥
ទំព័រ ១៦
ទំព័រ ១៦
ទំព័រ ១៧
ទំព័រ ១៧
ទំព័រ ១៨
ទំព័រ ១៨
ទំព័រ ១៩
ទំព័រ ១៩
ទំព័រ ២០
ទំព័រ ២០
ទំព័រ ២១
ទំព័រ ២១
ទំព័រ ២២
ទំព័រ ២២
ទំព័រ ២៣
ទំព័រ ២៣
ទំព័រ ២៤
ទំព័រ ២៤
ទំព័រ ២៥
ទំព័រ ២៥
ទំព័រ ២៦
ទំព័រ ២៦

លំហាត់អនុវត្តន៍

១លំហាត់ទី ១

កំណត់ផលធៀបរួមនៃស៊ីតធរណីមាត្រ និងសរសេរបួនតួបន្ទាប់ទៀតនៃស៊ីតនីមួយៗ ។

  1. \(4, 20, 100, 500, \ldots\)

  2. \(\sqrt{2}, 2, 2\sqrt{2}, 4, \ldots\) ។

២លំហាត់ទី ២

គេមានស៊ីតធរណីមាត្រ \(2, 6, 18, 54, \ldots\) ។

  1. គណនាតួទី \(7\) ។

  2. តើចំនួន \(39366\) ជាតួទីប៉ុន្មាននៃស៊ីត?

  3. គណនាផលបូក \(15\) តួដំបូងនៃស៊ីតធរណីមាត្រ ។

៣លំហាត់ទី ៣

កំណត់ចំនួនតួនៃស៊ីតធរណីមាត្រខាងក្រោម ៖

  1. \(1, 2, 4, 8, \ldots, 8192\)

  2. \(20, 10, 5, \frac{5}{2}, \ldots, \frac{5}{256}\) ។

៤លំហាត់ទី ៤

បង្ហាញថាស៊ីតខាងក្រោមជាស៊ីតធរណីមាត្រដែលមានតួទី \(n\) កំណត់ដោយ

  1. \(a_n = 7 \times (3)^{n-1}\)

  2. \(a_{n+1} = \frac{1}{8} \times (4)^n\) ។

៥លំហាត់ទី ៥

គេឱ្យ \((a_n)\) ជាស៊ីតធរណីមាត្រ បើគេដឹងថា

  1. \(a_3 = 18\), \(a_7 = 1458\) ។ គណនា \(q\) និង \(a_{10}\) ។

  2. \(a_3 = 20\), \(a_6 = 1280\) ។ គណនា \(q\) និង \(a_1\) ។

  3. \(a_1 = 3\), \(S_3 = 21\) ។ គណនា \(q\) និង \(S_7\) ។

៦លំហាត់ទី ៦

គណនាផលបូកស៊ីតធរណីមាត្រខាងក្រោម ៖

  1. \(48 + 24 + 12 + \ldots + \frac{3}{8}\)

  2. \(\frac{1}{3} + 1 + 3 + \ldots + 6561\)

  3. \(9 - 6 + 4 - \ldots - \frac{128}{244}\)

  4. \(1 - \frac{1}{2} + \frac{1}{3^2} - \frac{1}{2^3} + \frac{1}{3^4} - \frac{1}{2^5} + \ldots - \frac{1}{2^{2n-1}} + \frac{1}{3^{2n}}\) ។

៧លំហាត់ទី ៧

គណនាផលបូកស៊ីតធរណីមាត្រអនន្តដែលមាន \(a_2 = -9\) និង \(a_5 = \dfrac{1}{3}\) ។

៨លំហាត់ទី ៨

គណនាផលធៀបរួមនៃធរណីមាត្រអនន្តដែលមាន \(a_1 = 5\) និង \(S_\infty = 15\) ។

៩លំហាត់ទី ៩

ផលបូកពីរតួដំបូងនៃស៊ីតធរណីមាត្រស្មើនឹង \(9\) និងផលបូកនៃស៊ីតធរណីមាត្រអនន្តតួស្មើនឹង \(25\) ។ គណនា \(q\) និង \(a_1\) បើផលធៀបរួម \(q > 0\) ។

១០លំហាត់ទី ១០

សរសេរជាចំនួនសនិទានដែលមានទម្រង់ \(\frac{a}{b}\) នូវចំនួនទសភាគខួបខាងក្រោម ៖

  1. \(0.\overline{7}\)

  2. \(2.\overline{34}\)

  3. \(0.\overline{452}\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៣១ ស៊ីតធរណីមាត្រ (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត