1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ២៤
២៤
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ៧ ស្ថិតិ · មេរៀនទី ២៤ · គណិតវិទ្យាថ្នាក់ទី ១១

រង្វាស់ទីតាំងនៃទិន្នន័យ

ថ្នាក់វិទ្យាសាស្ត្រទំព័រ ១៣៥–១៤៣▶ ស្លាយបង្រៀន
ជំពូកទី ៧ ៖ ស្ថិតិ

ជំពូកនេះមានមេរៀន ៖ ១. រង្វាស់ទីតាំងនៃទិន្នន័យ ២. រង្វាស់នៃគម្លាត ។

នៅជំពូកនេះ យើងនឹងសិក្សាពីការបែងចែកសំណុំទិន្នន័យមួយជាភាគរយ និងបម្រែបម្រួលសំណុំទិន្នន័យមួយធៀបនឹងសំណុំទិន្នន័យមួយទៀត ។ រង្វាស់ដែលចាំបាច់សម្រាប់ពិពណ៌នាទិន្នន័យគឺជារង្វាស់ទីតាំង ។ រង្វាស់នេះប្រាប់ពីភាគរយនៃទិន្នន័យដែលមានតម្លៃតិច ឬច្រើនជាងតម្លៃណាមួយជាក់លាក់ ។ ម្យ៉ាងទៀតទិន្នន័យអាចមានភាពប្រែប្រួលតិច ឬច្រើនពីតម្លៃមធ្យម ដែលបណ្ដាលឱ្យបំណែងចែកទិន្នន័យមានពង្រាយខ្លាំង ឬខ្សោយ ។ គេបានបង្កើតរង្វាស់គម្លាតដើម្បីវាស់វែងពីបម្រែបម្រួលទិន្នន័យ ។ ចំពោះការត្រួតពិនិត្យទំនិញ គេពិនិត្យមើលលើតម្លៃគម្លាតនេះ ដែលបានកំណត់ក្នុងស្តង់ដារនៃគុណភាពទំនិញរបស់គេ ។

វត្ថុបំណង
  1. គណនាកាទីល ឬភាគបួន ភាគដប់ និងភាគរយនៃទិន្នន័យមិនផ្ដុំជាតារាងប្រេកង់

  2. គណនាកាទីល ឬភាគបួន ភាគដប់ និងភាគរយនៃទិន្នន័យផ្ដុំជាតារាងប្រេកង់ ។

រង្វាស់ទីតាំងនៃទិន្នន័យមិនផ្ដុំជាតារាងប្រេកង់

ឧទាហរណ៍

សាលារៀនបើកបរថយន្តមួយកន្លែងទទួលបានសិស្សចំនួន \(16\) នាក់ ដែលមានអាយុ \(25, 23, 26, 30, 37, 20, 21, 23, 31, 34, 26, 34, 31, 26, 35, 32\) ។ នៅពេលគេរៀបអាយុសិស្សតាមលំដាប់ពីតិចទៅច្រើន រួចហើយគេចង់ដឹងថា ៖ តើ \(25\%\) នៃសិស្សទាំងអស់នៅក្រោមអាយុប៉ុន្មានឆ្នាំ? \(50\%\) នៃសិស្សទាំងអស់នៅក្រោមអាយុប៉ុន្មានឆ្នាំ? \(75\%\) នៃសិស្សទាំងអស់នៅក្រោមអាយុប៉ុន្មានឆ្នាំ?

ចំពោះទិន្នន័យដែលរៀបតាមលំដាប់កើន តម្លៃ \(25\%\) នៃទិន្នន័យទាំងអស់ ហៅថា កាទីលទី \(1\) តាងដោយ \(Q_1\) និង \(75\%\) នៃទិន្នន័យទាំងអស់ ហៅថាកាទីលទី \(3\) តាងដោយ \(Q_3\) ។ ចំណែកកាទីលទី \(2\) តាងដោយ \(Q_2\) គឺជាមេដ្យាន ជាតម្លៃត្រូវនឹង \(50\%\) នៃទិន្នន័យទាំងអស់ ។

គេសង្កេតឃើញថា ចំនួនទិន្នន័យទាំងអស់ស្មើនឹង \(16\) ដូច្នេះ ៖

  • \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(16 + 1) =\) តម្លៃតួទី \(4.25\) ។ ដោយតួទី \(4.25\) នៅចន្លោះតួទី \(4\) និងតួទី \(5\) គេបាន \(Q_1 = \dfrac{23 + 25}{2} = 24\) ។

  • \(Q_2 =\) តម្លៃតួទី \(\dfrac{1}{2}(16 + 1) =\) តម្លៃតួទី \(8.5\) ។ ដោយតួទី \(8.5\) នៅចន្លោះតួទី \(8\) និងតួទី \(9\) គេបាន \(Q_2 = \dfrac{26 + 30}{2} = 28\) ។

  • \(Q_3 =\) តម្លៃតួទី \(\dfrac{3}{4}(16 + 1) =\) តម្លៃតួទី \(12.75\) ។ ដោយតួទី \(12.75\) នៅចន្លោះតួទី \(12\) និងតួទី \(13\) គេបាន \(Q_3 = \dfrac{32 + 34}{2} = 33\) ។

បំណកស្រាយ ៖ យើងឃើញថា \(25\%\) នៃសិស្សទាំងអស់មានអាយុតិចជាង \(24\) ឆ្នាំ \(50\%\) នៃសិស្សទាំងអស់មានអាយុតិចជាង \(28\) ឆ្នាំ ហើយ \(75\%\) នៃសិស្សទាំងអស់មានអាយុតិចជាង \(33\) ឆ្នាំ ។

ជាទូទៅ

បើទិន្នន័យដែលបានរៀបតាមលំដាប់មានចំនួនតួស្មើនឹង \(n\) នោះគេបាន ៖

\[\begin{aligned} &\text{កាទីលទី } 1 : && Q_1 = \text{តម្លៃតួទី } \frac{1}{4}(n + 1)\\ &\text{កាទីលទី } 2 : && Q_2 = \text{តម្លៃតួទី } \frac{2}{4}(n + 1) = \text{តម្លៃតួទី } \frac{1}{2}(n + 1)\\ &\text{កាទីលទី } 3 : && Q_3 = \text{តម្លៃតួទី } \frac{3}{4}(n + 1) \end{aligned}\]

វិធាន
  • មុននឹងគណនាកាទីល ត្រូវរៀបទិន្នន័យតាមលំដាប់ពីតូចទៅធំ ។

  • បើទីតាំងនៃ \(Q\) ស្ថិតនៅចំទិន្នន័យណា នោះ \(Q\) ស្មើនឹងតម្លៃទិន្នន័យនោះ ។

  • បើទីតាំងនៃ \(Q\) ស្ថិតនៅចំចន្លោះទិន្នន័យពីរ នោះតម្លៃ \(Q\) ជាមធ្យមនៃទិន្នន័យទាំងពីរ ។

ដូចគ្នានេះដែរ ភាគដប់ចែកទិន្នន័យជាដប់ចំណែកស្មើៗគ្នា ។

បើគេតាង \(D_i\) ជាទីតាំងនៃភាគដប់ នោះគេបាន \(D_1, D_2, D_3, \dots, D_9\) ។

រូបមន្តភាគដប់

\[\begin{gathered} D_i = \text{តម្លៃតួទី } \frac{i}{10}(n + 1),\\ i = 1, 2, \dots, 9 \end{gathered}\]

ភាគរយចែកទិន្នន័យជាមួយរយចំណែកស្មើៗគ្នា ។ បើគេតាង \(L_P\) ជាទីតាំងភាគរយ នោះគេបាន \(L_1, L_2, \dots, L_{99}\) ។

រូបមន្តភាគរយ

\[L_P = \text{តម្លៃតួទី } \frac{P}{100}(n + 1)\]
ដែល \(P\) ជាភាគរយដែលគេត្រូវរក ។

លំហាត់គំរូ

ប្រាក់កម្រៃជើងសាប្រចាំខែរបស់បុគ្គលិកក្នុងក្រុមហ៊ុនលក់កុំព្យូទ័រមួយ (គិតជាដុល្លារ) មាន \(120, 150, 150, 180, 200, 120, 170, 220, 190\) ។ គណនា \(Q_1\) និង \(D_2\) ។

ដំណោះស្រាយ

រៀបទិន្នន័យតាមលំដាប់ ៖ \(120, 120, 150, 150, 170, 180, 190, 200, 220\) (\(n = 9\)) ។

  • \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(9 + 1) =\) តម្លៃតួទី \(2.5\) ។ ដូច្នេះ \(Q_1 = \dfrac{120 + 150}{2} = \$135\) មានន័យថា \(25\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាតិចជាង \(\$135\) ឬ \(75\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាច្រើនជាង \(\$135\) ។

  • \(D_2 =\) តម្លៃតួទី \(\dfrac{2}{10}(9 + 1) =\) តម្លៃតួទី \(2\) ។ ដូច្នេះ \(D_2 = \$120\) មានន័យថា \(80\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាច្រើនជាង \(\$120\) ឬ \(20\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាតិចជាង \(\$120\) ។

ប្រតិបត្តិ

គណនានិងបញ្ជាក់អត្ថន័យ \(Q_1, Q_2, Q_3\) និង \(L_{25}\) នៃសំណុំទិន្នន័យខាងក្រោម ៖ \(4, 6, 18, 25, 9, 16, 22, 5, 20, 4, 8\) ។

មើលចម្លើយ

រៀបតាមលំដាប់ ៖ \(4, 4, 5, 6, 8, 9, 16, 18, 20, 22, 25\) (\(n = 11\)) ។ \(Q_1 =\) តួទី \(3 = 5\), \(Q_2 =\) តួទី \(6 = 9\), \(Q_3 =\) តួទី \(9 = 20\), \(L_{25} =\) តួទី \(\dfrac{25}{100}\times 12 = 3\) គឺ \(L_{25} = 5\) ។ មានន័យថា \(25\%\) នៃទិន្នន័យតិចជាង \(5\), \(50\%\) តិចជាង \(9\) និង \(75\%\) តិចជាង \(20\) ។

រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាតារាងប្រេកង់

ដើម្បីកំណត់រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាតារាងប្រេកង់ គេត្រូវបង្កើតតារាងប្រេកង់កើន ។

លំហាត់គំរូ

អ្នកលក់សៀវភៅម្នាក់បានឱ្យដឹងថា សៀវភៅថ្មីរបស់គាត់ទាំងអស់មានចំនួន \(30\) ក្បាល ។ ក្នុងនោះមានចំនួន \(5\) ក្បាល មួយក្បាលលក់តម្លៃ \(\$12\) មានចំនួន \(8\) ក្បាល មួយក្បាលលក់តម្លៃ \(\$9\) មានចំនួន \(6\) ក្បាល មួយក្បាលលក់តម្លៃ \(\$7\) មានចំនួន \(9\) ក្បាល មួយក្បាលលក់តម្លៃ \(\$15\) និងមានចំនួន \(2\) ក្បាល មួយក្បាលលក់តម្លៃ \(\$20\) ។ គណនា \(Q_1\) មេដ្យាននិង \(L_{81}\) ។

ដំណោះស្រាយ

បង្កើតតារាងប្រេកង់កើន ៖

\[\begin{array}{|c|c|c|}\hline \text{តម្លៃសៀវភៅ } x & \text{ចំនួនសៀវភៅ } f & f^{\uparrow}\\ \hline \$7 & 6 & 6\\ \$9 & 8 & 14\\ \$12 & 5 & 19\\ \$15 & 9 & 28\\ \$20 & 2 & 30\\ \hline \end{array}\]

  • \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(n + 1)\), \(n = 30\) ៖ \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(30 + 1) =\) តម្លៃតួទី \(7.75\) ។ ដូច្នេះ \(Q_1 = \$9\) ។

  • \(Q_2 =\) មេដ្យាន \(=\) តម្លៃតួទី \(\dfrac{1}{2}(n + 1) =\) តម្លៃតួទី \(\dfrac{1}{2}(30 + 1) =\) តម្លៃតួទី \(15.5\) ។ ដូច្នេះ មេដ្យានស្មើនឹង \(\$12\) ។

  • \(L_{81} =\) តម្លៃតួទី \(\dfrac{P}{100}(n + 1) =\) តម្លៃតួទី \(\dfrac{81}{100}(30 + 1) =\) តម្លៃតួទី \(25.11\) ។ ដូច្នេះ \(L_{81} = \$15\) ។

ប្រតិបត្តិ

តារាងបំណែងចែកប្រេកង់ខាងក្រោម បង្ហាញពីចំនួនក្មេងក្នុងគ្រួសារនៃ \(35\) គ្រួសារដែលគេបានទៅសម្ភាសន៍ក្នុងភូមិមួយ ។ គណនានិងបកស្រាយមេដ្យាន កាទីលទី \(1\) \(Q_1\) និង \(L_{73}\) ។

\[\begin{array}{|l|cccccc|}\hline \text{ចំនួនក្មេង } x & 0 & 1 & 2 & 3 & 4 & 5\\ \hline \text{ចំនួនគ្រួសារ } f & 3 & 5 & 12 & 9 & 4 & 2\\ \hline \end{array}\]

មើលចម្លើយ

\(f^{\uparrow}\) ៖ \(3, 8, 20, 29, 33, 35\) ។ មេដ្យាន \(=\) តួទី \(18 = 2\) ក្មេង, \(Q_1 =\) តួទី \(9 = 2\) ក្មេង, \(L_{73} =\) តួទី \(\dfrac{73}{100}\times 36 = 26.28\) គឺ \(L_{73} = 3\) ក្មេង ។ មានន័យថា ពាក់កណ្ដាលនៃគ្រួសារមានក្មេងមិនលើសពី \(2\) នាក់ និងប្រហែល \(73\%\) នៃគ្រួសារមានក្មេងមិនលើសពី \(3\) នាក់ ។

រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាថ្នាក់

ដើម្បីកំណត់រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាថ្នាក់ គេត្រូវបង្កើតតារាងប្រេកង់កើន ។

លំហាត់គំរូ ១

ខាងក្រោមជាតារាងបំណែងចែកប្រេកង់នៃពិន្ទុសិស្សចំនួន \(40\) នាក់ ដែលគេបានធ្វើតេស្តគណិតវិទ្យា ។

\[\begin{array}{|c|c|}\hline \text{ថ្នាក់នៃពិន្ទុ} & \text{ចំនួនសិស្ស}\\ \hline 30 - 40 & 5\\ 40 - 50 & 7\\ 50 - 60 & 12\\ 60 - 70 & 11\\ 70 - 80 & 3\\ 80 - 90 & 2\\ \hline \end{array}\]
គណនា \(Q_1\) និង \(Q_3\) ។

ដំណោះស្រាយ

ដំបូងត្រូវបង្កើតតារាងប្រេកង់កើន ៖

\[\begin{array}{|c|c|c|}\hline \text{ថ្នាក់នៃពិន្ទុ} & \text{ចំនួនសិស្ស} & f^{\uparrow}\\ \hline 30 - 40 & 5 & 5\\ 40 - 50 & 7 & 12\\ 50 - 60 & 12 & 24\\ 60 - 70 & 11 & 35\\ 70 - 80 & 3 & 38\\ 80 - 90 & 2 & 40\\ \hline \end{array}\]

  • មួយភាគបួននៃប្រេកង់សរុប ឬ \(25\%\) នៃទិន្នន័យគឺ \(\dfrac{40}{4} = 10\) ។ ក្នុងជួរប្រេកង់កើន \(10\) ស្ថិតនៅក្នុងថ្នាក់ \(40 - 50\) ។ ដូច្នេះ \(Q_1\) ស្ថិតនៅក្នុងថ្នាក់ \(40 - 50\) ។ គេអាចកំណត់ទីតាំង \(Q_1\) ដោយប្រើមេគុណប្រាប់ទិសនៃបន្ទាត់ \(AC\) និង \(AB\) ។ ដោយមេគុណប្រាប់ទិសនៃបន្ទាត់ \(AC\) និង \(AB\) ស្មើគ្នា គេបាន

    \[\frac{10 - 5}{Q_1 - 40} = \frac{7}{10} \Rightarrow Q_1 = 40 + \frac{10 - 5}{7}\times 10 \approx 47.14\]

  • បីភាគបួននៃប្រេកង់សរុប ឬ \(75\%\) នៃទិន្នន័យស្មើនឹង \(\dfrac{3}{4}\times 40 = 30\) ។ ក្នុងជួរប្រេកង់កើន \(30\) ស្ថិតនៅក្នុងថ្នាក់ \(60 - 70\) ដូច្នេះ \(Q_3\) ស្ថិតនៅក្នុងថ្នាក់ \(60 - 70\) ។ គេដឹងថា \(m_{A'C'} = m_{A'B'}\) គេបាន

    \[\frac{30 - 24}{Q_3 - 60} = \frac{11}{10} \Rightarrow Q_3 = 60 + \frac{30 - 24}{11}\times 10 \approx 65.45\]

ជាទូទៅ

បើ \(L\) ជាថ្នាក់គោលក្រោម, \(f^{\uparrow}\) ជាប្រេកង់កើនមុនបន្ទាប់នៃថ្នាក់ដែល \(Q\) ស្ថិតនៅ, \(f\) ជាប្រេកង់, \(i\) ជាប្រវែងថ្នាក់, \(n\) ជាផលបូកប្រេកង់សរុប គេបាន ៖

\[\begin{aligned} Q_1 &= L + \frac{\frac{1}{4}n - f^{\uparrow}}{f}\times i\\ Q_3 &= L + \frac{\frac{3}{4}n - f^{\uparrow}}{f}\times i\\ L_P &= L + \frac{\frac{P}{100}n - f^{\uparrow}}{f}\times i \end{aligned}\]

លំហាត់គំរូ ២

ខាងក្រោមនេះជាតារាងបំណែងចែកប្រេកង់នៃទិន្នន័យ ការប្រាក់ (គិតជាដុល្លារ) របស់អ្នកវិនិយោគចំនួន \(460\) នាក់ទទួលបានក្នុងមួយឆ្នាំ ។

\[\begin{array}{|c|c|}\hline \text{ការប្រាក់} & \text{ចំនួនអ្នកវិនិយោគ } f\\ \hline 30 - 40 & 17\\ 40 - 50 & 55\\ 50 - 60 & 142\\ 60 - 70 & 153\\ 70 - 80 & 93\\ \hline \end{array}\]
គណនា \(Q_1\), \(Q_3\) និង \(L_{45}\) ។

ដំណោះស្រាយ

ត្រូវបង្កើតតារាងប្រេកង់កើន ៖

\[\begin{array}{|c|c|c|}\hline \text{ការប្រាក់} & f & f^{\uparrow}\\ \hline 30 - 40 & 17 & 17\\ 40 - 50 & 55 & 72\\ 50 - 60 & 142 & 214\\ 60 - 70 & 153 & 367\\ 70 - 80 & 93 & 460\\ \hline \end{array}\]

  • \(Q_1 = L + \dfrac{\frac{1}{4}n - f^{\uparrow}}{f}\times(i)\) ។ ដើម្បីអនុវត្តរូបមន្តនេះបាន លុះត្រាតែយើងដឹង \(Q_1\) ស្ថិតក្នុងថ្នាក់មួយណាសិន ។ យើងដឹងថា \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}n =\) តម្លៃតួទី \(\dfrac{1}{4}\times 460 =\) តម្លៃតួទី \(115\) ។ តាមតារាងប្រេកង់កើន គេបាន \(Q_1\) ស្ថិតក្នុងថ្នាក់ \(50 - 60\) ។ គេបាន \(L = 50\), \(\dfrac{1}{4}n = 115\), \(f^{\uparrow} = 72\), \(f = 142\), \(i = 60 - 50 = 10\) ។ ដូច្នេះ

    \[Q_1 = 50 + \frac{115 - 72}{142}\times 10 \approx 53.03 \text{ ដុល្លារ}\]

  • \(Q_3 =\) តម្លៃតួទី \(\dfrac{3}{4}n =\) តម្លៃតួទី \(\dfrac{3}{4}\times 460 =\) តម្លៃតួទី \(345\) ។ តាមតារាងប្រេកង់កើន គេបាន \(Q_3\) ស្ថិតក្នុងថ្នាក់ \(60 - 70\) ។ គេបាន \(L = 60\), \(\dfrac{3}{4}n = 345\), \(f^{\uparrow} = 214\), \(f = 153\), \(i = 70 - 60 = 10\) ។ ដូច្នេះ

    \[Q_3 = 60 + \frac{345 - 214}{153}\times 10 \approx 68.56 \text{ ដុល្លារ}\]

  • \(L_{45} =\) តម្លៃតួទី \(\dfrac{45}{100}\times 460 =\) តម្លៃតួទី \(207\) ។ តាមតារាងប្រេកង់កើន គេបាន \(L_{45}\) ស្ថិតក្នុងថ្នាក់ \(50 - 60\) ។ គេបាន \(L = 50\), \(\dfrac{P}{100}\times n = 207\), \(f^{\uparrow} = 72\), \(f = 142\), \(i = 10\) ។ ដូច្នេះ

    \[\begin{aligned} L_{45} &= 50 + \frac{207 - 72}{142}\times 10 = 50 + 9.51\\ &= 59.51 \text{ ដុល្លារ} \end{aligned}\]

បំណកស្រាយ ៖ ដូចជា \(L_{45} = 59.51\) មានន័យថាមាន \(45\%\) នៃអ្នកវិនិយោគទាំងអស់ទទួលបានការប្រាក់តិចជាង \(59.51\) ដុល្លារក្នុងមួយឆ្នាំ ។

សម្គាល់

ចំពោះទិន្នន័យផ្ដុំជាថ្នាក់ការគណនាកាទីល យើងប្រើរូបមន្តរកទីតាំង \(\dfrac{1}{4}n\), \(\dfrac{3}{4}n\) ជំនួស \(\dfrac{1}{4}(n + 1)\), \(\dfrac{3}{4}(n + 1)\) ដែលជាទិន្នន័យមិនផ្ដុំជាថ្នាក់ ករណីនេះដូចគ្នាចំពោះភាគដប់ ឬភាគរយដែរ ។

ប្រតិបត្តិ

តារាងបង្ហាញពីពិន្ទុសិស្សដែលបានធ្វើតេស្តភាសាអង់គ្លេសចំនួន \(40\) នាក់ ។

\[\begin{array}{|c|c|}\hline \text{ពិន្ទុ} & \text{ចំនួនសិស្ស } f\\ \hline 50 - 60 & 8\\ 60 - 70 & 10\\ 70 - 80 & 13\\ 80 - 90 & 6\\ 90 - 100 & 3\\ \hline \end{array}\]
គណនា \(L_{50}\), \(Q_1\) និង \(Q_3\) រួចបកស្រាយចម្លើយ ។

មើលចម្លើយ

\(f^{\uparrow}\) ៖ \(8, 18, 31, 37, 40\) ។ \(L_{50} = 70 + \dfrac{20 - 18}{13}\times 10 \approx 71.54\), \(Q_1 = 60 + \dfrac{10 - 8}{10}\times 10 = 62\), \(Q_3 = 70 + \dfrac{30 - 18}{13}\times 10 \approx 79.23\) ។ មានន័យថា \(25\%\) នៃសិស្សបានពិន្ទុតិចជាង \(62\), ពាក់កណ្ដាលបានតិចជាង \(71.54\) និង \(75\%\) បានតិចជាង \(79.23\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ១៣៥–១៤៣។
ទំព័រ ១៣៥
ទំព័រ ១៣៥
ទំព័រ ១៣៦
ទំព័រ ១៣៦
ទំព័រ ១៣៧
ទំព័រ ១៣៧
ទំព័រ ១៣៨
ទំព័រ ១៣៨
ទំព័រ ១៣៩
ទំព័រ ១៣៩
ទំព័រ ១៤០
ទំព័រ ១៤០
ទំព័រ ១៤១
ទំព័រ ១៤១
ទំព័រ ១៤២
ទំព័រ ១៤២
ទំព័រ ១៤៣
ទំព័រ ១៤៣

លំហាត់អនុវត្តន៍

១លំហាត់ទី ១

គណនាកាទីលទាំងបីនិងភាគដប់ រួចបកស្រាយចម្លើយនៃសំណុំទិន្នន័យនីមួយៗខាងក្រោម ៖ ក. \(1, 3, 5, 5, 7, 0, 8, 2, 2, 4, 4\) ខ. \(7, 10, 22, 2, 0, 8, 12, 13, 18, 21\) ។

មើលដំណោះស្រាយ

ក. រៀប ៖ \(0, 1, 2, 2, 3, 4, 4, 5, 5, 7, 8\) (\(n = 11\)) ។ \(Q_1 = 2\), \(Q_2 = 4\), \(Q_3 = 5\) ។ \(D_1 = 0.5\), \(D_2 = 1.5\), \(D_3 = 2\), \(D_4 = 2.5\), \(D_5 = 4\), \(D_6 = 4.5\), \(D_7 = 5\), \(D_8 = 6\), \(D_9 = 7.5\) ។ ខ. រៀប ៖ \(0, 2, 7, 8, 10, 12, 13, 18, 21, 22\) (\(n = 10\)) ។ \(Q_1 = 4.5\), \(Q_2 = 11\), \(Q_3 = 19.5\) ។ \(D_1 = 1\), \(D_2 = 4.5\), \(D_3 = 7.5\), \(D_4 = 9\), \(D_5 = 11\), \(D_6 = 12.5\), \(D_7 = 15.5\), \(D_8 = 19.5\), \(D_9 = 21.5\) ។

២លំហាត់ទី ២

គណនាកាទីលទី \(1\) \(Q_1\) កាទីលទី \(3\) \(Q_3\) និង \(L_{68}\) រួចបកស្រាយចម្លើយនៃសំណុំទិន្នន័យ ៖ ក. \(18, 0, 8, 16, 10, 4, 4, 14, 2, 13, 5, 7\) ខ. \(0.7, 0.4, 0.65, 0.78, 0.45, 0.32, 1.9, 0.0078\) ។

មើលដំណោះស្រាយ

ក. រៀប ៖ \(0, 2, 4, 4, 5, 7, 8, 10, 13, 14, 16, 18\) ។ \(Q_1 =\) តួទី \(3.25\) ៖ \(4\), \(Q_3 =\) តួទី \(9.75\) ៖ \(\dfrac{13 + 14}{2} = 13.5\), \(L_{68} =\) តួទី \(8.84\) ៖ \(\dfrac{10 + 13}{2} = 11.5\) ។ ខ. រៀប ៖ \(0.0078, 0.32, 0.4, 0.45, 0.65, 0.7, 0.78, 1.9\) ។ \(Q_1 =\) តួទី \(2.25\) ៖ \(0.36\), \(Q_3 =\) តួទី \(6.75\) ៖ \(0.74\), \(L_{68} =\) តួទី \(6.12\) ៖ \(0.74\) ។

៣លំហាត់ទី ៣

គណនាមេដ្យាន កាទីលទី \(1\) \(Q_1\) កាទីលទី \(3\) \(Q_3\) និង \(L_{63}\) រួចបកស្រាយចម្លើយនៃបំណែងចែកប្រេកង់ខាងក្រោម ៖

\[\text{ក.}\ \begin{array}{|c|cccccc|}\hline x & 4 & 5 & 6 & 7 & 8 & 9\\ \hline f & 12 & 9 & 8 & 13 & 9 & 9\\ \hline\end{array} \qquad{} \text{ខ.}\ \begin{array}{|c|ccccc|}\hline x & 12 & 13 & 14 & 15 & 16\\ \hline f & 3 & 9 & 11 & 15 & 7\\ \hline\end{array}\]

មើលដំណោះស្រាយ

ក. \(n = 60\), \(f^{\uparrow}\) ៖ \(12, 21, 29, 42, 51, 60\) ។ មេដ្យាន (តួទី \(30.5\)) \(= 7\), \(Q_1\) (តួទី \(15.25\)) \(= 5\), \(Q_3\) (តួទី \(45.75\)) \(= 8\), \(L_{63}\) (តួទី \(38.43\)) \(= 7\) ។ ខ. \(n = 45\), \(f^{\uparrow}\) ៖ \(3, 12, 23, 38, 45\) ។ មេដ្យាន (តួទី \(23\)) \(= 14\), \(Q_1\) (តួទី \(11.5\)) \(= 13\), \(Q_3\) (តួទី \(34.5\)) \(= 15\), \(L_{63}\) (តួទី \(28.98\)) \(= 15\) ។

៤លំហាត់ទី ៤

តារាងខាងក្រោមបង្ហាញពិន្ទុ ដែលបានមកពីបោះគ្រាប់ឡុកឡាក់មួយ ចំនួន \(60\) ដង ។ គណនា \(Q_2\) និង \(D_1\) រួចបកស្រាយចម្លើយ ។

\[\begin{array}{|l|cccccc|}\hline \text{ពិន្ទុ } x & 1 & 2 & 3 & 4 & 5 & 6\\ \hline \text{ប្រេកង់ } f & 12 & 9 & 8 & 13 & 9 & 9\\ \hline \end{array}\]

មើលដំណោះស្រាយ

\(f^{\uparrow}\) ៖ \(12, 21, 29, 42, 51, 60\) ។ \(Q_2 =\) តួទី \(30.5\) ៖ \(Q_2 = 4\) ។ \(D_1 =\) តួទី \(\dfrac{1}{10}\times 61 = 6.1\) ៖ \(D_1 = 1\) ។ ពាក់កណ្ដាលនៃការបោះបានពិន្ទុមិនលើស \(4\) ។

៥លំហាត់ទី ៥

អ្នកលក់សៀវភៅម្នាក់បានឱ្យដឹងថា សៀវភៅថ្មីរបស់គាត់មានទាំងអស់ចំនួន \(25\) ក្បាល ក្នុងនោះមានចំនួន \(4\) ក្បាលមួយក្បាលលក់តម្លៃ \(\$10\) មានចំនួន \(6\) ក្បាលមួយក្បាលលក់តម្លៃ \(\$8\) មានចំនួន \(4\) ក្បាលមួយក្បាលលក់តម្លៃ \(\$7\) មានចំនួន \(9\) ក្បាលមួយក្បាលលក់តម្លៃ \(\$15\) និងមានចំនួន \(2\) ក្បាលមួយក្បាលលក់តម្លៃ \(\$22\) ។ ក. គណនាតម្លៃមធ្យមក្នុងសៀវភៅមួយក្បាល ខ. គណនាកាទីល \(Q_1\), \(Q_2\), \(Q_3\) និង \(L_{32}\) រួចបកស្រាយចម្លើយ ។

មើលដំណោះស្រាយ

ក. \(\bar{x} = \dfrac{4(10) + 6(8) + 4(7) + 9(15) + 2(22)}{25} = \dfrac{295}{25} = \$11.8\) ។ ខ. រៀប ៖ \(\$7(4)\), \(\$8(6)\), \(\$10(4)\), \(\$15(9)\), \(\$22(2)\); \(f^{\uparrow}\) ៖ \(4, 10, 14, 23, 25\) ។ \(Q_1\) (តួទី \(6.5\)) \(= \$8\), \(Q_2\) (តួទី \(13\)) \(= \$10\), \(Q_3\) (តួទី \(19.5\)) \(= \$15\), \(L_{32}\) (តួទី \(8.32\)) \(= \$8\) ។

៦លំហាត់ទី ៦

ការពិសោធន៍បណ្ដុះកូនប៉េងប៉ោះដោយប្រើជីគីមីក្នុងរយៈពេលមួយអាទិត្យ បម្រែបម្រួលកម្ពស់កូនប៉េងប៉ោះ ទទួលបានលទ្ធផលដូចខាងក្រោម ៖

\[\begin{array}{|c|c|}\hline \text{កម្ពស់ (mm)} & \text{ចំនួនកូនប៉េងប៉ោះ } f\\ \hline 0 - 5 & 3\\ 5 - 10 & 15\\ 10 - 15 & 72\\ 15 - 20 & 15\\ 20 - 25 & 90\\ 25 - 30 & 36\\ 30 - 35 & 8\\ \hline \end{array}\]
គណនា \(Q_1\), \(Q_3\) និង \(D_1\) រួចបកស្រាយចម្លើយ ។

មើលដំណោះស្រាយ

\(n = 239\), \(f^{\uparrow}\) ៖ \(3, 18, 90, 105, 195, 231, 239\) ។ \(Q_1\) ៖ \(\dfrac{n}{4} = 59.75\) ក្នុងថ្នាក់ \(10 - 15\) ៖ \(Q_1 = 10 + \dfrac{59.75 - 18}{72}\times 5 \approx 12.90\) mm ។ \(Q_3\) ៖ \(\dfrac{3n}{4} = 179.25\) ក្នុងថ្នាក់ \(20 - 25\) ៖ \(Q_3 = 20 + \dfrac{179.25 - 105}{90}\times 5 \approx 24.13\) mm ។ \(D_1\) ៖ \(\dfrac{n}{10} = 23.9\) ៖ \(D_1 = 10 + \dfrac{23.9 - 18}{72}\times 5 \approx 10.41\) mm ។

៧លំហាត់ទី ៧

គេបានកត់ត្រា ចំនួនសៀវភៅដែលមាននៅតាមធ្នើរ ក្នុងបណ្ណាល័យមួយ ។

\[\begin{array}{|c|c|}\hline \text{ចំនួនសៀវភៅ} & \text{ចំនួនធ្នើរ}\\ \hline 30 - 35 & 4\\ 35 - 40 & 6\\ 40 - 45 & 10\\ 45 - 50 & 13\\ 50 - 55 & 5\\ 55 - 60 & 3\\ \hline \end{array}\]
គណនាមេដ្យាន និង \(L_{28}\) រួចបកស្រាយចម្លើយ ។

មើលដំណោះស្រាយ

តាមតារាង ចំនួនធ្នើរសរុប \(n = 41\), \(f^{\uparrow}\) ៖ \(4, 10, 20, 33, 38, 41\) ។ មេដ្យាន ៖ \(\dfrac{n}{2} = 20.5\) ក្នុងថ្នាក់ \(45 - 50\) ៖ \(45 + \dfrac{20.5 - 20}{13}\times 5 \approx 45.19\) ។ \(L_{28}\) ៖ \(0.28\times 41 = 11.48\) ក្នុងថ្នាក់ \(40 - 45\) ៖ \(40 + \dfrac{11.48 - 10}{10}\times 5 = 40.74\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ២៤ រង្វាស់ទីតាំងនៃទិន្នន័យ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត