1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ១៨
១៨
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ៥ លីមីតនិងដេរីវេ · មេរៀនទី ១៨ · គណិតវិទ្យាថ្នាក់ទី ១១

អនុវត្តន៍នៃដេរីវេ

ថ្នាក់វិទ្យាសាស្ត្រទំព័រ ២២–៣៥▶ ស្លាយបង្រៀន
វត្ថុបំណង
  1. រកសមីការនៃបន្ទាត់ប៉ះនឹងក្រាបតាងអនុគមន៍នៅត្រង់ចំណុចមួយ

  2. សិក្សាទិសដៅអថេរភាពនៃអនុគមន៍ទៅតាមសញ្ញានៃដេរីវេ

  3. រកតម្លៃអតិបរមានិងអប្បបរមាធៀបនៃអនុគមន៍

  4. ដោះស្រាយចំណោទតម្លៃអតិបរមានិងអប្បបរមា

  5. រកចំណុចរបត់នៃក្រាបតាងអនុគមន៍ពហុធាដឺក្រេទី \(3\)

  6. រកល្បឿននៃចលនាដោយប្រើដេរីវេនៃអនុគមន៍ចម្ងាយចរ ។

ក្នុងមេរៀននេះ គេនឹងសិក្សាពីការអនុវត្តនៃដេរីវេចំពោះការដោះស្រាយចំណោទបន្ទាត់ប៉ះនឹងក្រាបតាងអនុគមន៍ចំណុចមួយ ការសិក្សាទិសដៅអថេរភាពនៃអនុគមន៍ ការគណនាតម្លៃអតិបរមា តម្លៃអប្បបរមា ការរកចំណុចរបត់នៃខ្សែកោង និងការរកល្បឿននៃចលនាមួយ ។

បន្ទាត់ប៉ះនឹងក្រាបតាងអនុគមន៍

គេមានចំណុច \(M(x_0, f(x_0))\) និង \(N(x, f(x))\) នៅលើក្រាបតាងអនុគមន៍ \(f\) ។ ខ្នាត់ \(MN\) មានមេគុណប្រាប់ទិស \(\dfrac{f(x) - f(x_0)}{x - x_0}\) ។ បើចំណុច \(N\) ផ្លាស់ទីលើក្រាប ហើយខិតជិត \(M\) នោះខ្នាត់ \(MN\) ងាកទៅរកទីតាំងលីមីត \((MT)\) ដែលហៅថាបន្ទាត់ប៉ះនឹងក្រាបតាងអនុគមន៍ \(f\) ត្រង់ចំណុច \(M(x_0, f(x_0))\) ។

ក្នុងករណីនេះ មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះ \((MT)\) គឺជាលីមីតនៃមេគុណប្រាប់ទិសរបស់ខ្នាត់ \(MN\) កាលណា \(x\) ខិតជិត \(x_0\) គឺ

\[\begin{gathered} m = \lim_{x \to x_0}\frac{f(x) - f(x_0)}{x - x_0} \quad{} \text{ឬ}\\ m = f'(x_0) \text{ ។} \end{gathered}\]

ជាទូទៅ

មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះនឹងក្រាបតាងអនុគមន៍ \(f\) នៅត្រង់ \(x_0\) ជាដេរីវេ \(f\) នៅត្រង់ \(x_0\) គឺ \(m = f'(x_0)\) ។

ដោយបន្ទាត់ប៉ះ \(MT\) កាត់តាមចំណុច \(M(x_0, y_0)\) និងមានមេគុណប្រាប់ទិស \(f'(x_0)\) នោះបន្ទាត់ប៉ះ \(MT\) មានសមីការ

\[\begin{gathered} y - y_0 = f'(x_0)(x - x_0) \quad{} \text{ឬ}\\ y = f'(x_0)(x - x_0) + y_0 \text{ ។} \end{gathered}\]

លំហាត់គំរូ

អនុគមន៍ \(f(x) = x^3 - x^2 + 2\) មានក្រាប \(C\) ។

  1. រកសមីការបន្ទាត់ប៉ះនឹងក្រាប \(C\) ត្រង់ចំណុច \(A(1, 2)\) ។

  2. បន្ទាត់ \(L\) មានមេគុណប្រាប់ទិសស្មើ \(5\) ហើយប៉ះនឹងក្រាប \(C\) ។ រកកូអរដោនេនៃចំណុចប៉ះរវាង \(L\) និង \(C\) ហើយរកសមីការបន្ទាត់ប៉ះត្រង់នោះ ។

ដំណោះស្រាយ
  1. គេមាន \(x_0 = 1\), \(y_0 = 2\) ។ \(f'(x) = 3x^2 - 2x\) នោះ \(f'(x_0) = f'(1) = 3\times 1^2 - 2\times 1 = 1\) ។ បន្ទាត់ប៉ះនឹងក្រាប \(C\) ត្រង់ \(A(1, 2)\) មានសមីការ \(y - y_0 = f'(x_0)(x - x_0)\) ឬ \(y - 2 = 1(x - 1)\) ។ ដូច្នេះ \(y = x + 1\) ។

  2. តាង \((a, b)\) ជាកូអរដោនេនៃចំណុចប៉ះ ។ បន្ទាត់ប៉ះ \(L\) មានមេគុណប្រាប់ទិស \(f'(a) = 5\) និង \(f'(a) = 3a^2 - 2a\) ។ គេបាន \(3a^2 - 2a = 5\) ឬ \(3a^2 - 2a - 5 = 0\) មានឫស \(a_1 = -1\), \(a_2 = \dfrac{5}{3}\) ។

    ចំពោះ \(a = -1\) នោះ \(b = (-1)^3 - (-1)^2 + 2 = 0\) ។ ចំពោះ \(a = \dfrac{5}{3}\) នោះ \(b = \left(\dfrac{5}{3}\right)^3 - \left(\dfrac{5}{3}\right)^2 + 2 = \dfrac{104}{27}\) ។ ដូច្នេះមានចំណុចប៉ះពីរ \((-1, 0)\) និង \(\left(\dfrac{5}{3}, \dfrac{104}{27}\right)\) ។

    បន្ទាត់ប៉ះត្រង់ចំណុច \((-1, 0)\) មានសមីការ \(L_1 : y - 0 = 5(x - (-1))\) ឬ \(y = 5x + 5\) ។

    បន្ទាត់ប៉ះត្រង់ចំណុច \(\left(\dfrac{5}{3}, \dfrac{104}{27}\right)\) មានសមីការ \(L_2 : y - \dfrac{104}{27} = 5\left(x - \dfrac{5}{3}\right)\) ឬ \(y = 5x - \dfrac{121}{27}\) ។

ប្រតិបត្តិ
  1. រកសមីការបន្ទាត់ប៉ះនឹងក្រាបតាង \(y = -x^2 + x + 3\) ត្រង់ \(x = 2\) ។

  2. រកសមីការបន្ទាត់ប៉ះនឹងក្រាបតាង \(y = -x^3 + 3x + 4\) ហើយស្របនឹងបន្ទាត់មានសមីការ \(y = 3x\) ។

  3. រកសមីការបន្ទាត់ \(D\) ដែលប៉ះនឹងក្រាប \(C : y = x^3 - 4x\) ត្រង់ចំណុច \(A(1, -3)\) ។ ទាញរកកូអរដោនេនៃចំណុចប្រសព្វមួយទៀតរវាងបន្ទាត់ \(D\) និងក្រាប \(C\) ។

មើលចម្លើយ

ក. \(y = -3x + 7\) ខ. \(y = 3x + 4\) គ. \(D : y = -x - 2\) និងចំណុចប្រសព្វគឺ \((1, -3)\), \((-2, 0)\) ។

ទិសដៅអថេរភាពនៃអនុគមន៍

ក្នុងផ្នែកនេះ យើងនឹងលើកយកមកសិក្សាពីវិធីងាយៗ សម្រាប់បញ្ជាក់ថាអនុគមន៍មួយកើន ឬចុះនៅក្នុងចន្លោះណាខ្លះ ។

អនុគមន៍កើន-អនុគមន៍ចុះ

  • \(f\) ជាអនុគមន៍កើននៅលើចន្លោះ \(I\) មួយ កាលណា \(\forall x_1, x_2 \in I\), \(x_1 < x_2\) នាំឱ្យ \(f(x_1) < f(x_2)\) ។

  • \(f\) ជាអនុគមន៍ចុះនៅលើចន្លោះ \(I\) មួយ កាលណា \(\forall x_1, x_2 \in I\), \(x_1 < x_2\) នាំឱ្យ \(f(x_1) > f(x_2)\) ។

លំហាត់គំរូ

បង្ហាញថាអនុគមន៍ \(f(x) = x^2\) កើនចំពោះ \(x > 0\) ហើយចុះចំពោះ \(x < 0\) ។

ដំណោះស្រាយ

ចំពោះ \(0 < x_1 < x_2\) គេបាន \(f(x_2) - f(x_1) = x_2^2 - x_1^2 = (x_2 + x_1)(x_2 - x_1) > 0\) ។ \(f(x_2) - f(x_1) > 0\) នាំឱ្យ \(f(x_1) < f(x_2)\) ។ ដូច្នេះ \(f\) ជាអនុគមន៍កើនចំពោះ \(x > 0\) ។

ចំពោះ \(x_1 < x_2 < 0\) គេបាន \(f(x_2) - f(x_1) = (x_2 + x_1)(x_2 - x_1) < 0\) ។ \(f(x_2) - f(x_1) < 0\) នាំឱ្យ \(f(x_1) > f(x_2)\) ។ ដូច្នេះ \(f\) ជាអនុគមន៍ចុះចំពោះ \(x < 0\) ។

ប្រតិបត្តិ
  1. បង្ហាញថា \(y = x^3\) ជាអនុគមន៍កើនជានិច្ច ។

  2. តើអនុគមន៍ \(y = 1 - x^2\) ជាអនុគមន៍កើនឬចុះ ចំពោះ \(x > 0\) ។

មើលចម្លើយ

ក. ចំពោះ \(x_1 < x_2\) ៖ \(x_2^3 - x_1^3 = (x_2 - x_1)\left[\left(x_2 + \dfrac{x_1}{2}\right)^2 + \dfrac{3x_1^2}{4}\right] > 0\) ខ. \(y = 1 - x^2\) ជាអនុគមន៍ចុះ ចំពោះ \(x > 0\) ។

ដេរីវេនិងទិសដៅអថេរភាពនៃអនុគមន៍

បើគេពិនិត្យមើលក្រាប \((C_1)\) តាងអនុគមន៍ \(f\) ដែលកើននៅលើចន្លោះ \((a, b)\) នោះគេសង្កេតឃើញថា បន្ទាត់ប៉ះទាំងអស់នឹងក្រាបមានមេគុណប្រាប់ទិសវិជ្ជមាន គឺមានន័យថា \(f'(x) > 0\) ចំពោះគ្រប់ \(x \in (a, b)\) ។ តាមរបៀបដូចគ្នាដែរ បន្ទាត់ប៉ះនឹងក្រាប \((C_2)\) តាងអនុគមន៍ចុះមានមេគុណប្រាប់ទិសអវិជ្ជមាន គឺបានន័យថា \(f'(x) < 0\) ចំពោះគ្រប់ \(x \in (a, b)\) ។

ជាទូទៅ
  • \(f\) ជាអនុគមន៍កើននៅលើចន្លោះ \((a, b)\) លុះត្រាតែ \(f'(x) > 0\) គ្រប់ \(x \in (a, b)\) ។

  • \(f\) ជាអនុគមន៍ចុះនៅលើចន្លោះ \((a, b)\) លុះត្រាតែ \(f'(x) < 0\) គ្រប់ \(x \in (a, b)\) ។

  • \(f\) ជាអនុគមន៍ថេរនៅលើចន្លោះ \((a, b)\) លុះត្រាតែ \(f'(x) = 0\) គ្រប់ \(x \in (a, b)\) ។

លំហាត់គំរូ ១

កំណត់ចន្លោះដែលអនុគមន៍ \(f(x) = 4x^3 + 5x - 9\) ជាអនុគមន៍កើន ។

ដំណោះស្រាយ

ជំហានទី \(1\) ៖ រកដេរីវេ \(f'(x)\) គេបាន \(f'(x) = 12x^2 + 5\) ។

ជំហានទី \(2\) ៖ សិក្សាសញ្ញានៃ \(f'(x)\) ។ ដោយ \(12x^2 \ge 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះ \(f'(x) = 12x^2 + 5 > 0\) គ្រប់ \(x \in \mathbb{R}\) ។ ដូច្នេះ \(f\) ជាអនុគមន៍កើននៅលើ \(\mathbb{R}\) ។

លំហាត់គំរូ ២

កំណត់តម្លៃ \(m\) ដើម្បីឱ្យ \(f(x) = (m - 1)x^2 + m^2 + m + 1\) ជាអនុគមន៍ចុះចំពោះ \(x > 0\) ។

ដំណោះស្រាយ

\(f'(x) = 2(m - 1)x\) ។ ដើម្បីឱ្យ \(f\) ជាអនុគមន៍ចុះ ចំពោះ \(x > 0\) លុះត្រាតែ \(f'(x) < 0\) ចំពោះ \(x > 0\) \(\Rightarrow 2(m - 1)x < 0\) តែ \(x > 0\) \(\Rightarrow m - 1 < 0\) នោះ \(m < 1\) ។ ដូច្នេះ \(m \in (-\infty, 1)\) ។

ប្រតិបត្តិ
  1. កំណត់ចន្លោះដែល \(f(x) = -x^3 + x^2 + 5x - 6\) ជាអនុគមន៍កើនឬចុះ ។

  2. រកតម្លៃ \(a\) ដើម្បីឱ្យ \(g(x) = x^3 + ax^2 + \dfrac{1}{3}x - 4\) ជាអនុគមន៍កើនជានិច្ច ។

មើលចម្លើយ

ក. បើ \(x \in (-\infty, -1) \cup \left(\dfrac{5}{3}, +\infty\right)\), \(f\) ជាអនុគមន៍ចុះ ។ បើ \(x \in \left(-1, \dfrac{5}{3}\right)\), \(f\) ជាអនុគមន៍កើន ។ ខ. \(a \in (-1, 1)\) ។

អតិបរមាធៀបនិងអប្បបរមាធៀបនៃអនុគមន៍

អតិបរមាធៀប អប្បបរមាធៀប និងដេរីវេទី 1

ឧទាហរណ៍

គេឱ្យអនុគមន៍ \(f(x) = x^3 - 6x^2 + 9x - 2\) ។ គេបាន \(f'(x) = 3x^2 - 12x + 9\) ។ បើ \(f'(x) = 3x^2 - 12x + 9 = 0\) នោះ \(x = 1\), \(x = 3\) ។

តាមតារាងខាងលើ គេបាន \(f(1) = 2\) ជាតម្លៃអតិបរមាធៀបនៃ \(f\) ត្រង់ \(x = 1\) ហើយ \(f(3) = -2\) ជាតម្លៃអប្បបរមាធៀបនៃ \(f\) ត្រង់ \(x = 3\) ។

ជាទូទៅ
  • \(f\) មានអតិបរមាធៀបត្រង់ \(x_0\) កាលណា \(f'(x) > 0\) ចំពោះ \(x < x_0\), \(f'(x_0) = 0\) និង \(f'(x) < 0\) ចំពោះ \(x > x_0\) ។ \(f(x_0)\) ជាតម្លៃអតិបរមាធៀប ។

  • \(f\) មានអប្បបរមាធៀបត្រង់ \(x_0\) កាលណា \(f'(x) < 0\) ចំពោះ \(x < x_0\), \(f'(x_0) = 0\) និង \(f'(x) > 0\) ចំពោះ \(x > x_0\) ។ \(f(x_0)\) ជាតម្លៃអប្បបរមាធៀប ។

លំហាត់គំរូ ១

បង្ហាញថាអនុគមន៍ \(f(x) = -x^3 + 3x^2 + 1\) មានអតិបរមាធៀបនិងអប្បបរមាធៀប ហើយគណនាតម្លៃទាំងពីរនោះ ។

ដំណោះស្រាយ

ជំហានទី \(1\) ៖ រកដេរីវេ \(f'(x) = -3x^2 + 6x\) ។

ជំហានទី \(2\) ៖ សិក្សាសញ្ញានៃ \(f'(x)\) ។ បើ \(f'(x) = -3x^2 + 6x = 0\) ឬ \(3x(-x + 2) = 0\) នោះ \(x = 0\) ឬ \(x = 2\) ។

ជំហានទី \(3\) ៖ បកស្រាយពីការប្ដូរសញ្ញានៃ \(f'(x)\) និងគណនាតម្លៃបរមា ។ តាមតារាងសញ្ញា \(f'(x) = 0\) ត្រង់ \(x = 0\) ហើយ \(f'(x)\) ដូរសញ្ញាពី \(-\) ទៅ \(+\) ។ ដូច្នេះ \(f\) មានអប្បបរមាធៀបត្រង់ \(x = 0\) ហើយមានតម្លៃអប្បបរមាធៀបគឺ \(f(0) = 1\) ។

ម្យ៉ាងទៀត \(f'(x) = 0\) ត្រង់ \(x = 2\) ហើយ \(f'(x)\) ដូរសញ្ញាពី \(+\) ទៅ \(-\) ។ ដូច្នេះ \(f\) មានអតិបរមាធៀបត្រង់ \(x = 2\) ហើយតម្លៃអតិបរមាគឺ \(f(2) = 5\) ។

លំហាត់គំរូ ២

រកតម្លៃ \(m\) ដើម្បីឱ្យ \(y = x^3 + 3mx^2 - mx + 1\) មានអតិបរមាធៀបនិងអប្បបរមាធៀប ។

ដំណោះស្រាយ

ជំហានទី \(1\) ៖ រកដេរីវេ \(y' = 3x^2 + 6mx - m\) ។

ជំហានទី \(2\) ៖ ដាក់លក្ខខណ្ឌដើម្បីឱ្យអនុគមន៍មានអតិបរមាធៀបនិងអប្បបរមាធៀប ។ អនុគមន៍មានអតិបរមាធៀបនិងអប្បបរមាធៀប លុះត្រាតែសមីការ \(y' = 0\) មានឫសពីរផ្សេងគ្នាជាចំនួនពិត ។ សមីការ \(3x^2 + 6mx - m = 0\) មានឫសពីរផ្សេងគ្នាជាចំនួនពិត លុះត្រាតែ \(\Delta' = 9m^2 + 3m = 3m(3m + 1) > 0\) ។ បើ \(3m(3m + 1) = 0\) នោះ \(m = 0\) ឬ \(m = -\dfrac{1}{3}\) ។

ដូច្នេះ \(m \in \left(-\infty, -\dfrac{1}{3}\right) \cup (0, +\infty)\) ។

ប្រតិបត្តិ

រកតម្លៃ \(k\) ដើម្បីឱ្យអនុគមន៍ \(y = \dfrac{1}{3}x^3 + kx^2 + (2k + 3)x\) គ្មានបរមាធៀប ។

មើលចម្លើយ

\(k \in [-1, 3]\) ។

អតិបរមាធៀប អប្បបរមាធៀប និងដេរីវេទី 2

តាមក្រាបទី \(1\) អនុគមន៍ \(f\) មានអតិបរមាធៀបនៅត្រង់ចំណុចដែលក្រាបមានបន្ទាត់ប៉ះជាបន្ទាត់ដេក ហើយបន្ទាត់ប៉ះត្រង់ចំណុចផ្សេងទៀតនៃក្រាបដែលនៅជិតនោះ មានមេគុណប្រាប់ទិសថយចុះ គឺបានន័យថា \(f'(x)\) ជាអនុគមន៍ចុះ ហើយ \(f''(x) < 0\) ។

តាមក្រាបទី \(2\) អនុគមន៍ \(f\) មានអប្បបរមាធៀបនៅត្រង់ចំណុចដែលក្រាបមានបន្ទាត់ប៉ះជាបន្ទាត់ដេក ហើយបន្ទាត់ប៉ះត្រង់ចំណុចផ្សេងទៀតនៃក្រាបដែលនៅជិតនោះ មានមេគុណប្រាប់ទិសកើនឡើង គឺបានន័យថា \(f'(x)\) ជាអនុគមន៍កើន ហើយ \(f''(x) > 0\) ។

ជាទូទៅ

អនុគមន៍ \(y = f(x)\) មានដេរីវេពីរដងលើចន្លោះមួយដែលមាន \(x_0\) ។

  • \(f\) មានអតិបរមាធៀបត្រង់ \(x_0\) កាលណា \(f'(x_0) = 0\) និង \(f''(x_0) < 0\) ។

  • \(f\) មានអប្បបរមាធៀបត្រង់ \(x_0\) កាលណា \(f'(x_0) = 0\) និង \(f''(x_0) > 0\) ។

សម្គាល់

បើ \(f''(x_0) = 0\) នោះគេត្រូវត្រឡប់ទៅសិក្សាសញ្ញានៃដេរីវេទី \(1\) វិញ ដើម្បីឈានទៅរកតម្លៃអតិបរមានិងអប្បបរមាធៀប ។

លំហាត់គំរូ

រកតម្លៃអតិបរមាធៀបនិងអប្បបរមាធៀបនៃ \(f(x) = x^3 - 12x^2\) ។

ដំណោះស្រាយ

ជំហានទី \(1\) ៖ រកដេរីវេ \(f'(x) = 3x^2 - 24x\) ។

ជំហានទី \(2\) ៖ រកឫសនៃសមីការ \(f'(x) = 3x^2 - 24x = 0\) ឬ \(3x(x - 8) = 0\) នោះ \(x = 0\) ឬ \(x = 8\) ។

ជំហានទី \(3\) ៖ រកដេរីវេ \(f''(x) = 6x - 24\) ។

ចំពោះ \(x = 0\) គេបាន \(f''(0) = -24 < 0\) ហើយ \(y = f(0) = 0\) ។ ដូច្នេះ \(f\) មានអតិបរមាធៀបត្រង់ \(x = 0\) ហើយតម្លៃអតិបរមាធៀប \(f(0) = 0\) ។

ចំពោះ \(x = 8\) គេបាន \(f''(8) = 24 > 0\) ហើយ \(y = f(8) = -256\) ។ ដូច្នេះ \(f\) មានអប្បបរមាធៀបត្រង់ \(x = 8\) ហើយតម្លៃអប្បបរមាធៀប \(f(8) = -256\) ។

ប្រតិបត្តិ

រកតម្លៃអតិបរមាធៀបនិងអប្បបរមាធៀបនៃ \(f(x) = x^4 - 4x^3 + 2\) ។

មើលចម្លើយ

តម្លៃអតិបរមាធៀបគឺគ្មាន និងតម្លៃអប្បបរមាធៀបគឺ \(f(3) = -25\) ។

តម្លៃអតិបរមានិងអប្បបរមា

វិធីរកអតិបរមានិងអប្បបរមានៃអនុគមន៍ក្នុងការដោះស្រាយចំណោទបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ ដែលទាក់ទងនឹងតម្លៃអតិបរមានិងអប្បបរមា ។

លំហាត់គំរូ

គេយកក្រដាសក្រាស់មួយផ្ទាំងរាងជាការេ ដែលមានប្រវែងជ្រុងស្មើ \(10\) cm មកធ្វើជាប្រអប់មួយដែលគ្មានគម្រប ។ គេកាត់យកចេញនូវការេតូចៗបួនដែលមានប្រវែងជ្រុង \(x\) (cm) ដូចគ្នាពីផ្នែកកំពូលទាំងបួននៃផ្ទាំងក្រដាស ហើយបត់ផ្នែកដែលនៅសល់ឱ្យបានជាប្រអប់មួយមានរាងជាប្រលេពីប៉ែតកែង ដែលមានបាតជាការេ ។ រកប្រវែងជ្រុង \(x\) នៃការេដែលត្រូវកាត់យកចេញ ដើម្បីឱ្យប្រអប់មានមាឌធំបំផុត ។ រកមាឌធំបំផុតនោះ ។

រកប្រវែងជ្រុង \(x\) និងមាឌធំបំផុតនៃប្រអប់ ។ លក្ខខណ្ឌ \(x > 0\) និង \(10 - 2x > 0\) នោះ \(0 < x < 5\) ។ មាឌនៃប្រអប់ \(=\) ក្រឡាផ្ទៃបាត \(\times\) កម្ពស់ ៖

\[\begin{gathered} f(x) = (10 - 2x)^2\times x = 4x^3 - 40x^2 + 100x,\\ 0 < x < 5 \end{gathered}\]
\(f'(x) = 12x^2 - 80x + 100\) ។ \(f'(x) = 0\) លុះត្រាតែ \(12x^2 - 80x + 100 = 0\) ឬ \(3x^2 - 20x + 25 = 0\) ។ \(\Delta = 20^2 - 4(3)(25) = 100 = 10^2\) នោះ \(x_1 = \dfrac{20 - 10}{6} = \dfrac{5}{3}\) ឬ \(x_2 = \dfrac{20 + 10}{6} = 5\) ។

\(f\) មានអតិបរមាត្រង់ \(x = \dfrac{5}{3}\) ហើយ \(f\left(\dfrac{5}{3}\right) = \left(10 - 2\times\dfrac{5}{3}\right)^2\times\dfrac{5}{3} = \dfrac{2000}{27}\) ។

ដូច្នេះ ប្រអប់មានមាឌធំបំផុត កាលណាគេយក \(x = \dfrac{5}{3}\) cm និងប្រអប់មានមាឌធំបំផុតគឺ \(\dfrac{2000}{27}\) cm\(^3\) ។

ប្រតិបត្តិ

ស៊ីឡាំងមួយចារឹកក្នុងស្វ៊ែកាំ \(R\) ។ ក. រកកម្ពស់នៃស៊ីឡាំងដើម្បីឱ្យស៊ីឡាំងមានមាឌធំបំផុត ។ ខ. រកមាឌធំបំផុតនៃស៊ីឡាំង ។

មើលចម្លើយ

ក. កម្ពស់នៃស៊ីឡាំង \(\dfrac{2\sqrt{3}}{3}R\) ខ. \(\dfrac{4\sqrt{3}}{9}\pi R^3\) ។

ចំណុចរបត់នៃខ្សែកោង

ឧទាហរណ៍

គេឱ្យអនុគមន៍ \(f(x) = x^3 - 3x^2\) ។

  • ដេរីវេទី \(1\) ៖ \(f'(x) = 3x^2 - 6x\) ។ បើ \(f'(x) = 0\) នោះ \(3x(x - 2) = 0\) ហើយ \(x = 0\) ឬ \(x = 2\) ។ ចំពោះ \(x = 0 \Rightarrow f(0) = 0\) និងចំពោះ \(x = 2 \Rightarrow f(2) = -4\) ។

  • ដេរីវេទី \(2\) ៖ \(f''(x) = 6x - 6\) ។ បើ \(f''(x) = 0 \Leftrightarrow 6x - 6 = 0 \Rightarrow x = 1\), \(y = 1^3 - 3(1)^2 = -2\) ។

តារាងសញ្ញា \(f''(x)\) និងតារាងអថេរភាព ៖

តាមក្រាប គេសង្កេតឃើញថាខ្សែកោងប្ដូរពីប៉ោងទៅផតត្រង់ចំណុច \(I(1, -2)\) ដែលហៅថាចំណុចរបត់នៃខ្សែកោងតាងអនុគមន៍ \(f\) ។

ជាទូទៅ

ចំណុច \(I(x_0, y_0)\) ជាចំណុចរបត់នៃខ្សែកោងតាងអនុគមន៍ កាលណាខ្សែកោងប៉ោងឬផតនៅលើ \([a, x_0]\) ហើយផតឬប៉ោងលើ \([x_0, b]\) ។ របៀបរកចំណុចរបត់នៃខ្សែកោងតាងអនុគមន៍ \(f\) ៖

  • ជំហានទី \(1\) ៖ រក \(f''(x)\) ។

  • ជំហានទី \(2\) ៖ ដោះស្រាយសមីការ \(f''(x) = 0\) ។

  • ជំហានទី \(3\) ៖ សិក្សាសញ្ញានៃ \(f''(x)\) ។ បើ \(f''(x)\) ដូរសញ្ញានៅសងខាង \(x_0\) នោះខ្សែកោងមានចំណុចរបត់ \(I(x_0, f(x_0))\) ។ បើ \(f''(x)\) មិនដូរសញ្ញា នោះខ្សែកោងគ្មានចំណុចរបត់ទេ ។

សម្គាល់

ចំណុច \(I(x_0, y_0)\) ជាចំណុចរបត់ លុះត្រាតែ \(f(x_0) = y_0\) និង \(f''(x_0) = 0\) (ហើយ \(f''\) ដូរសញ្ញានៅសងខាង \(x_0\)) ។

លំហាត់គំរូ

រកចំណុចរបត់នៃខ្សែកោងតាង \(y = x^3 - 3x + 1\) ។

ដំណោះស្រាយ

ជំហានទី \(1\) ៖ \(y' = 3x^2 - 3\), \(y'' = 6x\) ។ ជំហានទី \(2\) ៖ \(y'' = 6x = 0\) នោះ \(x = 0\) ។ ជំហានទី \(3\) ៖ សិក្សាសញ្ញានៃ \(y'' = 6x\) ៖

\(y''\) ប្ដូរសញ្ញានៅសងខាង \(x = 0\) ។ ចំពោះ \(x = 0\), \(y = y(0) = 1\) ។ ដូច្នេះ ចំណុច \(I(0, 1)\) ជាចំណុចរបត់នៃខ្សែកោងតាងអនុគមន៍ ។

ប្រតិបត្តិ
  1. រកចំណុចរបត់នៃខ្សែកោងតាង \(y = x^4 - 6x^2\) ។

  2. តើក្រាបតាង \(y = \dfrac{1}{4}x^4 - \dfrac{1}{3}x^3 + \dfrac{1}{2}x^2 - 1\) មានចំណុចរបត់ឬទេ?

មើលចម្លើយ

ក. \(y'' = 12x^2 - 12 = 0\) នាំឱ្យ \(x = \pm 1\) ។ ចំណុចរបត់គឺ \((-1, -5)\) និង \((1, -5)\) ខ. \(y'' = 3x^2 - 2x + 1 > 0\) ជានិច្ច ដូច្នេះគ្មានចំណុចរបត់ទេ ។

ល្បឿននៃចលនាត្រង់

ចំណុចមួយផ្លាស់ទីនៅលើបន្ទាត់ \(L\) មួយ ។ បើគេយក \(x\) ជាចម្ងាយចរនៃ \(M\) បន្ទាប់ពី \(t\) វិនាទី ក្រោយមកនោះ គេបាន \(x\) ជាអនុគមន៍នៃ \(t\) ហើយតាងដោយ \(x = f(t)\) ។

ល្បឿនមធ្យមនៃ \(M\) ពីខណៈ \(t\) ទៅ \(t + \Delta t\) កំណត់ដោយ \(\dfrac{\Delta x}{\Delta t} = \dfrac{f(t + \Delta t) - f(t)}{\Delta t}\) ។ បើ \(\Delta t \to 0\) នោះគេតាង

\[V = \lim_{\Delta t \to 0}\frac{\Delta x}{\Delta t} = \lim_{\Delta t \to 0}\frac{f(t + \Delta t) - f(t)}{\Delta t}\]
គេបាន \(V = \dfrac{dx}{dt} = f'(t)\) ហៅថាល្បឿននៃ \(M\) នៅខណៈ \(t\) ។

លំហាត់គំរូ

ចំណុច \(M\) មួយផ្លាស់ទីនៅលើបន្ទាត់ចំនួនចេញពីគល់អ័ក្ស ។ ចំណុច \(M\) មានចម្ងាយចរ \(x = t^3 - 6t^2 + 9t + 10\) នៅខណៈ \(t\) វិនាទីក្រោយមក ។

  1. រកល្បឿននៃចំណុច \(M\) នៅខណៈ \(\dfrac{1}{2}\) វិនាទីនិងនៅខណៈ \(2\) វិនាទីក្រោយមក ។

  2. តើនៅខណៈណាដែលចំណុច \(M\) ប្ដូរទិសដៅលើកដំបូងគេ ។

ដំណោះស្រាយ
  1. តាង \(V\) ជាល្បឿននៃ \(M\) បន្ទាប់ពី \(t\) វិនាទីក្រោយមក គេបាន \(V = \dfrac{dx}{dt} = (t^3 - 6t^2 + 9t + 10)' = 3t^2 - 12t + 9\) ។

    នៅខណៈ \(t = \dfrac{1}{2}\,s\) គេបាន \(V\left(\dfrac{1}{2}\right) = 3\left(\dfrac{1}{2}\right)^2 - 12\left(\dfrac{1}{2}\right) + 9 = \dfrac{15}{4}\) ។ នៅខណៈ \(t = 2\,s\) គេបាន \(V(2) = 3\times 2^2 - 12\times 2 + 9 = -3\) ។

  2. ចំណុច \(M\) ប្ដូរទិសដៅ កាលណាល្បឿន \(V\) ប្ដូរសញ្ញា ។ បើ \(V = 3t^2 - 12t + 9 = 0\) នោះ \(t = 1\) ឬ \(t = 3\) ។

    តាមតារាងសញ្ញាល្បឿន \(V\) ប្ដូរសញ្ញាលើកទី \(1\) ត្រង់ខណៈ \(t = 1\,s\) ។ ដូច្នេះ ចំណុច \(M\) ប្ដូរទិសដៅលើកដំបូងគេត្រង់ខណៈ \(t = 1\,s\) ។

ប្រតិបត្តិ

គេបោះបាល់មួយពីផ្ទៃដីឡើងទៅលើតាមទិសឈរដោយមានល្បឿនដើម \(v_0 = 19.6\,m/s\) ។ ក្នុងរយៈពេល \(t\) វិនាទីក្រោយមក បាល់ស្ថិតនៅកម្ពស់ \(S = -4.9t^2 + 19.6t\) ពីផ្ទៃដី ។

  1. រកល្បឿននៃបាល់ បន្ទាប់ពី \(1\) វិនាទីក្រោយពីការបោះ ។

  2. រករយៈពេលដែលបាល់ស្ថិតនៅកម្ពស់ខ្ពស់បំផុត ហើយរកកម្ពស់នោះ ។

  3. រករយៈពេលដែលបាល់ស្ថិតនៅក្នុងលំហអាកាស ។

  4. រកចម្ងាយចរសរុបដែលបាល់បានផ្លាស់ទី ។

មើលចម្លើយ

ក. \(v(1) = 9.8\,m/s\) ខ. \(t = 2\,s\), \(S = 19.6\,m\) គ. \(0 < t < 4\,s\) ឃ. \(39.2\,m\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ២២–៣៥។
ទំព័រ ២២
ទំព័រ ២២
ទំព័រ ២៣
ទំព័រ ២៣
ទំព័រ ២៤
ទំព័រ ២៤
ទំព័រ ២៥
ទំព័រ ២៥
ទំព័រ ២៦
ទំព័រ ២៦
ទំព័រ ២៧
ទំព័រ ២៧
ទំព័រ ២៨
ទំព័រ ២៨
ទំព័រ ២៩
ទំព័រ ២៩
ទំព័រ ៣០
ទំព័រ ៣០
ទំព័រ ៣១
ទំព័រ ៣១
ទំព័រ ៣២
ទំព័រ ៣២
ទំព័រ ៣៣
ទំព័រ ៣៣
ទំព័រ ៣៤
ទំព័រ ៣៤
ទំព័រ ៣៥
ទំព័រ ៣៥

លំហាត់អនុវត្តន៍

១លំហាត់ទី ១

រកតម្លៃ \(f'(-3)\), \(f'(0)\) និង \(f'(2)\) ដោយប្រើក្រាបតាងអនុគមន៍ \(f\) ។ (បន្ទាត់ប៉ះត្រង់ \(x = -3\) កាត់តាមចំណុច \((-5, 0)\) និងបន្ទាត់ប៉ះត្រង់ \(x = 2\) កាត់តាមចំណុច \((4, 0)\) ។)

មើលដំណោះស្រាយ

\(f'(-3) = \dfrac{3 - 0}{-3 - (-5)} = \dfrac{3}{2}\),  \(f'(0) = 0\) (បន្ទាត់ប៉ះដេក),  \(f'(2) = \dfrac{0 - 3}{4 - 2} = -\dfrac{3}{2}\) ។

២លំហាត់ទី ២

អនុគមន៍ \(f(x) = 2x^3 - 16x + 11\) មានក្រាប \(C\) ។

  1. រកសមីការបន្ទាត់ \(L\) ដែលប៉ះក្រាប \(C\) ត្រង់ចំណុច \(A(2, -5)\) ។

  2. រកសមីការបន្ទាត់ដែលមានមេគុណប្រាប់ទិសស្មើ \(-10\) ហើយប៉ះនឹងក្រាប \(C\) ។

មើលដំណោះស្រាយ

ក. \(L : y = 8x - 21\) ខ. \(y = -10x + 7\) (ប៉ះត្រង់ \((1, -3)\)) និង \(y = -10x + 15\) (ប៉ះត្រង់ \((-1, 25)\)) ។

៣លំហាត់ទី ៣

អនុគមន៍ \(f(x) = 4x^3 + 9x^2 - 30x + 1\) មានក្រាប \(C\) ។

  1. រកកូអរដោនេនៃគ្រប់ចំណុចប៉ះនៃក្រាប \(C\) ដែលមានបន្ទាត់ប៉ះជាបន្ទាត់ដេក ។

  2. រកសមីការនៃបន្ទាត់ប៉ះទាំងនោះ ។

មើលដំណោះស្រាយ

ក. \(f'(x) = 6(2x + 5)(x - 1) = 0\) ៖ ចំណុចប៉ះ \((1, -16)\) និង \(\left(-\dfrac{5}{2}, \dfrac{279}{4}\right)\) ខ. \(y = -16\) និង \(y = \dfrac{279}{4}\) ។

៤លំហាត់ទី ៤

អនុគមន៍ \(y = 3x^2 - 4x + 1\) កំណត់នៅលើ \(\mathbb{R}\) និងមានក្រាប \(C\) ។

  1. រកសមីការបន្ទាត់ប៉ះនឹង \(C\) ហើយកែងនឹងបន្ទាត់ \(y = -\dfrac{x}{5} + 2\) ។

  2. រកសមីការបន្ទាត់ប៉ះនឹង \(C\) ហើយស្របនឹងបន្ទាត់ \(y = x + 5\) ។

មើលដំណោះស្រាយ

ក. \(y = 5x - \dfrac{23}{4}\) ខ. \(y = x - \dfrac{13}{12}\) ។

៥លំហាត់ទី ៥

អនុគមន៍ \(f(x) = x^3 - 3x\) កំណត់នៅលើ \(\mathbb{R}\) និងមានក្រាប \(C\) ។

  1. រកសមីការបន្ទាត់ប៉ះនឹងក្រាប \(C\) ត្រង់ចំណុច \(A\) ដែលមានអាប់ស៊ីស \(a\) ។

  2. បន្ទាត់ប៉ះត្រង់ \(A\) កាត់ក្រាប \(C\) ម្ដងទៀតត្រង់ \(B\) ។ រកអាប់ស៊ីសនៃ \(B\) ។

មើលដំណោះស្រាយ

ក. \(y = (3a^2 - 3)x - 2a^3\) ខ. \(x^3 - 3x - (3a^2 - 3)x + 2a^3 = (x - a)^2(x + 2a) = 0\) ដូច្នេះអាប់ស៊ីសនៃ \(B\) គឺ \(-2a\) \((a \ne 0)\) ។

៦លំហាត់ទី ៦

សិក្សាទិសដៅអថេរភាព រកអតិបរមា និងអប្បបរមា ហើយសង់តារាងអថេរភាពនៃអនុគមន៍នីមួយៗដូចខាងក្រោម ៖

  1. \(y = -x^3 + 3x^2 + 4\)

  2. \(y = x(x - 3)^2\)

  3. \(y = -x^2(x - 1)^2\)

មើលដំណោះស្រាយ

ក. ចុះលើ \((-\infty, 0)\) និង \((2, +\infty)\), កើនលើ \((0, 2)\) ៖ អប្បបរមាធៀប \(y(0) = 4\), អតិបរមាធៀប \(y(2) = 8\) ។

ខ. \(y' = 3(x - 1)(x - 3)\) ៖ កើនលើ \((-\infty, 1)\) និង \((3, +\infty)\), ចុះលើ \((1, 3)\) ៖ អតិបរមាធៀប \(y(1) = 4\), អប្បបរមាធៀប \(y(3) = 0\) ។

គ. \(y' = -2x(x - 1)(2x - 1)\) ៖ កើនលើ \((-\infty, 0)\) និង \(\left(\dfrac{1}{2}, 1\right)\), ចុះលើ \(\left(0, \dfrac{1}{2}\right)\) និង \((1, +\infty)\) ៖ អតិបរមាធៀប \(y(0) = y(1) = 0\), អប្បបរមាធៀប \(y\left(\dfrac{1}{2}\right) = -\dfrac{1}{16}\) ។

៧លំហាត់ទី ៧

អនុគមន៍ \(f(x) = x^3 + 3ax^2 + 3bx + 2\) មានអតិបរមាធៀបត្រង់ \(x = 1\) និងមានអប្បបរមាធៀបត្រង់ \(x = 2\) ។

  1. រកតម្លៃនៃចំនួនពិត \(a\) និង \(b\) ។

  2. រកផលដករវាងតម្លៃអតិបរមាធៀបនិងអប្បបរមាធៀបនៃ \(f\) ។

មើលដំណោះស្រាយ

ក. \(a = -\dfrac{3}{2}\), \(b = 2\) ខ. \(f(1) - f(2) = \dfrac{9}{2} - 4 = \dfrac{1}{2}\) ។

៨លំហាត់ទី ៨

អនុគមន៍ \(f(x) = x^4 + 29\) និង \(g(x) = 4x^3\) មានក្រាប \(C_1\) និង \(C_2\) ។ បន្ទាត់ \(D\) ស្របអ័ក្សអរដោនេ កាត់ក្រាប \(C_1\) និង \(C_2\) រៀងគ្នាត្រង់ \(A\) និង \(B\) ។ រកប្រវែងអប្បបរមានៃអង្កត់ \([AB]\) ។

មើលដំណោះស្រាយ

\(AB = x^4 - 4x^3 + 29\) មានអប្បបរមាត្រង់ \(x = 3\) ។ ប្រវែងអប្បបរមា \(AB = 2\) ។

៩លំហាត់ទី ៩

បន្ទះស័ង្កសីរាងត្រីកោណសម័ង្សមួយមានជ្រុងប្រវែង \(a\) ។ គេកាត់យកចេញពីផ្នែកត្រង់កំពូលទាំងបីនូវចតុកោណប៉ុនៗគ្នា (ជ្រុងប្រវែង \(x\) តាមជ្រុងត្រីកោណ និងមានមុំកែងពីរ) ។ គេបត់ផ្នែកនៅសល់ឱ្យបានជាប្រអប់មួយដែលមានរាងជាព្រីសត្រីមុខនិយ័ត ហើយគ្មានគម្រប ។ រកតម្លៃ \(x\) ដើម្បីឱ្យប្រអប់មានមាឌធំបំផុត ។

មើលដំណោះស្រាយ

កម្ពស់ប្រអប់ \(h = \dfrac{x}{\sqrt{3}}\) និងជ្រុងបាត \(a - 2x\) ។ មាឌ \(V = \dfrac{\sqrt{3}}{4}(a - 2x)^2\cdot\dfrac{x}{\sqrt{3}} = \dfrac{1}{4}x(a - 2x)^2\), \(0 < x < \dfrac{a}{2}\) ។ \(V' = \dfrac{1}{4}(a - 2x)(a - 6x) = 0\) នាំឱ្យ \(x = \dfrac{a}{6}\) ។ មាឌធំបំផុត \(V = \dfrac{a^3}{54}\) ។

១០លំហាត់ទី ១០

ថ្មមួយដុំបានធ្លាក់ពីកម្ពស់ \(88.2\) ម៉ែត្រតាមទិសឈរសំដៅមកផ្ទៃដី ។ ក្នុងរយៈពេល \(t\) វិនាទីក្រោយមក ដុំថ្មនោះធ្លាក់បានចម្ងាយ \(9.8t^2\) ម៉ែត្រ ។

  1. តើក្នុងរយៈពេលប៉ុន្មានវិនាទីក្រោយមកទើបដុំថ្មធ្លាក់ប៉ះផ្ទៃដី ។

  2. រកល្បឿនធ្លាក់នៃដុំថ្មនៅខណៈ \(2\) វិនាទីដំបូង ។

  3. រកល្បឿនធ្លាក់នៃដុំថ្មនៅពេលធ្លាក់ប៉ះផ្ទៃដី ។

មើលដំណោះស្រាយ

ក. \(9.8t^2 = 88.2\) នាំឱ្យ \(t = 3\) វិនាទី ខ. \(v = 19.6t\), \(v(2) = 39.2\,m/s\) គ. \(v(3) = 58.8\,m/s\) ។

១១លំហាត់ទី ១១

គេបាញ់វត្ថុមួយតាមទិសឈរពីផ្ទៃដីសំដៅទៅលើអាកាស ដោយមានល្បឿនដើម \(V_0 = 39.2\,m\cdot s^{-1}\) ហើយមានចម្ងាយចរ \(S = -4.9t^2 + 39.2t\) គិតជាម៉ែត្រពីផ្ទៃដីបន្ទាប់ពី \(t\) វិនាទីក្រោយមក ។

  1. រកល្បឿននៃវត្ថុនៅខណៈ \(t\) បន្ទាប់ពីការបាញ់

  2. តើនៅពេលណាដែលវត្ថុស្ថិតនៅកម្ពស់ខ្ពស់បំផុត ។ រកកម្ពស់នោះ ។

  3. រករយៈពេលដែលវត្ថុស្ថិតក្នុងលំហអាកាស ។

  4. រកចម្ងាយចរសរុបនៃវត្ថុ ។

មើលដំណោះស្រាយ

ក. \(V = -9.8t + 39.2\) ខ. \(t = 4\,s\), កម្ពស់ \(78.4\,m\) គ. \(0 < t < 8\,s\) ឃ. \(156.8\,m\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ១៨ អនុវត្តន៍នៃដេរីវេ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត