1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៦
៦
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ១ ស៊ីតនិងអនុមានរួមគណិតវិទ្យា · មេរៀនទី ៦ · គណិតវិទ្យាថ្នាក់ទី ១១

វិចារអនុមានរួមគណិតវិទ្យា

ថ្នាក់វិទ្យាសាស្ត្រទំព័រ ៤៤–៥៦▶ ស្លាយបង្រៀន
វត្ថុបំណង
  1. កំណត់វិចារអនុមានរួមគណិតវិទ្យា

  2. ការប្រើអនុមានរួមគណិតវិទ្យា

  3. ទ្រឹស្តីបទទ្វេធា ។

គោលការណ៍នៃវិចារអនុមានរួមគណិតវិទ្យា

គេគ្រាន់តែសង្កេតមើលឧទាហរណ៍ខ្លះៗនៃផលបូកចំនួនគត់សេស

\[\begin{aligned} &\text{ផលបូក } 1 \text{ តួតាងដោយ } P(1) = 1 = 1^2\\ &\text{ផលបូក } 2 \text{ តួតាងដោយ } P(2) = 1 + 3 = 2^2\\ &\text{ផលបូក } 3 \text{ តួតាងដោយ } P(3) = 1 + 3 + 5 = 3^2 \end{aligned}\]
គេអាចទាញបានផលបូក \(n\) តួតាងដោយ \(P(n) = 1 + 3 + 5 + \ldots + (2n - 1) = n^2\) ។

បន្ទាប់ពីបានរូបមន្តនេះមក គេត្រូវបញ្ជាក់ថារូបមន្ត \(P(n)\) ពិតចំពោះគ្រប់ចំនួនគត់ \(n\) ។ ក្នុងករណីនេះគេផ្តើមផ្ទៀងផ្ទាត់ \(P(n)\) ដោយឱ្យ \(n = 1\) ។

បើ \(n = 1\) \(1 = 1^2\) ដូច្នេះ \(P(1)\) ពិត ។

ឧបមាថា \(P(n)\) ពិត ចំពោះតម្លៃ \(n\) ណាមួយ ។ គេត្រូវស្រាយថា \(P(n)\) ពិតនាំឱ្យបាន \(P(n+1)\) ក៏ពិតដែរ ។

បើ \(P(n)\) ពិត គេបាន \(1 + 3 + 5 + \ldots + (2n - 1) = n^2\) ។ ដើម្បីស្រាយបញ្ជាក់ថា \(P(n+1)\) ពិតលុះត្រាតែគេបាន \(P(n+1) = (n+1)^2\) ។

របៀបស្រាយបញ្ជាក់

គេដឹងថា

\[\begin{aligned} P(n+1) &= 1 + 3 + 5 + \ldots + (2n - 1)\\ &\quad{} + [2(n + 1) - 1]\\ &= n^2 + (2n + 2 - 1)\\ &= n^2 + 2n + 1 = (n + 1)^2 \end{aligned}\]
\(P(n+1)\) ពិត ។ ដូច្នេះ \(P(n)\) ពិតចំពោះគ្រប់ \(n \in \mathbb{N}\) ។

គោលការណ៍នៃវិចារអនុមានរួមគណិតវិទ្យា

វិចារអនុមានរួម \(P(n)\) ជាសំណើដែលទាក់ទងនឹងចំនួនគត់ \(n\) ។ ដើម្បីស្រាយបញ្ជាក់ថា \(P(n)\) ពិតចំពោះគ្រប់ \(n \in \mathbb{N}\) គេត្រូវ

  1. ផ្ទៀងផ្ទាត់ថា \(P(n)\) ពិតចំពោះ \(n = 1\)

  2. ឧបមាថា \(P(n)\) ពិតចំពោះតម្លៃ \(n\)

  3. ស្រាយបញ្ជាក់ថា \(P(n)\) ពិតនាំឱ្យបាន \(P(n+1)\) ពិត ។

លំហាត់គំរូ ១

ស្រាយបញ្ជាក់សមភាព \(1 \times 2 + 2 \times 3 + 3 \times 4 + \ldots + n \times (n + 1) = \dfrac{1}{3}n(n + 1)(n + 2)\) ពិតចំពោះគ្រប់ \(n \in \mathbb{N}\) ដោយប្រើវិចារអនុមានរួមគណិតវិទ្យា ។

ដំណោះស្រាយ

ចំពោះ \(n = 1\) ៖ អង្គខាងឆ្វេង \(1 \times 2 = 2\) អង្គខាងស្តាំ \(\dfrac{1}{3} \times 1 \times (1 + 1)(1 + 2) = 2\) ។

នោះអង្គខាងឆ្វេង \(=\) អង្គខាងស្តាំ ។ ដូច្នេះ ចំពោះ \(n = 1\) សមភាពពិត ។

ឧបមាថា សមភាពពិតចំពោះ \(n = k\) គេបាន

\[\begin{gathered} 1 \times 2 + 2 \times 3 + 3 \times 4 + \ldots + k \times (k + 1) = \frac{1}{3}k(k + 1)(k + 2)\\ (k = 1, 2, 3, \ldots) \text{ ។} \end{gathered}\]
បង្ហាញថាសមភាពពិតចំពោះ \(n = k\) នាំឱ្យបានសមភាពពិតចំពោះ \(n = k + 1\)
\[\begin{aligned} &1 \times 2 + 2 \times 3 + 3 \times 4 + \ldots + k(k + 1) + (k + 1)(k + 2)\\ &= \frac{1}{3}(k + 1)(k + 2)(k + 3) \end{aligned}\]
គេមាន \(1 \times 2 + 2 \times 3 + 3 \times 4 + \ldots + k \times (k + 1) = \dfrac{1}{3}k(k + 1)(k + 2)\) ។ ថែម \((k + 1)(k + 2)\) លើអង្គទាំងពីរនៃសមីការ គេបាន
\[\begin{aligned} &1 \times 2 + 2 \times 3 + 3 \times 4 + \ldots + k \times (k + 1) + (k + 1)(k + 2)\\ &= \frac{1}{3}k(k + 1)(k + 2) + (k + 1)(k + 2)\\ &= (k + 1)(k + 2)\left(\frac{1}{3}k + 1\right)\\ &= (k + 1)(k + 2)\left(\frac{k + 3}{3}\right)\\ &= \frac{1}{3}(k + 1)(k + 2)(k + 3) \end{aligned}\]
ពិត ។ ដូច្នេះ សមភាពពិតចំពោះគ្រប់ \(n \in \mathbb{N}\) ។

ដូច្នេះ \(1 \times 2 + 2 \times 3 + 3 \times 4 + \ldots + n \times (n + 1) = \dfrac{1}{3}n(n + 1)(n + 2)\) \((n = 1, 2, 3, \ldots)\) ។

លំហាត់គំរូ ២

ចំពោះ \(h > 0\) និងចំនួនគត់ធម្មជាតិ \(n \ge 2\) បង្ហាញថា \((1 + h)^n > 1 + nh\) ដោយប្រើវិចារអនុមានរួមគណិតវិទ្យា ។

ដំណោះស្រាយ

ចំពោះ \(n = 2\) គេបាន \((1 + h)^2 = 1 + 2h + h^2 > 1 + 2h\) ព្រោះ \(h^2 > 0\) ។ ដូច្នេះ វិសមភាពនេះពិត ចំពោះ \(n = 2\) ។

ឧបមាថាវិសមភាពនេះពិត ចំពោះ \(n = k\) \((k \ge 2)\) នោះ \((1 + h)^k > 1 + kh\) ពិត ។ គេនឹងបង្ហាញថាវាពិតដល់ \(n = k + 1\) \((k \ge 2)\) គឺ

\[(1 + h)^{k+1} > 1 + (k + 1) \times h \quad{} (1) \text{ ។}\]
គេមាន \((1 + h)^k > 1 + kh\) ដោយ \(h > 0\) នោះ \(1 + h > 0\) ។ គុណអង្គទាំងពីរនៃ \((1)\) និង \(1 + h > 0\) គេបាន \((1 + h)^k(1 + h) > (1 + kh)(1 + h)\)
\[\begin{aligned} (1 + h)^{k+1} &> 1 + kh + h + kh^2\\ &= 1 + (k + 1)h + kh^2 > 1 + (k + 1)h \end{aligned}\]
ព្រោះ \(kh^2 > 0\) ។ ដូច្នេះ វិសមភាព \((1 + h)^n > 1 + nh\) ពិតចំពោះគ្រប់ \((n \ge 2)\) ។

លំហាត់គំរូ ៣

ស្រាយបញ្ជាក់ថា \(n^3 + 2n\) ជាពហុគុណនៃ \(3\) ចំពោះគ្រប់ចំនួនគត់ \(n\) ដោយប្រើវិចារអនុមានរួមគណិតវិទ្យា ។

ដំណោះស្រាយ

ចំពោះ \(n = 0\) គេបាន \(0\) ជាពហុគុណនៃ \(3\) ពិត ។

ឧបមាថាសមភាពពិតចំពោះចំនួនគត់ \(n = k\) គេបាន \(k^3 + 2k\) ជាពហុគុណនៃ \(3\) ពិត យើងបាន \(k^3 + 2k = 3q\), \(q\) ជាចំនួនគត់ ។

គេបង្ហាញថាវាពិតចំពោះ \(n = k + 1\) គឺ \((k + 1)^3 + 2(k + 1)\) ជាពហុគុណនៃ \(3\) ។ គេបាន

\[\begin{aligned} (k + 1)^3 + 2(k + 1) &= k^3 + 3k^2 + 3k + 1 + 2k + 2\\ &= k^3 + 3k^2 + 5k + 3\\ &= (k^3 + 2k) + 3 \times (k^2 + k + 1)\\ &= 3q + 3(k^2 + k + 1) = 3(q + k^2 + k + 1) \end{aligned}\]
មានន័យថា \((k + 1)^3 + 2(k + 1)\) ជាពហុគុណនៃ \(3\) ។

ដូច្នេះ \(n^3 + 2n\) ជាពហុគុណនៃ \(3\) ចំពោះគ្រប់ចំនួនគត់ \(n\) ។

ប្រតិបត្តិ
  1. ស្រាយបញ្ជាក់វិសមភាព \(\left(1 + \dfrac{1}{2} + \dfrac{1}{3} + \ldots + \dfrac{1}{n}\right)(1 + 2 + 3 + \ldots + n) \ge n^2\) ដោយប្រើវិចារអនុមានរួមគណិតវិទ្យា ។

  2. ស្រាយបញ្ជាក់ថា \(2^{n+1} + 3^{2n-1}\) ជាពហុគុណនៃ \(7\) ចំពោះគ្រប់ \(n \in \mathbb{N}\) ដោយប្រើវិចារអនុមានរួមគណិតវិទ្យា ។

  3. ស្រាយបញ្ជាក់សមភាព \(1^2 + 2^2 + 3^2 + \ldots + n^2 = \dfrac{n(n + 1)(2n + 1)}{6}\) ដោយប្រើវិចារអនុមានរួមគណិតវិទ្យា ។

ទ្រឹស្តីបទទ្វេធា

ពេលគេពន្លាតស្វ័យគុណនៃទ្វេធា គេបានពហុធា ឬស៊េរីមួយ ។ វាមិនមែនជាស៊ីតធរណីមាត្រ ឬស៊ីតនព្វន្តឡើយ តែវាមានលំនាំគំរូមួយច្បាស់លាស់ ។ ក្នុងមេរៀននេះគេនឹងសិក្សារូបមន្តពន្លាតនៃស្វ័យគុណ នៃទ្វេធាឱ្យបានឆាប់រហ័ស ។ ជាដំបូងពិនិត្យមើលពន្លាតនៃកន្សោម \((x + y)^n\) ចំពោះតម្លៃខ្លះនៃ \(n\) ។

ឧទាហរណ៍ ១

\[\begin{aligned} (x + y)^0 &= 1\\ (x + y)^1 &= 1x + 1y\\ (x + y)^2 &= 1x^2 + 2xy + 1y^2\\ (x + y)^3 &= 1x^3 + 3x^2y^1 + 3x^1y^2 + 1y^3\\ (x + y)^4 &= 1x^4 + 4x^3y^1 + 6x^2y^2 + 4x^1y^3 + 1y^4\\ (x + y)^5 &= 1x^5 + 5x^4y^1 + 10x^3y^2\\ &\quad{} + 10x^2y^3 + 5x^1y^4 + 1y^5\\ &\ \,\vdots \end{aligned}\]
ក្នុងជួរដេកនីមួយៗកើតមានលំនាំគំរូដូចៗគ្នា ។

ពីឧទាហរណ៍ខាងលើ គេសង្កេតក្នុងជួរដេកនីមួយៗនៃពន្លាតកន្សោម \((x + y)^n\) ឃើញថា ៖

  • ពន្លាតទ្វេធានីមួយៗជាពហុធាដែលមាន \((n + 1)\) តួ ។

  • ក្នុងពន្លាតទ្វេធានីមួយៗស្វ័យគុណនៃ \(x\) ចុះ \(1\) ដឺក្រេជាបន្តបន្ទាប់ និងស្វ័យគុណនៃ \(y\) កើន \(1\) ដឺក្រេជាបន្តបន្ទាប់បើគេអានពីឆ្វេងទៅស្តាំ ។

  • ផលបូកនៃស្វ័យគុណក្នុងតួនីមួយៗនៃពហុធាស្មើ \(n\) ។

  • លេខមេគុណចាប់ផ្តើមនិងចុងក្រោយគឺ \(1\) ដូចគ្នា ហើយផលបូកនៃលេខមេគុណពីរតួជាប់គ្នានៃពន្លាត \((x + y)^3\) ជាលេខមេគុណនៃពន្លាត \((x + y)^4 \ldots\) ។

\[\begin{array}{ccccccccc l} & 1 & & 3 & & 3 & & 1 & & \quad{}\text{លេខមេគុណនៃ } (x+y)^3\\ 1 & & 4 & & 6 & & 4 & & 1 & \quad{}\text{លេខមេគុណនៃ } (x+y)^4 \end{array}\]
ឬលេខមេគុណនៃតួផ្សេងទៀតកំណត់បានអាស្រ័យនឹងលេខមេគុណនៃតួបន្ទាប់ខាងមុខគឺ
\[\begin{gathered} \text{លេខមេគុណនៃតួទី } k + 1\\ = \frac{(\text{លេខមេគុណនៃតួទី } k) \times (\text{ស្វ័យគុណនៃ } x \text{ ក្នុងតួទី } k)}{k} \text{ ។} \end{gathered}\]

ឧទាហរណ៍ ២

\[\begin{aligned} (x + y)^5 = 1x^5 + 5x^4y^1 + 10x^3y^2 &\\ &\quad{} + 10x^2y^3 + 5xy^4 + 1y^5 \end{aligned}\]
ដែល \(5 = \dfrac{1 \times 5}{1}\), \(10 = \dfrac{5 \times 4}{2}\), \(10 = \dfrac{10 \times 3}{3}\), \(5 = \dfrac{10 \times 2}{4}\), \(1 = \dfrac{5 \times 1}{5}\) ។

ពីឧទាហរណ៍ ១ បើគេផ្តាច់យកតែលេខមេគុណនិងតម្រៀបលេខទាំងនេះជារាងត្រីកោណ គេឃើញមានលំនាំគំរូជាច្រើន ។ គេបាន

\[\begin{array}{ccccccccccc} & & & & & 1 & & & & & \\ & & & & 1 & & 1 & & & & \\ & & & 1 & & 2 & & 1 & & & \\ & & 1 & & 3 & & 3 & & 1 & & \\ & 1 & & 4 & & 6 & & 4 & & 1 & \\ 1 & & 5 & & 10 & & 10 & & 5 & & 1 \end{array}\]
តម្រៀបលេខមេគុណទាំងនេះជារាងត្រីកោណហៅថា ត្រីកោណប៉ាស្កាល់ និងមានសារៈសំខាន់ណាស់សម្រាប់រកលេខមេគុណក្នុងពន្លាតទ្វេធា \((x + y)^n\) ដែលមានស្វ័យគុណតូចតែវាពិបាកអនុវត្តខ្លាំងណាស់ចំពោះការពន្លាតទ្វេធា \((x + y)^n\) ដែលមានស្វ័យគុណធំ ។

ចំណែកឯស៊ីត \(1, 1, 2, 3, 5, 8, 13, 21, \ldots\) (ផលបូកតាមអង្កត់ទ្រេតនៃត្រីកោណប៉ាស្កាល់) ហៅថា ស៊ីត Fibonacci ។

លំហាត់គំរូ ៤

ប្រើត្រីកោណប៉ាស្កាល់ពន្លាតកន្សោម \((x + y)^5\) ។

ដំណោះស្រាយ

ដោយប្រើជួរដេកទី \(5\) នៃត្រីកោណប៉ាស្កាល់ គេបានលេខមេគុណ

\[\begin{array}{ccccccccccc} & 1 & & 4 & & 6 & & 4 & & 1 & \\ 1 & & 5 & & 10 & & 10 & & 5 & & 1 \end{array}\]
គេបាន \((x + y)^5 = 1x^5 + 5x^4y^1 + 10x^3y^2 + 10x^2y^3 + 5xy^4 + 1y^5\) ។

ប្រតិបត្តិ

ប្រើត្រីកោណប៉ាស្កាល់ពន្លាតកន្សោម \((x + y)^6\) ។

មើលចម្លើយ

\((x + y)^6 = x^6 + 6x^5y + 15x^4y^2 + 20x^3y^3 + 15x^2y^4 + 6xy^5 + y^6\) ។

គេចាំបាច់កំណត់គំរូតួទូទៅនៃពន្លាត \((x + y)^n\) គឺ

\[\begin{aligned} (x + y)^n = 1x^n + ?x^{n-1}y^1 + ?x^{n-2}y^2 + \ldots &\\ &\quad{} + ?x^{n-r}y^r + \ldots + 1y^n \end{aligned}\]
\[\begin{array}{c|c} \text{តួ} & \text{លេខមេគុណ}\\ \hline 1 & 1\\[4pt] 2 & \dfrac{1 \times n}{1}\\[8pt] 3 & \dfrac{n(n - 1)}{1 \times 2}\\[6pt] \vdots & \vdots\\ (r + 1) & \dfrac{n(n - 1)(n - 2)\ldots(n - r + 1)}{1 \times 2 \times 3 \times \ldots \times r}\\[6pt] \vdots & \vdots\\ (n + 1) & 1 \end{array}\]
ដូច្នេះ
\[\begin{aligned} (x + y)^n &= 1x^n + \frac{n}{1}x^{n-1}y^1 + \frac{n(n - 1)}{1 \times 2}x^{n-2}y^2 + \ldots\\ &\quad{} + \frac{n(n - 1)(n - 2)\ldots(n - r + 1)}{1 \times 2 \times 3 \times \ldots \times r}x^{n-r}y^r + \ldots + 1y^n \text{ ។} \end{aligned}\]

ពីត្រីកោណប៉ាស្កាល់ គេឃើញថាលេខមេគុណនៃទ្វេធាជាចំនួនដែលរៀបឆ្លុះគ្នា ហើយគេដឹងថា

\[\begin{aligned} 1 &= \frac{n!}{n!\,0!} = {}_nC_0 = {}_nC_n\\ \frac{n}{1} &= \frac{n!}{(n - 1)!\,1!} = {}_nC_1 = {}_nC_{n-1}\\ \frac{n(n - 1)}{1 \times 2} &= \frac{n!}{(n - 2)!\,2!} = {}_nC_2 = {}_nC_{n-2}\\ \frac{n(n - 1)(n - 2)}{1 \times 2 \times 3} &= \frac{n!}{(n - 3)!\,3!} = {}_nC_3 = {}_nC_{n-3}\\ &\ \,\vdots\\ \frac{n(n - 1)(n - 2)\ldots(n - r + 1)}{1 \times 2 \times 3 \times \ldots \times r} &= \frac{n!}{(n - r)!\,r!} = {}_nC_r = {}_nC_{n-r} \end{aligned}\]
ចំនួនថេរ \({}_nC_0, {}_nC_1, {}_nC_2, \ldots, {}_nC_n\) ហៅថាលេខមេគុណនៃទ្វេធា \((x + y)^n\) ។ គេបាន
\[\begin{aligned} (x + y)^n &= {}_nC_0x^n + {}_nC_1x^{n-1}y^1\\ &\quad{} + {}_nC_2x^{n-2}y^2 + \ldots\\ &\quad{} + {}_nC_rx^{n-r}y^r + \ldots + {}_nC_ny^n \end{aligned}\]
ហៅថា ទ្រឹស្តីបទទ្វេធា ។

ទ្រឹស្តីបទទ្វេធា

\[\begin{aligned} (x + y)^n &= \sum_{r=0}^{n} {}_nC_r\,x^{n-r}y^r\\ &= {}_nC_0\,x^n + {}_nC_1\,x^{n-1}y^1\\ &\quad{} + {}_nC_2\,x^{n-2}y^2 + \ldots + {}_nC_n\,y^n \text{ ។} \end{aligned}\]

លំហាត់គំរូ ៥

ដោយប្រើជួរដេកទី \(6\) នៃត្រីកោណប៉ាស្កាល់គណនាលេខមេគុណនៃទ្វេធា \({}_6C_0\), \({}_6C_1\), \({}_6C_2\), \({}_6C_3\), \({}_6C_4\), \({}_6C_5\), \({}_6C_6\) ។

ដំណោះស្រាយ

\[\begin{array}{ccccccccccccc} & 1 & & 5 & & 10 & & 10 & & 5 & & 1 & \\ 1 & & 6 & & 15 & & 20 & & 15 & & 6 & & 1\\ {}_6C_0 & & {}_6C_1 & & {}_6C_2 & & {}_6C_3 & & {}_6C_4 & & {}_6C_5 & & {}_6C_6 \end{array}\]
ដូច្នេះ \({}_6C_0 = 1\), \({}_6C_1 = 6\), \({}_6C_2 = 15\), \({}_6C_3 = 20\), \({}_6C_4 = 15\), \({}_6C_5 = 6\), \({}_6C_6 = 1\) ។

ប្រតិបត្តិ
  1. ដោយប្រើទ្រឹស្តីបទទ្វេធាចូរពន្លាតកន្សោមខាងក្រោម ៖

    1. \((1 + 3x)^4\)

    2. \((2x - y)^5\)

    3. \(\left(a + \dfrac{1}{a^2}\right)^6\)

    4. \((1 + x)^n\) ។

  2. កំណត់តួទី \(4\) នៃពន្លាតទ្វេធា \((x + y)^{13}\) ។

មើលចម្លើយ
    1. \((1 + 3x)^4 = 1 + 12x + 54x^2 + 108x^3 + 81x^4\)

    2. \((2x - y)^5 = 32x^5 - 80x^4y + 80x^3y^2 - 40x^2y^3 + 10xy^4 - y^5\)

    3. \(\left(a + \dfrac{1}{a^2}\right)^6 = a^6 + 6a^3 + 15 + \dfrac{20}{a^3} + \dfrac{15}{a^6} + \dfrac{6}{a^9} + \dfrac{1}{a^{12}}\)

    4. \((1 + x)^n = 1 + {}_nC_1\,x + {}_nC_2\,x^2 + {}_nC_3\,x^3 + \ldots + {}_nC_n\,x^n\) ។

  1. \({}_{13}C_3\,x^{10}y^3 = 286x^{10}y^3\) ។

មេរៀនសង្ខេប ជំពូកទី ១

មេរៀនសង្ខេប
  1. ស៊ីតនៃចំនួនពិត គឺជាអនុគមន៍លេខដែលកំណត់ពី \(\mathbb{N}\) ទៅ \(\mathbb{R}\) ។

  2. ស៊ីតនព្វន្ត គឺជាស៊ីតនៃចំនួនពិតដែលមានតួនីមួយៗ (ក្រៅពីតួទី \(1\)) ស្មើនឹងតួមុនបន្ទាប់បូកចំនួនថេរ \(d\) មួយ (ហៅថាផលសងរួម \(d = a_{n+1} - a_n\)) ។

  3. រូបមន្តតួទូទៅនៃស៊ីតនព្វន្ត \(a_n = a_1 + (n - 1) \times d\) ។

  4. ផលបូក \(n\) តួនៃស៊ីតនព្វន្ត \(S_n = \dfrac{(a_1 + a_n) \times n}{2}\) ។

  5. ស៊ីតធរណីមាត្រ គឺជាស៊ីតចំនួនពិតដែលតួនីមួយ (ក្រៅពីតួទី \(1\)) ស្មើនឹងតួមុនបន្ទាប់គុណនឹងចំនួនថេរ \(q\) ដែល \(q \ne 0\) ។ ចំនួនថេរ \(q\) នេះហៅថាផលធៀបរួមស៊ីតធរណីមាត្រ ។

  6. រូបមន្តតួទូទៅនៃស៊ីតធរណីមាត្រ \(a_{n+1} = a_n \times q\),  \(a_n = a_1 \times q^{n-1}\) ។

  7. ផលបូក \(n\) តួដំបូងនៃស៊ីតធរណីមាត្រ \(S_n = \dfrac{a_1(q^n - 1)}{q - 1}\) ដែល \(q \ne 1\) ។

  8. ផលបូកស៊ីតធរណីមាត្រអនន្តតួ \(S_\infty = \dfrac{a_1}{1 - q}\) បើ \(|q| < 1\) ។

  9. រូបមន្តផលបូកស៊ីតមានលំដាប់ខ្ពស់  \(\displaystyle\sum_{k=1}^{n} k = \frac{1}{2}n(n + 1)\),  \(\displaystyle\sum_{k=1}^{n} k^2 = \frac{1}{6}n(n + 1)(2n + 1)\),  \(\displaystyle\sum_{k=1}^{n} k^3 = \left[\frac{1}{2}n(n + 1)\right]^2\) ។

  10. ស៊ីត \((b_n)\) ជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ដែល \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} b_k\),  \(n \ge 2\) ។

  11. ទំនាក់ទំនងកំណើនទម្រង់ \(a_{n+1} = a_n + pn\) នោះផលសងស៊ីត \((b_n)\) ដែល \(b_n = a_{n+1} - a_n = pn\) និង \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} b_k = a_1 + \sum_{k=1}^{n-1} pk\) ។

  12. ចំពោះ \(n \ge 2\) គេបាន \(S_n - S_{n-1} = a_n\) និង \(S_1 = a_1\) ។

  13. ទំនាក់ទំនងកំណើននៃស៊ីត \((a_n)\) ទម្រង់ \(a_{n+2} + pa_{n+1} + qa_n = 0\) មានសមីការសម្គាល់ \(x^2 + px + q = 0\) ដែលឫស \(\alpha\) និង \(\beta\) បំពេញលក្ខខណ្ឌ \(\alpha + \beta = -p\), \(\alpha\beta = q\) នោះគេបាន \(a_{n+2} - (\alpha + \beta)a_{n+1} + \alpha\beta a_n = 0\) អាចបំប្លែងជា \(a_{n+2} - \alpha a_{n+1} = \beta(a_{n+1} - \alpha a_n)\),  \(a_{n+2} - \beta a_{n+1} = \alpha(a_{n+1} - \beta a_n)\) ។ ទំនាក់ទំនងទាំង \(2\) នេះគឺជាស៊ីតធរណីមាត្រ ។

  14. សំណើ \(P(n)\) ពិតចំពោះគ្រប់ចំនួនគត់ធម្មជាតិ \(n\) ហើយសំណើរខាងក្រោម \((i)\) និង \((ii)\) ពិតគឺ
    \((i)\)  \(P(n)\) ពិតចំពោះ \(n = 1\)
    \((ii)\)  ឧបមាថា \(P(n)\) ពិតចំពោះគ្រប់ចំនួនគត់ធម្មជាតិ \(n = k\) រួចបង្ហាញថា \(P(n+1)\) ពិតចំពោះគ្រប់ \(n = k + 1\) ។

  15. ទ្រឹស្តីបទទ្វេធា \((x + y)^n = \displaystyle\sum_{r=0}^{n} {}_nC_r\,x^{n-r}y^r = {}_nC_0\,x^n + {}_nC_1\,x^{n-1}y^1 + {}_nC_2\,x^{n-2}y^2 + \ldots + {}_nC_n\,y^n\) ។

លំហាត់ជំពូកទី ១

  1. តួទី \(5\) នៃស៊ីតនព្វន្តស្មើ \(14\) និងតួទី \(12\) ស្មើ \(35\) ។ គណនាផលសងរួម តួទី \(1\) និងតួទី \(n\) ។

  2. ផលបូកនៃ \(n\) តួដំបូងនៃស៊ីតមួយកំណត់ដោយ \(S_n = n^2 + n\) ។ គណនាតួទី \(5\) នៃស៊ីត និងបង្ហាញថាតួនៃស៊ីតនេះជាស៊ីតនព្វន្ត ។

  3. តួទី \(3\) នៃស៊ីតធរណីមាត្រស្មើ \(3\) និងតួទី \(6\) ស្មើនឹង \(\dfrac{3}{8}\) ។ គណនាផលធៀបរួមតួទី \(1\) និងផលបូក \(8\) តួដំបូង ។

  4. គណនា \(a\) ដើម្បីឱ្យបីចំនួន \((a - 3)\), \((a + 1)\) និង \((4a - 2)\) ជាបីតួតគ្នានៃស៊ីតធរណីមាត្រ ។

  5. គេឱ្យបួនចំនួនជាស៊ីតធរណីមាត្រ ។ គណនាតួទី \(2\) និងទី \(3\) នៃស៊ីត បើគេដឹងថាតួទី \(1\) ស្មើនឹង \(6\) ហើយតួទី \(4\) ស្មើនឹង \(162\) ។

  6. គេទិញផ្ទះមួយតម្លៃ \(30000\) ដុល្លារ ។ អ្នកទិញត្រូវបង់ប្រាក់ជា \(6\) ដំណាក់កាល ដែលបង្កើតបានជាស៊ីតធរណីមាត្រមានផលធៀបរួម \(\dfrac{9}{10}\) ។ កំណត់ប្រាក់ដែលត្រូវបង់តាមដំណាក់កាលនីមួយៗ ។

  7. គេមានស៊ីតនព្វន្ត \((U_n)\) និង \((V_n)\) កំណត់ដោយ \(U_1 = 3\) និងផលសងរួមស្មើ \(3\) និង \(V_1 = 4\) និងផលសងរួមស្មើ \(2\) ។

    1. កំណត់ \(U_n\) និង \(V_n\) ជាអនុគមន៍នៃ \(n\) ។

    2. គេមានស៊ីត \((W_n)\) កំណត់ដោយ \(W_n = \dfrac{U_n}{V_n}\) ។ បង្ហាញថាស៊ីត \((W_n)\) ជាស៊ីតកើន និងកំណត់ \(n\) ដើម្បីឱ្យ \(W_n - W_{n-1} = \dfrac{1}{28}\) ។

  8. កំណត់ផលសងរួមនិងតួទី \(1\) \(U_1\) នៃស៊ីតនព្វន្ត \((U_n)_{n \in \mathbb{N}}\) កើននិងដឹងថា \(\begin{cases} U_1^2 + U_2^2 + U_3^2 = 98\\ U_1 - U_2 + U_3 = 4 \end{cases}\) ។ គណនា \(U_{10}\) និងផលបូក \(10\) តួដំបូងនៃស៊ីត ។

  9. តួដំបូងនៃស៊ីតធរណីមាត្រស្មើ \(3\) ហើយមានផលធៀបរួម \(r\) ដែលតម្លៃដាច់ខាតនៃ \(r\) តូចជាង \(1\) ។ ផលបូក \(3\) តួដំបូងស្មើ \(\dfrac{8}{9}\) នៃផលបូក \(6\) តួដំបូង ។ គណនាផលបូកស៊ីតធរណីមាត្រអនន្តតួ ។

    1. ដោះស្រាយក្នុង \(\mathbb{R}\) សមីការ \(3x^2 - 8x + 4 = 0\)  \((E)\) ។

    2. គេមាន \((U_n)_{n \in \mathbb{N}}\) ជាស៊ីតធរណីមាត្រកើនដែលមាន \(U_3\) និង \(U_4\) នៃស៊ីតនេះជាចម្លើយនៃសមីការ \((E)\) ។

      1. ទាញរកផលធៀបរួមនៃស៊ីតនេះ ។

      2. គណនាតួទី \(1\) \(U_1\) នៃស៊ីត ។

  10. សរសេរបីតួដំបូងនៃស៊ីតនព្វន្តដោយដឹងថា \(S_{10} = 210\) និង \(S_{20} = 820\) ។

  11. គេដឹងថាផលបូកតួទី \(1\) និងតួទី \(4\) នៃស៊ីតនព្វន្តស្មើនឹង \(2\) និងផលបូកការេរបស់វាស្មើនឹង \(20\) ។ គណនាផលបូកប្រាំបីតួដំបូងនៃស៊ីត ។

  12. គេមាន \(S_m\) និង \(S_n\) ជាផលបូក \(m\) តួដំបូង និង \(n\) តួដំបូងរៀងគ្នានៃស៊ីតនព្វន្តមួយដែល \(\dfrac{S_m}{S_n} = \dfrac{m^2}{n^2}\); \((n \ne m)\) ។ តាងតួទី \(m\) គឺ \(a_m\) និងតួទី \(n\) គឺ \(a_n\) ។ បង្ហាញថា \(\dfrac{a_m}{a_n} = \dfrac{2m - 1}{2n - 1}\) ។

  13. គេមានស៊ីតធរណីមាត្រ \(12, 4, \dfrac{4}{3}, \ldots\) ។

    1. គណនាតួទី \(10\)

    2. តើចំនួន \(\dfrac{4}{729}\) ជាតួទីប៉ុន្មាននៃស៊ីត?

    3. គណនាផលបូក \(20\) តួដំបូងនៃស៊ីតធរណីមាត្រ ។

  14. គេឱ្យ \((a_n)\) ជាស៊ីតធរណីមាត្រ បើគេដឹងថា \(a_n = 2(3)^{n-1}\) ។ គណនា \(S_n\) ។

  15. គណនាផលបូក \(1 + 2x + 3x^2 + \ldots + (n - 1)x^{n-2} + nx^{n-1}\) ។

  16. គណនាតួទី \(1\) នៃស៊ីតធរណីមាត្រអនន្តតួដែលមាន \(q = \dfrac{3}{5}\) និង \(S_\infty = 40\) ។

  17. គេឱ្យបីចំនួនជាស៊ីតធរណីមាត្រ ។ គណនាចំនួនទាំងនេះបើគេដឹងថាផលគុណនៃចំនួនទាំងនោះស្មើនឹង \(3375\) ហើយផលបូកវាស្មើនឹង \(93\) ។

  18. គណនាផលបូក \(n\) តួដំបូងនៃស៊ីតនីមួយៗខាងក្រោម

    1. ស៊ីត \((a_n)\) ៖ \(1, \dfrac{1}{1 + 2}, \dfrac{1}{1 + 2 + 3}, \ldots, \dfrac{1}{1 + 2 + 3 + 4 + \ldots + n}\)

    2. ស៊ីត \((b_n)\) ៖ \(\dfrac{1}{(1 \times 3)^2}, \dfrac{2}{(3 \times 5)^2}, \dfrac{3}{(5 \times 7)^2}, \ldots, \dfrac{n}{[(2n - 1)(2n + 1)]^2}\) ។

    1. កំណត់តួទី \(n\) នៃស៊ីត \(1, 2, 6, 15, 31, 56, \ldots\)

    2. គណនាផលបូក \(n\) តួដំបូងនៃស៊ីតនេះ ។

    1. គណនា \(\displaystyle\sum_{k=1}^{n} (2k^2 - 1)\)

    2. ដោយប្រើសំណួរ ក. គណនាផលបូក \(1 + 7 + 17 + 31 + \ldots + 799\) ។

  19. សរសេរផលបូក \(1 + 4 + 7 + 10 + 13 + \ldots + 298\) ដោយប្រើ \(\Sigma\) ។

  20. ដោយប្រើវិចារអនុមានរួមគណិតវិទ្យាស្រាយបញ្ជាក់ថា \(\displaystyle\sum_{k=1}^{n} 2^{k-1} = 2^n - 1\) ។

  21. គេមានស៊ីត \((U_n)\) ដែល \(n\) ជាចំនួនគត់កំណត់ដោយ \(U_{n+1} = 2U_n + 1\) និង \(U_0 = 1\) ហើយស៊ីត \((V_n)\) កំណត់ដោយ \(V_n = U_n + 1\) ។

    1. បង្ហាញថាស៊ីត \((V_n)\) ជាស៊ីតធរណីមាត្រ ។

    2. ទាញរក \(U_n\) ជាអនុគមន៍នៃ \(n\) ។

    3. សិក្សាភាពម៉ូណូតូននៃស៊ីត \((U_n)\) ។

    4. ចំពោះគ្រប់ចំនួនគត់ \(n\) គណនាផលបូក \(S_n = U_0 + U_1 + U_2 + \ldots + U_n\) ។

  22. គេមាន \((a_n)\) កំណត់ដោយទំនាក់ទំនងកំណើន \(a_1 = 1\), \(a_{n+1} = \dfrac{1}{2}a_n + n\) ។

    1. តាង \(b_n = 2^na_n\) ។ កំណត់តួទី \(n\) នៃស៊ីត \((b_n)\) ។

    2. កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ។

    1. សរសេរ \((x^2 - 2y)^7\) ដោយប្រើ \(\Sigma\)

    2. កំណត់តួទី \(6\) នៃពន្លាត \((x^2 - 2y)^7\) ។

  23. បង្ហាញថាផលបូកនៃលេខមេគុណក្នុងពន្លាត \((1 + x)^n\) គឺ \(2^n\) ។

  24. បង្ហាញថា \({}_nC_0 + {}_nC_2 + {}_nC_4 + \ldots + {}_nC_{n-1} = {}_nC_1 + {}_nC_3 + {}_nC_5 + \ldots + {}_nC_n = 2^{n-1}\) ដែល \({}_nC_0, {}_nC_1, {}_nC_2, \ldots, {}_nC_n\) ជាលេខមេគុណក្នុងពន្លាត \((1 + x)^n\) ដែល \(n\) ជាចំនួនគត់សេស ។

  25. គេឱ្យស៊ីត \((a_n)\) មួយកំណត់ដោយ \(a_1 = 1\), \(a_{n+1} = \dfrac{a_n}{\sqrt{1 + 168(a_n)^2}}\), \(n \in \mathbb{N}\) ។

    1. តាង \(b_n = \dfrac{1}{(a_n)^2}\) ។ បង្ហាញថា \((b_n)\) ជាស៊ីតនព្វន្តមួយ

    2. គណនា \(b_n\), \(S_n = \displaystyle\sum_{k=1}^{n} b_k\) និង \(a_n\) ជាអនុគមន៍នៃ \(n\) ។

  26. គេឱ្យពហុធា \(f(x) = px^2 + qx\) ។

    1. កំណត់តម្លៃពិតនៃ \(p\) និង \(q\) ដើម្បីឱ្យ \(f(x) = f(x - 1) + x\) គ្រប់ \(x\)

    2. ទាញរកផលបូក \(\displaystyle\sum_{k=1}^{n} k = 1 + 2 + 3 + \ldots\) ។

  27. គេឱ្យស៊ីតនព្វន្តមួយ \(a_1 = \dfrac{5\pi}{3}\) និងមានផលសងរួម \(d = \dfrac{\pi}{6}\) ។

    1. គណនាតួទី \(168\) នៃស៊ីតនេះ

    2. តើតួទីប៉ុន្មាននៃស៊ីតនេះស្មើនឹង \(\dfrac{8\pi}{3}\) ។

  28. គេឱ្យសមីការ \(x^2 + \alpha x + \beta\) ។ កំណត់តម្លៃ \(\alpha\) និង \(\beta\) ដើម្បីឱ្យផលបូកការេនៃឫសសមីការនេះស្មើនឹង \(14\) ហើយ \(1, \alpha, \beta\) ជាបីតួបន្តគ្នានៃស៊ីតនព្វន្តចុះជាច់ខាតមួយ ។

  29. គេឱ្យស៊ីត \((a_n)\) មួយកំណត់ដោយ \(a_1 = 2\), \(a_{n+1} = \dfrac{5a_n - 1}{a_n + 3}\) ។

    1. តាង \(b_n = \dfrac{1}{a_n - 1}\) ។ បង្ហាញថា \((b_n)\) ជាស៊ីតនព្វន្តមួយ

    2. សរសេរ \(b_n\) និង \(a_n\) ជាអនុគមន៍នៃ \(n\) ។

  30. គេឱ្យស៊ីត \((a_n)\) មួយកំណត់ដោយ \(a_1 = 2\), \(a_{n+1} = \sqrt[3]{2 + 3(a_n)^2}\), \(n = 1, 2, 3, \ldots\)

    1. ស្រាយថា \(b_n = 1 + a_n^3\) ជាស៊ីតធរណីមាត្រ

    2. សរសេរ \(b_n\) និង \(a_n\) ជាអនុគមន៍នៃ \(n\)

    3. \(S_n = b_1 + b_2 + b_3 + \ldots + b_n\) ។

  31. គណនាផលបូក \(S_n = \dfrac{13}{10} + \dfrac{303}{100} + \dfrac{5003}{1000} + \ldots + \dfrac{(2n - 1)00\ldots003}{1000\ldots000}\) ។

  32. គេឱ្យ \((a_n)\) កំណត់ដោយ \(\begin{cases} a_1 = a, \quad{} a_2 = b\\ a_n = \dfrac{a_{n-1} + a_{n-2}}{2} \end{cases}\) ។

    1. ស្រាយថា \(b_n = a_n - a_{n-1}\) ជាស៊ីតធរណីមាត្រ

    2. សរសេរ \(a_n\) ជាអនុគមន៍នៃ \(a\), \(b\) និង \(n\) ។

  33. គេឱ្យស៊ីត \((a_n)\) មួយកំណត់លើ \(\mathbb{N}\) ដោយ \(\begin{cases} a_1 = 5 + 3\sqrt{5}\\ a_{n+1} = \dfrac{1}{2}\left(a_n + \dfrac{5}{a_n}\right) \end{cases}\) ។

    1. តាង \(b_n = \dfrac{a_n - \sqrt{5}}{a_n + \sqrt{5}}\) ។ សរសេរទំនាក់ទំនងរវាង \(b_{n+1}\) និង \(b_n\)

    2. សរសេរ \(b_n\) និង \(a_n\) ជាអនុគមន៍នៃ \(n\)

    3. បើ \(c_n = 1 + b_n\) គណនា \(P_n = c_1 \times c_2 \times c_3 \times \ldots \times c_n\) ។

  34. គេមានស៊ីតចំនួនពិត \((a_n)\) មួយកំណត់លើ \(\mathbb{N}\) ដោយ \(\begin{cases} a_1 = \sqrt{5}\\ a_{n+1} = a_n^2 - 2 \end{cases}\) ។

    1. បង្ហាញថា \(a_n > 2\), \(\forall n \in \mathbb{N}\)

    2. តាង \(b_n = a_n + \sqrt{a_n^2 - 4}\) សរសេរទំនាក់ទំនងរវាង \(b_n\) និង \(b_{n+1}\)

    3. សរសេរ \(a_n\) និង \(b_n\) ជាអនុគមន៍ \(n\) ។

  35. គេមានស៊ីត \((a_n)\) មួយកំណត់លើ \(\mathbb{N}\) ដោយ \(\begin{cases} a_1 = 1\\ a_{n+1} = \dfrac{1}{2}a_n - \dfrac{1}{3} \end{cases}\) ។

    1. បង្ហាញថាគេអាចកំណត់តម្លៃ \(k\) ដើម្បីឱ្យ \(b_n = 3a_n + k\) ជាស៊ីតធរណីមាត្រមួយគ្រប់ \(\mathbb{N}\)

    2. សរសេរ \(b_n\) និង \(a_n\) ជាអនុគមន៍នៃ \(n\) ចំពោះតម្លៃ \(k\) ខាងលើ ។

  36. គេឱ្យកន្សោម \(S_n = \dfrac{1}{7} + \dfrac{2}{7^2} + \dfrac{3}{7^3} + \ldots + \dfrac{n - 1}{7^{n-1}} + \dfrac{n}{7^n}\) ។ គណនា \(S_n\) ។

  37. គេមានស៊ីតចំនួនពិត \((a_n)\) មួយកំណត់លើ \(\mathbb{N}\) ដោយ \(\begin{cases} a_1 = \dfrac{1}{3}\\ a_{n+1} = \dfrac{1}{3}\left(1 + \dfrac{1}{n}\right)a_n \end{cases}\) ។

    1. សរសេរ \(b_n\) ជាអនុគមន៍នៃ \(n\)

    2. តាង \(S_n = a_1 + a_2 + a_3 + \ldots + a_n\) ។ គណនា \(S_n - \dfrac{1}{3}S_n\) រួចទាញរក \(S_n\) ជាអនុគមន៍នៃ \(n\) ។

  38. កំណត់តួទី \(n\), \(a_n\) នៃស៊ីត \((a_n)\) ខាងក្រោម ៖

    1. \(\begin{cases} a_1 = 2\\ a_{n+1} = 2a_n + 2 \end{cases}\)

    2. \(\begin{cases} a_1 = \dfrac{13}{2}\\ a_{n+1} = \dfrac{1}{2}a_n + 3 \end{cases}\)

    3. \(\begin{cases} a_1 = 0\\ a_{n+1} = (\sqrt{3} + \sqrt{2})a_n + \sqrt{3} - \sqrt{2} + 1 \end{cases}\)

  39. កំណត់តួទី \(n\), \(a_n\) នៃស៊ីត \((a_n)\) ខាងក្រោម ៖

    1. \(\begin{cases} a_1 = 0\\ a_{n+2} = 2a_{n+1} + 3a_n \end{cases}\)

    2. \(\begin{cases} a_1 = 1\\ a_{n+2} = 6a_{n+1} - 9a_n \end{cases}\)

    3. \(\begin{cases} a_1 = 0, \quad{} a_2 = 1\\ a_{n+2} = \sqrt{3}a_{n+1} - 4a_n \end{cases}\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ៤៤–៥៦។
ទំព័រ ៤៤
ទំព័រ ៤៤
ទំព័រ ៤៥
ទំព័រ ៤៥
ទំព័រ ៤៦
ទំព័រ ៤៦
ទំព័រ ៤៧
ទំព័រ ៤៧
ទំព័រ ៤៨
ទំព័រ ៤៨
ទំព័រ ៤៩
ទំព័រ ៤៩
ទំព័រ ៥០
ទំព័រ ៥០
ទំព័រ ៥១
ទំព័រ ៥១
ទំព័រ ៥២
ទំព័រ ៥២
ទំព័រ ៥៣
ទំព័រ ៥៣
ទំព័រ ៥៤
ទំព័រ ៥៤
ទំព័រ ៥៥
ទំព័រ ៥៥
ទំព័រ ៥៦
ទំព័រ ៥៦

លំហាត់អនុវត្តន៍

១លំហាត់ទី ១

ស្រាយបញ្ជាក់ថាចំពោះគ្រប់ \(n \ge 1\), \(1^2 + 2^2 + 3^2 + \ldots + n^2 = \dfrac{n(n + 1)(2n + 1)}{6}\) ដោយប្រើវិចារអនុមានរួមគណិតវិទ្យា ។

២លំហាត់ទី ២

បង្ហាញថាចំពោះគ្រប់ចំនួនគត់ \(n\)

  1. ចំនួន \(4^n + 2\) ចែកដាច់នឹង \(3\) ។

  2. ចំនួន \(3^{n+3} - 4^{4n+2}\) ចែកដាច់នឹង \(11\) ។

៣លំហាត់ទី ៣

គេមានស៊ីត \((a_n)\) ដែល \(n\) ជាចំនួនគត់កំណត់ដោយ \(a_{n+1} = \sqrt{a_n + 2}\) និង \(a_0 = 0\) ។ បង្ហាញតាមវិចារអនុមានរួមគណិតវិទ្យាថា

  1. ចំពោះគ្រប់ចំនួនគត់ \(n\), \(a_n \le 2\) ។

  2. ចំពោះគ្រប់ចំនួនគត់ \(n\), \(a_n \le a_{n+1}\) ។

៤លំហាត់ទី ៤

បង្ហាញតាមវិចារអនុមានរួមគណិតវិទ្យាថា ចំពោះគ្រប់ចំនួនគត់ធម្មជាតិ \(n\) \((1 + x)^n \ge 1 + nx + \dfrac{n(n - 1)}{2}x^2\) ចំពោះគ្រប់ចំនួនពិត \(x \ge 0\) ។

៥លំហាត់ទី ៥

ដោយប្រើទ្រឹស្តីបទទ្វេធា ចូរពន្លាតកន្សោមខាងក្រោម ៖

  1. \((3x - 1)^4\)

  2. \((2x + y)^6\)

  3. \((a + b)^6\) ។

៦លំហាត់ទី ៦

សរសេរពន្លាតកន្សោមខាងក្រោមដោយប្រើ \(\Sigma\) ៖

  1. \((x - y)^5\)

  2. \((2x + y)^6\)

  3. \((a + b)^{12}\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៦ វិចារអនុមានរួមគណិតវិទ្យា (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត